32 C
Phnom Penh

អាល្លឺម៉ង់​ជំរុញ​ឱ្យ​កម្ពុជា​គោរព​សេរីភាព​បញ្ចេញមតិ​និង​ការ​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាល្លឺម៉ង់​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សេរីភាព​បញ្ចេញមតិ និង​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី ក្រោយពី​តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់ទោស​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ រួម​ទាំង​កញ្ញា សេង ធារី ដាក់​ពន្ធនាគារ​ចន្លោះ​ពី ៥ ដល់ ៨​ឆ្នាំ ពី​បទ «ញុះញង់ និង​រួម​គំនិត​ក្បត់» កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា។

ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ​២០២២ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​ការ​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី ក្រោយពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​លើ​សមាជិក​គណបក្ស​ប្រឆាំង ថា​មាន​ទោស​ពី​បទ «ញុះញង់» និង «រួម​គំនិត​ក្បត់»។

កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២២ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ទៅលើ​ថ្នាក់​ដឹកនាំ​សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ ៦០​នាក់ ដាក់​ពន្ធនាគារ​ចន្លោះ​ពី ៥ ដល់ ៨​ឆ្នាំ ខណៈ​កញ្ញា សេង ធារី ត្រូវ​សមត្ថកិច្ច​ប្រមាណ ៥០​នាក់​ចាប់​ដាក់​រថយន្ត​នគរបាល​ទាំង​កម្រោល បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ភ្លាមៗ។

ក្រោយពី​មាន​ការ​សម្រេច​នេះ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា និង​សហគមន៍​អន្តរជាតិ ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​កញ្ញា សេង ធារី និង​សកម្មជន​សិទ្ធិមនុស្ស​ដទៃ​ទៀត​ពី​សាលក្រម​ដ៏​អយុត្តិធម៌ ដោយ​ចាត់ទុក​ថា​ជា​ការ​បង្ក្រាប​សំឡេង​ប្រជាធិបតេយ្យ​ដែល​នៅ​សេសសល់​ចុងក្រោយ​នៅ​កម្ពុជា។

ស្ថានទូត​អាមេរិក​បញ្ជាក់​ថា សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​ការ​ចងក្រង​គ្នា​ជា​ក្រុម ជា​សមាគម ហើយ​និង​ការ​អត់ឱន​ចំពោះ​ទស្សនៈ​ប្រឆាំង គឺជា​ផ្នែក​ដ៏​មាន​សារសំខាន់​បំផុត​នៃ​លទ្ធិប្រជាធិបតេយ្យ។ រដ្ឋាភិបាល​អាមេរិក​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​រូប​គាត់ ហើយ​និង​សកម្មជន​សិទ្ធិមនុស្ស​ដទៃ​ទៀត​ពី​ការ​ដាក់​ពន្ធនាគារ​ដ៏​អយុត្តិធម៌។

ចំណែក​នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ថា ការ​ផ្ដន្ទាទោស​លើ​អ្នក​នយោបាយ​ប្រឆាំង​នៅ​ពេលនេះ គឺជា​ការ​ព្យាយាម​រារាំង​ការ​ប្រកួតប្រជែង​នៅក្នុង​ការ​បោះឆ្នោត​តទល់​ទៅ​នឹង​ការ​គ្រប់គ្រង​អំណាច​របស់​លោក ហ៊ុន សែន និង​ជា​សញ្ញា​នៃ​ការ​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក រ៉ូប៊ើតសុន អះអាង​ថា ការ​បង្កើត​នូវ​បរិយាកាស​នយោបាយ​មួយ​មាន​លក្ខណៈ​គំរាមកំហែង និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ចំពោះ​អ្នក​ហ៊ាន​រិះគន់​លើ​រដ្ឋាភិបាល មាន​ន័យ​ថា លោក ហ៊ុន សែន បាន​បង្ហាញ​កាន់តែ​ច្បាស់​ចំពោះ​ការ​មិន​យកចិត្ត​ទុកដាក់​គោរព​សិទ្ធិ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​នោះ​ឡើយ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស