32 C
Phnom Penh

បទវិភាគ៖ ១០០​ថ្ងៃ​នៃ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​គឺ​រុស្ស៊ី​វាយ​បាន​សមរភូមិ​ពីរ​ប៉ុណ្ណោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គ្រាម​ដែល​មហាអំណាច​យោធា​លំដាប់​ទី​២ ពិភពលោក​លើក​ទ័ព ២០​ម៉ឺន​នាក់​ឈ្លានពាន​អ៊ុយក្រែន​ដោយ​បាន​ចាប់ផ្តើម​ក្នុង​ថ្ងៃទី​២៤ កុម្ភៈ បាន​ឈាន​ចូល​ដល់ ១០០​ថ្ងៃ​នៅ​ថ្ងៃទី​៣ មិថុនា នេះ គឺ​សមរភូមិ​ចំនួន​ពីរ​ប៉ុណ្ណោះ​ដែល​ធ្លាក់​នៅ​ក្រោម​ការ​កាន់កាប់​ទាំងស្រុង​ដោយ​កងទ័ព​រុស្ស៊ី គឺ​ទីក្រុង​កំពង់ផែ Mariupol និង​ទីក្រុង Kherson នៅ​ភាគ​អាគ្នេយ៍​ប្រទេស​អ៊ុយក្រែន។

ក្រៅ​ពី​នេះ​មាន​ទីក្រុង​មួយ​ទៀត​នៅក្នុង​តំបន់​ដុនបាស គឺ​ទីក្រុង Lyman ជា​ទីក្រុង​តូច​មួយ​នៅ​ក្នុង​ខេត្ត Donetsk ត្រូវ​បាន​រាយការណ៍​មក​ថា​បាន​ធ្លាក់​នៅ​ក្រោម​កងទ័ព​រុស្ស៊ី កាលពី​ថ្ងៃទី​២៩ ឧសភា តែ​ទីក្រុង​ដ៏​តូច​មួយ​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ត្រៀម​វាយបក​យក​វិញ​ដោយ​កងទ័ព​អ៊ុយក្រែន។ បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP តំបន់​ដុនបាស បាន​កំពុង​ក្លាយជា​ភ្នក់​ភ្លើង​សង្គ្រាម​ឆេះ​កាល​ដោយសារ​កងទ័ព​ទាំង​ពីរ​វាយ​ប្រយុទ្ធ​គ្នា​ពុំ​មាន​បង្អង់​ឡើយ។

យ៉ាងណា មហាអំណាច​រុស្ស៊ី ដែល​បង្កើន​កម្លាំង​ទ័ព​ជាង ១០​ម៉ឺន​នាក់​វាយ​កាន់កាប់​តំបន់​ដុនបាស នៅ​ភាគ​ខាងកើត​ប្រទេស ខណៈ​ទ័ព​អ៊ុយក្រែន មាន​ជិត ៥​ម៉ឺន​នាក់ គឺ​រុស្ស៊ី​មាន​ប្រៀប​ជាង​ទ័ព​អ៊ុយក្រែន​តិចតួច​ប៉ុណ្ណោះ។ សម្រាប់​អ៊ុយក្រែន គេ​កំពុង​រង់ចាំ​អន្តរាគមន៍​ដោយ​ទ័ព​មីស៊ីល និង​កាំភ្លើងធំ​ដែល​ជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក និង​ប្រទេស​អាល្លឺម៉ង់។

ប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី អះអាង​ថា នៅ​ពេល​អាវុធ​ទាំងនេះ​មក​ដល់​ដៃ​កងទ័ព​អ៊ុយក្រែន​បន្ថែម​ទៀត គឺ​មិន​ត្រឹម​អាច​វាយ​ទប់ទល់​បាន​នោះ​ទេ គឺ​អាច​វាយ​រុញច្រាន​កងទ័ព​រុស្ស៊ី​ចេញពី​ទីតាំង​ដែល​បាន​ធ្លាក់​ក្រោម​ការ​កាន់កាប់​ដោយ​កងទ័ព​រុស្ស៊ី​នោះ​ទៀត​ផង។

លោក ហ្សេឡេនស្គី បញ្ជាក់​ថា បើ​ទ័ព​អ៊ុយក្រែន​អាច​ទប់ទល់​បាន​ការ​រុល​ចូល​របស់​ទ័ព​រុស្ស៊ី គឺ​ទ័ព​អ៊ុយក្រែន​អាច​វាយបក​នៅ​ទីក្រុង​ម៉ារីយូប៉ូល ហើយ​អាច​វាយ​រុល​ទៅ​ដល់​តំបន់​គ្រីមៀរ ដែល​តំបន់​នេះ​បាន​ធ្លាក់​នៅ​ក្រោម​រុស្ស៊ី តាមរយៈ​ការ​បោះឆ្នោត​ផ្ដាច់ខ្លួន​នៅ​ឆ្នាំ​២០១៤។

ទោះជា​យ៉ាងណា​ក្តី ១០០​ថ្ងៃ​នៃ​សង្គ្រាម​នេះ គឺ​របប​ផ្ដាច់ការ​នៅ​ទីក្រុង​មូស្គូ ដែល​បាន​អួតអាង​ថា​នឹង​វាយ​កាន់កាប់​បាន​ទាំងស្រុង​ដែនដី​អ៊ុយក្រែន​ទាំងមូល​ជាមួយ​នឹង​ការ​ផ្ដួល​រំលំ​របប​ដឹកនាំ​របស់​ប្រធានាធិបតី ហ្សេឡេនស្គី គឺ​វិមាន​ក្រឹមឡាំង​ដូចជា​មិន​បាន​ពោល​អួតអាង​អំពី​ជ័យជម្នះ​ធំដុំ​អ្វី​នោះ​ទេ ដោយ​បាន​ត្រឹមតែ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ខ្លួន​ជួយ​ស្រែក​ថា រុស្ស៊ី​វាយ​កាន់កាប់​តំបន់​ចំនួន​៥ មក​ដល់​ពេលនេះ។

សង្គ្រាម​ដែល​របប​លោក​ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន គិត​ថា​កងទ័ព​រុស្ស៊ី នឹង​វាយ​ផ្ដួល​រដ្ឋធានី​គៀវ តែ​ក្នុង​រយៈពេល ៧២​ម៉ោង គឺ​មហាអំណាច​នេះ​ពុំ​អាច​សម្រេច​ផែនការ​របស់​ខ្លួន​បាន​ឡើយ។

សម្រាប់​ក្រុម​បស្ចិម​ប្រទេស​វិញ គេ​ថ្លែង​ចំអក​ដាក់​ក្រុង​មូស្គូ ថា សង្គ្រាម​ដែល​រុស្ស៊ី​គិត​ថា​ជា​សង្គ្រាម​ផ្លេកបន្ទោរ បាន​ក្លាយ ហើយ​កំពុង​ក្លាយ​ជា​សង្គ្រាម​រាប់​ខែ​ទៅ​មុខ​ទៀត ដែល​នឹង​មិន​អាច​រក​ទី​បញ្ចប់​បាន​ឡើយ។ ក្រៅ​ពី​នេះ ពួកគេ​ថា​បើ​និយាយ​ពី​អ្នក​ឈ្នះ​សង្គ្រាម​វិញ គឺ​រុស្ស៊ី​បាន​ត្រឹមតែ​ខូច​ឈ្មោះ ហើយ​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ គឺ​រុស្ស៊ី​មិន​អាច​ឈ្នះ​សង្គ្រាម​លើ​ទឹកដី​អ៊ុយក្រែន បាន​ឡើយ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក អង់តូនី ប្ល៊ីនកិន កាលពី​ថ្ងៃ​ពុធ ទី​១ មិថុនា លោក​គិត​ថា សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន អាច​នឹង​បន្ត​ច្រើន​ខែ​ទៀត។

ប៉ុន្តែ​សង្គ្រាម​ដែល​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន នេះ គឺ​ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន មិន​ដែល​ប្រកាស ឬ​អះអាង​ថា​ជា​សង្គ្រាម​នោះ​ទេ។ លោក​បាន​ហៅ​ថា​ជា​ប្រតិបត្តិការ​យោធា​ពិសេស។ នៅ​ពេល​ដែល​ទ័ព​រុស្ស៊ី​ត្រូវ​បាន​កងទ័ព​អ៊ុយក្រែន​វាយ​យក​បាន​មកវិញ​ទីក្រុង​ដ៏​ធំ​ទី​២ របស់​អ៊ុយក្រែន គឺ​ទីក្រុង Khakiv កាលពី​ជិត ១០​ថ្ងៃ​មក​នេះ របប​លោក ពូទីន បាន​ព្រមាន​ជនជាតិ​រុស្ស៊ី មិន​ឱ្យ​ហៅ​ថា​ជា​សង្គ្រាម​នោះ​ទេ គឺ​ឱ្យ​ហៅ​ថា​ប្រតិបត្តិការ​យោធា​ពិសេស។ ចំពោះ​បម្រាម​នេះ បើ​ជន​ណា​ហ៊ាន​ចាត់ទុក​ថា​ជា​សង្គ្រាម នឹង​ត្រូវ​កាត់ទោស​រហូត​ដល់ ១៥​ឆ្នាំ។

និយាយ​រួម​ទៅ ហេតុផល​នៃ​ការ​បើក​ប្រតិបត្តិការ​យោធា​ពិសេស​នៅ​អ៊ុយក្រែន​ក្នុង​ថ្ងៃទី​២៤ កុម្ភៈ ត្រូវ​បាន​លោក ពូទីន បញ្ជាក់​ថា គឺ​ដើម្បី​កម្ចាត់​របប​ណាហ្ស៊ី​នៅ​ក្នុង​ជួរ​កងទ័ព​អ៊ុយក្រែន គឺ​ដូច​នេះ​ហើយ​បាន​ជា​ត្រូវ​វាយ​កម្ទេច​រចនាសម្ព័ន្ធ​យោធា​របស់​អ៊ុយក្រែន។

ការ​ប្រកាស​ថា​ជា​ប្រតិបត្តិការ​យោធា​ពិសេស​នេះ​ហើយ​ដែល​លោក ពូទីន គិត​ថា រុស្ស៊ី​ប្រើ​ពេល​ត្រឹមតែ ៤៨​ម៉ោង​ទៅ ៧២​ម៉ោង គឺ​អាច​ទម្លាក់​រដ្ឋាភិបាល​អ៊ុយក្រែន​បាន​ហើយ។ តែ​តាម​ផែនការ​របស់​ជន​ផ្ដាច់ការ​ក្រុង​មូស្គូ នេះ គឺ​វាយ​យក​អ៊ុយក្រែន​ទាំងមូល រួច​ហើយ​ត្រូវ​បង្កើត​រដ្ឋាភិបាល​អាយ៉ង​របស់​ខ្លួន គឺ​ធ្វើ​ឱ្យ​ដូច​នឹង​ប្រទេស​វៀតណាម​លើក​ទ័ព​ចូល​ឈ្លានពាន​កម្ពុជា​កាលពី​ចុង​ទសវត្ស​ឆ្នាំ​១៩៧០ ផ្ដួល​រំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម ដែល​របប​អាវ​ខ្មៅ​នេះ ត្រូវ​បាន​ក្រុម​បក្ស​កុម្មុយនីស្ត​ចិន ម៉ៅ សេទុង នៅ​ពីក្រោយ ហើយ​ហ្វឹកហ្វឺន​ទំនុក​បម្រុង​ដោយ​ទ័ពព្រៃ​យៀកណាម​ខាងជើង យៀកកុង និង​ខ្មែរ​យៀកមិញ។

តែ​ការពិត រដ្ឋាភិបាល​ក្រុង​គៀវ មិន​មែន​ជា​រដ្ឋាភិបាល​ចាំ​តែ​សុំ​សន្តិភាព​ពី​អ្នក​ឈ្លានពាន​នោះ​ទេ គឺ​រដ្ឋាភិបាល​នេះ​មាន​ស្មារតី​ជាតិ​ពិត​ប្រាកដ​ក្នុង​ការ​ទប់ទល់​នឹង​ពួក​ឈ្លានពាន​ទឹកដី។

នៅ​រយៈពេល ១០០​ថ្ងៃ​មក​នេះ រដ្ឋាភិបាល​ក្រុង​គៀវ មិន​បាន​ដួល​រលំ​នោះ​ទេ គឺ​រដ្ឋាភិបាល​នេះ​រួម​ទាំង​ពលរដ្ឋ​អ៊ុយក្រែន​គ្រប់​រូប ក៏​កំពុង​បន្ត​តស៊ូ​យ៉ាង​ស្វិតស្វាញ​ជាទីបំផុត ដើម្បី​ការពារ​ទឹកដី​របស់​ខ្លួន​ជាមួយ​នឹង​អន្តរាគមន៍​ជា​ជំនួយ​សព្វាវុធ ទាំង​អាវុធ​ធុន​ស្រាល និង​ធុន​ធ្ងន់​ពី​បស្ចិម​ប្រទេស។

លោក ពូទីន ពិត​ណាស់​អាច​គិត​ថា លោក​កំពុង​ទទួល​បរាជ័យ​នៅ​ក្នុង​សង្គ្រាម​លឿន​ដូច​ផ្លេកបន្ទោរ តែ​ការពិត ១០០​ថ្ងៃ​ហើយ គឺ​កងទ័ព​រុស្ស៊ី​នៅ​ទើរ​ត្រឹម​សមរភូមិ​ឆេះ​កាល​នៅ​ភាគ​ខាងកើត​ប្រទេស​ដែល​ជា​តំបន់​ជាប់​ផ្ទាល់​នឹង​ព្រំដែន​រុស្ស៊ី៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស