35 C
Phnom Penh

លោក ហ៊ុន សែន ថា​រដ្ឋាភិបាល​ប្ដេជ្ញា​ចិត្ត​ខ្ពស់​លើក​កម្ពស់​សិទ្ធិ​កុមារ​ព្រោះ​ជា​អ្នក​បន្ត​វេន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន អះអាង​ថា រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់ និង​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​កុមារ ដោយ​ចាត់ទុក​កុមារ គឺជា​អ្នក​បន្ត​វេន​ក្នុង​ការ​ជួយ​ស្ដារ កសាង និង​អភិវឌ្ឍ​សង្គម​កម្ពុជា​ប្រកប​ដោយ​សក្ដានុពល។

មេដឹកនាំ​ខ្មែរ​ដែល​ឧស្សាហ៍​គំរាម​ផ្តាច់​ជីវិត​ពលរដ្ឋ​ខ្លួនឯង លោក ហ៊ុន សែន បាន​ចេញ​លិខិត​ក្នុង​ឱកាស​ខួប​លើក​ទី​៧៣ ទិវា​កុមារ​អន្តរជាតិ ១ មិថុនា កាលពី​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២២ ថា រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ជាតិ​ដោយ​ផ្ដោត​លើ​កិច្ចការ​ការពារ និង​គោរព​សិទ្ធិ​មូលដ្ឋាន​របស់​កុមារ ក្នុង​គោលដៅ​ការពារ​ឧត្តម​ប្រយោជន៍​របស់​កុមារ​ឱ្យ​បាន​ពេញលេញ។

បុរស​ខ្លាំង​ចូលចិត្ត​ប្រើ​កណ្ដាប់ដៃ​ដែក​កម្ទេច​ក្រុម​ប្រឆាំង លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ដែល​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ការ​អង្កេត​សិក្សា​ស្រាវជ្រាវ​អំពី​ស្ថានភាព​ហិង្សា ដើម្បី​កំណត់​វិសាលភាព​អំពើ​ហិង្សា​លើ​កុមារ​ទាំង​ផ្លូវកាយ ផ្លូវចិត្ត និង​ផ្លូវភេទ ដែល​កុមារ​បាន​ជួបប្រទះ និង​ជា​បញ្ហា​ប្រឈម​របស់​សង្គម​ជាតិ​ទាំងមូល។

លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​គ្រប់​ក្រសួង ស្ថាប័ន ព្រមទាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​បង្កើន​សិទ្ធិ​អំណាច​ដល់​កុមារ​ដូច​ដែល​មាន​ចែង​ក្នុង​ច្បាប់​ជាតិ និង​អន្តរជាតិ និង​ដាក់​ចេញ​នូវ​គោលការណ៍​មួយ​ចំនួន​ដែល​ជំហាន​មួយ​ឆ្ពោះ​ទៅ​រក​ការ​បង្កើន​សិទ្ធិ​អំណាច​ដល់​កុមារ ជាពិសេស​កុមារី និង​សហគមន៍​កុមារ​ជា​ជនជាតិ​ដើម​ភាគតិច និង​កុមារ​មាន​ពិការភាព ជាដើម។

ប្រទេស​កម្ពុជា បាន​ចុះហត្ថលេខា​ចូល​ជា​ភាគី​សមាជិក​នៃ​អនុសញ្ញា​ស្ដីពី​សិទ្ធិ​កុមារ តាំងពី​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​១៩៩២ មក ក្រោយ​អនុសញ្ញា​ស្ដីពី​សិទ្ធិ​កុមារ​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ​១៩៨៩ និង​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​២ ខែ​កញ្ញា ឆ្នាំ​១៩៩០។

ទិវា​កុមារ​អន្តរជាតិ ១ មិថុនា សំដៅ​ដល់​ការ​បង្កើន​នូវ​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​លើ​កុមារ ដោយ​ការ​ទទួលស្គាល់​នូវ​សិទ្ធិ​ជា​សកល និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កុមារ​ដែល​គាំពារ​ដោយ​អនុសញ្ញា​ជាតិ និង​អន្តរជាតិ​ជា​សកល​ស្តីអំពី​សិទ្ធិ​កុមារ ដើម្បី​លុបបំបាត់​ការ​រើសអើង​លើ​កុមារ បញ្ឈប់ និង​ប្រឆាំង​ដាច់ខាត​លើ​ការ​រំលោភបំពាន ការ​ជួញដូរ ការ​កេងប្រវ័ញ្ច និង​ការ​ប្រើ​អំពើ​ហិង្សា​លើ​កុមារ​គ្រប់​រូបភាព​ទាំងអស់។

ជុំវិញ​បញ្ហា​នេះ សេចក្តី​រាយការណ៍​ក្រសួង​ការបរទេស​អាមេរិក បាន​លាតត្រដាង​កាលពី​ពេល​កន្លងទៅ​ថា កាលពី​ឆ្នាំ​២០១៩ កម្ពុជា​ត្រូវ​បាន​រក​ឃើញ​ថា​ស្ថិត​ក្នុង​ទម្រង់​ដ៏​អាក្រក់​បំផុត​ដែល​មិន​បាន​ធានា​នូវ​ការ​អនុវត្ត​សិទ្ធិ​មូលដ្ឋាន​របស់​កុមារ ក្នុង​នោះ​រដ្ឋាភិបាល​កម្ពុជា​ខកខាន​មិន​បាន​ចាត់​វិធានការ​ក្នុង​ការ​ស៊ើបអង្កេត ការ​ចោទប្រកាន់​ដែល​បាន​រក​ឃើញ​អ្នក​រំលោភ​បំពាន​លើ​កុមារ ដោយ​ការ​សម្របសម្រួល​ឱ្យ​គេច​ចេញ​ក្រៅ​ប្រព័ន្ធ​ច្បាប់ ជាដើម។

សេចក្តី​រាយការណ៍​ខាងលើ អះអាង​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ធ្លាក់​ចុះ​ខ្សោយ​ដោយសារតែ​ទទួល​សំណូក​ជា​ថ្នូរ​នឹង​ការ​ទម្លាក់​ចោល​បទ​ចោទ ឬ​ការ​បន្ធូរបន្ថយ​ទោស​នានា​ចំពោះ​បុគ្គល​ដែល​បាន​រំលោភបំពាន​លើ​កុមារ ទាំង​ការ​ប្រើ​អំពើ​ហិង្សា ការ​កេងប្រវ័ញ្ច​ផ្លូវភេទ និង​ការ​បង្ខិតបង្ខំ​ឱ្យ​ធ្វើ​ការងារ ជាដើម ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កុមារ​នៅ​កម្ពុជា​ងាយ​រងគ្រោះ​ជាទីបំផុត។

អង្គការ​សង្គ្រោះ​កុមារ (Save Children) បាន​បង្ហាញ​សេចក្តី​រាយការណ៍​របស់​ខ្លួន​ថា កុមារ​ក្នុង​ប្រទេស​កម្ពុជា កំពុង​ជួបប្រទះ​នូវ​បញ្ហា​ធ្ងន់ធ្ងរ ដូចជា​ការ​ប្រើប្រាស់​អំពើ​ហិង្សា ការ​កេងប្រវ័ញ្ច​ផ្លូវភេទ និង​ពលកម្ម​លើ​ពួកគេ ជាដើម ក្នុង​នោះ​កុមារ​ជាង ៥០% ធ្លាប់​ទទួល​រង​នូវ​អំពើ​ហិង្សា​លើ​រាងកាយ ២៥% ទទួល​រង​អំពើ​ហិង្សា​លើ​ផ្លូវចិត្ត និង​ប្រមាណ​ជា ៥% ធ្លាប់​ទទួល​រង​អំពើ​ហិង្សា​ខាង​ផ្លូវភេទ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស