31 C
Phnom Penh

លោក ស ខេង ថា​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ធ្វើឡើង​ដោយ​ពលរដ្ឋ​មិន​មែន​ថ្នាក់​លើ​តែងតាំង​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​បក្ស​កាន់​អំណាច លើកឡើង​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ គឺជា​ការ​លើក​ស្ទួយ​សិទ្ធិ​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការ​ជ្រើសរើស​អ្នក​ដឹកនាំ​របស់​ខ្លួន​នៅ​មូលដ្ឋាន មិន​មែន​ថ្នាក់​លើ​ណា​មួយ​ជា​អ្នក​តែងតាំង​នោះ​ទេ។

លោក ស ខេង បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ម្សិលមិញ (២៣ ឧសភា) នេះ​ថា គណបក្ស​កាន់​អំណាច​បាន​ប្រកាន់​ឧត្តមគតិ​ស្នេហា​ជាតិ​ពិតប្រាកដ នៅ​ជាមួយ​ពលរដ្ឋ​គ្រប់​កាលៈទេសៈ តស៊ូ​តាំងពី​ប្រទេស​ធ្លាក់​ក្នុង​ចំណុច​សូន្យ​ស្ថិត​ក្នុង​ការ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច និង​នយោបាយ រហូត​បង្កើត​បាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ឈរ​ស្មើ​មុខ​ស្មើ​មាត់​នៅ​លើ​ឆាក​អន្តរជាតិ។

លោក ស ខេង បាន​លើកឡើង​អំពី​គុណតម្លៃ​នៃ​សន្តិភាព​ថា សន្តិភាព​ដែល​កម្ពុជា​ដណ្ដើម​បាន​មក​នេះ គឺ​បាន​មកពី​ការ​ធ្វើ​ពលិកម្ម​បង្ហូរ​ឈាម​ស្រស់​សាច់​ស្រស់​របស់​ពលរដ្ឋ​កម្ពុជា និង​ឥស្សរជន​នានា ជាពិសេស​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​ពលរដ្ឋ​ខ្មែរ​ត្រូវតែ​រួម​គ្នា​អរគុណ​សន្តិភាព និង​ការពារ​សន្តិភាព​ឱ្យ​បាន​ដាច់ខាត។

អនុប្រធាន​បក្ស​កាន់​អំណាច លោក ស ខេង បញ្ជាក់​ថា អាជ្ញាធរ​ដែនដី​ទាំងអស់​ត្រូវតែ​ខិតខំ​ធ្វើ​អំពើ​ល្អ​ជាមួយ​ពលរដ្ឋ និង​ត្រូវ​ចាត់ទុក​ពលរដ្ឋ​ជា​អ្នក​ដែល​ត្រូវ​យកចិត្ត​ទុកដាក់​ខ្ពស់​បំផុត។ ជាង​នេះ​ទៀត អាជ្ញាធរ​មូលដ្ឋាន​ទាំងនោះ​ត្រូវតែ​ចូលរួម​ការពារ​នូវ​ការ​បោះឆ្នោត​នេះ​ឱ្យ​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​សុខ​សន្តិភាព គ្មាន​អំពើ​ហិង្សា និង​ការ​គំរាមកំហែង ដើម្បី​ពង្រឹង និង​លើក​ស្ទួយ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​បន្ត​ទៀត។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ការ​បោះឆ្នោត​នៅ​កម្ពុជា​កាន់តែ​ខិត​ជិត​មក​ដល់ ខណៈ​ការ​បោះឆ្នោត​នេះ​មិន​ត្រូវ​បាន​ទទួល​ការ​ទុកចិត្ត​ពី​ពលរដ្ឋ និង​សហគមន៍​អន្តរជាតិ​នោះ​ឡើយ។

ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ខាងមុខ​នេះ ប៉ុន្តែ​ការ​បោះឆ្នោត​នេះ​ត្រូវ​គេ​រិះគន់​ថា គ្រាន់តែ​ជា​ការ​រៀបចំ​ឧក្រិដ្ឋកម្ម​បោះឆ្នោត​មួយ​ដើម្បី​បន្លំ​ភ្នែក​អន្តរជាតិ និង​ពលរដ្ឋ​ម្ចាស់​ប្រទេស​ក្នុង​គោលដៅ​បន្ត​ឧក្រិដ្ឋកម្ម​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ។

កាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២២ អនុប្រធាន​សហភាព​អឺរ៉ុប ដែល​តំណាង​ឱ្យ​រដ្ឋ​សមាជិក​ទាំង ២៧​រដ្ឋ​ក្នុង​សហគមន៍​អឺរ៉ុប លោក ចូសឹប បូរ៉ែល (Josep Borrell) ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​នីតិរដ្ឋ​ដោយ​ការ​ធានា​ឱ្យ​បាន​នូវ​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ​២០២២ ខាងមុខ​នេះ តាមរយៈ​នៃ​ការ​បើក​ឱ្យ​មាន​គណបក្ស​ប្រឆាំង​មួយ​ដែល​មាន​តម្លៃ​ផ្លូវ​ច្បាប់​ពេញលេញ ជាពិសេស​គឺ​ត្រូវ​ផ្តល់​ដំណោះស្រាយ​បន្ទាន់​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ផង​ដែរ។

ចំណែក​វេទិកា​ពលរដ្ឋ កាលពី​ថ្ងៃ​ច័ន្ទ ទី​២៣ ឧសភា អះអាង​ថា លទ្ធផល​បោះឆ្នោត​នា​ពេល​ខាងមុខ​នេះ ត្រូវ​លោក ហ៊ុន សែន និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) កំណត់​ទុក​ជា​មុន​រួច​ទៅ​ហើយ។

ប្រភព​ដដែល​បញ្ជាក់​ថា ការ​បោះឆ្នោត​ឃុំ-សង្កាត់​ខាងមុខ​នេះ​មិន​មែន​ត្រឹមតែ​ជា​ការ​លួច​សន្លឹកឆ្នោត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ឧក្រិដ្ឋកម្ម​ប្លន់​លទ្ធផល​នៃ​ការ​បោះឆ្នោត​តែម្ដង ពីព្រោះ​អ្វីៗ​គឺ​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​បក្ស​កាន់​អំណាច​គ្រប់​បែប​យ៉ាង​ទាំងអស់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស