31 C
Phnom Penh

អ្នក​ឃ្លាំមើល៖ កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​អាច​ជួយ​កម្ពុជា​រួច​ពី​បំណុល​និង​ការ​ត្រួតត្រា​របស់​បរទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​អត្ថាធិប្បាយ​ខ្លឹមសារ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន ថា​បើ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​កិច្ចព្រមព្រៀង​ស្ដីពី​ដំណោះស្រាយ​នយោបាយ​រួម​មួយ​នៃ​ជម្លោះ​នៅ​កម្ពុជា ២៣ ខែ​តុលា ឆ្នាំ​១៩៩១ ឲ្យ​បាន​ត្រឹមត្រូវ នោះ​នឹង​មិន​ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​បំណុល​បរទេស​វ័ណ្ឌក ថែម​ទាំង​មិន​ឲ្យ​រដ្ឋ​បរទេស​ណា​មួយ​ហ៊ាន​ត្រួតត្រា​អធិបតេយ្យ​កម្ពុជា​បាន​ផង​ដែរ។

សកម្មជន​សង្គម​ដែល​តែងតែ​អត្ថាធិប្បាយ​ខ្លឹមសារ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន បាន​អះអាង​កាលពី​ថ្ងៃទី​៨ ខែ​មិថុនា ថា នៅ​ពេល​ដែល​កម្ពុជា​កាន់តែ​អនុវត្តិ​កិច្ចព្រមព្រៀង​នេះ​បាន​ល្អ នោះ​ប្រទេស​ហត្ថលេខី​ទាំងអស់​កាន់តែ​គាំទ្រ​ពលរដ្ឋ​ខ្មែរ​ឲ្យ​មាន​សិទ្ធិ និង​អំណាច​ពេញលេញ​ថែម​ទៀត។

មាត្រា​ជាច្រើន​នៃ​សន្ធិសញ្ញា​នេះ និង​សេចក្តី​ថ្លែងការណ៍​ស្ដីពី​ការ​ស្ដារ និង​ការ​កសាង​ប្រទេស​កម្ពុជា​ឡើងវិញ​ទាំង ១៣​ចំណុច តម្រូវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​កើត​ពី​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ព្រមទាំង​ប្រទេស​ហត្ថលេខី និង​អង្គការ​សហប្រជាជាតិ​មាន​កាតព្វកិច្ច​ក្នុង​ការ​ធានា​នូវ​ការ​គោរព​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប។

លោក ស្រ៊ុន ស្រ៊ន លើកឡើង​ថា បើ​កម្ពុជា​អនុវត្ត​សន្ធិសញ្ញា​សន្តិភាព​នេះ​បាន​ពេញលេញ កម្ពុជា​នឹង​មាន​លទ្ធភាព​សង​បំណុល​បរទេស​ទាំងអស់ ទាំង​បំណុល​ស្រប​ច្បាប់ និង​បំណុល​ខុស​ច្បាប់ ព្រោះ​ថា​ប្រទេស​ហត្ថលេខី​ទាំងអស់​នឹង​នាំគ្នា​មក​ដាក់​ស្ថានទូត បង្កើត​ក្រុមហ៊ុន​ឯកជន បង្កើត​អង្គការ​សង្គម​ស៊ីវិល អង្គការ​តំបន់ អង្គការ​អន្តរជាតិ ដែល​ជា​ចំណែក​មួយ​ក្នុង​ការ​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​លូត​ទៅ​មុខ ព្រមទាំង​អាច​ទទួល​បាន​ជំនួយ​ពី​អង្គការ​សហប្រជាជាតិ​កាន់តែ​ច្រើន​ថែម​ទៀត។

សកម្មជន​សង្គម​រូប​នេះ​អះអាង​ថា ក្រៅពី​មាន​លទ្ធភាព​សង​បំណុល​បរទេស កម្ពុជា​ក៏​អាច​បញ្ចប់​នូវ​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ខុស​ច្បាប់​ដែល​ប៉ះពាល់​ដល់​អធិបតេយ្យ ឯករាជ្យ បូរណភាព និង​ភាព​មិន​អាច​រំលោភ​បាន​នៃ​ដែនដី​អព្យាក្រឹត និង​ឯកភាព​ជាតិ​ខ្មែរ​របស់​កម្ពុជា​ផង​ដែរ ដូច​ដែល​មាន​ចែង​ក្នុង​មាត្រា​១ និង​មាត្រា​២ នៃ​កិច្ច​ព្រមព្រៀង​នេះ ជាដើម។

លោក ស្រ៊ុន ស្រ៊ន បញ្ជាក់​ថា កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ក៏​មាន​វិសាលភាព​ក្នុង​ការ​បក​អាក្រាត​ការ​ឈ្លានពាន​របស់​រដ្ឋ​បរទេស​ដែល​បាន​ប្រើ​លេស​រំលោភ​ដែន​អធិបតេយ្យ​កម្ពុជា ក្រោម​រូបភាព​នៃ​ការ​ជួយ​រំដោះ​ពលរដ្ឋ​ខ្មែរ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់ ហើយ​ពួកគេ​ក៏​ត្រូវ​ធ្វើការ​ប៉ះប៉ូវ​ជា​សំណង​ដល់​ពលរដ្ឋ​ខ្មែរ​គ្រប់​យ៉ាង ដែល​រដ្ឋ​បរទេស​ទាំងនោះ​បាន​បំផ្លាញ​កម្ពុជា​កន្លងមក​ផង​ដែរ។

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស (Paris Peace Accords) គឺជា​កិច្ចព្រមព្រៀង​មួយ​ស្ដីពី​ដំណោះស្រាយ​នយោបាយ​ដើម្បី​បញ្ចប់​ជម្លោះ​នៅ​កម្ពុជា ធ្វើឡើង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ក្នុង​គោលបំណង​ឈាន​ទៅ​រក​ការ​បង្រួបបង្រួម​ជាតិ គោរព​សិទ្ធិមនុស្ស ឯករាជភាព បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ​កម្ពុជា ដែល​នៅតែ​មាន​សុពលភាព ហើយ​ប្រទេស​ហត្ថលេខី​មិន​អាច​បដិសេធ និង​កាតព្វកិច្ច​នៅក្នុង​កិច្ចព្រមព្រៀង​បាន​ឡើយ។

ប៉ុន្តែ​លោក ហ៊ុន សែន និង​មន្ត្រី​នៃ​រដ្ឋាភិបាល​កម្ពុជា តែងតែ​អះអាង​ថា នៅក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មិន​បាន​ចែង​ថា កម្ពុជា​នឹង​នៅតែ​ស្ថិត​ក្រោម​អាណាព្យាបាល​របស់​អន្តរជាតិ​បន្ត​ទៀត​នោះ​ទេ បន្ទាប់ពី​ដំណាក់កាល​បណ្ដោះអាសន្ន ពោល​គឺ​បន្ទាប់ពី​បេសកកម្ម​អ៊ុនតាក់ (UNTAC) ត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣ កន្លងទៅ។

ទោះជា​បែប​នេះ​ក្តី កាលពី​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ កន្លងទៅ មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​មួយ​ថ្ងៃ សភា​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក បាន​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​មួយ​ដែល​ហៅថា Resolution S. 427 ដោយ​បង្ហាញ​យ៉ាង​ច្បាស់​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ នៅតែ​ធរមាន ឬ​មាន​សុពលភាព​នៅឡើយ​សម្រាប់​ប្រទេស​ហត្ថលេខី​ទាំងអស់ ជាពិសេស​កម្ពុជា​តែម្តង មិនមែន​អស់​សុពលភាព​ដូច​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​អះអាង​កន្លងមក​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស