28.4 C
Phnom Penh

តំណាង​អយ្យការ​និង​មេធាវី​រដ្ឋាភិបាល​ចោទ​សួរ​លោក កឹម សុខា រឿង​ត្រូវរ៉ូវ​ជាមួយ​លោក សម រង្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហ​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា អះអាង​ថា មេធាវី​រដ្ឋាភិបាល​បាន​ចោទ​សួរ​លោក កឹម សុខា រឿង​ត្រូវរ៉ូវ​ជាមួយ​លោក សម រង្ស៊ី ខណៈ​សំណុំរឿង​ដែល​បទ​ចោទប្រកាន់​កូនក្ដី​កន្លងមក គឺ​ពាក់ព័ន្ធ «គប់គិត​ជាមួយ​បរទេស»។

សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ ទី​៨ មិថុនា បាន​បន្ត​បើក​សវនាការ​សំណុំរឿង​លោក កឹម សុខា លើក​ទី​៤៣ ក្រោម​បទ​ចោទប្រកាន់​ពី​បទ «សន្ទិដ្ឋភាព​ត្រូវរ៉ូវ​ជាមួយ​រដ្ឋ​បរទេស» ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល។

បើ​តាម​លោក ចាន់ ចេន សហ​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា កន្លងមក​ចោទ​កូនក្ដី​របស់​លោក​ត្រូវ​បាន​តុលាការ​ចោទប្រកាន់ «គប់គិត​ជាមួយ​បរទេស» ប៉ុន្តែ​សវនាការ​នា​ថ្ងៃ​នេះ តំណាង​អយ្យការ និង​មេធាវី​រដ្ឋាភិបាល​មិន​បាន​សួរ​សំណួរ​ពាក់ព័ន្ធ​រឿង​ត្រូវរ៉ូវ​ជាមួយ​បរទេស​ឡើយ។ លោក​បន្ត​ថា តំណាង​អយ្យការ និង​មេធាវី​រដ្ឋាភិបាល​មិន​សួរ​សំណួរ​រឿង​ត្រូវរ៉ូវ​ជាមួយ​បរទេស ដោយសារ​រក​មិន​ឃើញ ហើយ​សវនាការ​ព្រឹក​មិញ​នេះ តំណាង​អយ្យការ មេធាវី​រដ្ឋាភិបាល បាន​ចោទ​សួរ​សំណួរ​ទៅ​លោក កឹម សុខា រឿង​ត្រូវរ៉ូវ​ជាមួយ​លោក សម រង្ស៊ី ទៅវិញ។

លោក ចាន់ ចេន បញ្ជាក់​ថា ក្នុង​បន្ទប់​សវនាការ មេធាវី​រដ្ឋាភិបាល​បាន​លើកឡើង​ជាច្រើន​ដង​ថា លោក សម រង្ស៊ី មាន​អត្តចរិត​ហិង្សា អាក្រក់ ផ្តួល​រលំ ហេតុ​អី​លោក កឹម សុខា រួបរួម​ជាមួយ ធ្វើការ​ជាមួយ? ឆ្លើយតប​នឹង​សំណួរ​មេធាវី​រដ្ឋាភិបាល លោក កឹម សុខា បាន​លើកឡើង​ថា ការ​រួបរួម​របស់​លោក​ជាមួយ​លោក សម រង្ស៊ី ដោយ​មាន​ការ​ស្នើសុំ​ពី​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត ក៏ដូចជា​អ្នកគាំទ្រ​ទាំង​ពីរ​បក្ស ទើប​មាន​ការ​រួបរួម​បង្កើត​បាន​ជា CNRP តែ​ការ​រួបរួម​នោះ​ឈរ​លើ​គោលការណ៍​ប្រជាធិបតេយ្យ​ក្រោម​ច្បាប់​រដ្ឋធម្មនុញ្ញ។

មួយ​វិញ​ទៀត លោក​ថា អំឡុង​ពេល​សវនាការ​នេះ ដោយ​គ្រាន់តែ​កូនក្ដី​បាន​ឯកភាព​តាម​សម្ដី​លោក សម រង្ស៊ី ដោយ​និយាយ​ហើយ​ចាប់ដៃ​កូនក្ដី ក៏​ត្រូវ​មេធាវី​រដ្ឋាភិបាល​បាន​លើកឡើង​ដែរ។

ជា​ការ​ឆ្លើយតប​នឹង​ការ​លើកឡើង​របស់​មេធាវី​រដ្ឋាភិបាល​នោះ កូនក្ដី​របស់​គឺ​លោក កឹម សុខា ថា​ការ​ដែល​រូបលោក​ធ្វើការ​ជាមួយ​គ្នា អង្គុយ​ក្បែរ​គ្នា និង​ចាប់​ដៃគូ​ដោយ​លើកដៃ​ឡើង​ទៅលើ​នោះ​ទេ វា​បង្ហាញ​ពី​សុជីវធម៌។ បន្ថែម​ពី​នេះ នៅ​ពេល​ដល់​កន្លែង​ប្រជុំ លោក កឹម សុខា ឬ​គូភាគី​បាន​លើកឡើង​នូវ​ចំណុច​ដែល​មិន​ស្រប​គ្នា​ក្រោយពី​តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​លោក សម រង្ស៊ី ក៏​បាន​ដើរ​ចេញពី​គោលការណ៍ និង​ស្មារតី​រួបរួម ដោយ​ចុងក្រោយ​បែរជា​នាំគ្នា​ទៅ​ដំណើរការ​គណបក្ស​ភ្លើង​ទៀន​វិញ។

លោក កឹម សុខា ក៏​បាន​ចោទ​សួរ​ទៅ​មេធាវី​រដ្ឋាភិបាល និង​តំណាង​អយ្យការ​វិញ​ថា បើ​គ្រាន់តែ​ឃើញ​លោក សម រង្ស៊ី ចាប់​ដៃ និង​រួបរួម​យក​មក​ចោទប្រកាន់​ដូច្នេះ តើ​ហេតុ​អ្វី​តុលាការ​មិន​ព្រម​ចោទប្រកាន់​លោក សម រង្ស៊ី ដែល​អង្គុយ​ជាមួយ​លោក ហ៊ុន សែន ពិសា​បាយ​ជាមួយ​គ្នា ពិសា​នំ​បញ្ចុក​ជាមួយ​គ្នា​ផង​ទៅ? តើ​នេះ​ជា​ការ​សន្ទិដ្ឋភាព ឬ​ការ​ត្រូវរ៉ូវ​គ្នា​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ដែរ​ឬ​ទេ?

ជាមួយ​គ្នា​នោះ លោក កឹម សុខា ក៏​បាន​សួរ​បន្ថែម​ថា អ្នក​ណា​ក៏​ដឹង​ដែរ គណបក្ស​ភ្លើង​ទៀន​កើត​ចេញពី​គណបក្ស សម រង្ស៊ី ជា​ទស្សនវិជ្ជា​នយោបាយ​របស់​លោក សម រង្ស៊ី ហើយ​មេធាវី​រដ្ឋាភិបាល និង​អយ្យការ​យល់​ថា​លោក សម រង្ស៊ី អាក្រក់ ហិង្សា ផ្តួល​រលំ ចុះ​ហេតុ​អ្វី​រដ្ឋាភិបាល គ.ជ.ប ឱ្យ​បក្ស​ភ្លើង​ទៀន​ចូល​បោះឆ្នោត? តើ​វា​ជា​ការ​សន្ទិដ្ឋភាព​គប់គិត​ត្រូវរ៉ូវ​គ្នា​ដែរ​ឬ​ទេ?

ក្រោយពី​បើក​សវនាការ​ពេញ​មួយ​ព្រឹក​នា​ថ្ងៃ​នេះ តុលាការ​សម្រេច​ផ្អាក​ដោយ​នឹង​បន្ត​សវនាការ​សំណុំរឿង​នេះ​នៅ​ថ្ងៃ​ពុធ ទី​១៥ ខែ​មិថុនា ខាងមុខ។ អំឡុង​ពេល​តុលាការ​បើក​សវនាការ​នោះ អ្នកគាំទ្រ​លោក កឹម សុខា ជាច្រើន​នាក់​បាន​នាំគ្នា​ទៅ​ប្រមូលផ្ដុំ​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ឃ្លាំមើល​ដំណើរ​នៃ​សវនាការ​នេះ។

លោក កឹម សុខា ត្រូវ​បាន​រង​ការ​ចោទប្រកាន់​ពី​បទ «សន្ទិដ្ឋភាព​ត្រូវរ៉ូវ​ជាមួយ​រដ្ឋ​បរទេស» ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល។ គិត​មក​ដល់​ពេលនេះ ប្រធាន​គណបក្ស​ជំទាស់​រូប​នេះ​ត្រូវ​បិទ​សិទ្ធិ​នយោបាយ​តាម​ផ្លូវ​តុលាការ​ប្រមាណ ៤​ឆ្នាំ​មក​ហើយ គិត​ចាប់​ពី​ថ្ងៃ​ចាប់​ខ្លួន​កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៧៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស