38 C
Phnom Penh

ស្ថានការណ៍​ថ្មីៗ​ក្រោយ​រយៈពេល​១០០​ថ្ងៃ​នៃ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រោយពី​សង្គ្រាម​បាន​ដើរ​រំលង​ផុត​រយៈពេល ១០០​ថ្ងៃ គេ​សង្កេត​ឃើញ​មាន​ការ​វិវឌ្ឍ​ថ្មីៗ​ជាច្រើន​ទៀត​ក្នុង​ស្ថានការណ៍​សឹក​នៅ​លើ​ទឹកដី​អ៊ុយក្រែន។

រដ្ឋាភិបាល​អ៊ុយក្រែន កាលពី​ថ្ងៃ​អាទិត្យ ទី​៥ មិថុនា បាន​រាយការណ៍​អំពី​សំឡេង​ផ្ទុះ​យ៉ាង​កក្រើក​ជាច្រើន​នៅ​ក្នុង​រដ្ឋធានី​គៀវ គឺ​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ក្រុម​មន្ត្រី​អ៊ុយក្រែន អះអាង​ថា កងទ័ព​របស់​ខ្លួន​ដណ្ដើម​បាន​មក​វិញ​នូវ​ទឹកដី​មួយ​ចំនួន​ក្នុង​សមរភូមិ​ទីក្រុង Sievierodonetsk ពី​រុស្ស៊ី។

ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​៦ មិថុនា នេះ​ថា នៅ​ក្នុង​សារ​មួយ​បង្ហោះ​លើ Twitter របស់​អភិបាល​ក្រុង​គៀវ លោក Vitali Klitschko បាន​បញ្ជាក់​ថា សូរ​សំឡេង​ផ្ទុះ​ជាច្រើន​ត្រូវ​បាន​គេ​រាយការណ៍​លាន់​ឮ​នៅ​ក្នុង​តំបន់ Darnytskyi និង Dniprovskyi នៃ​ទីក្រុង​គៀវ។

បើ​តាម​លោក Vitali Klitschko មនុស្ស​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ខណៈ​ក្រុម​មន្ត្រី​អ៊ុយក្រែន​ខ្លះ​ទៀត​អះអាង​ថា សូរ​សំឡេង​ផ្ទុះ​នេះ​ជា​ការ​វាយប្រហារ​ដោយ​ផ្លោង​គ្រាប់​របស់​រុស្ស៊ី​មាន​គោលដៅ​លើ​បណ្ដាញ​ប្រព័ន្ធ​ផ្លូវដែក​របស់​ទីក្រុង​នេះ។ លោក​បញ្ជាក់​ថា រុស្ស៊ី​មាន​ផែនការ​ជា​ថ្មី​ទៀត​ដើម្បី​វាយ​កម្ទេច​ផ្លូវដែក​ដែល​មាន​នៅ​ជាយក្រុង​នេះ ព្រោះ​ជា​ការ​ទប់ស្កាត់​មិន​ឱ្យ​អ៊ុយក្រែន​ប្រើ​ខ្សែ​រថភ្លើង​នេះ​ដើម្បី​ដឹក​អាវុធ​ទៅកាន់​ភាគ​ខាងកើត​ប្រទេស។

បើ​តាម​ការ​អះអាង​ពី​អាជ្ញាធរ​អ៊ុយក្រែន គឺ​កងទ័ព​រុស្ស៊ី​បាន​ចាប់ផ្តើម​បាញ់​មីស៊ីល​ឡើងវិញ​មក​លើ​ទីក្រុង​គៀវ។ ចំណែក​នៅ​តាម​ទីតាំង​ជាច្រើន​ផ្សេង​ទៀត សំឡេង​ស៊ីរ៉ែន​ប្រកាស​អាសន្ន​ពី​ការ​ទម្លាក់​គ្រាប់បែក​ពី​លើ​អាកាស បាន​បន្លឺ​លាន់​ឡើង​យ៉ាង​ខ្លាំង។

រដ្ឋធានី​គៀវ បាន​ស្ថិត​ក្នុង​ភាព​ស្ងប់ស្ងាត់​បាន​ប៉ុន្មាន​សប្តាហ៍​វិញ​ហើយ ស្រាប់តែ​នៅ​ម៉ោង ២​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​អាទិត្យ ទី​៥ មិថុនា ស៊ីរ៉ែន​បាន​បន្លឺ​កងរំពង​ពេញ​ទីក្រុង។

យោង​តាម​លោក Vitali Klitschko អភិបាល​ទីក្រុង​គៀវ ឲ្យ​ដឹង​ថា យ៉ាងហោចណាស់​មាន​សំឡេង​ផ្ទុះ​ចេញពី​សង្កាត់​ចំនួន​ពីរ​នៅ​វេលា​ទៀបភ្លឺ​ព្រឹក​ថ្ងៃ​អាទិត្យ បង្ក​ឲ្យ​មាន​មនុស្ស​យ៉ាង​ហោច​ម្នាក់​រង​របួស។

របប​ក្រុង​មូស្គូ បាន​និយាយ​ថា ការ​វាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី បាន​បំផ្លាញ​រថក្រោះ​ដែល​ផ្គត់ផ្គង់​ដោយ​បរទេស​នៅ​ក្នុង​រដ្ឋធានី​គៀវ។

ឧត្តមសេនីយ៍ឯក Igor Konashenkov មេទ័ព​ម្នាក់​របស់​រុស្ស៊ី បាន​និយាយ​នៅ​ក្នុង​សន្និសីទ​ខ្លី​មួយ​ថា កងទ័ព​រុស្ស៊ី​បាន​ធ្វើការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​នៅ​ជាយក្រុង​គៀវ ដោយ​បាន​បំផ្លាញ​រថក្រោះ​ប្រភេទ T-72 ជាច្រើន​គ្រឿង និង​អាវុធ​ផ្សេង​ទៀត​ដែល​ផ្គត់ផ្គង់​ដោយ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត។ តែ​សម្រាប់​ភាគី​ខាង​កងទ័ព​អ៊ុយក្រែន​វិញ​អះអាង​ថា ការ​វាយ​ដណ្តើម​បាន​មក​វិញ​នូវ​ទឹកដី​មួយ​ចំនួន​នៃ​ទីក្រុង Sievierodonetsk ក្នុង​តំបន់​ដុនបាស គឺជា​រឿង​ដ៏​លំបាក ដោយ​ទទួលស្គាល់​ថា​នៅ​ដែនដី​ភាគច្រើន​ទៀត​នៅ​តែ​ស្ថិត​ក្នុង​ដៃ​កងទ័ព​រុស្ស៊ី​នៅឡើយ។

អភិបាល​តំបន់ Luhansk គឺ​លោក Serhiy Gaidai ជា​ភាគី​អ៊ុយក្រែន បាន​និយាយ​ថា កងទ័ព​អ៊ុយក្រែន​ដណ្តើម​បាន​មក​វិញ គឺ​ជាង ២០% នៃ​ទឹកដី​ដែល​បាន​បាត់បង់​នា​ពេល​កន្លងមក​នេះ​នៅ​ក្នុង​ទីក្រុង Sievierodonetsk។ លោក Gaidai អះអាង​ថា ទីក្រុង Sievierodonetsk មិន​អាច​ធ្លាក់​ទៅ​ក្នុង​ដៃ​រុស្ស៊ី​វិញ​ទេ បើ​ទោះបីជា​រុស្ស៊ី​បង្កើន​ការ​វាយបក​មកវិញ​ក៏ដោយ។

សង្គ្រាម​ដែល​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន បាន​ឈាន​ចូល​ដល់​ជាង ១០០​ថ្ងៃ​ហើយ​នៅ​ពេលនេះ។ ក្នុង​អំឡុង​នៃ​សង្គ្រាម​នេះ ប្រជាជន​រាប់​សែន​នាក់​បាន​បាត់បង់​ជីវិត រាប់​លាន​នាក់​បាន​បាត់បង់​ទីជម្រក ហើយ​ចំនួន​ជនភៀសខ្លួន​កើនឡើង​ជិត ៨​លាន​នាក់។

ស្រប​ពេល​នេះ​ដែរ ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បាន​ចេញ​មុខ​ព្រមាន​ថា លោក​នឹង​បញ្ជា​ឲ្យ​បង្កើន​ការ​វាយប្រហារ​លើ​គោលដៅ​ថ្មីៗ​ជាច្រើន ដោយ​រួម​ទាំង​រដ្ឋធានី​គៀវ ប្រសិនបើ​សហរដ្ឋ​អាមេរិក​ចាប់ផ្ដើម​បញ្ជូន​មីស៊ីល​វង់​ប្រតិបត្តិការ​ឆ្ងាយ​មក​ឱ្យ​អ៊ុយក្រែន។

ទីភ្នាក់ងារ​សារព័ត៌មាន TASS របស់​រុស្ស៊ី បាន​ស្រង់​សម្ដី​របស់​លោក ពូទីន ដែល​បាន​ផ្ដល់​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​រដ្ឋ Rossiya-1 ថា ប្រសិនបើ​មីស៊ីល​ប្រភេទ​នេះ​ត្រូវ​បាន​បញ្ជូន​ដល់​ទឹកដី​អ៊ុយក្រែន​ពិត​មែន គឺ​រុស្ស៊ី​នឹង​បង្កើន​ការ​វាយប្រហារ​លើ​គោលដៅ​ដែល​ចាំបាច់ ហើយ​គោលដៅ​នោះ​មិន​ធ្លាប់​រង​ការ​វាយប្រហារ​ពី​មុន​មក។ លោក ពូទីន ព្រមាន​ថា ការ​បញ្ជូន​អាវុធ​ឱ្យ​អ៊ុយក្រែន​ពី​សំណាក់​បណ្ដា​ប្រទេស​លោក​ខាងលិច គឺ​មាន​គោលដៅ​អូស​បន្លាយ​សង្គ្រាម ហើយ​សម្រាប់​រុស្ស៊ី​នឹង​បន្ត​សង្គ្រាម​រហូត​ពួក​បស្ចិម​ប្រទេស​បញ្ឈប់​ការ​ផ្ដល់​អាវុធ​មក​ឱ្យ​អ៊ុយក្រែន។

ការ​ព្រមាន​របស់​លោក ពូទីន គឺជា​ការ​ឆ្លើយតប​យ៉ាង​ពិតប្រាកដ​ទៅ​នឹង​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន (Joe Biden) ដែល​បាន​យល់ព្រម​ប្រគល់​មីស៊ីល​ចម្ងាយ​មធ្យម HIMARS ឱ្យ​អ៊ុយក្រែន​កាលពី​ពេល​ថ្មីៗ​នេះ​ក្រោយពី​ទីក្រុង​គៀវ សន្យា​ថា​នឹង​មិន​ប្រើ​មីស៊ីល​នេះ​ដើម្បី​វាយប្រហារ​លើ​គោលដៅ​នៅ​ក្នុង​ទឹកដី​រុស្ស៊ី​ឡើយ។ ប៉ុន្តែ​ក្រោយ​មក​ទៀត ក្រុង​វ៉ាស៊ីនតោន ប្រកាស​ថា​នឹង​បញ្ជូន​មីស៊ីល​មួយ​ប្រភេទ​ទៀត​ដែល​បាញ់​បាន​ជាង ៣០០​គីឡូម៉ែត្រ​ឱ្យ​អ៊ុយក្រែន ហើយ​មីស៊ីល​នេះ​ងាយ​បំផុត​នៃ​ការ​បាញ់។

តែ​យ៉ាងណា ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយក្រែន បាន​និយាយ​ថា ទីក្រុង​គៀវ​មិន​មាន​ផែនការ​ដើម្បី​ប្រើប្រាស់​ប្រព័ន្ធ​បាញ់​មីស៊ីល​នេះ​ក្នុង​ការ​វាយ​សន្ធប់​លើ​ទ័ព​រុស្ស៊ី​នោះ​ទេ លើកលែងតែ​ករណី​ចាំបាច់​ប៉ុណ្ណោះ។

លោក Mykhailo Podolyak ជា​ទីប្រឹក្សា​របស់​លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បាន​បញ្ជាក់​តាម Twitter របស់​លោក​ថា អ៊ុយក្រែន​កំពុង​ធ្វើ​សង្គ្រាម​សម្រាប់​តែ​ការពារ​ខ្លួនឯង​ប៉ុណ្ណោះ ដោយ​មិន​មាន​ផែនការ​ប្រើប្រាស់​ប្រព័ន្ធ​មីស៊ីល​នេះ​ដើម្បី​វាយប្រហារ​ចូល​ដី​រុស្ស៊ី​នោះ​ទេ។ ចំពោះ​ប្រទេស​អាល្លឺម៉ង់​វិញ បាន​ប្រកាស​ថា ក្រុង​ប៊ែរឡាំង ក៏​បាន​សម្រេច​បញ្ជូន​មីស៊ីល​វង់​ប្រតិបត្តិការ​មធ្យម និង​ប្រព័ន្ធ​កាំភ្លើង​ធំ​ទៅ​ឱ្យ​អ៊ុយក្រែន​ដែរ។

ដោយឡែក​មេដឹកនាំ​អង្គការ NATO លោក Jens Stoltenberg ព្រមាន​ថា បណ្ដា​ប្រទេស​លោក​ខាងលិច​ចាំបាច់​ត្រៀម​ខ្លួន​សម្រាប់​សង្គ្រាម​រ៉ាំរ៉ៃ​នៅ​អ៊ុយក្រែន​ចាប់ពី​ពេលនេះ​តទៅ ព្រោះ​អ៊ុយក្រែន​ចាប់ផ្ដើម​មាន​អាវុធ​ប្រភេទ​ធុន​ធ្ងន់​កាន់តែ​ច្រើន​ហើយ​នៅ​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស