31 C
Phnom Penh

កូនស្រី​លោក កឹម សុខា ថា​សំណួរ​តំណាង​អយ្យការ​បង្កប់​ចេតនា​ទុច្ចរិត​បំភ្លៃ​ការពិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូនស្រី​ច្បង​មេដឹកនាំ​បក្ស​ប្រឆាំង កញ្ញា កឹម មនោវិទ្យា អះអាង​ថា សំណួរ​របស់​តំណាង​អយ្យការ​ក្នុង​សវនាការ​លោក កឹម សុខា កាលពី​ថ្ងៃ​ពុធ ទី​១៥ មិថុនា ដែល​បាន​សួរ​លោក កឹម សុខា ពី​មូលហេតុ​នៃ​ការ​រួបរួម​ជាមួយ​លោក សម រង្ស៊ី គឺជា​សំណួរ​បង្កប់​ចេតនា​ទុច្ចរិត​ក្នុង​គោលបំណង​បំភ្លៃ​ការពិត​នៃ​ការ​រួបរួម​ឱ្យ​មាន​គណបក្ស​សង្គ្រោះ​ជាតិ។

កូនស្រី​ច្បង​មេដឹកនាំ​បក្ស​ប្រឆាំង កញ្ញា កឹម មនោវិទ្យា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២២ ថា តុលាការ​មិន​ចាំបាច់​សួរ​សំណួរ​បែប​ឡប់ឡែ​បន្ត​ទៀត​នោះ​ទេ ព្រោះ​ថា​ចាប់តាំងពី​សង្គ្រោះ​ជាតិ​បង្កើត​រហូត​ដល់​ពេល​ដែល​តុលាការ​បាន​រំលាយ គណបក្ស​សង្គ្រោះ​ជាតិ ក៏ដូចជា​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី មិន​ដែល​ប្រព្រឹត្ត​ទង្វើ​ខុសច្បាប់​ឡើយ ដូច្នេះ​គ្មាន​មូលហេតុ​អ្វី​ដែល​លោក កឹម សុខា មិន​អាច​រួម​ជាមួយ​សម រង្ស៊ី នៅ​ពេល​នោះ​ទេ។

កូនស្រី​ច្បង​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ការ​រួបរួម​បង្កើត​បាន​ជា​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ដោយសារ​មាន​ការ​ជំរុញ​ពី​ពលរដ្ឋ​ខ្មែរ​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ​ក្នុង​គោលដៅ​ប្រមូល​ផ្តុំ​កម្លាំង​អ្នក​ស្នេហា​ជាតិ ដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ​តាមរយៈ​នៃ​ការ​បោះឆ្នោត​ជា​វិជ្ជមាន​នៅ​កម្ពុជា។ ប៉ុន្តែ​សំណួរ​របស់​តំណាង​អយ្យការ​ក្នុង​សវនាការ​របស់​លោក កឹម សុខា កាលពី​ថ្ងៃ​ទី​១៥ មិថុនា គឺជា​សំណួរ​ឡប់ឡែ​ក្នុង​គោលបំណង​បើក​ឱកាស​ឱ្យ​ភាគី​ដែល​បែក​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ វាយប្រហារ​លោក កឹម សុខា តែប៉ុណ្ណោះ។

កញ្ញា កឹម មនោវិទ្យា បញ្ជក់​ថា ស្មារតី​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា នៅតែ​រក្សា​សកម្មភាព​សុចរិត​ត្រឹមត្រូវ​ស្របច្បាប់​រហូត​មក ក្នុង​នោះ​លោក កឹម សុខា ក៏​ធ្លាប់​បាន​បង្ហាញ​ពី​ការ​មិន​គាំទ្រ​ជំហរ​នយោបាយ​របស់​លោក សម រង្ស៊ី មួយ​ចំនួន​ផង​ដែរ បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ ដោយសារតែ​អ្នក​ទាំងនោះ​ធ្វើ​សកម្មភាព​ប្រាសចាក​ពី​ជំហរ​គណបក្ស​សង្គ្រោះ​ជាតិ រហូត​ពួកគេ​បង្ហាញ​សកម្មភាព​ដើរ​ចេញពី​គណបក្ស​ប្រឆាំង​កាលពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លង​ទៅ​នោះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​សវនាការ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ ត្រូវ​បាន​តំណាង​អយ្យការ​សាកសួរ​លោក កឹម សុខា នូវ​សំណួរ​ជាច្រើន​ជុំវិញ​ទំនាក់ទំនង​រវាង​លោក កឹម សុខា និង​លោក សម រង្ស៊ី សព្វថ្ងៃ​នេះ ដោយ​ភ្ជាប់​ទៅ​នឹង​ការ​រួបរួម​របស់​ពួកគេ​កាលពី​ឆ្នាំ​២០១២ កន្លង​ទៅ។

កាលពី​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២២ បន្ទាប់ពី​សវនាការ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក៏​ត្រូវ​បាន​គេ​ទម្លាយ​សំឡេង​ភ្លាមៗ​ត្រង់​ចំណុច​ដែល​លោក កឹម សុខា បាន​ឆ្លើយតប​នឹង​សំណួរ​របស់​តំណាង​អយ្យការ លោក ប្លង់ សុផល ថា​លោក​នឹង​គ្មាន​ទំនាក់ទំនង​អ្វី​ទាំងអស់​ជាមួយ​លោក សម រង្ស៊ី ចាប់​ពី​ពេល​នេះ​តទៅ។

ជុំវិញ​ការ​ទម្លាយ​សំឡេង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នេះ បាន​ធ្វើ​ឱ្យ​មាន​ការ​រិះគន់ និង​វាយប្រហារ​ពី​ភាគី​លោក សម រង្ស៊ី យ៉ាង​ចាស់ដៃ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម ខណៈ​ភាគី​អ្នក​គាំទ្រ​លោក កឹម សុខា នៅ​តែ​បង្ហាញ​ពី​ជំហរ​ដែល​រួបរួម​ក្រោម​ស្មារតី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ទៀត។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៦ មិថុនា នេះ​ថា ក្នុង​នាម​ជា​អ្នក​ដឹកនាំ​កំពូល​ម្នាក់ ត្រូវតែ​ហ៊ាន​ស៊ី ហ៊ាន​សង ក្នុង​ការ​បង្ហាញ​ជំហរ​នយោបាយ​អហិង្សា​របស់​ខ្លួន ស្រប​ពេល​ដែល​លោក សម រង្ស៊ី នៅ​ពេល​នេះ​កំពុង​ដឹកនាំ​ទៅ​រក​ការ​បង្កើត​គំនុំ​សងសឹក ហិង្សា​ជ្រុល​និយម ដោយ​ការ​ប្រើ​វោហារ​ស័ព្ទ​បែប​អសុរោះ​ដាក់​គ្នា​ជាមួយ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន យ៉ាង​អានាធិបតេយ្យ​ទៅ​ហើយ​នោះ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ការ​វាយប្រហារ​លើ​លោក កឹម សុខា ជុំវិញ​សារ​សំឡេង​ដែល​បែកធ្លាយ​នោះ គឺ​មិន​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ និង​សកម្មភាព​តស៊ូ​ដើម្បី​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​ដែល​គាត់​កំពុងតែ​ប្រឹងប្រែង​តស៊ូ​សព្វថ្ងៃ​នេះ​ទេ។ ដូច្នេះ ការ​ព្យាយាម​បញ្ចេញ​សារ​សំឡេង​នេះ គឺ​គ្រាន់តែ​ជា​ការ​ញុះញង់​ឱ្យ​មាន​ការ​វាយប្រហារ​ពី​ភាគី​លោក សម រង្ស៊ី ដែល​គណបក្ស​កាន់​អំណាច​ចង់​បាន​តែប៉ុណ្ណោះ ព្រោះ​ថា​ទង្វើ​បែប​នេះ​គ្រាន់តែ​ជា​ល្បិចកល​នយោបាយ​ទុច្ចរិត​ដែល​គេ​ធ្លាប់​ប្រើ​ដើម្បី​យក​ឈ្នះ​ដៃគូ​នយោបាយ​របស់​ពួកគេ​ប៉ុណ្ណោះ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ការ​លេង​ល្បែង​ដដែលៗ​របស់​បក្ស​កាន់​អំណាច​បែប​នេះ គឺ​គ្មាន​លទ្ធផល​ល្អ​សម្រាប់​ជាតិ​មាតុភូមិ​នោះ​ទេ គឺ​មាន​តែ​នាំ​ឱ្យ​មាន​ការ​បែកបាក់​ជាតិ​កាន់តែ​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ ដូច្នេះ​ក្នុង​នាម​ជា​អ្នក​ដឹកនាំ​កំពូលៗ​គួរតែ​នាំគ្នា​គិតគូរ​ពី​ប្រយោជន៍​ជាតិ ជាជាង​នាំគ្នា​លេង​ល្បែង​គំនុំ​បុគ្គល​បន្ត​ទៀត។

ក្រោយ​ពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​រង​ការ​រិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ ថា​កំពុង​សម្លាប់​ផ្តាច់​ឫសគល់​លទ្ធិប្រជាធិបតេយ្យ​ដែល​កំពុង​តែ​លូតលាស់​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស