29 C
Phnom Penh

អាមេរិក​និង​សហគមន៍​អន្តរជាតិ​ស្នើ​ឱ្យ​កម្ពុជា​ដោះលែង​កញ្ញា សេង ធារី និង​សកម្មជន​សិទ្ធិមនុស្ស​៦០​នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប៉ុន្មាន​ម៉ោង​ក្រោយ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ទៅ​លើ​ថ្នាក់​ដឹកនាំ សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ ៦០​នាក់ ក្រោម​បទ «ញុះញង់ និង​រួម​គំនិត​ក្បត់» ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា និង​សហគមន៍​អន្តរជាតិ ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​កញ្ញា សេង ធារី ដែល​ជា​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង និង​សកម្មជន​សិទ្ធិមនុស្ស​ដទៃ​ទៀត​ពី​សាលក្រម​ដ៏​អយុត្តិធម៌ ដោយ​ចាត់ទុក​ថា​ជា​ការ​បង្ក្រាប​សំឡេង​ប្រជាធិបតេយ្យ​ដែល​នៅ​សេសសល់​ចុងក្រោយ​នៅ​កម្ពុជា។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ នៅ​ថ្ងៃ​អង្គារ ទី​១៤ មិថុនា នេះ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​កញ្ញា សេង ធារី រួម​ទាំង​សកម្មជន​ផ្សេង​ទៀត​ដាក់​ពន្ធនាគារ ៦​ឆ្នាំ ខណៈ​អតីត​ថ្នាក់​ដឹកនាំ​គណបក្ស​ចំនួន ១១​នាក់ ក្នុង​នោះ​មាន​លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ លោក តុប វ៉ាន់ចាន់ លោក ហូរ វ៉ាន់ លោក ឡុង រី លោក អ៊ុំ សំអាន លោក ម៉ែន សុថារិន្ទ្រ និង​លោក អ៊ូ ច័ន្ទរិទ្ធ ដាក់​ពន្ធនាគារ​ម្នាក់ៗ ៨​ឆ្នាំ។

ក្រៅពី​ផ្ដន្ទាទោស តុលាការ​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​មេដឹកនាំ​ទាំង ១១​នាក់​ដែល​កំពុង​រស់នៅ​ក្រៅ​ឃុំ​មក​ដាក់​ពន្ធនាគារ​ផង​ដែរ។ ចំណែក​អ្នក​ផ្សេង​ទៀត​ដែល​តុលាការ​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ ៥​ឆ្នាំ​វិញ គឺ​តុលាការ​សម្រេច​ព្យួរ​ទោស​ទាំងអស់។

ចំពោះ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​នោះ​មាន​លោក ទុំ ប៊ុនថន លោក កាក់ កុម្ភារ និង​អ្នកស្រី យស នាង ត្រូវ​បាន​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ បង្គាប់​ឱ្យ​ឃុំ​ខ្លួន​បន្ត​ទៀត បន្ទាប់ពី​តុលាការ​បាន​ឃុំ​ខ្លួន​ពួកគេ​នៅ​ពន្ធនាគារ​ព្រៃស​អស់​រយៈពេល ២​ឆ្នាំ​មក​ហើយ​នោះ ខណៈ​កញ្ញា សេង ធារី ត្រូវ​បាន​សមត្ថកិច្ច​ប្រមាណ ៥០​នាក់​ចាប់​ដាក់​លើ​រថយន្ត​នគរបាល និង​បញ្ជូន​ទៅ​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ភ្លាមៗ។

ក្រោយពី​តុលាការ​ក្រុង​ភ្នំពេញ​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​មេដឹកនាំ សកម្មជន និង​កញ្ញា សេង ធារី នោះ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​សម្ដែង​ការ​ខកចិត្ត​ខ្លាំង ដោយ​ចាត់ទុក​សាលក្រម​នេះ​ថា​ជា​សាលក្រម​ដ៏​អយុត្តិធម៌​សម្រាប់​កញ្ញា សេង ធារី និង​អ្នក​ដទៃ​ទៀត។

សហរដ្ឋ​អាមេរិក​បញ្ជាក់​ថា សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​ការ​ចងក្រង​គ្នា​ជា​ក្រុម ជា​សមាគម ហើយ​និង​ការ​អត់ឱន​ចំពោះ​ទស្សនៈ​ប្រឆាំង គឺជា​ផ្នែក​ដ៏​មាន​សារសំខាន់​បំផុត​នៃ​លទ្ធិប្រជាធិបតេយ្យ។

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​រូប​គាត់ ហើយ​និង​សកម្មជន​សិទ្ធិមនុស្ស​ដទៃ​ទៀត​ពី​ការ​ដាក់​ពន្ធនាគារ​ដ៏​អយុត្តិធម៌។

ក្រៅពី​ស្ថានទូត​អាមេរិក អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ ក្រៅ​និង​ក្នុង​ស្រុក​ដែល​ធ្វើការ​លើក​កម្ពស់​សិទ្ធិមនុស្ស បង្ហាញ​ការ​សោកស្ដាយ និង​ចាត់ទុក​ការ​ចាប់​ខ្លួន និង​ផ្ដន្ទាទោស​មេដឹកនាំ សកម្មជន និង​កញ្ញា សេង ធារី ចន្លោះ​ពី ៥ ទៅ ៨​ឆ្នាំ ថា​ជា​រឿង​អយុត្តិធម៌។ ពួកគេ​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទ និង​ដោះលែង​អ្នក​ទាំងនោះ​ឱ្យ​មាន​សេរីភាព​វិញ​ផង​ដែរ។

នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​នេះ​ថា ការ​ផ្ដន្ទាទោស​ទៅ​លើ​អ្នក​នយោបាយ​ប្រឆាំង​នៅ​ពេលនេះ គឺ​ប្រាកដ​ណាស់​ជា​ការ​ព្យាយាម​រារាំង​ការ​ប្រកួតប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​តទល់​ទៅ​នឹង​ការ​គ្រប់គ្រង​អំណាច​របស់​លោក ហ៊ុន សែន និង​ជា​សញ្ញា​នៃ​ការ​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក រ៉ូប៊ើតសុន បន្ថែម​ទៀត​ថា ការ​បង្កើត​នូវ​បរិយាកាស​នយោបាយ​មួយ​មាន​លក្ខណៈ​គំរាមកំហែង និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ចំពោះ​អ្នក​ហ៊ាន​រិះគន់​រដ្ឋាភិបាល មាន​ន័យ​ថា​លោក ហ៊ុន សែន បាន​បង្ហាញ​កាន់តែ​ច្បាស់​ចំពោះ​ការ​មិន​យកចិត្ត​ទុកដាក់​គោរព​សិទ្ធិ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​នោះ​ឡើយ។

ការ​ចាប់​ខ្លួន​កញ្ញា សេង ធារី បន្ទាប់ពី​កញ្ញា​កំពុង​ឈរ​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​សម្លៀកបំពាក់​មួយ​ដែល​តំណាង​ឱ្យ «នាង​យុត្តិធម៌» ដោយ​ដៃ​ម្ខាង​ចងភ្ជាប់​ដោយ​ច្រវាក់ និង​ម្ខាង​ទៀត​កាន់​បដា​ដែល​មាន​សរសេរ​អក្សរ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ផង​ដែរ។

មុន​ពេល​សមត្ថកិច្ច​ចាប់​ខ្លួន​នោះ កញ្ញា សេង ធារី បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​តុលាការ​ថា កញ្ញា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ទទួល​សាលក្រម​ផ្ដន្ទាទោស​របស់​តុលាការ​ក្រុង​ភ្នំពេញ ពីព្រោះ​តុលាការ​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​លោក ហ៊ុន សែន នឹង​មិន​លើកលែង​ឲ្យ​កញ្ញា​នោះ​ឡើយ។

នៅ​ពេល​ក្រុម​អ្នក​សារព័ត៌មាន​សួរ​ថា ហេតុ​អ្វី​បាន​ជា​កញ្ញា​មិន​ចូល​ស្ដាប់​ការ​ប្រកាស​សាលក្រម​នា​ព្រឹក​នេះ? កញ្ញា​ថា ការ​មិន​ចូល​ស្ដាប់ ពីព្រោះ​នៅ​ពេល​សមត្ថកិច្ច​ចាប់​ខ្លួន គឺ​កញ្ញា​ចង់​ឱ្យ​ចាប់​នៅ​តាម​ទី​សាធារណៈ ជាជាង​ចាប់​ស្ងាត់ៗ។

កញ្ញា​បញ្ជាក់​ថា ចំពោះ​ច្រវាក់​ដែល​កញ្ញា​កំពុង​កាន់​ជាប់​នឹង​ដៃ​នោះ គឺ​បង្ហាញ​ពី​ទង្វើ​ឃោរឃៅ ភាព​អយុត្តិធម៌​ក្នុង​សង្គម ដោយ​ការ​រារាំង និង​បំបិទ​សេរីភាព​ពលរដ្ឋ​កម្ពុជា​ពី​សំណាក់​របប​ផ្ដាច់ការ។

លោក ជូង ជូងី មេធាវី​ការពារ​ក្ដី​ឱ្យ​កញ្ញា សេង ធារី ចាត់ទុក​ការ​ចាប់​ខ្លួន​កូនក្ដី​របស់​លោក​ថា​ជា​រឿង​មិន​ត្រឹមត្រូវ ហើយ​ករណី​នេះ​រូបលោក​នឹង​ពិភាក្សា​ជាមួយ​កូនក្ដី ដើម្បី​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​ជាន់ខ្ពស់​បន្ត​ទៀត។

កញ្ញា សេង ធារី គឺជា​មេធាវី​ម្នាក់​ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត​ច្បាប់​នៅ​សហរដ្ឋ​អាមេរិក។ ក្រោយ​មក កញ្ញា​បាន​វិល​មក​កម្ពុជា​វិញ​បន្ទាប់ពី​រស់នៅ និង​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​អំឡុង​ពេល​រត់​ភៀស​ខ្លួន​ចេញពី​របប​ខ្មែរក្រហម។

បើ​តាម​ជន​ជាប់ចោទ​រូប​នេះ​រៀបរាប់​ក្នុង​អង្គ​សវនាការ​ថា ពេល​រស់នៅ​កម្ពុជា​នោះ កញ្ញា​បាន​ធ្វើ​ការងារ​សង្គម​ជាច្រើន ដើម្បី​ជួយ​ទៅ​ដល់​ការ​កសាង​សន្តិភាព អប់រំ​ពី​ច្បាប់ សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ព្រមទាំង​ធ្លាប់​ធ្វើ​ជា​ប្រធាន «មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម» ថែម​ទៀត​ផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស