27 C
Phnom Penh

អ្នក​ឃ្លាំមើល៖ បើ​ចិន​មាន​កងទ័ព​លើ​ទឹកដី​កម្ពុជា នោះ​កងទ័ព​អាមេរិក​ក៏​អាច​មាន​លើ​ទឹកដី​ថៃ​និង​វៀតណាម​ដែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា អះអាង​ថា កង​នាវា​ជើងទឹក​របស់​អាមេរិក​នឹង​មាន​វត្តមាន​លើ​ទឹកដី​ថៃ ហើយ​កងទ័ព​អាមេរិក​ក៏​នឹង​មាន​នៅ​លើ​ទឹកដី​វៀតណាម ដើម្បី​ពង្រឹង​ការ​ការពារ​ដែន​សមុទ្រ​របស់​ប្រទេស​ទាំងនោះ នៅ​ពេល​ដែល​កងទ័ព​ជើងទឹក​ចិន បង្ហាញ​ខ្លួន​លើ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​របស់​កម្ពុជា។

អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា លោក សុខ សុគន្ធ អះអាង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​១៦ ខែ​មិថុនា ថា ថៃ និង​វៀតណាម ប្រាកដ​ជា​នឹង​ឆ្លើយតប​យ៉ាង​សមស្រប​ចំពោះ​កម្ពុជា នៅ​ពេល​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន ឃុបឃិត​ឱ្យ​មាន​កងទ័ព​ចិន​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​របស់​ខ្លួន។ លោក​បន្ត​ថា ភូមិសាស្ត្រ​តំបន់​រាម​នេះ គឺជា​ទីតាំង​ងាយ​បង្ក​ហានិភ័យ​ដល់​អធិបតេយ្យ​ជាតិ​របស់​ប្រទេស​ជិតខាង​ទាំង​ពីរ​នេះ​យ៉ាង​ខ្លាំង។

លោក សុខ សុគន្ធ អះអាង​ថា វាសនា​របស់​កម្ពុជា​នឹង​វិល​ទៅ​រក​ដាន​ប្រវត្តិសាស្ត្រ​ឡើងវិញ ប្រសិនបើ​កម្ពុជា​ប្រើ​អព្យាក្រឹត​ក្លែងក្លាយ​លួច​សហការ​គ្នា​ជាមួយ​ប្រទេស​កុម្មុយនីស្ត ដោយ​យក​កម្ពុជា​ជា​ទីតាំង​សម្រាប់​ផ្គត់ផ្គង់​ស្បៀងអាហារ អាវុធ​យុទ្ធភណ្ឌ និង​ជា​ជម្រក​របស់​ពួក​កុម្មុយនីស្ត ដូច​ដែល​មេដឹកនាំ​កម្ពុជា​ធ្លាប់​បាន​ធ្វើ​ក្នុង​អំឡុង​ទសវត្ស​ឆ្នាំ​១៩៦០ ដែល​នាំ​ឱ្យ​កម្ពុជា​ធ្លាក់​ចូល​ទៅ​ក្នុង​ភ្លើង​សង្គ្រាម​ស្ទើរតែ​រលាយ​ប្រទេស​នៅ​ពេល​នោះ។

អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា នៅ​ពេល​ដែល​ចិន​គ្រប់គ្រង​កម្ពុជា និង​ឡាវ​បាន​សម្រេច វៀតណាម និង​ថៃ ប្រាកដ​ជា​ធ្លាក់​ចូល​ក្នុង​គ្រោះអាសន្ន​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ការ​ឈ្លានពាន​របស់​ចិន​លើ​ដែន​អធិបតេយ្យ​របស់​ពួកគេ។ ដូច្នេះ ប្រទេស​ទាំងនោះ​បាន​ប្រុងប្រយ័ត្ន​យ៉ាង​ខ្លាំង​ចំពោះ​ទំនាក់ទំនង​កម្ពុជា-ចិន ដែល​ឈាន​ទៅ​រក​ការ​ឃុបឃិត​គ្នា​តាម​បែប​ទុច្ចរិត ដោយ​ការ​លួច​ដាក់​កងទ័ព​ចិន​លើ​ទឹកដី​របស់​ខ្លួន​តាម​រយៈ​បំណុល​វ័ណ្ឌក​របស់​កម្ពុជា​ដែល​ជំពាក់​ចិន​សព្វថ្ងៃ​នេះ។

លោក សុខ សុគន្ធ បញ្ជាក់​ថា របៀប​ដឹកនាំ​នយោបាយ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដែល​ចូល​ដៃ​ជាមួយ​កុម្មុយនីស្ត​ចិន ប្រាសចាក​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ដូច​សព្វថ្ងៃ​នេះ មិន​មែន​ជា​មធ្យោបាយ​ល្អ​សម្រាប់​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ​ទេ ព្រោះ​វា​នឹង​បង្ក​សត្រូវ​ជុំ​ទិស​ដូចជា ប្រទេស​ថៃ វៀតណាម និង​បង្ក​សត្រូវ​ជាមួយ​មហាអំណាច​លោក​សេរី​ផង​ដែរ។ ជាង​នេះ​ទៀត គឺ​បង្ក​សត្រូវ​ជាមួយ​ជនជាតិ​របស់​ខ្លួន​តែម្តង។

បញ្ហា​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​របស់​កម្ពុជា បាន​នាំ​ឲ្យ​មហាអំណាច​សហរដ្ឋ​អាមេរិក ព្រួយបារម្ភ​ជា​ខ្លាំង។

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា កម្ពុជា​កំពុង​ធ្លាក់​ចូល​បន្តិច​ម្តងៗ​ទៅ​ក្នុង​នយោបាយ​របស់​ចិន ដែល​មាន​មហិច្ឆតា​គ្រប់គ្រង​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​របស់​កម្ពុជា ដើម្បី​ឈ្លានពាន​ប្រទេស​ដទៃ​ទៀត។

កាលពី​ថ្ងៃទី​៨ ខែ​មិថុនា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​អះអាង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​រោង​ជាង​ជួសជុល​នាវា ផែ​សំចត និង​ស្ដារ​ឃ្លង​នៅ​មូលដ្ឋាន​សមុទ្រ​រាម​ខេត្ត​ព្រះសីហនុ ថា កម្ពុជា​ស្វាគមន៍​ប្រទេស​ណា​ក៏ដោយ​ដែល​ចង់​បញ្ជូន​នាវា​មក​ចត​នៅ​ឆ្នេរ​រាម​កម្ពុជា។ ប៉ុន្តែ​សារ​មួយ​ឃ្លា​របស់​លោក ទៀ បាញ់ ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​នោះ គឺ​លោក​បញ្ជាក់​ថា មន្ត្រី​យោធា​បរទេស​ណា​ក៏ដោយ​នឹង​មិន​អនុញ្ញាត​ឲ្យ​ចូល​ពិនិត្យ ឬ​ចង់​ស្វែងរក​ការពិត​ណា​មួយ​នោះ​ទេ បើ​កម្ពុជា​មិន​អនុញ្ញាត។ លោក ទៀ បាញ់ បញ្ជាក់​ថា វា​គឺជា​រឿង​សម្ងាត់​របស់​កម្ពុជា ក្នុង​នាម​ជា​រដ្ឋ​អធិបតេយ្យ។

ការ​អះអាង​របស់​លោក ទៀ បាញ់ បែប​នេះ បាន​នាំ​ឲ្យ​មន្ត្រី​ទូត​បស្ចិម​ប្រទេស​មាន​ការ​សង្ស័យ​កាន់តែ​ខ្លាំង​ថែម​ទៀត​អំពី​អនាគត​ឆ្នេរសមុទ្រ​រាម​កម្ពុជា ថា​អាច​នឹង​មាន​សព្វាវុធ​របស់​ចិន ហើយ​ក៏​អាច​មាន​វត្តមាន​កងទ័ព​ជើងទឹក​ចិន​នៅ​ទីនោះ​ផង​ដែរ។

មាត្រា​៥៣ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​លើ​ទឹកដី​របស់​ខ្លួន ហើយ​ក៏​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​បរទេស​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស