31 C
Phnom Penh

បក្ស​កាន់​អំណាច​ថា​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ជាង​ការ​បោះឆ្នោត​កន្លងទៅ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច​អះអាង​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ជាង​ការ​បោះឆ្នោត​នា​ពេល​កន្លងទៅ ខណៈ​បក្ស​ភ្លើង​ទៀន និង​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា ការ​បោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​មិន​សេរី និង​មិន​យុត្តិធម៌។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​អាណត្តិ​នេះ​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន​ជាង​អាណត្តិ​មុនៗ​ទាំងអស់។ លោក​បាន​ចាត់ទុក​ការ​ប្រកាស​របស់​គណបក្ស​ភ្លើង​ទៀន ដែល​ថា​ការ​បោះឆ្នោត​នេះ​មិន​សេរី មិន​ត្រឹមត្រូវ និង​មិន​យុត្តិធម៌ ធ្វើឡើង​ក្នុង​ចេតនា​ចង់​ប្រឆាំង​នឹង​ការ​បោះឆ្នោត​តែប៉ុណ្ណោះ។

ក្រៅពី​ការ​លើកឡើង​របស់​លោក សុខ ឥសាន នោះ គណបក្ស​នយោបាយ​មួយ​ចំនួន ក្នុង​នោះ​គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ខ្មែរ​តែ​មួយ គណបក្ស​យុវជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ពេជ្រ ស្រស់ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​គាំទ្រ ហើយ​ថា​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ គ្មាន​ការ​គំរាមកំហែង និង​មាន​យុត្តិធម៌​ថែម​ទៀត​ផង។

យ៉ាងណាក៏ដោយ គណបក្ស​ភ្លើង​ទៀន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃទី​៦ ខែ​មិថុនា នេះ ដោយ​មិន​ទទួល​យក​លទ្ធផល​បោះឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ ដោយសារ​ការ​បោះឆ្នោត​នោះ​មិន​មាន​បរិយាកាស​ស្មើភាព ហើយ​ពលរដ្ឋ​មិន​មាន​សេរីភាព​ក្នុង​ការ​ចូលរួម​កិច្ចការ​នយោបាយ និង​ការ​បញ្ចេញមតិ​បាន​ត្រឹមត្រូវ​នៅឡើយ។ ជាមួយ​គ្នា​នេះ ស្ថាប័ន​បោះឆ្នោត​ក៏​មិន​ទាន់​ឯករាជ្យ ដោយសារ​ការ​ចាត់ចែង និង​ការ​សម្រេច​លើ​ការងារ​មួយ​ចំនួន​ធំ​នោះ​ធ្វើឡើង​ដោយ​លម្អៀង រួម​ទាំង​សមាសភាព​សមាជិក​ដឹកនាំ​ស្ថាប័ន​នេះ​ពី​លើ​ដល់​ក្រោម​ជា​សមាជិក​របស់​គណបក្ស​កាន់​អំណាច​ស្ទើរតែ​ទាំងអស់។

គណបក្ស​ភ្លើង​ទៀន​អះអាង​ថា ខ្លួន​រង​ការ​គាបសង្កត់ បំភិតបំភ័យ​ចាប់តាំងពី​ការ​រៀបចំ​បញ្ជី​បេក្ខជន​រហូត​ដល់​ការ​ដាក់​បញ្ជី​អ្នក​សង្កេតការណ៍ ហើយ​រាល់​សកម្មភាព​កៀរគរ​ពលរដ្ឋ​តាមរយៈ​ការ​ទិញ​សន្លឹកឆ្នោត តាមដាន សម្លុត និង​គំរាម​មាន​ជា​ហូរហែ ដោយ​មិន​មាន​ការ​អង្កេត និង​ហាមប្រាម​ពី គ.ជ.ប នោះ​ឡើយ។

បើ​តាម​អង្គការ​លីកាដូ ឱ្យ​ដឹង​ថា អាជ្ញាធរ​មូលដ្ឋាន​នៅ​រាជធានី-ខេត្ត​ចំនួន​១៦​ផ្សេង​គ្នា បាន​អង្គុយ​កត់​វត្តមាន​របស់​ពលរដ្ឋ​នៅ​ទីតាំង​បោះឆ្នោត និង​បាន​ជួយ​សម្របសម្រួល​ឱ្យ​អ្នក​បោះឆ្នោត​បាន​ចូល​ក្នុង​ការិយាល័យ​បោះឆ្នោត និង​ចុះ​ទៅ​ដល់​ផ្ទះ​ពលរដ្ឋ​នីមួយៗ​ដើម្បី​ឱ្យ​អ្នក​ទាំងនោះ​ទៅ​បោះឆ្នោត។

ពាក់ព័ន្ធ​នឹង​ការ​រាប់​សន្លឹកឆ្នោត​វិញ អង្គការ​លីកាដូ​ថា​ប្រធាន​មណ្ឌល​បោះឆ្នោត​នៅ​តាម​មណ្ឌល​បោះឆ្នោត​មួយ​ចំនួន​នៅ​ក្នុង​រាជធានី-ខេត្ត​ចំនួន​៩ បាន​បិទ​ទ្វារ​មណ្ឌល​បោះឆ្នោត ឬ​បិទ​ទ្វារ និង​បង្អួច​នៃ​ការិយាល័យ​បោះឆ្នោត ក្រោយពី​មណ្ឌល​បោះឆ្នោត​ត្រូវ​បាន​បិទ​នៅ​ម៉ោង ៣​រសៀល។ ភាគច្រើន​ករណី​ទាំងនេះ​បាន​ហាមឃាត់​ពលរដ្ឋ​ដែល​ពុំ​មែន​ជា​អ្នក​សង្កេតការណ៍​បោះឆ្នោត មិន​ឲ្យ​មើល​ដំណើរការ​រាប់​សន្លឹកឆ្នោត។ ចំណែក​ខេត្ត​ដែល​មាន​ការ​រាយការណ៍​មក​ថា​បាន​បិទ​ទ្វារ​មណ្ឌល​បោះឆ្នោត ឬ​បិទ​ទ្វារ និង​បង្អួច ក្នុង​នោះ​មាន​ខេត្ត​បន្ទាយមានជ័យ ខេត្ត​កំពង់ចាម កំពង់ឆ្នាំង កណ្ដាល កែប ពោធិ៍សាត់ ស្វាយរៀង ខេត្ត​តាកែវ និង​រាជធានី​ភ្នំពេញ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត ចាត់ទុក​ថា​សកម្មភាព​កត់​ឈ្មោះ​អ្នក​ទៅ​បោះឆ្នោត​នៅ​តាម​មណ្ឌល​ពី​សំណាក់​អាជ្ញាធរ និង​ដាក់​កម្លាំង​ដែល​មាន​អាវុធ​ជាប់​ខ្លួន​ផង​នោះ បាន​ធ្វើ​ឱ្យ​ជះឥទ្ធិពល​ទៅ​ដល់​ផ្លូវចិត្ត ផ្លូវ​អារម្មណ៍​អ្នក​ទៅ​បោះឆ្នោត​នៅ​ពេល​អាជ្ញាធរ​អង្គុយ​ចាំ​កត់​ឈ្មោះ​ពលរដ្ឋ​បែប​នេះ។

លោក​ស្នើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ពិនិត្យ​បញ្ហា​នេះ​ឡើងវិញ ហើយ​ថា​ករណី​នេះ អាជ្ញាធរ​មូលដ្ឋាន​កត់​ឈ្មោះ​នៅ​កន្លែង ឬ​បរិវេណ​បោះឆ្នោត និង​រឿង​បុគ្គល​មួយ​ចំនួន​ដើរ​សួរ​ពលរដ្ឋ​បោះឆ្នោត​ឱ្យ​គណបក្ស​នយោបាយ​ណា​នោះ មិន​គួរ​ឱ្យ​មាន​ការ​កើត​ឡើង​ទៀត​ឡើយ។

កាលពី​ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ វេទិកា​ពលរដ្ឋ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដោយ​ចាត់ទុក​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ថា​ជា​ឧក្រិដ្ឋកម្ម​ប្រជាធិបតេយ្យ ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប និង​អង្គការ​សង្គម​ស៊ីវិល​ឃ្លាំមើល​ក្នុង​ស្រុក មិន​បាន​ដាក់​អ្នក​សង្កេតការណ៍​នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត​ឃុំ-សង្កាត់​នា​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស