មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចអះអាងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រព្រឹត្តទៅដោយរលូនជាងការបោះឆ្នោតនាពេលកន្លងទៅ ខណៈបក្សភ្លើងទៀន និងសង្គមស៊ីវិលសង្កេតឃើញថា ការបោះឆ្នោតនេះប្រព្រឹត្តទៅមិនសេរី និងមិនយុត្តិធម៌។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅអាណត្តិនេះប្រព្រឹត្តទៅយ៉ាងរលូនជាងអាណត្តិមុនៗទាំងអស់។ លោកបានចាត់ទុកការប្រកាសរបស់គណបក្សភ្លើងទៀន ដែលថាការបោះឆ្នោតនេះមិនសេរី មិនត្រឹមត្រូវ និងមិនយុត្តិធម៌ ធ្វើឡើងក្នុងចេតនាចង់ប្រឆាំងនឹងការបោះឆ្នោតតែប៉ុណ្ណោះ។
ក្រៅពីការលើកឡើងរបស់លោក សុខ ឥសាន នោះ គណបក្សនយោបាយមួយចំនួន ក្នុងនោះគណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរតែមួយ គណបក្សយុវជនកម្ពុជា ដែលដឹកនាំដោយលោក ពេជ្រ ស្រស់ បានចេញសេចក្ដីថ្លែងការណ៍គាំទ្រ ហើយថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ គ្មានការគំរាមកំហែង និងមានយុត្តិធម៌ថែមទៀតផង។
យ៉ាងណាក៏ដោយ គណបក្សភ្លើងទៀនបានចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី៦ ខែមិថុនា នេះ ដោយមិនទទួលយកលទ្ធផលបោះឆ្នោតកាលពីថ្ងៃអាទិត្យ ដោយសារការបោះឆ្នោតនោះមិនមានបរិយាកាសស្មើភាព ហើយពលរដ្ឋមិនមានសេរីភាពក្នុងការចូលរួមកិច្ចការនយោបាយ និងការបញ្ចេញមតិបានត្រឹមត្រូវនៅឡើយ។ ជាមួយគ្នានេះ ស្ថាប័នបោះឆ្នោតក៏មិនទាន់ឯករាជ្យ ដោយសារការចាត់ចែង និងការសម្រេចលើការងារមួយចំនួនធំនោះធ្វើឡើងដោយលម្អៀង រួមទាំងសមាសភាពសមាជិកដឹកនាំស្ថាប័ននេះពីលើដល់ក្រោមជាសមាជិករបស់គណបក្សកាន់អំណាចស្ទើរតែទាំងអស់។
គណបក្សភ្លើងទៀនអះអាងថា ខ្លួនរងការគាបសង្កត់ បំភិតបំភ័យចាប់តាំងពីការរៀបចំបញ្ជីបេក្ខជនរហូតដល់ការដាក់បញ្ជីអ្នកសង្កេតការណ៍ ហើយរាល់សកម្មភាពកៀរគរពលរដ្ឋតាមរយៈការទិញសន្លឹកឆ្នោត តាមដាន សម្លុត និងគំរាមមានជាហូរហែ ដោយមិនមានការអង្កេត និងហាមប្រាមពី គ.ជ.ប នោះឡើយ។
បើតាមអង្គការលីកាដូ ឱ្យដឹងថា អាជ្ញាធរមូលដ្ឋាននៅរាជធានី-ខេត្តចំនួន១៦ផ្សេងគ្នា បានអង្គុយកត់វត្តមានរបស់ពលរដ្ឋនៅទីតាំងបោះឆ្នោត និងបានជួយសម្របសម្រួលឱ្យអ្នកបោះឆ្នោតបានចូលក្នុងការិយាល័យបោះឆ្នោត និងចុះទៅដល់ផ្ទះពលរដ្ឋនីមួយៗដើម្បីឱ្យអ្នកទាំងនោះទៅបោះឆ្នោត។
ពាក់ព័ន្ធនឹងការរាប់សន្លឹកឆ្នោតវិញ អង្គការលីកាដូថាប្រធានមណ្ឌលបោះឆ្នោតនៅតាមមណ្ឌលបោះឆ្នោតមួយចំនួននៅក្នុងរាជធានី-ខេត្តចំនួន៩ បានបិទទ្វារមណ្ឌលបោះឆ្នោត ឬបិទទ្វារ និងបង្អួចនៃការិយាល័យបោះឆ្នោត ក្រោយពីមណ្ឌលបោះឆ្នោតត្រូវបានបិទនៅម៉ោង ៣រសៀល។ ភាគច្រើនករណីទាំងនេះបានហាមឃាត់ពលរដ្ឋដែលពុំមែនជាអ្នកសង្កេតការណ៍បោះឆ្នោត មិនឲ្យមើលដំណើរការរាប់សន្លឹកឆ្នោត។ ចំណែកខេត្តដែលមានការរាយការណ៍មកថាបានបិទទ្វារមណ្ឌលបោះឆ្នោត ឬបិទទ្វារ និងបង្អួច ក្នុងនោះមានខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម កំពង់ឆ្នាំង កណ្ដាល កែប ពោធិ៍សាត់ ស្វាយរៀង ខេត្តតាកែវ និងរាជធានីភ្នំពេញ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ចាត់ទុកថាសកម្មភាពកត់ឈ្មោះអ្នកទៅបោះឆ្នោតនៅតាមមណ្ឌលពីសំណាក់អាជ្ញាធរ និងដាក់កម្លាំងដែលមានអាវុធជាប់ខ្លួនផងនោះ បានធ្វើឱ្យជះឥទ្ធិពលទៅដល់ផ្លូវចិត្ត ផ្លូវអារម្មណ៍អ្នកទៅបោះឆ្នោតនៅពេលអាជ្ញាធរអង្គុយចាំកត់ឈ្មោះពលរដ្ឋបែបនេះ។
លោកស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពិនិត្យបញ្ហានេះឡើងវិញ ហើយថាករណីនេះ អាជ្ញាធរមូលដ្ឋានកត់ឈ្មោះនៅកន្លែង ឬបរិវេណបោះឆ្នោត និងរឿងបុគ្គលមួយចំនួនដើរសួរពលរដ្ឋបោះឆ្នោតឱ្យគណបក្សនយោបាយណានោះ មិនគួរឱ្យមានការកើតឡើងទៀតឡើយ។
កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ វេទិកាពលរដ្ឋបានចេញសេចក្ដីថ្លែងការណ៍មួយដោយចាត់ទុកការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ថាជាឧក្រិដ្ឋកម្មប្រជាធិបតេយ្យ ស្របពេលដែលសហភាពអឺរ៉ុប និងអង្គការសង្គមស៊ីវិលឃ្លាំមើលក្នុងស្រុក មិនបានដាក់អ្នកសង្កេតការណ៍នៅក្នុងថ្ងៃបោះឆ្នោតឃុំ-សង្កាត់នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នេះ៕