35 C
Phnom Penh

លោក ហ៊ុន សែន បន្ត​កាត់​ដី​បឹង​តាមោក​ឱ្យ​មន្ត្រី​ផ្កាយ​៤ និង​មន្ត្រី​ផ្សេង​ទៀត​ធ្វើជា​កម្មសិទ្ធិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន បន្ត​កាត់​ផ្ទៃដី​បឹង​តាមោក​បន្ថែម​ទៀត ដើម្បី​ប្រគល់​ទៅ​ឱ្យ​មន្ត្រី​ពាក់​ផ្កាយ​៤ និង​មន្ត្រី​ផ្សេង​ទៀត​ធ្វើជា​កម្មសិទ្ធិ ស្រប​ពេល​ដែល​ផ្ទៃដី​បឹង​ធម្មជាតិ​ដែល​នៅ​សល់​ចុងក្រោយ ត្រូវ​បាន​រដ្ឋាភិបាល​កាត់ និង​ដោះដូរ​អស់​ជាង ២​ពាន់​ហិកតារ​ហើយ​នោះ។

ក្នុង​អនុក្រឹត្យ​មួយ​ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​សម្រេច​កាត់​ផ្ទៃដី​បឹង​តាមោក​ចំនួន​ពីរ​ទីតាំង​ដែល​មាន​ទំហំ​ជាង ៦​ហិកតារ (៦១៨៣៦​ម៉ែត្រ​ក្រឡា) ស្ថិត​នៅ​សង្កាត់​ពញាពន់ ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ចេញពី​ផ្ទៃ​បឹង​តាមោក (បឹង​កប់ស្រូវ) ដើម្បី​ប្រគល់​ឱ្យ​លោក សេង យូអ៊ាន់ ធ្វើជា​កម្មសិទ្ធិ ដោយ​ពន្ធ និង​អាករ​ផ្សេងៗ​ជា​បន្ទុក​របស់​រដ្ឋ​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ។

លោក សេង យូអ៊ាន់ មាន​ឋានន្តរស័ក្តិ​ជា​នាយ​ឧត្តមសេនីយ៍ (ផ្កាយ​៤) ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ស្តុភារ និង​ហិរញ្ញវត្ថុ​ក្រសួង​មហាផ្ទៃ។

បឹង​តាមោក​មាន​ផ្ទៃដី​សរុប​ជាង ៣​ពាន់​ហិកតារ (៣២៣៩​ហិកតារ) ជា​អាង​ស្ដុក​ទឹក​កខ្វក់ និង​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ ហើយ​បឹង​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​មួយ​កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដោយ​កំណត់​បឹង​ធម្មជាតិ​មួយ​នេះ​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ។

ប៉ុន្តែ​បើ​យោង​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ដែល​បាន​ចេញ​ជា​បន្តបន្ទាប់​ចាប់តាំងពី​ឆ្នាំ​២០១៨ ដល់​ចុង​ខែ​ធ្នូ ឆ្នាំ​២០២២ ផ្ទៃ​បឹង​តាមោក​សរុប​ជាង ២​ពាន់​ហិកតារ​ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​កាត់ ឬ​ដោះដូរ​ទៅ​ឱ្យ​ស្ថាប័ន​រដ្ឋ ក្រុមហ៊ុន​ឯកជន ដែល​គេ​ដឹង​ថា​ជា​អ្នក​មាន​ប្រាក់ និង​មាន​អំណាច​សម្រាប់​សាងសង់​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ព្រមទាំង​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន។

ក្រៅពី​កាត់ និង​ដោះដូរ​នោះ លោក ហ៊ុន សែន ក៏​បាន​កាត់​ដី​បឹង​តាមោក ឬ​ទំនប់​កប់ស្រូវ ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ ចំនួន ២០​ហិកតារ​ឱ្យ​ប្អូនស្រី​បង្កើត​របស់​លោក គឺ​អ្នកស្រី ហ៊ុន សេងនី និង​ឧកញ៉ា ឡាញ់ ភារ៉ា។

បឹង​នេះ​ក៏​ត្រូវ​បាន​កាត់​ទៅ​ឲ្យ​លោក វង្ស ពិសេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ លោក សៅ សុខា មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក យ៉ា គឹមអ៊ី មន្ត្រី​ជាន់ខ្ពស់​នៃ​នាយកដ្ឋាន​អធិការកិច្ច​នៃ​ក្រសួង​ការពារ​ជាតិ។

ក្រោយ​ពី​មាន​ការ​កាត់ និង​ដោះដូរ រួម​ទាំង​លុប​បឹង​ធម្មជាតិ​ធំៗ​នៅ​កណ្ដាល​ក្រុង​មក រាជធានី​ភ្នំពេញ​បាន​រង​ការ​ជន់​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង ទោះបីជា​ភ្លៀង​ធ្លាក់​មិន​ដល់​មួយ​ម៉ោង​ក៏ដោយ។ ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា បញ្ហា​ទឹកជំនន់​ដែល​បង្ក​ឱ្យ​លិច​រាជធានី​ភ្នំពេញ មិន​មែន​បណ្ដាល​មកពី​ការ​លុប​បឹង​ធម្មជាតិ​នោះ​ទេ ដោយ​ថា​កន្លងមក ទោះបីជា​មិន​លុប​បឹង រាជធានី​ភ្នំពេញ​ក៏​មាន​ទឹកជំនន់​ដែរ ដែល​ករណី​នេះ​លោក​ថា​គួរ​តែ​ឈប់​រិះគន់​ពី​បញ្ហា​នេះ។

របាយការណ៍​មួយ​របស់​អង្គការ​សមាគម​ធាងត្នោត ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​លើកឡើង​ថា គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ​២០២១ ផ្ទៃ​បឹង​តាមោក ឬ​បឹង​កប់ស្រូវ ជាង ២​ពាន់​ហិកតារ (២០៩៤,៧១៦៥​ហិកតារ) ឬ​ស្មើ​ជិត ៦៥% ត្រូវ​បាន​រដ្ឋាភិបាល​កាត់​ឱ្យ​ឧកញ៉ា ក្រុមហ៊ុន​ឯកជន និង​ស្ថាប័ន​សាធារណៈ ដែល​សរុប​នៃ​ការ​កាត់​ទាំងអស់​មាន​ចំនួន ៤៣​ដង។

បើ​តាម​ផែនទី​នោះ ផ្ទៃ​បឹង​តាមោក ឬ​បឹង​ទំនប់​កប់ស្រូវ​ស្ទើរតែ​ទាំងស្រុង​ត្រូវ​បាន​កាត់​គ្រប់​ទីកន្លែង​នៃ​ផ្ទៃ​បឹង​ទៅ​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស