29 C
Phnom Penh

សាខា​បក្ស​ប្រឆាំង​នៅ​អាមេរិក​ថា​តុលាការ​មាន​ចេតនា​ឱ្យ​ក្រុម​លោក សម រង្ស៊ី វាយប្រហារ​លោក កឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក ឬ​ហៅថា CNRP-USA ព្រមាន​ថា សំណួរ​អយ្យការ​ដែល​បាន​សាកសួរ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គឺ​មាន​ចេតនា​ផ្តល់​ឱកាស​ឱ្យ​ក្រុម​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី មាន​លេស​វាយប្រហារ និង​មួលបង្កាច់​លើ​លោក កឹម សុខា ដើម្បី​ធ្វើ​ឱ្យ​បាត់បង់​ប្រជាប្រិយភាព។

សេចក្តី​ថ្លែងការណ៍​របស់ CNRP-USA កាលពី​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២២ បាន​កត់សម្គាល់​ថា មាន​ហេតុផល​មួយ​ចំនួន​ដែល​តំណាង​អយ្យការ​ប្រឹង​ជជីក​សួរ​លោក កឹម សុខា ឱ្យ​ឆ្លើយ​នឹង​សំណួរ​របស់​ខ្លួន​ដែល​បាន​បង្ហាញ​ចេតនា​យ៉ាង​ច្បាស់​របស់​ពួកគេ ដែល​បង្កប់​នូវ​គោលបំណង​របស់​បក្ស​កាន់​អំណាច​ក្នុង​ការ​ខ្ចី​ដៃ​ក្រុម​អ្នក​គាំទ្រ​លោក សម រង្ស៊ី វាយប្រហារ​លោក កឹម សុខា ចំពោះ​ចម្លើយ​របស់​លោក។

ប្រភព​ដដែល​អះអាង​ថា តាមរយៈ​ចម្លើយ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បាន​ដឹង​ជា​មុន​ហើយ​ថា លោក​នឹង​ទទួល​រង​នូវ​ការ​វាយប្រហារ និង​មួលបង្កាច់​ពី​ក្រុម​អ្នកគាំទ្រ​លោក សម រង្ស៊ី ជាក់​ជាមិនខាន ប៉ុន្តែ​លោក​នៅតែ​ជឿជាក់​ថា ពលរដ្ឋ​ខ្មែរ​នឹង​ផ្តល់​ការ​វិនិច្ឆ័យ​ដោយ​យុត្តិធម៌​ជូន​រូប​លោក​ដែល​តែងតែ​ការពារ​ស្មារតី​សង្គ្រោះ​ជាតិ​រហូត​មក។

ជាង​នេះ​ទៀត ទោះបី​លោក កឹម សុខា ដឹង​ច្បាស់​ពី​គោលបំណង​របស់​អយ្យការ​ដែល​ចង់​ឱ្យ​អ្នកគាំទ្រ​លោក សម រង្ស៊ី វាយប្រហារ​លើ​រូបលោក​ក៏ដោយ ក៏​លោក​នៅតែ​ឆ្លើយ​ទៅ​នឹង​សំណួរ​នេះ​ដដែល ព្រោះ​ថា​ក្នុង​នាម​លោក​ជា​មេដឹកនាំ​កំពូល​មួយ​រូប ត្រូវតែ​ហ៊ាន​និយាយ និង​ធ្វើ​កិច្ចការ​របស់​ខ្លួន​ឱ្យ​បាន​ច្បាស់លាស់ និង​ត្រឹមត្រូវ ស្អាតស្អំ ស្រប​តាម​ច្បាប់​របស់​កម្ពុជា​ដែល​មាន​ចែង។

ក្នុង​សវនាការ​លើក​ទី​៤៤ កាលពី​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២២ កន្លងទៅ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​ជជីក​សួរ​ពី​តំណាង​អយ្យការ លោក ប្លង់ សុផល ជុំវិញ​ទំនាក់ទំនង​ជាមួយ​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ដែល​បាន​រួបរួម​គ្នា​បង្កើត​ជា​គណបក្ស​សង្គ្រោះ​ជាតិ​រហូត​ដល់​លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៨​ឆ្នាំ​ដោយ​ចោទប្រកាន់​ពី​បទ «ក្បត់​ជាតិ» កាលពី​ពេល​ថ្មីៗ​នេះ។

ឆ្លើយ​នឹង​សំណួរ​របស់​តំណាង​អយ្យការ លោក កឹម សុខា បាន​បដិសេធ​នូវ​ទំនាក់ទំនង​ជាមួយ​លោក សម រង្ស៊ី ជុំវិញ​សំណុំរឿង​លោក សម រង្ស៊ី ដែល​តុលាការ​បាន​ចោទប្រកាន់ និង​កាត់ទោស​កាលពី​ដើម​សប្តាហ៍​នេះ ប៉ុន្តែ​ចម្លើយ​របស់​លោក កឹម សុខា ត្រូវ​បាន​គេ​លួច​ថត​ជា​សារ​សំឡេង​យក​ទៅ​ចែកចាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​នាំ​ឱ្យ​ក្រុម​អ្នកគាំទ្រ​លោក សម រង្ស៊ី វាយប្រហារ​លើ​លោក កឹម សុខា យ៉ាង​ធ្ងន់ធ្ងរ។

អតីត​អគ្គ​ទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១៦ មិថុនា ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ពិត​ជា​មិន​បាន​គាំទ្រ​ឱ្យ​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ប្រព្រឹត្ត​ទង្វើ​ល្មើស​នឹង​ច្បាប់​កម្ពុជា​នោះ​ទេ ព្រោះ​ថា​លោក​តែងតែ​ប្រកាន់​នូវ​សកម្មភាព​នយោបាយ​អហិង្សា​រហូត​មក។

បណ្ឌិត សូ ណារ៉ូ អះអាង​ថា សកម្មភាព​ហិង្សា និង​ទង្វើ​ល្មើស​ច្បាប់​របស់​លោក សម រង្ស៊ី បាន​លេច​ឡើង​នៅ​ពេល​ដែល​ប្រធាន​របស់​ខ្លួន គឺ​លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​លោក ហ៊ុន សែន ចាប់​ឃុំ​ខ្លួន​កាលពី​ឆ្នាំ​២០១៧ កន្លងទៅ ក្នុង​នោះ​លោក សម រង្ស៊ី បាន​ប្រកាស​ផ្តួល​រំលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្នុង​ផែនការ​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ និង​ការ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​កាលពី​ខែ​ធ្នូ ឆ្នាំ​២០២០ ជាដើម។

ចំណែក​អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា បាន​អះអាង​ថា លោក សម រង្ស៉ី និង​ក្រុម​របស់​គាត់​បាន​បង្ហាញ​នូវ​ការ​ផ្តាច់​ទំនាក់ទំនង​ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ភ្លាមៗ​បន្ទាប់ពី​គាត់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​យប់​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ មក​ម្ល៉េះ។

លោក មុត ចន្ថា អះអាង​ថា នៅ​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៧ លោក សម រង្ស៉ី បាន​អំពាវនាវ​ឱ្យ​អ្នក​នយោបាយ​ដែល​គាំទ្រ​រូបលោក​ចាប់ពី​សមាជិក​រដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ស្រុក រហូត​ដល់​ថ្នាក់​ឃុំ-សង្កាត់ នាំគ្នា​រត់​ចេញ​ទៅ​ក្រៅ​ប្រទេស​ចាកចោល​លោក កឹម សុខា ទាំងអស់ ដោយ​គ្មាន​ការ​តវ៉ា​ទាមទារ​រក​យុត្តិធម៌​ឱ្យ​មេដឹកនាំ​របស់​ខ្លួន​ដែល​កំពុង​រង​ការ​ចោទប្រកាន់​ទាំង​អយុត្តិធម៌​នោះ​ឡើយ។

ក្នុង​បន្ទប់​សវនាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១៥ ខែ​មិថុនា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​បញ្ជាក់​ថា ការ​រួបរួម​គ្នា​នៅ​ខែ​កក្កដា ឆ្នាំ​២០១២ គឺ​បាន​ធ្វើ​ឡើង​តាម​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ មិន​មែន​តាម​បរទេស​ណា​ប្រាប់​ឱ្យ​ធ្វើ ឬ​បង្គាប់​បញ្ជា​ឡើយ។ លោក​បន្ត​ថា ការ​រួបរួម​នោះ​ផ្អែកលើ​គោលការណ៍​អហិង្សា លក្ខន្តិកៈ និង​បទបញ្ជា​ផ្ទៃក្នុង​គណបក្ស និង​ច្បាប់​ជាតិ​ជា​ធរមាន។

លោក កឹម សុខា បាន​ប្រកាស​បញ្ជាក់​ជំហរ​យ៉ាង​ច្បាស់​ថា ទំនាក់ទំនង​រវាង​រូបលោក និង​លោក សម រង្ស៉ី គ្មាន​អ្វី​ជាប់​ពាក់ព័ន្ធ​គ្នា​ទៀត​នោះ​ទេ គឺ​បាន​បញ្ចប់​ហើយ ខណៈ​លោក សម រង្ស៊ី នៅ​ពេល​នេះ​បាន​អះអាង​ថា លោក​កំពុង​ជ្រក​ក្រោម​ដំបូល​គណបក្ស​ភ្លើង​ទៀន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស