រឿងខ្មែរដែលខាតបង់ប្រយោជន៍ជាតិធំ គឺមកពីការគិតមិនត្រូវ ដើរមិនត្រូវ ធ្វើមិនត្រូវ ហៅថាអយោនិសោមនសិការ ប៉ុន្តែមានអ្នកចាំបន្ទររកប្រយោជន៍ផ្ទាល់ខ្លួន ជួយឧបកិច្ចថាជាបញ្ញាភ្លឺស្វាង ត្រឹមត្រូវទៅវិញ។
លោក ហាស់ សាន សូមជូនបទវិភាគព័ត៌មានមួយ ថាតើខ្មែរត្រូវពឹងខ្លួនឯង ឬពឹងអ្នកក្រៅពីខ្លួនឯង។
ហេតុការណ៍នយោបាយទាក់ទងនឹងជាតិខ្មែរមានតូចមានធំកើតឡើងក្នុងខែឧសភា នេះជាច្រើនអន្លើ ច្រើនកន្លែង ហើយសុទ្ធតែចេញពីពាក្យសម្ដី អំពើ និងទង្វើរបស់មនុស្ស ទាំងអ្នកដឹកនាំ ទាំងអ្នកតាមដង្ហែ ទាំងអ្នកក្នុងស្រុក ទាំងអ្នកក្រៅស្រុក។ ម្នាក់ៗសុទ្ធតែនិយាយរឿងនយោបាយទាក់ទងនឹងសង្គមជាតិខ្មែរបច្ចុប្បន្នសម័យ។ មានអ្នកខ្លះព្យាយាមនិយាយធ្វើវិភាគបែបប្រកាន់បក្ស ហើយយកត្រូវតែម្នាក់ឯង ឥតព្យាយាមពិចារណាគំនិតអ្នកដទៃ និងឥតមានធាតុពិត មានតួលេខ មានឯកសារយកមកបញ្ជាក់ច្បាស់លាស់ឡើយ។
ក្រៅពីហេតុការណ៍គប់ស្បែកជើងតម្រង់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិក អ្នកគាំទ្រលោក និងបក្សប្រជាជនកម្ពុជា កាលពីទស្សនកិច្ចក្នុងជំនួបកំពូលអាស៊ាន-សហរដ្ឋអាមេរិក ថ្ងៃទី១២-១៣ ខែឧសភា លោក ហ៊ុន សែន ប្រាប់មនុស្សដែលគេជួលឲ្យទៅទទួល និងចូលទៅស្តាប់លោកនិយាយក្នុងសណ្ឋាគារថា៖ «បង្គោលព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសយៀកណាម បោះជិតអស់រួចរាល់ជាស្ថាពរហើយ»។ បន្ទាប់មក លោកថ្លែងថា «បើលោកឲ្យដីទៅគេ ចាំបាច់អ្វីទៅបោះបង្គោលព្រំដែនបញ្ជាក់កំណត់ខណ្ឌសីមាជាមួយគ្នា?»។
លោក ហ៊ុន សែន មិនបានប្រាប់មនុស្សអង្គុយស្តាប់ទាំងអស់នោះអំពីមូលហេតុអ្វីយកផែនទីខុសខ្នាតទៅប្រើវាស់វែងព្រំដែនខ្មែរ មិនបាននិយាយអំពីទឹកដីត្រង់ណាខាតបាត់ទៅគេ ត្រង់ណាចំណេញបានមកខ្មែរ និងហេតុអ្វីមិនឲ្យក្រុមការងារឯករាជ្យខ្មែរចូលទៅមើលត្រង់ចំណុចបោះបង្គោលនោះ។ លោកទំនងជាគិតថា បើលោកនិយាយក៏អ្នកអង្គុយស្តាប់នោះមិនយល់ដែរ ឬមួយលោកដឹងខ្លួនថា លោកក៏មិនបានដឹងច្បាស់ខ្លួនឯងថាតើដីបាត់ ឬដីនៅគង់វង្សដូចដើមនោះដែរ។ រឿងនេះវាទាក់ទងនឹងកិច្ចព្រមព្រៀង ឬសន្ធិសញ្ញាទ្វេភាគីនាទសវត្ស១៩៨០ ជាពិសេសឆ្នាំ១៩៨៥ ក្រោយកងទ័ពកុម្មុយនីស្តយៀកណាមលុកលុយ ត្រួតត្រា កាន់កាប់ទឹកដីខ្មែរ ហើយគូសកំណត់ផែនទីថ្មីបន្ទាប់ពីជនជាតិវៀតណាមបង្កើតភូមិលំនៅក្នុងទឹកដីខ្មែរតាមតំបន់ព្រំដែន។
ក្រៅតែពីជួបមេដឹកនាំអាមេរិកាំងក្នុងកិច្ចប្រជុំកំពូលក្នុងទស្សនកិច្ចនោះ ក្នុងនាមជាប្រធានអាស៊ានផ្លាស់វេន ចៅហ្វាយចាស់ដែលជាសមភាគីរបស់លោក គឺនាយករដ្ឋមន្ត្រីប្រទេសវៀតណាម ផាម មិញជីញ បានឆ្លៀតជួបលោក ហ៊ុន សែន រំឭកអំពីករណីយកិច្ចជួយសម្រួលជីវភាពជនជាតិវៀតណាមរស់នៅក្នុងប្រទេសកម្ពុជាឲ្យស្របច្បាប់ឆាប់រហ័សផង។ នេះវាទាក់ទងនឹងសារាចរណែនាំពីលោក ហ៊ុន សែន នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៨៦ គ្រាកងទ័ព និងជំនាញការវៀតណាមកំពុងបញ្ជាកម្មាភិបាលខ្មែរពេលនោះ។
កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក គេផ្ដោតលើបញ្ហាប្រឈមនានា ដូចជាខាងសន្តិសុខក្នុងតំបន់ សេដ្ឋកិច្ច ពាណិជ្ជកម្ម សេរីភាព សកលភាវូបនីយកម្ម ជាដើម។ បន្ទាប់មក គេបង្កើតជាក្រុមប្រទេសធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យជាច្រើន ភាគច្រើនជាមិត្តសហរដ្ឋអាមេរិក ហៅថាក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific Economic Framework, IPEF)។ តាមសេចក្តីប្រកាសពីសេតវិមាននៅថ្ងៃទី២៣ ឧសភា ក្រុមថ្មីនេះមានប្រទេសចំនួន ១៣ ចូលរួម មានសមាជិកអាស៊ាន ៧ ផង គឺ៖
- សហរដ្ឋអាមេរិក
- អូស្ត្រាលី
- ប្រ៊ុយណេ
- ដារុសសាឡាម
- ឥណ្ឌា
- ឥណ្ឌូនេស៊ី
- ជប៉ុន
- កូរ៉េខាងត្បូង
- ម៉ាឡេស៊ី
- នូវែលហ្សេឡង់
- ហ្វីលីពីន
- សិង្ហបុរី
- ថៃឡង់ដ៍
- និងវៀតណាម។
គេមិនបានបញ្ចូលប្រទេសកម្ពុជាក្នុងសម្ពន្ធភាពសេដ្ឋកិច្ចថ្មីនេះទេ។
ប្រទេសទាំងអស់នេះប្ដេជ្ញាចិត្តដូចៗគ្នាពន្លឿនភាពរស់រវើកឡើងវិញ ភាពទ្រាំទ្រជានិរន្តរ៍ ភាពផ្គុំបញ្ចូលគ្នា កំណើនសេដ្ឋកិច្ច យុត្តិធម៌ស្មើគ្នា ភាពប្រកួតប្រជែងគ្នាក្នុងសេដ្ឋកិច្ចនៃប្រទេសរៀងៗខ្លួន។
ក្នុងទិសដៅនេះ គេក៏ប្ដេជ្ញាចិត្តធ្វើច្បាប់អនុវត្តច្បាប់ពន្ធដារ ច្បាប់បំបាត់ការប្រើលុយកខ្វក់ធ្វើចរាចរក្នុងសេដ្ឋកិច្ច ច្បាប់បំបាត់ការស៊ីសំណូកសូកប៉ាន់ បង្កើតប្រព័ន្ធមានតម្លាភាព និងការទទួលខុសត្រូវ។
គេអាចនិយាយថា ប្រទេសកម្ពុជា លាវ និងភូមា មិនស្ថិតក្នុងភូមិសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ប៉ុន្តែបើគេមើលមួយជ្រុងទៀត គឺមកពីប្រទេសទាំងបីនេះមានឥទ្ធិពលចិនក្នុងនយោបាយ និងយោធាខ្លាំងពេក ពោលគឺមិនអាចប្រកាន់ជំហរអព្យាក្រឹតបាន។ លើសពីនេះទៀត ប្រទេសកម្ពុជា និងលាវ ក៏ស្ថិតក្រោមឥទ្ធិពលវៀតណាមដែរ ដែលក្រុងហាណូយ អាចដើរតួជំនួសលើឆាកអន្តរជាតិ។
ថ្លែងបែបខកចិត្ត លោក ហ៊ុន សែន រំឭកប្រទេសជាសមាជិកអាស៊ានថា មិនគួរនាំគ្នាគិតតែរឿងឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយមិនគិតប្រយោជន៍អាស៊ាននោះទេ។
ទាំងពេលកំពុងស្នាក់នៅសហរដ្ឋអាមេរិក ទាំងពេលធ្វើទស្សនកិច្ចនៅប្រទេសស្វីស នាយករដ្ឋមន្ត្រីខ្មែរប្រាប់ពលរដ្ឋដែលគេចេញលុយ និងស្ម័គ្រចិត្តទៅទទួលនោះថា លោកចង់ធ្វើមិត្តជាមួយមហាអំណាចសហរដ្ឋអាមេរិក ហេតុអ្វីពិបាកម្ល៉េះ? កាលលោក ហ៊ុន សែន នៅស្រុកខ្មែរមិនទាន់ជាន់ដីសហរដ្ឋអាមេរិក លោកធ្លាប់រិះគន់តិះដៀលចោទសហរដ្ឋអាមេរិកជាច្រើនបែបច្រើនយ៉ាង។ រួចហើយទៅសុំគេធ្វើមិត្ត? លោកនិយាយទំនងជាសំដៅលើរឿងចិនគ្រប់គ្រងកំពង់ផែរាម។
ពលរដ្ឋខ្មែរទៅស្តាប់លោក ហ៊ុន សែន ឮលោក ហ៊ុន សែន មានប្រសាសន៍យ៉ាងណាក៏មកនិយាយតាមលោកយ៉ាងនោះ។ លោកបានបញ្ចៀសរឿងអន់ខ្សោយក្នុងកិច្ចដឹកនាំជាតិ បាត់ប្រយោជន៍ជាតិធំៗក្នុងរយៈកាលជិតកន្លះសតវត្សរបស់លោក ក៏គ្មានមនុស្សឆ្ងល់។ នេះមកពីទម្លាប់មួយដែលជាតិសាសន៍យើងបណ្តោយតាមវាសនា ទុកចិត្តមេដឹកនាំម្នាក់ឥតពិចារណាឲ្យដឹកទៅខាងណា ក៏ដឹកទៅ ទោះជាដឹកទៅដឹកមកដូចវិលជុំវិញក្រោលគោក៏ដោយ។
មិនត្រឹមតែប៉ុណ្ណឹងទេ ក្រុមមនុស្សជាខ្មែរសុទ្ធក្តី ជាខ្មែរកូនកាត់ក្តីដែលទទួលបានប្រយោជន៍ លាភសក្ការៈផ្សេងៗពីរបបបច្ចុប្បន្ននេះ ថែមទាំងជួយទ្រទ្រង់ ការពារ ហែហម លើកតម្កើង កោតសរសើរអ្នកដឹកនាំបម្រើប្រយោជន៍បរទេស ថាពូកែគិតបានត្រឹមត្រូវទៀតផង។ បើក្រុមមនុស្សជាខ្មែរជាតិនិយម ជាខ្មែរស្នេហាជាតិ ឥតគិតអត្តទត្ថប្រយោជន៍ និយាយរឿងគ្រោះថ្នាក់ពិតដល់ជាតិសាសន៍ខ្មែរ មានទាំងឯកសារពិត មានតួលេខបង្ហាញទៀត គេចោទថាជាក្រុមបំពុលសង្គម ជាក្រុមមានគំនិតជ្រុលនិយម ប៉ុនប៉ងបំផ្លាញសន្តិភាព។ នេះជាគំនិតខ្លីៗ មើលឃើញសម្បកឈើស្រាយ ថាឈើខ្លឹម។
អ្នកស្រី Simone Lucie Ernestine Marie Bertrand de Beauvoir ឬហៅខ្លីថា Simone de Beauvoir ទស្សនវិទូបារាំង សកម្មជនគាំទ្រស្ត្រីភេទ (ពីឆ្នាំ១៩០៨ ដល់ឆ្នាំ១៩៨៦) រំឭកថា៖ «អ្នកជិះជាន់គេនឹងមិនខ្លាំងដល់ម្ល៉ឹងទេ ប្រសិនបើអ្នកហ្នឹងគ្មានអ្នកជួយប្រព្រឹត្តឧក្រិដ្ឋកម្មពីចំណោមមនុស្សត្រូវគេជិះជាន់ដូចគ្នាទេនោះ»។
បើពុទ្ធសាសនិកជនខ្មែរត្រងត្រាប់យល់ច្បាស់ ប្រតិបត្តិតាមព្រះពុទ្ធឱវាទគ្រប់គ្នា ជនអន្យតិរ្ថិយក៏មិនអាចជិះជាន់សង្កត់សង្កិនមនុស្សក្នុងសង្គមដែរ។
ដទៃពីនយោបាយបង្វិលពលរដ្ឋខ្មែរឲ្យវិលវល់ដូចគ្រាប់អាប៉ោងស្ទើរតែវង្វេងកំណើតពីអ្នកដឹកនាំអន្តរជាតិនិយមក្នុងសង្គមខ្មែរ ពលរដ្ឋមួយចំនួនធំទៀតក៏ជួយចាក់បណ្តោយកំដរដំណើរនយោបាយបំភ័ន្តភ្នែកនៃអ្នកដឹកនាំប្រទេសសព្វថ្ងៃនេះដែរ។ ព្រះសង្ឃគ្រប់គណៈ គ្រប់សមណស័ក្តិក្នុងប្រទេស មិនហ៊ានទេសនាដាស់តឿនអ្នកដឹកនាំឲ្យមានសីលានុស្សតិ ឬការនឹករំពឹងដល់សីល អំពើវៀរចាកបាបកម្មនោះទេ។ ព្រះមហាក្សត្ររំឭកប្រជាពលរដ្ឋឲ្យទៅបោះឆ្នោត ទោះជាព្រះអង្គឈ្វេងយល់ទតឃើញថា ការបោះឆ្នោតរាល់សម័យកាលមិនសេរី មិនយុត្តិធម៌ មិនស្មើភាពគ្នាក៏ដោយ។ គេអាចនិយាយបានថា ព្រះអង្គក៏មានព្រះរាជបំណងរស់រានជាមួយនឹងអ្នកដឹកនាំនយោបាយបង្ហិនបង្ហោចជាតិសាសន៍ខ្មែរដែរ។
ចំណែកឯពលរដ្ឋខ្មែរមួយក្រុមធំទៀត ទាំងក្នុងស្រុក ទាំងក្រៅស្រុក ទាំងអ្នករកស៊ីធ្វើនយោបាយ ទាំងអ្នកដើរតាម ទាំងអ្នកគាំទ្របក្សនយោបាយ ក៏មិនហ៊ាននិយាយរឿងជាតិអ្វីធំដុំក្រៅតែអំពីគិតធ្វើឃោសនាយ៉ាងណាឲ្យពលរដ្ឋបោះឆ្នោតឲ្យបក្សខ្លួនប៉ុណ្ណោះ។ បក្សណាក៏ចង់ឲ្យពលរដ្ឋបោះឆ្នោតឲ្យខ្លួន ព្រោះថាខ្លួនប្រសើរជាងបក្សដទៃ។ ប៉ុន្តែបក្សនយោបាយនីមួយៗមិនហ៊ានលើករឿងបាត់បង់អធិបតេយ្យជាតិ ឯករាជភាព អព្យាក្រឹតភាព បូរណភាពទឹកដីខ្មែរមកនិយាយទៀតទេ មិនហ៊ានសិក្សាស្រាវជ្រាវប្រមូលឯកសារបកស្រាយអំពីរឿងអាថ៌កំបាំងដែលបំពានរដ្ឋធម្មនុញ្ញប្រទេសជាតិនោះទេ។ គេទុកឲ្យក្រុមអង្គការសង្គមស៊ីវិលនិយាយជំនួស ឬចូលគុកជំនួស។ សមាជិកកងកម្លាំងប្រដាប់អាវុធគ្រប់អង្គភាព ក៏បិទភ្នែកជិតដើរតាមមេដើម្បីស័កិ្តយសរបស់ខ្លួន។
ពាក្យសាមញ្ញខ្មែរហៅស្ថានភាពនេះថា “ទៅទាំងប៉ីទាំងស្គរ!” ដំរីក៏ខ្វាក់ ទម័កក៏ឆ្កួត!
ក្រុមខ្មែរអ្នកចង់ឃើញចង់បានការផ្លាស់ប្ដូរពីស្ថានភាពបច្ចុប្បន្នទៅរកសេចក្តីប្រសើរគាប់សម្រាប់សង្គមខ្មែរ គិតតែចង់ឲ្យបរទេសជួយស្ដារលទ្ធិប្រជាធិបតេយ្យ ឲ្យមានការគោរពសិទ្ធិមនុស្ស ឲ្យមានសេរីភាព យុត្តិធម៌សង្គម បំបាត់អំពើពុករលួយ រំលោភជិះជាន់គ្រប់បែបយ៉ាង។ សំណួរថាតើចង់ឲ្យបរទេសណាមួយមកជួយខ្មែរ? តើមានចងចាំព្រះពុទ្ធដីកាថា ខ្លួនទីពឹងខ្លួនឬទេ?
ខណៈពលរដ្ឋខ្មែរទាំងអស់កំពុងរស់នៅក្នុងស្ថានភាពគ្មានអ្វីរឹងមាំប្រាកដប្រជា ចាំតែវេលាបែកធ្លាយរលាយរូបដូចពពុះធាតុរាវ អង់គ្លេសហៅថា bubble លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆក់ឱកាសថតរូបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន (Joe Biden) ដើម្បីយកទៅបង្ហាញបង្អួតពលរដ្ឋខ្មែរឲ្យកាន់តែមានជំនឿលើលោកថា សហរដ្ឋអាមេរិកនៅតែចងមិត្តនឹងលោក មិនបោះបង់លោក ឬក៏ថាលោកជាជម្រើសដែលក្រុងវ៉ាស៊ីនតុនចង់បាន។ រូបភាពនោះធ្វើឲ្យអ្នកខ្លះយល់ថា មហាអំណាចលោកសេរី បិតាប្រជាធិបតេយ្យសុខចិត្តឱបក្រសោបជនផ្ដាច់ការ ជាជាងក្រុមជំទាស់ដែលទន់ជ្រាយ មិនដឹងចង់ធ្វើអ្វី ចង់បានអ្វីពិតប្រាកដ ដូចចែវទូករេពេញទន្លេ មិនដឹងតម្រង់ទិសទៅទីណានោះ។
យើងបានផ្សាយច្រើនដងហើយអំពីគោលនយោបាយការបរទេសប្រជាជាតិនីមួយៗ៖ គ្មានទេមិត្តអចិន្ត្រៃយ៍ គ្មានទេបច្ចាមិត្តអចិន្ត្រៃយ៍ មានតែប្រយោជន៍ទេឋិតថេរអចិន្ត្រៃយ៍។ ឲ្យអ្នកណាទៅសើរើរឿងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា? បើគេកំពុងមានប្រយោជន៍នឹងគ្នា គេមិននាំអំពល់ដល់ខ្លួនគេទេ។
បើលោក ហ៊ុន សែន ចេះធ្វើខ្លួនឲ្យប្រយោជន៍ដល់លោកសេរីផង គេចាប់ខាងរូបលោក មិនចាប់ខាងក្រុមជំទាស់ឡើយ ទោះជាក្រុមជំទាស់ខំប្រឹងនិយាយរឿងប្រជាធិបតេយ្យ សិទ្ធិមនុស្ស អត់សេរីភាព អត់យុត្តិធម៌ អំពើពុករលួយពេញស្រុក បាត់បង់អធិបតេយ្យជាតិ បូរណភាពដែនដីក៏ដោយ ព្រោះថាទាំងអស់ហ្នឹងជារឿងយើង រឿងខ្មែរ មិនមែនរឿងរបស់គេទេ។ គេគ្រាន់តែជួយរំឭកតាមរយៈការប្រើភាសានយោបាយការទូតប៉ុណ្ណោះ។ លើសពីនេះ ខ្មែរជាអ្នកសម្រេចវាសនាខ្លួនដោយខ្លួនឯង។
យើងសួរខ្លួនឯងថា តើចង់រស់បែបហ្នឹង ផ្សងតាមព្រេងតាមសំណាង តាមកម្មផល តាមយថាកម្ម រង់ចាំព្រះឥន្ទ ព្រះព្រហ្ម ជួយសង្គ្រោះ ស្រោចស្រង់ ឬចង់រស់តាមផ្លូវអាណាចក្រក្នុងឱវាទព្រះពុទ្ធបរមសាស្ដា។ ផែនដីវិលលឿនណាស់។ ខ្មែរគប្បីគិតជាថ្មីឡើងវិញឆាប់បំផុត ក្រែងរួចផុតពីត្រូវទំនាយក្លាយជាកម្ពុជាក្រោមទីពីរ។
អត្ថបទវិភាគព្រឹត្តិការណ៍នយោបាយនេះ ជាអត្ថបទរបស់ខ្ញុំផ្ទាល់ មិនឆ្លុះបញ្ចាំងអំពីទស្សនៈសារព័ត៌មាន The Cambodia Daily ទេ៕