បុរសខ្លាំងលោក ហ៊ុន សែន អះអាងថា កម្ពុជាកំពុងស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវក្នុងការទប់ស្កាត់អំពើហិង្សាលើកុមារ ដែលនឹងបន្តកិច្ចខិតខំប្រឹងប្រែងឱ្យកាន់តែសកម្ម ក្នុងការធានាថាកុមារមានសុវត្ថិភាពនៅគ្រប់ទីកន្លែង។
លោក ហ៊ុន សែន អះអាងនៅក្នុងកិច្ចប្រជុំកំពូលអ្នកដឹកនាំស្ដីពីដំណោះស្រាយដើម្បីបញ្ចប់អំពើហិង្សាលើកុមារ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ថា ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ គឺត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការសម្របសម្រួលក្នុងចំណោមតួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីចាត់វិធានការទាន់ពេលវេលា និងតឹងរ៉ឹងដាច់ខាតចំពោះសកម្មភាពហិង្សាគ្រប់ទម្រង់ទាំងអស់។
លោក ហ៊ុន សែន អះអាងថា រដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតលើការទប់ស្កាត់រាល់សកម្មភាពហិង្សាលើកុមារ និងលើកកម្ពស់កិច្ចការពារកុមារផងដែរ។ ជាក់ស្តែង កម្ពុជាបានរៀបចំ និងដាក់ឱ្យអនុវត្តនូវគោលនយោបាយ និងផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារកាលពីឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០២១ កន្លងទៅនេះ។
លោក ហ៊ុន សែន បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាយ៉ាងមុតមាំចំពោះការធានាឱ្យបានថា កុមារទាំងអស់នឹងរស់នៅក្នុងបរិយាកាសមួយប្រកបដោយភាពអំណោយផលដល់ការលូតលាស់ ព្រមទាំងទទួលបានការចិញ្ចឹមបីបាច់ និងកិច្ចការពារនានាដើម្បីបញ្ចប់ឱ្យបាននូវអំពើហិង្សាគ្រប់ទម្រង់ តាមរយៈការអនុវត្តនូវផែនការ និងគោលនយោបាយជាតិនានារបស់ខ្លួន។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលកម្ពុជាត្រូវគេមើលឃើញថា មិនទាន់អាចធានាបាននូវការការពារកុមារឱ្យចៀសផុតពីអំពើហិង្សា និងការកេងប្រវ័ញ្ចគ្រប់រូបភាពចំពោះកុមារកម្ពុជាបានល្អប្រសើរនៅឡើយទេ។
ទិវាស្ដីពីសិទ្ធិកុមារតែងតែត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី១ មិថុនា ដែលសំដៅដល់ការបង្កើននូវការយកចិត្តទុកដាក់ខ្ពស់លើកុមារដោយការទទួលស្គាល់នូវសិទ្ធិជាសកល និងសិទ្ធិជាមូលដ្ឋានរបស់កុមារដែលគាំពារដោយអនុសញ្ញាជាតិ និងអន្តរជាតិជាសកលស្តីអំពីសិទ្ធិកុមារ ដើម្បីលុបបំបាត់ការរើសអើងលើកុមារ បញ្ឈប់ និងប្រឆាំងដាច់ខាតលើការរំលោភបំពាន ការជួញដូរ ការកេងប្រវ័ញ្ច និងការប្រើអំពើហិង្សាលើកុមារគ្រប់រូបភាពទាំងអស់។
អង្គការលីកាដូ បានបង្ហាញរបាយការណ៍របស់ខ្លួនកាលពីពេលកន្លងទៅថា កុមារដែលស្ថិតនៅក្នុងពន្ធនាគារជាមួយម្តាយរបស់ពួកគេមានចំនួនច្រើនជាអតិបរមា ខណៈការថែទាំលើកុមារទាំងនោះក៏ស្ថិតក្នុងកម្រិតទាបនៅឡើយ។
អង្គការនេះស្នើឱ្យរដ្ឋាភិបាលកម្ពុជា ផ្តល់អាទិភាពដល់ស្ត្រីមានផ្ទៃពោះ ក៏ដូចជាម្តាយដែលមានកូនតូចៗ ដោយការកាត់បន្ថយទោសឲ្យពួកគាត់ផងដែរ ក្រោមហេតុផលថា ក្មេងៗមិនបានប្រព្រឹត្តបទល្មើសអ្វីនោះទេ ហើយវាពិតជាលំបាកខ្លាំងណាស់ក្នុងការរស់នៅក្នុងបន្ទប់តូចចង្អៀតនៅពន្ធនាគារសម្រាប់កុមារ ដែលនាំឲ្យមានអំពើហិង្សាផ្លូវចិត្តដល់កុមារទាំងនោះយ៉ាងធ្ងន់ធ្ងរផងដែរ។
អង្គការលីកាដូ អំពាវនាវឱ្យអាជ្ញាធរកម្ពុជាចាត់វិធានការឱ្យមានប្រសិទ្ធភាព ដើម្បីប្រឆាំងរាល់ទម្រង់នៃការបង្កអំពើហិង្សាលើកុមារ ហើយប្រសិនគ្មានចំណាត់ការណាមួយឱ្យមានប្រសិទ្ធភាពត្រូវបានធ្វើឡើងនោះទេ ទម្រង់អាក្រក់នៃអំពើហិង្សាលើកុមារនេះនឹងបន្តរីករាលដាលនៅក្នុងប្រទេសកម្ពុជាដោយចៀសមិនរួចនោះឡើយ។
ជុំវិញបញ្ហានេះ របាយការណ៍ក្រសួងការបរទេសអាមេរិក បានលាតត្រដាងកាលពីឆ្នាំ២០១៩ ថា កម្ពុជាស្ថិតក្នុងទម្រង់ដ៏អាក្រក់បំផុតដែលមិនបានធានានូវការអនុវត្តសិទ្ធិមូលដ្ឋានរបស់កុមារ ក្នុងនោះរដ្ឋាភិបាលកម្ពុជាខកខានមិនបានចាត់វិធានការក្នុងការស៊ើបអង្កេតការចោទប្រកាន់លើជនល្មើសនៅពេលដែលអាជ្ញាធរបានរកឃើញអ្នករំលោភបំពានលើកុមារ ដោយការសម្របសម្រួលឱ្យគេចចេញក្រៅប្រព័ន្ធច្បាប់ ជាដើម៕