33 C
Phnom Penh

លោក បៃដិន សច្ចា​ការពារ​តៃវ៉ាន់​ដោយ​លើក​ទ័ព​ជួយ ប្រសិនបើ​រង​ការ​ឈ្លានពាន​ពី​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន (Joe Biden) សច្ចា​ថា​កងទ័ព​អាមេរិក​នឹង​ការពារ​តៃវ៉ាន់ ប្រសិនបើ​ចិន​លើក​ទ័ព​វាយ​កាន់កាប់​ដែន​កោះ​មួយ​នេះ ដោយ​លោក​ព្រមាន​ថា ទីក្រុង​ប៉េកាំង នឹង​ជួប​ផលវិបាក​ធ្ងន់ធ្ងរ។

ការ​សច្ចា​របស់​លោក បៃដិន ធ្វើឡើង​នៅ​ចំពោះ​មុខ​នាយករដ្ឋមន្ត្រី​ជប៉ុន ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​មុន​កិច្ចប្រជុំ​កំពូល​នៃ​ក្រុម​ប្រទេស​ចតុ​ភាគី​ហៅថា Quad នៅ​ថ្ងៃ​អង្គារ ទី​២៤ ឧសភា។

ជំហរ​របស់​មេដឹកនាំ​សហរដ្ឋ​អាមេរិក គឺជា​ចំណុច​ខ្លាំង​បំផុត និង​ជា​សារ​ព្រមាន​ទៅ​ទីក្រុង​ប៉េកាំង​ឲ្យ​ប្រុងប្រយ័ត្ន​មុន​នឹង​ធ្វើ​សេចក្ដី​សម្រេច​លើក​ទ័ព​ឈ្លានពាន​ដែន​កោះ​តៃវ៉ាន់។

សារព័ត៌មាន AFP បាន​ចុះផ្សាយ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​សម្ពន្ធមិត្ត​ដូចជា​ជប៉ុន បាន​ប្ដេជ្ញា​ឆ្លើយតប​ដ៏​តឹងតែង ប្រសិនបើ​ចិន​ធ្វើការ​លុកលុយ​កោះ​តៃវ៉ាន់ គឺ​ត្រូវ​ប្រតិកម្ម​ឲ្យ​ដូច​នឹង​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន។

អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា លោក បៃដិន មើល​ទៅ​ដូចជា​លើក​ញញួរ​ព្រមាន​ក្រុង​ប៉េកាំង ដែល​ថា​អាមេរិក​ត្រូវ​ជួយ​តៃវ៉ាន់​គ្រប់​ស្ថានការណ៍ បើ​ដែន​កោះ​នេះ​ធ្លាក់​ក្នុង​សង្គ្រាម។

ចំណែក​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida បាន​យល់ស្រប​តាម​លោក បៃដិន ដោយ​លោក​ប្រកាស​ថា​ត្រូវ​តាមដាន​សកម្មភាព​កងទ័ព​ជើងទឹក​ចិន​ជានិច្ច​ដែល​មាន​សកម្មភាព​គំរាម​តៃវ៉ាន់ ក៏ដូចជា​សកម្មភាព​គំរាម​ជប៉ុន។ យ៉ាងណា​ក៏ដោយ លោក Kishida បាន​អំពាវនាវ​ឱ្យ​មាន​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់។ នៅ​ពេល​សួរ​បញ្ជាក់​បន្ថែម​ទៀត​ដោយ​ក្រុម​អ្នក​សារព័ត៌មាន ថា​តើ​ទីក្រុង​វ៉ាស៊ីនតោន ពិត​ជា​មាន​ឆន្ទៈ​លើក​ទ័ព​ដើម្បី​ការពារ​កោះ​តៃវ៉ាន់​ដែរ​ឬ​ទេ? លោក បៃដិន បាន​ឆ្លើយ​យ៉ាង​សាមញ្ញ​ថា «ពិត​ហើយ»។ លោក​បាន​បន្ថែម​ថា៖ «នេះ​គឺជា​ការ​ប្ដេជ្ញា​ចិត្ត​ដែល​អាមេរិក​មិន​ងាករេ​ឡើយ»

លោក បៃដិន បាន​រំឭក​ថា ទោះ​ជា​ក្រុង​វ៉ាស៊ីនតោន​បាន​ដើរ​តាម​គោល​នយោបាយ​ចិន​តែ​មួយ​ពិត​មែន ប៉ុន្តែ​ក្រុង​វ៉ាស៊ីនតោន​អាច​អន្តរាគមន៍​ដោយ​កម្លាំង​ទ័ព ព្រោះ​អាមេរិក​ការពារ​សម្ពន្ធមិត្ត​របស់​ខ្លួន។ លោក​បន្ត​ប្រាប់​ចិន​ថា មើល​ទៅ​អ៊ុយក្រែន គឺ​អាមេរិក និង​សម្ពន្ធមិត្ត​កំពុង​ជួយ​ប្រទេស​នេះ​ទប់ទល់​នឹង​សង្គ្រាម​ឈ្លានពាន​ពី​ប្រទេស​រុស្ស៊ី។

ខណៈ​លោក​លើកឡើង​អំពី​សង្គ្រាម​នៅ​អ៊ុយក្រែន លោក បៃដិន ក៏​បន្ត​ព្រមាន​ថា ទីក្រុង​ប៉េកាំង​កំពុង​ទាញ​ខ្លួន​ឱ្យ​ធ្លាក់​ក្នុង​ផលវិបាក​ធ្ងន់ធ្ងរ ដែល​លោក​ថា​ជុំវិញ​ការ​ឈ្លានពាន​អ៊ុយក្រែន គឺ​រុស្ស៊ី​ត្រូវតែ​បង់​តម្លៃ​សង​ការ​ខូចខាត​នៃ​អំពើ​វិនាសកម្ម​ទៅ​ឲ្យ​ប្រទេស​អ៊ុយក្រែន។

ដូច​ប្រទេស​ភាគច្រើន​ដែរ គឺ​សហរដ្ឋ​អាមេរិក​ទទួល​ស្គាល់​ទីក្រុង​ប៉េកាំង​តាម​ផ្លូវ​ការទូត ប៉ុន្តែ​ក៏​នៅតែ​រក្សា​ទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់។

អស់​ជាច្រើន​ទសវត្សរ៍​មក​ហើយ​ដែល​គេ​មើល​ឃើញ​ថា ជំហរ​របស់​ក្រុង​វ៉ាស៊ីនតោន​ទៅ​លើ​តៃវ៉ាន់ មិន​ជា​រឹងមាំ និង​ច្បាស់លាស់​ច្រើន​នោះ​ទេ។ ការ​រក្សា​នូវ​គោល​នយោបាយ​យុទ្ធសាស្ត្រ​មិន​ច្បាស់លាស់​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​កោះ​តៃវ៉ាន់ រងា​ជា​ខ្លាំង​នៅ​ចំពោះ​មុខ​សកម្មភាព​យោធា​របស់​ចិន ដែល​សឹងតែ​វាយ​សន្ធប់​លើ​ដែន​កោះ​នេះ​ទៅ​ហើយ។

ការ​ប្រកាស​ជំហរ​របស់​លោក បៃដិន ដែល​ថា​ត្រូវ​លើក​ទ័ព​ជួយ​កោះ​តៃវ៉ាន់ បើ​ដែន​កោះ​នេះ​ធ្លាក់​ក្នុង​ការ​ឈ្លានពាន​ពី​សំណាក់​ប្រទេស​ចិន កើតឡើង​បន្ទាប់ពី​សភា​អាមេរិក​កាល​ចុង​ឆ្នាំ​២០២១ បាន​អនុម័ត​មាត្រា​បន្ថែម​មួយ​ទៀត​លើ​សន្ធិសញ្ញា​សន្តិសុខ​ជាមួយ​កោះ​តៃវ៉ាន់​នៅ​ឆ្នាំ​១៩៧៩ ដោយ​បើក​ផ្លូវ​ឱ្យ​រដ្ឋការ​លោក បៃដិន បើក​ធ្វើ​សមយុទ្ធ​រវាង​កងទ័ព​អាមេរិក​ជាមួយ​នឹង​កោះ​តៃវ៉ាន់ ហើយ​ជួយ​ហ្វឹកហ្វឺន​កងទ័ព​ដែន​កោះ​នេះ​ទៀត​ផង។

បន្ថែម​លើស​ពី​នេះ អនុញ្ញាត​ឱ្យ​មាន​ការ​ជួយ​ផ្គត់ផ្គង់​សព្វាវុធ​ធុន​ធ្ងន់​ទៅ​ឱ្យ​តៃវ៉ាន់ ហើយ​បើ​ករណី​ចាំបាច់ ត្រូវ​ពិនិត្យ​អំពី​អន្តរាគមន៍​ផ្នែក​កងទ័ព។ មន្ត្រី​សេតវិមាន​ដែល​អម​ដំណើរ​លោក បៃដិន បាន​បញ្ជាក់​បន្ថែម​ថា ជំហរ​របស់​លោក បៃដិន ចំពោះ​កោះ​តៃវ៉ាន់ ពិតជា​រឹងមាំ គឺ​មិន​ងាករេ​ឡើយ។

យ៉ាងណា​ក៏ដោយ បក្ស​កុម្មុយនីស្ត​ចិន មិន​ដែល​បាន​គ្រប់គ្រង​កោះ​តៃវ៉ាន់​បាន​ម្ដង​ទេ ចាប់​តាំង​ដែន​កោះ​នេះ​មាន​រដ្ឋបាល​ដោយ​ខ្លួនឯង​មក​ក្រោយ​ឆ្នាំ​១៩៤៩ នៅ​ពេល​របប​សាធារណរដ្ឋ​ចិន ចាញ់​សង្គ្រាម​នឹង​ទ័ព​ព្រៃ​កុម្មុយនីស្ត​ចិន​ដឹកនាំ​ដោយ​កម្មាភិបាល ម៉ៅ សេទុង ហើយ​ក្រុម​ចាញ់​សង្គ្រាម​ក៏​បាន​រត់​ទៅ​នៅ​ដែន​កោះ​នេះ គឺ​មក​ដល់​ទល់​នឹង​សព្វថ្ងៃ​នេះ។

នៅ​ថ្ងៃ​អង្គារ ទី​២៤ ឧសភា លោក បៃដិន ត្រូវ​ជួប​ជាមួយ​មេដឹកនាំ​ជប៉ុន អូស្ត្រាលី និង​ឥណ្ឌា ដែល​ហៅថា​ក្រុម Quad ដោយ​សង្ឃឹម​ថា​មេដឹកនាំ​បួន​ប្រទេស​នេះ​នឹង​ពិនិត្យ​ឡើងវិញ​ស្ថានការណ៍​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន បញ្ហា​ការ​គំរាមកំហែង​របស់​ក្រុង​ព្យុងយ៉ាង ដែល​តែងតែ​បាញ់​មីស៊ីល​ផ្លោង​គំរាម​បង្ក​សង្គ្រាម​លើ​ឧបទ្វីប និង​បញ្ហា​អនុត្តរភាព​យោធា​ចិន​ក្នុង​តំបន់។

លោក បៃដិន ស្ថិត​នៅ​ក្នុង​ប្រទេស​ជប៉ុន គឺជា​ជើង​ទី​ពីរ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​អាស៊ី​ដែល​មាន​បំណង​ពង្រឹង​ទំនាក់ទំនង​ក្នុង​តំបន់ និង​បង្ហាញ​ថា ទីក្រុង​វ៉ាស៊ីនតោន​នៅតែ​ប្ដេជ្ញា​ចិត្ត​ចំពោះ​តំបន់​នេះ ទោះបីជា​អាមេរិក​កំពុង​ជាប់​ដៃ​ជួយ​អ៊ុយក្រែន​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​រុស្ស៊ី​ក៏ដោយ។ លោក បៃដិន បាន​មក​ដល់ទី​ក្រុង​តូក្យូ កាលពី​ថ្ងៃ​អាទិត្យ បន្ទាប់ពី​បាន​ឈប់​នៅ​ទីក្រុង​សេអ៊ូល ដើម្បី​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​ប្រទេស​កូរ៉េ​ខាងត្បូង លោក Yoon Suk-yeol។

ក្នុង​ជំនួប​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងត្បូង លោក បៃដិន បាន​និយាយ​ថា លោក​មាន​ឆន្ទៈ​ក្នុង​ការ​ជួប​លោក Kim Jong Un ប្រសិនបើ​មេដឹកនាំ​កូរ៉េ​ខាងជើង​រូប​នេះ​មាន​ភាព​ស្មោះត្រង់​នឹង​រូបលោក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស