41.3 C
Phnom Penh

សង្គម​ស៊ីវិល​សុំ​អន្តរាគមន៍​ពី​លោក ហ៊ុន សែន រឿង​សេចក្តី​ព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាង ៣០​ស្ថាប័ន នាំគ្នា​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​លោក ហ៊ុន សែន ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ឱ្យ​បាន​ឆាប់។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (CamboJa) លោក ណុប វី បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់ពី​ការ​ដាក់​លិខិត នៅ​ថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា សេចក្តី​ព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន ត្រូវ​បាន​បញ្ចប់​ការ​ពិនិត្យ​ពី​ក្រុម​បច្ចេកទេស​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ក្រសួង​ព័ត៌មាន តាំងពី​ឆ្នាំ​២០១៨ មក​ម្ល៉េះ ប៉ុន្តែ​សេចក្តី​ព្រាង​នៃ​ច្បាប់​នេះ​នៅ​មិន​ទាន់​អនុម័ត​ដាក់​ឱ្យ​ប្រើប្រាស់​នៅឡើយ ក្រោយ​បញ្ចប់​ការ​ពិនិត្យ​អស់​រយៈពេល ៤​ឆ្នាំ​ទៅ​ហើយ​នោះ។

តំណាង​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​លើកឡើង​ថា គោល​បំណង​សំខាន់​នៃ​ការ​ដាក់​លិខិត​នេះ គឺ​ដើម្បី​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ឱ្យ​បញ្ចប់​ដំណើរការ​នៃ​ការ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី “សិទ្ធិ​ទទួល​ព័ត៌មាន” នេះ ដែល​មាន​ការ​ដាក់​បញ្ចូល​នូវ​ធាតុ​ចូល​ពី​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ដាក់​ជូន​ទៅ​រដ្ឋសភា​ពិភាក្សា និង​អនុម័ត​ឱ្យ​បាន​ឆាប់​រហ័ស។

ប្រភព​ដដែល​បញ្ជាក់​ថា អង្គការ​សង្គម​ស៊ីវិល​កំពុង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ធានា​ឱ្យ​សម្រេច​បាន​នូវ​កម្មវិធី​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​កម្ពុជា ជាពិសេស​ទៅ​លើ​ការ​លើក​កម្ពស់ “សិទ្ធិ​ទទួល​ព័ត៌មាន” ដើម្បី​ចូលរួម​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​សម្រាប់​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ និង​ទៅ​ថ្ងៃ​អនាគត។

កាលពី​ដើម​ខែ​ឧសភា ឆ្នាំ​២០២២ អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) បាន​ដាក់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២២ ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី​១៤២ ក្នុង​ចំណោម​ប្រទេស​១៨០ ខណៈ​ឆ្នាំ​២០២១ កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១៤៤ ប៉ុន្តែ​បើ​ទោះ​បី​ជា​កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ​ជាង​មុន​ក៏ដោយ ក៏​ជា​លេខ​រៀង​ដែល​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​មិន​ល្អ​ដដែល។

យ៉ាងណាក៏ដោយ មេដឹកនាំ​ខ្មែរ​ឧស្សាហ៍​ប្រើ​កណ្ដាប់ដៃ​ដែក លោក ហ៊ុន សែន បាន​អះអាង​ក្នុង​ឱកាស​កម្ពុជា​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​សកលលោក​លើក​ទី​២៩ កាលពី​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០២២ កន្លងទៅ​ថា លោក​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​គាំពារ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​សេរីភាព​ខាង​សារព័ត៌មាន​នៅ​ក្នុង​ក្របខ័ណ្ឌ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​ឱ្យ​បាន​ដាច់ខាត។

ប៉ុន្តែ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) និង​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (CamboJA) បាន​បង្ហាញ​របាយការណ៍​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅលើ​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​កាលពី​ពេល​កន្លងទៅ​ថា ការ​ធ្វើ​ទុក្ខ​លើ​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​នា​ពេល​កន្លង​មក​មាន​ចំនួន​ប្រមាណ​ជា ៥០​ករណី​ហើយ ក្នុង​នោះ​អ្នក​សារព័ត៌មាន​ដែល​បាន​រងគ្រោះ​មាន​ចំនួន​ជិត ១០០​នាក់ ហើយ​ជាង ៣០​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន និង​ជាង ២០​នាក់​ទៀត​ត្រូវ​ប្រឈម​បណ្ដឹង​ផ្លូវច្បាប់ ដោយឡែក​អ្នក​ដទៃ​ទៀត​ត្រូវ​ទទួល​រង​នូវ​ការ​គំរាមកំហែង និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា​ជា​បន្តបន្ទាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស