35 C
Phnom Penh

ទ័ព​នុយក្លេអ៊ែរ​រុស្ស៊ី​ធ្វើ​សមយុទ្ធ​បន្ទាប់ពី​អាមេរិក​សម្រេច​បញ្ជូន​ប្រព័ន្ធ​មីស៊ីល​ចម្ងាយ​ឆ្ងាយ​ឱ្យ​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ ទី​១ មិថុនា ថា កងកម្លាំង​នុយក្លេអ៊ែរ​រុស្ស៊ី កំពុង​ធ្វើ​សមយុទ្ធ​ប្រតិបត្តិការ​នៅ​ក្នុង​ខេត្ត Ivanovo ដែល​ស្ថិតនៅ​ភាគ​ឦសាន​នៃ​ទីក្រុង​មូស្គូ។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Interfax នៅ​ថ្ងៃ​ពុធ ទី​១ ខែ​មិថុនា នេះ។

ទីភ្នាក់ងារ​ព័ត៌មាន Interfax បាន​ស្រង់​សម្ដី​របស់​ប្រភព​ពី​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បាន​ឲ្យ​ដឹង​ទៀត​ថា កងទ័ព​រុស្ស៊ី​ប្រហែល ១០០០​នាក់​បាន​ចូលរួម​ក្នុង​សមយុទ្ធ ដោយ​ប្រើ​រថយន្ត​យោធា​ជាង ១០០​គ្រឿង រួម​ទាំង​ប្រព័ន្ធ​មីស៊ីល​ផ្លោង​អន្តរ​ទ្វីប​ផង​ដែរ។

ការ​ធ្វើ​សមយុទ្ធ​នៃ​កងកម្លាំង​នុយក្លេអ៊ែរ​រុស្ស៊ី កើតមាន​ឡើង​ខណៈ​កងទ័ព​រុស្ស៊ី​កំពុង​បង្កើន​ការ​វាយលុក​លើ​តំបន់​ដុនបាស នៃ​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន​យ៉ាង​សន្ធាប់ ហើយ​បើ​តាម​ដំណឹង​មក​ថា រុស្ស៊ី​បាន​វាយ​កាន់កាប់​ទីក្រុង​ថ្មី​មួយ​ទៀត គឺ​ទីក្រុង Sievierodonetsk បន្ទាប់ពី​ទីក្រុង Lyman បាន​ធ្លាក់​ក្រោម​កងទ័ព​រុស្ស៊ី​កាលពី​ថ្ងៃទី​២៩ ឧសភា។ ទីក្រុង​ពីរ​នេះ​សុទ្ធតែ​នៅ​ក្នុង​តំបន់​ដុនបាស នៅ​ភាគ​ខាងកើត​ប្រទេស។

បើ​តាម​ប្រភព​ចារកម្ម​របស់​យោធា​លោក​ខាងលិច ទីក្រុង​មូស្គូ​បាន​ដក​កងទ័ព​របស់​ខ្លួន​មួយ​ផ្នែក​ចេញពី​តំបន់​ភាគ​ខាងកើត​ឱ្យ​មក​ជួយ​វាយ​យក​ទីក្រុង Sievierodonetsk។ រីឯ​អភិបាល​ខេត្ត​លុយហាន់ លោក Serhiy Gaidai ដែល​ជា​ភាគី​អ៊ុយក្រែន បាន​និយាយ​ថា ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ស្ទើរតែ​ទាំងស្រុង​នៅ​ក្នុង​ទីក្រុង Sievierodonetsk នេះ​ត្រូវ​បាន​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ។

លោក​បាន​បញ្ជាក់​ថា ទីក្រុង​នេះ​មិន​ស្ថិត​ក្រោម​ការ​ឡោមព័ទ្ធ​នោះ​ទេ ប៉ុន្តែ​ស្ថានការណ៍​ពេលនេះ គឺ​មិន​អាច​ទាយ​ទុក​មុន​បាន​ឡើយ ស្រប​ពេល​ដែល​កងទ័ព​អ៊ុយក្រែន​បាន​ដក​តាម​ក្បួន​យុទ្ធសាស្ត្រ​របស់​ខ្លួន ដើម្បី​រក​មធ្យោបាយ​វាយបក​វិញ។

តែ​ជាមួយ​គ្នា​នេះ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ឱ្យ​ដឹង​ថា ការ​ធ្វើ​សមយុទ្ធ​នៃ​កងកម្លាំង​ទ័ព​នុយក្លេអ៊ែរ ធ្វើឡើង​បន្ទាប់ពី​រុស្ស៊ី​ប្រតិកម្ម​នឹង​សហរដ្ឋ​អាមេរិក​ដែល​សម្រេច​បញ្ជូន​ប្រព័ន្ធ​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ទៅ​ឱ្យ​អ៊ុយក្រែន។ ប្រព័ន្ធ​មីស៊ីល​ផ្លោង​រយៈ​ចម្ងាយ​ឆ្ងាយ​ប្រភេទ HIMARS វា​អាច​ហោះ​បាន ៣០០​គីឡូម៉ែត្រ។ បើ​គេ​អូស​វា​ទៅ​ដល់​តំបន់​ដុនបាស គឺ​វា​អាច​បាញ់​ដល់​ទឹកដី​រុស្ស៊ី។ រដ្ឋការ​លោក បៃដិន ដែល​សម្រេច​បញ្ជូន​ប្រព័ន្ធ​មីស៊ីល​នេះ គឺ​បន្ទាប់ពី​អ៊ុយក្រែន​សន្យា​ថា​នឹង​មិន​បាញ់​ទៅ​លើ​ទឹកដី​រុស្ស៊ី​នោះ​ទេ គឺ​យក​មក​ដើម្បី​វាយបក​លើ​ទ័ព​រុស្ស៊ី ដែល​កំពុង​វាយ​សន្ធប់​នៅ​ភាគ​ខាងកើត​ប្រទេស គឺ​តំបន់​ដុនបាស។

បើ​តាម​ការ​បញ្ជាក់​របស់​លោក បៃដិន ការ​យល់ព្រម​បញ្ជូន​ប្រព័ន្ធ​មីស៊ីល​ដ៏​ទំនើប​នេះ គឺ​ស្ថិត​នៅ​ក្រោម​កញ្ចប់​ជំនួយ​យោធា​មាន​ទំហំ​ទឹកប្រាក់ ៧០០​លាន​ដុល្លារ​របស់​រដ្ឋាភិបាល ដើម្បី​ជួយ​ទីក្រុង​គៀវ បង្ខំ​ឱ្យ​រុស្ស៊ី​ត្រឡប់​មក​រក​តុ​ចរចា​វិញ។ ទោះជា​យ៉ាងនេះ​ក្តី ក្រុង​មូស្គូ សម្ដែង​ការ​ខកចិត្ត​ចំពោះ​ក្រុង​វ៉ាស៊ីនតោន ដែល​សម្រេច​បញ្ជូន​ប្រព័ន្ធ​មីស៊ីល guided cruise missile បាញ់​បង្ហោះ​ទាបៗ​ដាក់​ចំណុច​ដៅ​ទៅ​ឲ្យ​អ៊ុយក្រែន។

អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី បាន​និយាយ​ថា ការ​សម្រេច​របស់​សហរដ្ឋ​អាមេរិក ក្នុង​ការ​ផ្គត់ផ្គង់​ប្រព័ន្ធ​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ និង​គ្រាប់រំសេវ​ដល់​អ៊ុយក្រែន គឺជា​ការ​បង្ហាញ​ពី​ភាព​អវិជ្ជមាន​ជា​ខ្លាំង ហើយ​ជា​ការ​នាំ​ទៅ​រក​ការ​ប្រឈមមុខ​ដាក់​គ្នា​កាន់តែ​ខ្លាំង​ឡើង។

អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergei Ryabkov បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី RIA តែ​ត្រូវ​បាន​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ស្រង់​មក​ចុះផ្សាយ​បន្ត​ថា ទីក្រុង​មូស្គូ ចាត់ទុក​ជំនួយ​យោធា​របស់​សហរដ្ឋ​អាមេរិក​ដល់​អ៊ុយក្រែន​លើក​នេះ គឺ​ពិត​ជា​មាន​ភាព​អវិជ្ជមាន​យ៉ាង​ខ្លាំង។

យ៉ាងណា ការ​សម្រេច​របស់​សហរដ្ឋ​អាមេរិក​ដែល​បញ្ជូន​ប្រព័ន្ធ​មីស៊ីល​អាច​បាញ់​ដល់​ទឹកដី​នៃ​ប្រទេស​រុស្ស៊ី បន្ទាប់ពី​លោក​ប្រធានាធិបតី​អ៊ុយក្រែន ប្រកាស​ថា កងទ័ព​រុស្ស៊ី​បង្កើន​ការ​វាយប្រហារ​មក​លើ​តំបន់​ដុនបាស​ដោយ​អាវុធ​ធ្ងន់ធ្ងរ​មាន​ទាំង​មីស៊ីល និង​ការ​វាយប្រហារ​ដោយ​បាញ់​រះ​ពី​យន្តហោះ។ លោក វូឡូឌីមៀ ហ្សេឡេនស្គី បាន​ស្នើសុំ​ឱ្យ​អាមេរិក និង​ក្រុម​បស្ចិម​ប្រទេស សូម​ផ្ដល់​អាវុធ​ធុន​ធ្ងន់​ជាបន្ទាន់ ដូចជា​មីស៊ីល​បាញ់​យន្តហោះ និង​មីស៊ីល​បាញ់​នាវា ជាដើម។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បាន​អះអាង​កាលពី​ថ្ងៃទី​៣១ ឧសភា ថា កងទ័ព​រុស្ស៊ី​បាន​បាញ់​ធ្លាក់​យន្តហោះ​ចម្បាំង Su-25 មួយ​គ្រឿង​របស់​អ៊ុយក្រែន​នៅ​ក្នុង​តំបន់ Mykolaiv នៃ​ប្រទេស​អ៊ុយក្រែន និង​បាន​ទម្លាក់​គ្រាប់បែក​លើ​ស្ថានីយ​រ៉ាដា​មួយ​កន្លែង ព្រមទាំង​ឃ្លាំង​ស្តុក​គ្រាប់​ចំនួន​ពីរ​កន្លែង​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន។

ទោះជា​រុស្ស៊ី​បាន​វាយ​សន្ធប់​លើ​កងទ័ព​អ៊ុយក្រែន​ក្ដី តែ​ផ្នែក​ស៊ើបការណ៍​សម្ងាត់​យោធា​ចក្រភព​អង់គ្លេស បាន​អះអាង​ថា កងទ័ព​រុស្ស៊ី​បាន​រុល​ទៅ​មុខ​យឺតៗ​ចូល​ទៅ​ក្នុង​តំបន់ Luhansk ក្នុង​តំបន់​ដុនបាស។

ស្រប​ពេល​ដែល​រុស្ស៊ី​កំពុង​ធ្វើ​សមយុទ្ធ​កងទ័ព​នុយក្លេអ៊ែរ ប្រទេស​សម្ពន្ធមិត្ត​មួយ​របស់​ខ្លួន គឺ​ប្រទេស​បេឡារុស បាន​ប្រកាស​ធ្វើ​សមយុទ្ធ​យោធា​ពង្រឹង​សមត្ថភាព​កងទ័ព​នៃ​ប្រទេស​នេះ​នៅ​ក្បែរ​ព្រំដែន​ជាប់​នឹង​ប្រទេស​អ៊ុយក្រែន ចាប់ពី​ថ្ងៃទី​២២ ខែ​មិថុនា រហូត​ដល់​ថ្ងៃទី​១ ខែ​កក្កដា។

មេបញ្ជាការ​យោធា​តំបន់​ព្រំដែន​នៃ​ប្រទេស​បេឡារុស លោក Andrey Krivonosov បាន​និយាយ​ថា សមយុទ្ធ​នេះ​សំដៅ​បណ្ដុះបណ្ដាល​កងទ័ព​ផង និង​បង្វឹក​ស្មារតី​នៃ​ការ​ប្រយុទ្ធ​ក្នុង​ស្ថានការណ៍​សឹក​ណា​មួយ​អាច​កើតឡើង​ផង។

បេឡារុស បាន​អះអាង​ថា កងទ័ព​របស់​ខ្លួន​នឹង​មិន​ចូលរួម​ក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន​សព្វថ្ងៃ​នេះ​ទេ តែ​អ៊ុយក្រែន​ព្រមាន​ថា បើ​ដឹង​ថា​ទ័ព​បេឡារុស​ជួយ​កងទ័ព​រុស្ស៊ី នោះ​អ៊ុយក្រែន​មាន​សមត្ថភាព​វាយ​ទប់ទល់ ហើយ​អាច​វាយ​រុល​ចូល​ទឹកដី​បេឡារុស​ទៀត​ផង។ មេដឹកនាំ​បេឡារុស គឺ​លោក Alexander Lukashenko គឺជា​មិត្ត​ដ៏​ស្និទ្ធស្នាល​នឹង​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន។ លោក​ត្រូវ​បាន​ពួក​បស្ចិម​ប្រទេស​សង្ស័យ​ថា​បាន​ជួយ​សម្រួល និង​បើក​ដៃ​ឱ្យ​កងទ័ព​រុស្ស៊ី​ឆ្លងកាត់​ព្រំដែន​របស់​ខ្លួន ដើម្បី​បើក​ការ​វាយប្រហារ​លើ​អ៊ុយក្រែន ក្នុង​ប្រតិបត្តិការ​សឹក​របស់​លោក ពូទីន ដែល​ចាប់ផ្ដើម​កាលពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស