28 C
Phnom Penh

លោក ហ៊ុន សែន ថា​នឹង​ស្នើ​ឱ្យ​ភូមា​ពិចារណា​អំពី​ការ​កាត់ទោស​ប្រហារ​ជីវិត​អ្នក​ប្រឆាំង​របប​សឹក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន អះអាង​ថា ខ្លួន​កំពុង​ធ្វើ​លិខិត​ទៅកាន់​មេ​យោធា​ផ្ដាច់ការ​ភូមា លោក មីន អ៊ុងឡាំង ឱ្យ​ពិចារណា​លើ​ការ​កាត់ទោស​ប្រហារ​ជីវិត​យុវជន ២​នាក់​ដែល​ធ្លាប់​ចេញ​មុខ​ប្រឆាំង​នឹង​របប​សឹក​មួយ​នេះ​កាលពី​ពេល​កន្លងទៅ​នេះ។

ការ​អះអាង​របស់​លោក ហ៊ុន សែន ធ្វើឡើង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​សាលា​ភូមិន្ទ​រដ្ឋបាល និង​ការ​បើក​វគ្គ​បណ្ដុះបណ្ដាល​ឆ្នាំ​សិក្សា​២០២២ នៅ​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា លោក​សង្ឃឹម​ថា​មេដឹកនាំ​ផ្ដាច់ការ​នៃ​របប​សឹក​ភូមា នឹង​ពិនិត្យ​ពិចារណា​លើ​សំណើ​របស់​លោក​ដែល​ជា​ប្រធាន​អាស៊ាន​នៅ​ពេលនេះ។

លោក ហ៊ុន សែន អះអាង​ថា ការ​ចេញ​មុខ​ដាក់​សំណើ​ទៅ​មេ​ផ្ដាច់ការ​របប​សឹក​ភូមា​នេះ គឺ​ដោយសារតែ​លោក​មិន​ចង់​ឃើញ​បញ្ហា​នៅ​ប្រទេស​ភូមា កាន់​តែ​មាន​ស្ថានភាព​អាក្រក់​ឡើងៗ​ថែម​ទៀត ហើយ​លោក​ក៏​មិន​ចង់​ឃើញ​នូវ​អ្វី​ដែល​កើតឡើង​បន្ថែម​ទៅលើ​អ្វី​ដែល​ជា​បញ្ហា​កំពុងតែ​កើត​មាន​ស្រាប់​នោះ​ដែរ។

លោក​ប្ដេជ្ញា​ថា នឹង​សម្របសម្រួល និង​ដោះស្រាយ​បញ្ហា​វិបត្តិ​នយោបាយ​នៅ​ភូមា ឱ្យ​ទទួល​បាន​ផ្លែផ្កា បើ​ទោះ​ដឹង​ថា​វា​លំបាក​ក៏ដោយ ពីព្រោះ​ការ​ទាញ​ភូមា​ឱ្យ​ត្រឡប់​ទៅ​រក​កៅអី​អាស៊ាន​វិញ គឺជា​រឿង​ចាំបាច់​បំផុត ព្រោះ​ថា​បើ​មិន​ជួយ​ដោះស្រាយ​បញ្ហា​មីយ៉ាន់ម៉ា​ឱ្យ​ទាន់​ពេលវេលា​ទេ នោះ​អាស៊ាន​ក៏​ប្រឈមមុខ​នឹង​ការ​បែកបាក់​គ្នា​ដែរ។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​យុវជន​ភូមា ២​នាក់​កំពុង​ប្រឈមមុខ​នឹង​ការ​ផ្ដន្ទាទោស​ប្រហារ​ជីវិត​ដោយសារតែ​ពួកគេ​ចេញ​មុខ​ប្រឆាំង​នឹង​ការ​ប្លន់​អំណាច​នៃ​របប​សឹក​របស់​មេ​យោធា​ផ្ដាច់ការ​ភូមា​កាលពី​ពេល​កន្លងទៅ។

កាលពី​ថ្ងៃទី​១០ ខែ​មិថុនា ឆ្នាំ​២០២២ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន លោក ហ៊ុន សែន ធ្លាប់​បាន​ផ្ញើ​លិខិត​មួយ​ស្នើ​ឲ្យ​មេ​យោធា​ផ្ដាច់ការ​ភូមា លោក មីន អ៊ុងឡាំង ពិចារណា​ឡើងវិញ​នូវ​ការ​ផ្ដន្ទាទោស និង​ផែនការ​ប្រហារ​ជីវិត​លើ​បុគ្គល​មួយ​ចំនួន​ដែល​ប្រឆាំង​នឹង​របប​សឹក​របស់​លោក។

លោក ហ៊ុន សែន បញ្ជាក់​ថា ការ​ផ្ដន្ទាទោស និង​ផែនការ​ប្រហារ​ជីវិត​លើ​បុគ្គល​មួយ​ចំនួន​ដែល​ប្រឆាំង​នឹង​របប​សឹក​ភូមា បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​រដ្ឋ​ជា​សមាជិក​អាស៊ាន ក៏ដូចជា​ដៃគូ​ខាង​ក្រៅ​អាស៊ាន​ផង​ដែរ។

កាលពី​ថ្ងៃទី​៣ ខែ​មិថុនា ឆ្នាំ​២០២២ របប​សឹក​ភូមា​បាន​ប្រកាស​ថា ពួកគេ​នឹង​កាត់ទោស​ប្រហារ​ជីវិត​មនុស្ស ៤​នាក់ ដោយ​ការ​ព្យួរ​ក ក្នុង​នោះ​រួម​មាន អតីត​សមាជិក​សភា​មកពី​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី។ អតីត​មេដឹកនាំ​ចលនា​និស្សិត​ដ៏​ល្បី​ឈ្មោះ​ដែល​ធ្លាប់​ចេញ​មុខ​ប្រឆាំង​របប​សឹក​ភូមា អតីត​អ្នក​ចម្រៀង Hip Hop និង​សកម្មជន​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ម្នាក់​ទៀត​ផង​ដែរ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ មិថុនា ថា លិខិត​របស់​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ដែល​ស្នើសុំ​ឱ្យ​លើកលែង​ទោស​ប្រហារ​ជីវិត​នេះ គឺជា​រឿង​ត្រឹមត្រូវ។ ជាង​នេះ​ទៀត លោក ហ៊ុន សែន ក្នុង​នាម​ប្រធាន​អាស៊ាន​ក៏​ត្រូវ​តែ​ស្នើ​ឱ្យ​មាន​ការ​លើកលែង​ទោស​ដល់​អ្នកទោស​ទាំងអស់ និង​ជំរុញ​ឱ្យ​មាន​ការ​ចរចា​គ្រប់​ភាគី​ទាំងអស់​ដែល​កំពុង​មាន​ជម្លោះ​ផ្ទៃក្នុង​ដាក់​គ្នា​នៅ​ពេលនេះ​ផង​ដែរ ជាពិសេស​គឺ​ត្រូវ​ទាមទារ​ឱ្យ​មាន​ការ​ចរចា​រវាង​របប​សឹក និង​អ្នកស្រី អ៊ុងសាន ស៊ូជី តែម្តង។

លោក ម៉ែន ណាត អះអាង​ថា ការ​ស្នើសុំ​របស់​លោក ហ៊ុន សែន ចំពោះ​បញ្ហា​នេះ ហាក់​មិន​មាន​សង្ឃឹម​នោះ​ទេ ប្រសិនបើ​បញ្ហា​នេះ​ប៉ះពាល់​ដល់​ប្រយោជន៍​របស់​របប​សឹក​ភូមា ព្រោះ​ថា​អត្តចរិត​របស់​មេដឹកនាំ​ភូមា​ដែល​កំពុង​គ្រប់គ្រង​អំណាច​ផ្ដាច់ការ​សព្វថ្ងៃ​នេះ ក៏​មិន​ខុស​ពី​ចរិត​របស់​លោក ហ៊ុន សែន ដែរ។ លោក​បន្ត​ថា សហគមន៍​អន្តរជាតិ​ក៏​ធ្លាប់​ស្នើ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដែរ ប៉ុន្តែ​លោក ហ៊ុន សែន មិន​ដែល​ធ្វើ​តាម​ការ​ស្នើសុំ​របស់​ពួកគេ​នោះ​ឡើយ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ស្ថានភាព​នៅ​ប្រទេស​ភូមា ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ហាក់​ពុំ​មាន​ភាព​ប្រែប្រួល​ទៅ​រក​ភាព​វិជ្ជមាន​ជា​ដុំ​កំភួន​ទេ ខណៈ​គោលការណ៍​កុងសង់ស៊ីស​ទាំង ៥​ចំណុច​របស់​អាស៊ាន​នៅតែ​មិន​ទាន់​ត្រូវ​បាន​អនុវត្ត​នៅឡើយ ស្រប​ពេល​ដែល​ការ​កាត់ទោស​ប្រហារ​ជីវិត​នៅ​ប្រទេស​នេះ​ត្រូវ​វិល​មក​វិញ​សាជាថ្មី ក្រោយ​រដ្ឋប្រហារ​ដែល​ដឹកនាំ​ដោយ​របប​សឹក​សព្វថ្ងៃ​នេះ។

របប​សឹក​ភូមា បាន​ប្រកាស​អនុវត្ត​ទោស​ប្រហារ​ជីវិត​ជាមួយ​អ្នកទោស​នយោបាយ​ដែល​ប្រឆាំង​នឹង​រដ្ឋប្រហារ​របស់​ខ្លួន​ឡើងវិញ បន្ទាប់ពី​ប្រទេស​ភូមា​បំបាត់​ចោល​នូវ​ច្បាប់​នេះ​អស់​រយៈពេល​ប្រមាណ​ជា ៣០​ឆ្នាំ​មក​ហើយ​នោះ បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៩០៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស