30.7 C
Phnom Penh

លោក កឹម សុខា ឆ្លើយតប​ព្រះរាជអាជ្ញា​ដែល​ចោទ​សួរ​ភ្ជាប់​ជាមួយ​លោក សម រង្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ លោក កឹម សុខា បាន​ប្រតិកម្ម​ទៅ​នឹង​ព្រះរាជអាជ្ញា​តុលាការ​ក្រុង​ភ្នំពេញ ដែល​បាន​ចោទ​សួរ និង​ភ្ជាប់​រូបលោក​ទៅ​នឹង​ករណី​លោក សម រង្ស៊ី។ លោក​បាន​ឆ្លើយតប​ថា លោក​មិន​មាន​ទំនាក់ទំនង​អ្វី​ជាមួយ​លោក សម រង្ស៊ី ទៀត​នោះ​ឡើយ ក្រោយ​ពេល​បក្ស​ភ្លើង​ទៀន​របស់​លោក សម រង្ស៊ី បាន​ដើរ​ចេញពី​ស្មារតី​រួបរួម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ចូលរួម​បោះឆ្នោត​ឃុំ-សង្កាត់។

លោក កឹម សុខា បាន​និយាយ​ទៅ​កាន់​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មិថុនា ថា លោក​នឹង​គ្មាន​ទំនាក់ទំនង​អ្វី​ទាំងអស់​ជាមួយ​លោក សម រង្ស៊ី ដែល​កំពុង​ជាប់​ទោស​នោះ​ទេ។

លោក កឹម សុខា ក៏​បាន​ឆ្លើយ​ថា រូបលោក និង​លោក សម រង្ស៊ី មិន​មែន​ជា​មនុស្ស​តែ​មួយ​ដូច​ដែល​លោក សម រង្ស៊ី ធ្លាប់​បាន​លើកឡើង​ទៀត​នោះ​ទេ។ លោក​បន្ត​ថា គ្រប់​សកម្មភាព​ដែល​លោក សម រង្ស៊ី បាន​ធ្វើ​កន្លងទៅ ជាពិសេស​យុទ្ធនាការ​ចូល​ស្រុក​ចាប់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ លោក​ក៏​មិន​ដែល​បាន​គាំទ្រ​នោះ​ដែរ ហើយ​លោក​ថែម​ទាំង​បាន​ប្រាប់​ដល់​សហការី​របស់​លោក​មិន​ឱ្យ​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ថែម​ទៀត។ លោក​បន្ត​ថា មួយ​រយៈពេល​ចុងក្រោយ​នេះ លោក សម រង្ស៊ី បាន​វាយប្រហារ​រូបលោក​ថា «មាន​កំហុស​ធ្ងន់ធ្ងរ​ដែល​មិន​ចេញ​ទៅ​បោះឆ្នោត​ឲ្យ​បក្ស​ភ្លើង​ទៀន កាលពី​ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០២២» កន្លងទៅ។

សារព័ត៌មាន The Cambodia Daily មិន​អាច​ទាក់ទង​លោក សម រង្ស៊ី ដើម្បី​ធ្វើការ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​ការ​លើកឡើង​របស់​លោក កឹម សុខា បាន​ទេ​រហូត​ដល់​ម៉ោង​ចេញ​ផ្សាយ​នេះ។

ប៉ុន្តែ​អ្នក​នាំពាក្យ​បក្ស​កាន់​អំណាច លោក សុខ ឥសាន ថ្លែង​ថា កន្លងមក​ក្រុម​លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រៀប​បាន​ដូច​ទឹក និង​ប្រេង ដែល​មិន​អាច​ចុះសម្រុង​គ្នា​បាន​ឡើយ។ លោក​ថា ការ​បែកបាក់​សម្ពន្ធភាព​នេះ នឹង​ផ្ដល់​ផលប្រយោជន៍​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​បញ្ជាក់​ថា ទោះ​ជា​លោក កឹម សុខា បែកបាក់​គ្នា​ជាមួយ​លោក សម រង្ស៊ី ក៏ដោយ ក៏​មិន​ទាន់​អាច​និយាយ​បាន​ថា លោក កឹម សុខា នឹង​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ដែរ។

ចំណែក​ប្រធាន​វេទិកា​ពលរដ្ឋ និង​ជា​អ្នកវិភាគ​នយោបាយ លោក គឹម សុខ យល់​ថា ការ​បែកបាក់​គ្នា​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​លេច​សញ្ញា​តាំង​ពី​មុន​យុទ្ធនាការ​ចូល​ស្រុក​របស់​លោក សម រង្ស៊ី កាលពី​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ មក​ម្ល៉េះ គឺ​នៅ​ពេល​ដែល​លោក សម រង្ស៊ី បោះ​សម្ដី​ដោយ​មិន​ឱ្យ​តម្លៃ​លើ​ការ​លះបង់​របស់​លោក កឹម សុខា ដូចជា​ការ​ប្រើ​ពាក្យ​ថា «គាត់​មិន​ល្ងង់​ឲ្យ​គេ​ចាប់​ដាក់​គុក​ដូច​លោក កឹម សុខា» ជាដើម។

លោក​បន្ត​ថា ការ​បែកបាក់​នេះ​បាន​លេច​រូបភាព​ច្បាស់​នៅ​ពេល​លោក សម រង្ស៊ី ធ្វើជា​ខ្នងបង្អែក​ឱ្យ​មាន​ដំណើរការ​ឡើងវិញ​នៃ​គណបក្ស​ភ្លើង​ទៀន ដែល​បែក​ចេញពី​បក្ស​សង្គ្រោះ​ជាតិ និង​បាន​ចូលរួម​បោះឆ្នោត​លម្អ​អំណាច​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន។

លោក គឹម សុខ បន្ត​ថា លោក សម រង្ស៊ី លេង​ល្បែង​សកម្មភាព​បែកបាក់​នៅ​ពេល​គាត់​ចេញ​មុខ​បន្ទោស​លោក កឹម សុខា ដែល​មិន​ចូលរួម​ឧក្រិដ្ឋកម្ម​បោះឆ្នោត រីឯ​លោក កឹម សុខា គ្រាន់តែ​និយាយ​បញ្ជាក់​រឿងរ៉ាវ​បែកបាក់​នេះ​ទៅ​កាន់​តុលាការ​ប៉ុណ្ណោះ បន្ទាប់ពី​លោក សម រង្ស៊ី បាន​ធ្វើការ​បំបែក​ជាក់ស្ដែង​រួច​ទៅ​ហើយ​នោះ។

លោក គឹម សុខ អះអាង​ថា លោក​នៅ​មិន​ទាន់​ដឹង​ថា អ្នក​ដែល​ប្រាថ្នា​ប្រជាធិបតេយ្យ​រូប​ណា​នៅ​កម្ពុជា​អាច​ធ្វើការ​ជាមួយ​លោក សម រង្ស៊ី ទៀត​បាន​នោះ​ទេ បើ​លោក សម រង្ស៊ី មិន​ព្រម​កែ​ចរិត​នយោបាយ​ជា​អ្នក​ដឹកនាំ​របស់​គាត់ ដូចជា​ចរិត​ជេរប្រមាថ​ពី​ចម្ងាយ​ដើម្បី​បាន​សំឡេង​ប្រជាភិថុតិ និង​ល្បែង​យក​រឿង​បុគ្គល​ធ្វើជា​មូលដ្ឋាន​នយោបាយ រួម​ទាំង​ល្បែង​កម្ទេច​គ្នា​ឯង ប្រសិនបើ​គាត់​មិន​បាន​ធ្វើ​ធំ​លើ​គេ​នោះ។

គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កឹម សុខា បាន​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​គណបក្ស​ភ្លើង​ទៀន ដែល​ពេល​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​គណបក្ស សម រង្ស៊ី បន្ទាប់ពី​ជំនួប​កាលពី​ខែ​កក្កដា ឆ្នាំ​២០១២ រវាង​ប្រធាន​បក្ស​ទាំង​ពីរ​នៅ​រដ្ឋធានី​ម៉ានីល ប្រទេស​ហ្វីលីពីន។ មេដឹកនាំ​បក្ស​ប្រឆាំង​ដ៏​លេចធ្លោ​ទាំង​ពីរ​បាន​ច្របាច់​បញ្ចូល​គណបក្ស​របស់​ខ្លួន​បង្កើត​ជា​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ប្រកួតប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច។

សម្ពន្ធភាព​នេះ​បាន​បង្ហាញ​នូវ​ភាព​ជោគជ័យ​ជា​ខ្លាំង ដែល​ជា​ការ​គំរាម​ដល់​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ហើយ​នៅ​ទី​បញ្ចប់ គណបក្ស​ប្រជាជន​កម្ពុជា​បាន​រក​លេស​ដើម្បី​រំលាយ​គណបក្ស​នេះ​តាមរយៈ​ការ​ចោទប្រកាន់​មេដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា «ពី​បទ​ក្បត់​ជាតិ»៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស