28.4 C
Phnom Penh

លោក ហ៊ុន សែន ថា​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នឹង​ត្រូវ​អនុវត្ត​នៅ​ថ្ងៃ​បោះឆ្នោត​ឃុំ-សង្កាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បី​ថ្ងៃ​មុន​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ដែល​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​អាទិត្យ ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ​ថា ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នឹង​ត្រូវ​អនុវត្ត​នៅ​ថ្ងៃ​បោះឆ្នោត​ឃុំ-សង្កាត់​អាទិត្យ​នេះ។

តាមរយៈ​សារ​ជា​សំឡេង​នៅ​លើ​បណ្ដាញ​សង្គម​កាលពី​ថ្ងៃទី​២ ខែ​មិថុនា ឆ្នាំ​២០២២ ការ​អនុវត្ត​សិទ្ធិ​សេរីភាព ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ដែល​ពលរដ្ឋ​នឹង​ត្រូវ​អនុវត្ត​នៅ​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ថ្ងៃ​អាទិត្យ​នេះ។

ទន្ទឹម​នឹង​នេះ លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​លើកឡើង​ថា ជិត ១​ខែ​មក​នេះ កម្ពុជា​គ្មាន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ទេ ក្រោយពី​ពលរដ្ឋ​ជាង ៩៤​ភាគរយ​ទទួល​បាន​វ៉ាក់សាំង​ប្រឆាំង​កូវីដ-១៩ ទាំង​ដូស​មូលដ្ឋាន និង​ដូស​ជំរុញ​រួច​មក។

លោក​នាយករដ្ឋមន្ត្រី​ថា វ៉ាក់សាំង​ការពារ​ជីវិត​ប្រជាជន​ដែល​ជា​សិទ្ធិ​ជា​មូលដ្ឋាន គឺ​សិទ្ធិ​រស់​រាន​មាន​ជីវិត ហើយ​បន្ត​ពី​នោះ ទើប​ដំណើរការ​សិទ្ធិ​សេរីភាព ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ដែល​ត្រូវ​អនុវត្ត​នៅ​ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ គឺ​ថ្ងៃ​អាទិត្យ​ខាងមុខ​នេះ។

ការ​សំអាង​របស់​លោក ហ៊ុន សែន ធ្វើឡើង​ខណៈ​ដែល​សហភាព​អឺរ៉ុប​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ទាំងស្រុង​ពី​កម្ពុជា បើ​ការ​បោះឆ្នោត​នៅ​ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ខាងមុខ​នេះ និង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០២៣ នា​ពេល​ខាងមុខ​ខ្វះ​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌ ខណៈ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តុលាការ​បាន​រំលាយ លោក កឹម សុខា ដែល​មាន​ឈ្មោះ​បោះឆ្នោត​កំពុង​ពិចារណា​នៅ​ជាប់​បម្រាម​នយោបាយ​នៅ​ឡើយ។

កាលពី​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២០ សហភាព​អឺរ៉ុប​បាន​ចាត់​វិធានការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០​ភាគរយ​ពី​កម្ពុជា ក្រោម​ហេតុផល​ថា សិទ្ធិមនុស្ស សិទ្ធិ​នយោបាយ សិទ្ធិ​ដីធ្លី និង​សិទ្ធិ​ការងារ​រង​ការ​រំលោភ​ជា​ប្រព័ន្ធ ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ចេញពី​ឆាក​នយោបាយ។

អតីត​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​កម្ពុជា​និយម លោក យ៉ែម បុញ្ញឫទ្ធិ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ប្រជាធិបតេយ្យ​ពេញលេញ​មិន​សំដៅ​តែ​ថ្ងៃ​ដែល​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត​តែ​មួយ​ថ្ងៃ​នោះ​ទេ ប៉ុន្តែ​គេ​ត្រូវ​ធានា​ពី​លំហ​សេរីភាព គ្មាន​ការ​គំរាមកំហែង​ខាង​នយោបាយ​ចាប់តាំងពី​មុន​ថ្ងៃ​បោះឆ្នោត អំឡុង​ពេល​បោះឆ្នោត និង​ក្រោយ​បោះឆ្នោត។

កាលពី​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០២២ លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​តាមរយៈ​ប្រព័ន្ធ​អនឡាញ​ថា លំហ​សេរីភាព​របស់​ប្រជាពលរដ្ឋ និង​លំហ​សេរីភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​កាន់តែ​រួម​តូច​ទៅ និង​ដើរ​ថយ​ក្រោយ​ដោយសារតែ​ការ​គ្រប់គ្រង​បែប​ឯក​បក្ស។

អ្នក​រាយការណ៍​ពិសេស​បាន​អំពាវនាវ​ទៅ​អាជ្ញាធរ​ប្រទេស​កម្ពុជា ឱ្យ​គោរព​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ដែល​ប្រទេស​កម្ពុជា​ជា​រដ្ឋ​ភាគី រួម​ទាំង​សេរីភាព​ជា​មូលដ្ឋាន​ក្នុង​ការ​បញ្ចេញមតិ និង​ការ​ជួប​ប្រជុំ។

គិត​ត្រឹម​ថ្ងៃ​ទី​២៥ ឧសភា នៅ​ទូទាំង​ប្រទេស គណៈកម្មការ​ឃុំ-សង្កាត់​រៀបចំ​ការ​បោះឆ្នោត (គឃ.សប) បាន​ជ្រើសរើស​មន្ត្រី​ការិយាល័យ​បោះឆ្នោត​ជា​ប្រធាន អនុប្រធាន លេខាធិការ និង​សមាជិក​ទី​១ ទី​២ និង​ទី​៣ ក្នុង​មួយ​ការិយាល័យ ៦​នាក់។

ចំពោះ គឃ.សប ១៦៥២​ឃុំ-សង្កាត់ គឺ​មាន​ជាង ១៤​ម៉ឺន​នាក់ (១៤១៦១២​នាក់) សម្រាប់​ការិយាល័យ​សរុប​ទូទាំង​ប្រទេស​ចំនួន ២៣៦០២​ការិយាល័យ។ មន្ត្រី​ការិយាល័យ​បោះឆ្នោត​ទាំងអស់​នេះ គឺ​ត្រូវ​បណ្ដុះបណ្ដាល​នៅ​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៤ មិថុនា ដើម្បី​បំពេញ​ការងារ​បោះឆ្នោត​នៅ​ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០២២៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស