គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប ច្រានចោលនូវការចោទប្រកាន់គ្មានមូលដ្ឋានរបស់លោក សុន ឆ័យ តំណាងគណបក្សភ្លើងទៀន ដោយអះអាងថា ខ្លួនតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ស្មើភាព និងឥតលម្អៀងជាមួយគ្រប់គណបក្សនយោបាយទាំងអស់ ដើម្បីធានាបាននូវការរៀបចំកិច្ចការបោះឆ្នោតមួយប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីបំភ្លឺកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ នេះថា ក្រុមប្រតិកម្មព័ត៌មាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានច្រានចោលនូវការចោទប្រកាន់គ្មានមូលដ្ឋានរបស់លោក សុន ឆ័យ តំណាងគណបក្សភ្លើងទៀន ដែលបានអះអាងកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានសហការគ្នាជាមួយបក្សកាន់អំណាចក្នុងដំណើរការនៃការបោះឆ្នោតនេះ។
គ.ជ.ប អះអាងថា ការលើកឡើងបែបនេះ គឺមិនឆ្លុះបញ្ចាំងពីការពិតជាដាច់ខាត ហើយផ្ទុយពីជំហររបស់ខ្លួនទាំងស្រុង ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តែងតែរក្សា និងប្រកាន់ខ្ជាប់នូវគោលការណ៍ស្មើភាព និងឥតលម្អៀងជាមួយគណបក្សនយោបាយទាំងអស់ ទោះបីជាគណបក្សនោះតូចក្តី ឬធំក្តី គឺគ្មានការរើសអើងណាមួយឡើយ។
គណៈកម្មាធិការនេះបញ្ជាក់ថា ដើម្បីធានានូវភាពមិនលម្អៀងក្នុងដំណើរការនៃអាណត្តិរបស់ខ្លួន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានរៀបចំឱ្យមានយន្តការដោះស្រាយបណ្តឹង ៣ថ្នាក់ពីប្រជាពលរដ្ឋ និងគណបក្សនយោបាយ គឺនៅថ្នាក់គណៈកម្មាធិការឃុំ-សង្កាត់រៀបចំការបោះឆ្នោត គណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត និងនៅថ្នាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដោយផ្ទាល់ផងដែរ។
ការអះអាងបែបនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានត្រូវរ៉ូវគ្នាជាមួយគណបក្សកាន់អំណាចក្នុងដំណើរការនៃការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នេះ។
សកម្មជនគណបក្សសង្គ្រោះជាតិ លោក ហ៊ុន កុសល បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២ មិថុនា នេះថា បច្ចុប្បន្ននេះប្រជាពលរដ្ឋខ្មែររូបណាក៏មើលឃើញថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សកាន់អំណាច គឺមានភាពស៊ីចង្វាក់គ្នាដែរ ចំណែកខ្លួនលោកផ្ទាល់ក៏មិនឃើញថា គណៈកម្មការនេះមានភាពឯករាជ្យ និងធ្វើការបម្រើប្រជាពលរដ្ឋដោយយុត្តិធម៌នោះដែរ។
លោក ហ៊ុន កុសល លើកឡើងថា ជារឿងដ៏អាម៉ាស់របស់លោក សុន ឆ័យ និងគណបក្សភ្លើងទៀន ដែលដឹងច្បាស់ហើយថា គ.ជ.ប មិនឯករាជ្យ គ្មានភាពយុត្តិធម៌ លំហលទ្ធិប្រជាធិបតេយ្យត្រូវគេបិទ និងមិនទាន់ស្ដារតាមការទាមទារពីសហគមន៍អន្តរជាតិ ប៉ុន្តែនៅតែប្រឹងធ្វើសកម្មភាពបម្រើប្រយោជន៍នយោបាយដល់បក្សកាន់អំណាច ដោយក្បត់ឆន្ទៈប្រជាពលរដ្ឋ និងបំបែកកម្លាំងរួបរួមរបស់គណបក្សសង្គ្រោះជាតិតាមផែនការរបស់បក្សកាន់អំណាចទាំងគ្មានភាពអៀនខ្មាស។
សកម្មជនបក្សប្រឆាំងរូបនេះបញ្ជាក់ថា ការចូលរួមបោះឆ្នោតដែលសូម្បីតែសហគមន៍អន្តរជាតិគេមិនគាំទ្រ ដូច្នេះគណបក្សភ្លើងទៀនដែលចូលរួមការបោះឆ្នោតនៅពេលនេះ កំពុងតែចូលដៃជាមួយបក្សកាន់អំណាចដើម្បីសម្លាប់លទ្ធិប្រជាធិបតេយ្យកម្ពុជាយ៉ាងពិតប្រាកដ។
ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន បានអះអាងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពិតជាត្រូវបានទទួលស្គាល់តាមផ្លូវច្បាប់យ៉ាងពេញលេញ បន្ទាប់ពីគណបក្សនយោបាយទាំង១៧ ព្រមទទួលយកការប្រកួតប្រជែងរកសន្លឹកឆ្នោតសម្រាប់អាណត្តិទី៥ ឆ្នាំ២០២២ នេះ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបច្ចុប្បន្ននេះ ត្រូវគេមើលឃើញថា មិនត្រូវបានទទួលស្គាល់ និងបង្កទំនុកចិត្តដល់ប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិនោះទេ ព្រោះថាសមាសភាពទាំង ៩រូបរបស់ស្ថាប័ននេះ សុទ្ធសឹងតែមកពីគណបក្សកាន់អំណាចទាំងអស់ ក្នុងនោះរួមមានលោក ប្រាជ្ញ ចន្ទ ជាប្រធាន លោក នុត សុខុម ជាអនុប្រធាន និងលោក ហង្ស ពុទ្ធា ជាសមាជិក ជាដើម។
រីឯសហភាពអឺរ៉ុប បានអះអាងកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ថា ខ្លួនមិនបានស្នើសុំឱ្យមានបេសកកម្មសង្កេតការណ៍បោះឆ្នោតសម្រាប់ដំណើរការបោះឆ្នោតនាពេលខាងមុខនេះទេ ព្រោះថាសហគមន៍អឺរ៉ុបមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះតែការបោះឆ្នោតដោយសេរី និងយុត្តិធម៌ និងសិទ្ធិនៅក្នុងការចូលរួមដែលជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាតែប៉ុណ្ណោះ៕