ក្រុមមេធាវីរដ្ឋាភិបាលកម្ពុជា បដិសេធនូវការអះអាងរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលបានចោទថា ក្រុមមេធាវីតំណាងឱ្យដើមបណ្ដឹងរដ្ឋប្បវេណីបានយកឃ្លីបវីដេអូមកចោទប្រកាន់លើរូបលោកទាំងបំពានការពិត។
ក្រុមមេធាវីរដ្ឋាភិបាលកម្ពុជាដែលតំណាងឱ្យដើមបណ្ដឹងរដ្ឋប្បវេណី ត្រូវបានសារព័ត៌មានដែលស្និទ្ធនឹងលោក ហ៊ុន សែន គឺ Fresh News ដកស្រង់សម្ដីចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី១២ មិថុនា ថា ពួកគេបដិសេធនូវការអះអាងរបស់លោក កឹម សុខា ដោយមូលហេតុថា ភស្តុតាងជាឃ្លីបវីដេអូដែលក្រុមមេធាវីដើមបណ្ដឹងរដ្ឋប្បវេណីបានលើកយកមកសួរបញ្ជាក់លោក កឹម សុខា ក្នុងសវនាការកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ គឺជាវីដេអូមាននៅក្នុងសំណុំរឿងដែលមានស្រាប់ប៉ុណ្ណោះ មិនមែនជាវីដេអូមកពីណាផ្សេងនោះទេ។
ក្រុមមេធាវីទាំងនោះអះអាងថា ភស្តុតាងដែលជាវីដេអូឃ្លីបនេះត្រូវបានស្រាវជ្រាវ និងប្រមូលដោយចៅក្រមស៊ើបសួរនៅក្នុងដំណាក់កាលនៃការស៊ើបសួរទាំងអស់។ ម្យ៉ាងវិញទៀត រាល់ភស្តុតាងដែលបានដាក់ចូលក្នុងសំណុំរឿងសុទ្ធតែត្រូវបានដាក់ឲ្យពិនិត្យពិភាក្សាពីគ្រប់ភាគីទាំងអស់រួចជាស្រេចផងដែរ។
ប្រភពដដែលបន្ថែមថា មេដឹកនាំបក្សប្រឆាំងលោក កឹម សុខា មានការព្រួយបារម្ភនឹងឃ្លីបវីដេអូនេះ ដោយសារតែវីដេអូនេះជាភស្តុតាងរឹងមាំមួយបង្ហាញពីចេតនារបស់ជនជាប់ចោទក្នុងការប្រកាសដោយហិង្សាបង្កកម្លាំងខុសច្បាប់ ក្នុងគោលដៅប្តូរថ្នាក់ដឹកនាំជាតិដែលកើតចេញពីការបោះឆ្នោតស្របច្បាប់ ហើយផ្អែកតាមភស្តុតាងនេះ និងភស្តុតាងផ្សេងទៀត គឺមានភាពរឹងមាំអាចដាក់បន្ទុកធ្ងន់ធ្ងរទៅលើលោក កឹម សុខា បាន។
ក្រុមមេធាវីទាំងនោះបញ្ជាក់ថា ការបដិសេធរបស់លោក កឹម សុខា នេះ គឺដោយសារតែគាត់ព្យាយាមរកលេសដោយអគតិ ដោះបន្ទុក និងបានធ្វើការចោទប្រកាន់ដោយពុំត្រឹមត្រូវទៅលើក្រុមមេធាវីតំណាងឱ្យដើមបណ្ដឹងរដ្ឋប្បវេណីប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ក្រុមមេធាវីទាំងនោះថាលោក កឹម សុខា គួរតែព្យាយាមស្វែងរកភស្តុតាងដោះបន្ទុកខ្លួនឯង ជាជាងស្រែកប្រកូកប្រកាសបំភ្លៃការពិតចោទប្រកាន់ទម្លាក់កំហុសលើក្រុមមេធាវីដើមបណ្ដឹងរដ្ឋប្បវេណីបែបនេះបន្តទៀត។
កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អំឡុងពេលជំនុំជម្រះក្នុងសវនាការលើកទី៤៣ បានអះអាងថា មេធាវីតំណាងដោយរដ្ឋាភិបាលបានយកភស្តុតាងដាក់បន្ទុកប្រឆាំងរូបលោកទាំងបំពានខុសពីការពិត ក្នុងពេលដែលឃ្លីបវីដេអូយកមកដាក់បន្ទុកចំពោះរូបលោកនេះខុសទាំងទីតាំង និងពេលវេលានៃថ្ងៃកើតហេតុទាំងស្រុង។
មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា អះអាងថា ឃ្លីបវីដេអូនៅជិតផ្សារស្លាបលែង ក្នុងឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ នោះ គឺលោកពាក់អាវគគីរដៃខ្លី ហើយពុំបានថ្លែងសារនយោបាយអ្វីនោះទេ ប៉ុន្តែឃ្លីបវីដេអូដែលសហមេធាវីតំណាងរដ្ឋាភិបាលយកមកចោទប្រកាន់លើរូបលោក បែរជាស្ថិតក្នុងសម្លៀកបំពាក់ពាក់អាវស មានពាក់កម្រងផ្កាម្លិះទៅវិញ។ ដូច្នេះភស្តុតាងនេះ គឺជាភស្តុតាងមិនត្រឹមត្រូវដាច់ខាតក្នុងការលើកយកមកដាក់បន្ទុកប្រឆាំងនឹងរូបលោក។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានតុលាការកម្ពុជាចោទប្រកាន់ពីបទឃុបឃិតជាមួយរដ្ឋបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០១៧ កន្លងទៅ ដោយផ្អែកលើភស្តុតាងរបស់មេធាវីដើមបណ្ដឹងរដ្ឋប្បវេណីប្រវែងជាង ២នាទី ដែលបានកាត់តចេញពីវីដេអូដើមជាងមួយម៉ោងរបស់លោក ដែលបានថ្លែងទៅកាន់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៣ កន្លងទៅ។
តុលាការបានអូសបន្លាយសវនាការអស់ជិត ៥ឆ្នាំហើយ នៅតែមិនទាន់អាចកាត់ទោសលោកពីបទល្មើសណាមួយនៅឡើយ ខណៈសេរីភាពរបស់លោកក៏ត្រូវដាក់ឱ្យស្ថិតក្រោមការតាមដានរបស់តុលាការរហូតមក៕