អភិបាលខេត្តកំពង់ធំ អះអាងថា ការប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋដែលរាជរដ្ឋាភិបាលសម្រេចកាត់ឆ្វៀលដីតំបន់ព្រៃលិចទឹកបឹងទន្លេសាប ដោយធ្វើប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋ គឺជាឯកសារគតិយុត្តិ និងជាវត្ថុមានតម្លៃសម្រាប់ពលរដ្ឋយកទៅខ្ចីប្រាក់ពីធនាគារ ដើម្បីលើកស្ទួយជីវភាពគ្រួសារ និងចូលរួមកាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
អភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ បានលើកឡើងក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួនជិត ៦០០ប័ណ្ណនៅលើទីតាំងដីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកាត់ឆ្វៀលចេញពីតំបន់២ មកតំបន់១ នៅភូមិនាងសល្ងាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។
លោក ងួន រតនៈ អះអាងថា ប័ណ្ណកម្មសិទ្ធិនេះគឺជាឯកសារគតិយុត្តិត្រូវបានការពារដោយច្បាប់ និងធានាការខុសត្រូវដោយរដ្ឋ មិនអាចមានជនណាម្នាក់មកលួចបន្លំ រំលោភបំពានបានឡើយ ដែលជាវត្ថុមានតម្លៃសម្រាប់យកទៅដាក់បញ្ចាំធានានូវការខ្ចីប្រាក់ពីធនាគារ ដើម្បីលើកស្ទួយជីវភាពគ្រួសារ និងចូលរួមកាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលកម្ពុជា។
ការចែកប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ត្រូវគេរិះគន់ថាធ្វើឡើងដើម្បីទាក់ទាញសន្លឹកឆ្នោតពីប្រជាពលរដ្ឋប៉ុណ្ណោះ មិនមែនគិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋដោយពិតប្រាកដនោះទេ។
កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ លោក ហ៊ុន សែន បានសម្រេចកាត់ឆ្វៀលតំបន់ដីព្រៃលិចទឹកជុំវិញបឹងទន្លេសាបទាំង ៦ខេត្តទៅឱ្យប្រជាពលរដ្ឋដែលធ្លាប់បានកាន់កាប់អាស្រ័យផលយ៉ាងតិចបំផុត ១០ឆ្នាំ ឬដីដែលមិនមែនជាដីលិចទឹកដែលអាចឲ្យពលរដ្ឋប្រកបមុខរបរកសិកម្មបានទៅតាមស្ថានភាពជាក់ស្តែងរបស់ពួកគេ។
ជុំវិញបញ្ហានេះ ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ការចែកប័ណ្ណកម្មសិទ្ធិដីធ្លីនេះមិនមែនដោយសារលោក ហ៊ុន សែន យកចិត្តទុកដាក់នឹងកសិករ ឬប្រជាពលរដ្ឋខ្មែរនោះឡើយ ប៉ុន្តែខ្លឹមសារពិតនៃការចែកប័ណ្ណនេះ គឺបង្កប់នូវការកេងចំណេញនយោបាយរបស់បក្សកាន់អំណាចប៉ុណ្ណោះ ក្នុងនោះក៏ដើម្បីបញ្ចេញដីឱ្យឈ្មួញដែលជាសេណារីយ៉ូរបស់បក្សកាន់អំណាចរាប់សិបម៉ឺនហិកតារ ដើម្បីកាន់កាប់ជាកម្មសិទ្ធិផងដែរ។
ប្រភពដដែលរិះគន់ថា ការបែងចែកដីដើម្បីធានានូវជីវភាពធូរធាររបស់ប្រជាពលរដ្ឋជារឿងត្រឹមត្រូវ ប៉ុន្តែបើមេដឹកនាំខ្មែរដែលដឹកនាំប្រទេសជាតិមួយទាំងមូលដោយគ្មានផែនការច្បាស់លាស់បែបនេះ តើអនាគតប្រទេសជាតិនឹងទៅជាបែបណា ស្របពេលដែលប្រជាពលរដ្ឋក៏នឹងរងគ្រោះពីការដឹកនាំបែបនេះដោយចៀសមិនផុតនោះ។
កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បុរសខ្លាំងនៅប្រទេសកម្ពុជា លោក ហ៊ុន សែន បានដាក់បទបញ្ជាឲ្យអភិបាលខេត្តជាប់បឹងទន្លេសាប ចាត់វិធានការទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពកាប់រានព្រៃលិចទឹកយកជាកម្មសិទ្ធិ និងព្រមានវាយខ្នោះភ្លាមៗចំពោះជនណាដែលរឹងទទឹងមិនព្រមប្រគល់ដីព្រៃលិចទឹកទាំងនោះមកវិញ។ លោក ហ៊ុន សែន តម្រូវឱ្យប្រជាពលរដ្ឋ នាយទុន និងមន្ត្រីរាជការដែលបានកាន់កាប់ដីក្នុងតំបន់នេះ ត្រូវតែចេញមកសារភាពជាដាច់ខាតទើបរួចពីទោសទណ្ឌ។
អំឡុងយុទ្ធនាការរយៈពេល ៦ខែដោយរាប់ចាប់តាំងពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នេះ មន្ត្រីរាជការមួយចំនួនត្រូវរងនូវការដាក់ពិន័យយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីពួកគេបានចូលខ្លួនសារភាព ខណៈប្រជាពលរដ្ឋដែលធ្លាប់ប្រើប្រាស់អាស្រ័យផលលើដីនេះ ក៏ត្រូវខកខានក្នុងការប្រកបរបរកសិកម្មរបស់ពួកគេផងដែរ។
សេចក្តីរាយការណ៍របស់ធនាគារពិភពលោក (World Bank) ធ្លាប់បានបង្ហាញកាលពីពេលកន្លងទៅថា ប្រទេសកម្ពុជាមានផ្ទៃដីកសិកម្មសរុប ៥លាន ៥សែនហិកតារក្នុងឆ្នាំ២០១៨ ក្នុងទំហំនោះ រាជរដ្ឋាភិបាលកម្ពុជាក៏បានផ្តល់ដីសម្បទានឱ្យឈ្មួញរាប់សិបម៉ឺនហិកតារផងដែរ។ សេចក្តីរាយការណ៍ដដែលនេះបញ្ជាក់ថា ក្រុមឈ្មួញដែលមានចំនួនតិចតួច កំពុងគ្រប់គ្រងដីកសិកម្មខ្មែរទំហំប្រមាណ ៥០%។ ចំណែកឯកសិករខ្មែរមានចំនួនច្រើនលើសលប់ អាចគ្រប់គ្រងដីកសិកម្មបានត្រឹមតែ ៥០% ស្មើនឹងឈ្មួញទាំងនោះប៉ុណ្ណោះ៕