អំឡុងមុនសង្គ្រាមចាប់ផ្ដើម វិមានក្រឹមឡាំង ក្រោមការដឹកនាំរបស់លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានប្រកាសឲ្យម៉ាស៊ីនឃោសនារបស់លោកធ្វើការព្រមានថា បើរុស្ស៊ីវាយលើទឹកដីអ៊ុយក្រែន គឺមិនឲ្យលើស ៧២ម៉ោងនោះទេ គឺកងទ័ពរុស្ស៊ី នឹងវាយកាន់កាប់បានប្រទេសអ៊ុយក្រែន ទាំងស្រុង។
ខណៈប្រព័ន្ធឃោសនារបស់ក្រុងមូស្គូ កំពុងបញ្ចេញសង្គ្រាមវោហារសាស្ត្រនេះ គឺកងទ័ពរុស្ស៊ីជិត ២០ម៉ឺននាក់បានឡោមព័ទ្ធប្រទេសអ៊ុយក្រែនទៅហើយ ជាមួយនឹងការដាក់ពង្រាយកាំភ្លើងធំ ប្រព័ន្ធមីស៊ីល រថក្រោះ រថពាសដែក និងយន្តហោះចម្បាំងយ៉ាងច្រើននៅតាមព្រំដែនភាគខាងកើត និងភាគខាងត្បូងប្រទេសអ៊ុយក្រែន ដែលជាប់នឹងរុស្ស៊ី។
នៅពេលលោក ពូទីន បញ្ជាទ័ពវាយចូលប្រទេសអ៊ុយក្រែន គឺដំបូងក្រោមពាក្យថា ទៅរំដោះប្រជាជនរុស្ស៊ីនៅក្នុងតំបន់ដុនបាស តែការពិត លោក ពូទីន បញ្ជាឱ្យកងទ័ពរុស្ស៊ីវាយកាន់កាប់រដ្ឋធានីគៀវ ដើម្បីបញ្ចប់ការដឹកនាំរបស់រដ្ឋាភិបាលប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី ក្រោមផែនការបង្កើតរដ្ឋាភិបាលអាយ៉ង ដើម្បីឲ្យរដ្ឋាភិបាលអាយ៉ងនោះយល់ព្រមប្រគល់ដែនដីឲ្យរុស្ស៊ី នៅភាគខាងកើតប្រទេស តែនៅពេលវាយកាន់កាប់ទីក្រុងគៀវ មិនបានដូចផែនការរបស់ខ្លួន លោក ពូទីន បានកែប្រែផែនការដោយបង្គាប់ទៅប្រជាជន និងមន្ត្រីរបស់លោកឲ្យហៅថាជាប្រតិបត្តិការសឹកពិសេស។
ពាក្យថា ប្រតិបត្តិការសឹកពិសេសនេះ គឺការពិត លោក ពូទីន លាក់បាំងភាពអៀនខ្មាសរបស់លោកដែលមហាអំណាចមួយធ្វើសង្គ្រាមទៅលើប្រទេសទន់ខ្សោយមួយ បែរជាមិនអាចផ្ដួលរំលំរដ្ឋាភិបាលរបស់ប្រទេសនោះបាន។ អ្វីជាការខ្មាសអៀននោះ គឺរុស្ស៊ីដែលមានព្រំដែនគោកជាប់នឹងប្រទេសអ៊ុយក្រែន បានលើកទ័ពដល់ទៅ ២០ម៉ឺននាក់ និងសព្វាវុធទំនើបៗឡោមព័ទ្ធអ៊ុយក្រែន ហើយបែរមិនងាយវាយឈ្នះទៀតនោះ គឺជារឿងអាម៉ាស់បំផុត។
ដោយហេតុនេះ លោក ពូទីន បានបង្គាប់ទៅម៉ាស៊ីនឃោសនារបស់លោកឱ្យបន្តហៅថាជាប្រតិបត្តិការសឹកពិសេស ហើយពាក្យនេះត្រូវបានលោក ពូទីន បង្គាប់ទៅសមាជិកសភាឲ្យអនុម័តទៀតផង។
ប៉ុន្តែសមាជិកសភាក្រុមប្រឆាំងដែលមានសំឡេងតិចតួចក្នុងរដ្ឋសភា មិនយល់ស្របនោះទេ។ ព្រោះតែមិនយល់ស្របនេះហើយ ដែលសមាជិកសភាបក្សប្រឆាំងយ៉ាងតិច ១៥០រូបបានចេញសេចក្ដីថ្លែងការណ៍ចំហ ដោយទាមទារឱ្យលោក ពូទីន ពិចារណាឡើងវិញនូវការធ្វើសង្គ្រាមលើជាតិសាសន៍មួយដែលមានអំបូរប្រហាក់ប្រហែលគ្នា។
ក្រុមសភាបក្សប្រឆាំងថា សង្គ្រាមនេះគឺជាការសម្លាប់ជាតិសាសន៍មួយដែលរស់នៅជិតខាងខ្លួនឯងប៉ុណ្ណោះ។ មេបក្សប្រឆាំងដ៏ល្បីម្នាក់ គឺលោក Alexei Navalny ដែលត្រូវបានកាត់ទោសដោយតុលាការរបស់លោក ពូទីន ក្រោមបទចោទថា ក្បត់ជាតិ និងបំពានច្បាប់ហាមចាកចេញពីប្រទេស គឺបុរសនេះហើយជាអ្នកផ្ដើមហៅលោក ពូទីន ថាបើកទ្វារសង្គ្រាមវាយលើប្រទេសជិតខាងដែលមានជាតិសាសន៍ វប្បធម៌ប្រហាក់ប្រហែលនឹងគ្នា គឺជាអំពើឆ្កួតលីលា។
លោក Navalny បន្តរិះគន់ថា វាគ្មានផែនការណាចាំបាច់ត្រូវបើកប្រតិបត្តិការសឹកពិសេសអ្វីនោះទេ គឺមិនមានផលប្រយោជន៍អ្វីដល់សន្តិភាពក្នុងតំបន់ និងប្រជាជនរុស្ស៊ីនោះទេ។ លោកថា សង្គ្រាមនេះគ្មានន័យអ្វីទេក្រៅតែពីសម្លាប់ជនស៊ីវិលយ៉ាងរង្គាលប៉ុណ្ណោះ។
ការថ្លែងរបស់លោក Navalny ធ្វើឡើងនៅក្នុងសវនាការកាលពីជិតមួយខែមកនេះ ខណៈតុលាការក្រុងមូស្គូ បន្តជំនុំជម្រះក្ដីលោក Navalny ករណីប្ដឹងលោកពីបទប្រព្រឹត្តអំពើពុករលួយដោយកិបកេងប្រាក់រៃអង្គាសដើម្បីធ្វើសកម្មភាពនយោបាយ ដែលរបបលោក ពូទីន ចោទថាធ្វើនយោបាយបំផ្លាញសណ្ដាប់ធ្នាប់សង្គម។
ដោយមើលឃើញថាមេបក្សប្រឆាំងផ្ដើមប្រឆាំងនឹងលោក ពូទីន លើកទ័ពចូលលុកលុយប្រទេសអ៊ុយក្រែន គឺសមាជិកសភារបស់លោក ពូទីន បានអនុម័តច្បាប់ចាប់ក្រុមប្រឆាំង និងប្រព័ន្ធផ្សព្វផ្សាយដែលប្រើពាក្យថា «រុស្ស៊ីធ្វើសង្គ្រាមលើប្រទេសអ៊ុយក្រែន» នោះ ឲ្យមានទោសដល់ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ច្រើនលានទៀតផង។
តាមសេចក្ដីរាយការណ៍របស់សារព័ត៌មានជាច្រើនបានចុះផ្សាយថា រហូតមកដល់ពេលនេះ អាជ្ញាធររបបលោក ពូទីន នៅតែតាមប្រមាញ់ក្រុមប្រឆាំងដែលនៅតែរិះគន់លោក ពូទីន ធ្វើសង្គ្រាមវាយទៅលើប្រទេសអ៊ុយក្រែន។
តាមដំណឹងមកថា អាជ្ញាធរនៅតែបន្តចាប់ខ្លួនក្រុមប្រឆាំងណាដែលនៅតែហៅសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ថា «រុស្ស៊ីធ្វើសង្គ្រាមលើទឹកដីអ៊ុយក្រែន»។
នៅពេលភ្លើងសង្គ្រាមនៅលើទឹកដីអ៊ុយក្រែន ឆាបឆេះបាន ៣-៤ថ្ងៃ ប្រជាជនរុស្ស៊ី រាប់ម៉ឺននាក់បានធ្វើបាតុកម្មប្រឆាំងនឹងវិមានក្រឹមឡាំង ដោយទាមទារឱ្យបញ្ចប់សង្គ្រាម។ បាតុករទាំងនោះត្រូវបានរដ្ឋាភិបាលលោក ពូទីន ចោទថាជាក្រុមប្រឆាំង។ លោក ពូទីន បង្គាប់ឱ្យវាយបង្ក្រាបក្រុមនេះដោយចាប់ខ្លួនយកមកកាត់ទោស ក្រោមច្បាប់ថ្មីដែលហាមពលរដ្ឋរិះគន់ផែនការរបស់រដ្ឋាភិបាលលើកទ័ពវាយលើប្រទេសអ៊ុយក្រែន។
មកដល់ពេលនេះ គេពុំដឹងថា ប្រជាជនប៉ុន្មានពាន់នាក់ពិតប្រាកដដែលត្រូវបានចាប់ខ្លួន និងកាត់ទោស។
ប៉ុន្តែបណ្ដាញផ្សាយព័ត៌មានរបស់បស្ចិមប្រទេសបានឱ្យដឹងថា យ៉ាងតិចជិតមួយម៉ឺននាក់ត្រូវបានចាប់ខ្លួន។ អំឡុងច្បាប់ហាមរិះគន់របបលោក ពូទីន ធ្វើសង្គ្រាមនៅលើទឹកដីអ៊ុយក្រែន ត្រូវបានអនុវត្ត គេសង្កេតឃើញប្រជាជនរុស្ស៊ី ជាពិសេសប្រជាជននៅក្រុងមូស្គូ បានបញ្ឈប់ការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលលោក ពូទីន ប៉ុន្តែពួកគេភាគច្រើនត្រូវបានរាយការណ៍មកថាបានរត់ទៅសុំសិទ្ធិជ្រកកោននៅបណ្ដាប្រទេសជិតខាងនឹងរុស្ស៊ី៕