មេដឹកនាំប្រទេសលោកសេរីចំនួនបី និងជាមេដឹកនាំនៃបណ្តាប្រទេសឧស្សាហកម្មជឿនលឿន G-7 មានប្រធានាធិបតីបារាំង Emmanuel Macron អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Mario Draghi អមដំណើរដោយប្រធានាធិបតីរូម៉ានី លោក Klaus Iohannis បានធ្វើដំណើរតាមរថភ្លើងទៅដល់រដ្ឋធានីគៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី១៦ ខែមិថុនា។
នេះជាទស្សនកិច្ចចុងក្រោយថ្មីមួយទៀតនៃមេដឹកនាំបស្ចិមប្រទេស ដែលសម្រេចទៅជួបប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅក្នុងប្រទេសមួយដែលងាយគ្រោះថ្នាក់បំផុតចំពោះអាយុជីវិតនៃការបាញ់ប្រហារដោយគ្រាប់មីស៊ីលពីកងទ័ពរុស្ស៊ី ព្រោះអ៊ុយក្រែន កំពុងធ្លាក់ក្នុងសង្គ្រាមឈ្លានពានពីរុស្ស៊ីជាង ៤ខែមកហើយ។
នៅក្នុងជំនួបតុមូលនៅវិមានប្រធានាធិបតីអ៊ុយក្រែន មេដឹកនាំ ៤ប្រទេសនេះបានសាសងគ្នាដោយផ្ទាល់ជាមួយលោក Zelenskyy។
ក្នុងការស្ទាបស្ទង់ចិត្តលោក Zelenskyy អំពីទឹកចិត្តចុងក្រោយនៃការប្រយុទ្ធដើម្បីការពារទឹកដី និងសេរីភាព គឺមេដឹកនាំ ៣ប្រទេសនៃក្រុមបស្ចិមប្រទេស បានសន្យារួមគ្នាជួយអ៊ុយក្រែនក្នុងការតស៊ូដើម្បីសេរីភាព និងទឹកដី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP បានចុះផ្សាយនៅថ្ងៃសុក្រ ទី១៧ ខែមិថុនា នេះ។
បើតាមប្រភពការទូតរបស់ប្រទេសបារាំង បានឲ្យដឹងថា ប្រធានាធិបតី Emmanuel Macron ចង់ឱ្យអ៊ុយក្រែន ទទួលជោគជ័យផ្នែកយោធាលើប្រទេសរុស្ស៊ី ដែលអាចបង្កើតឡើងវិញនូវបូរណភាពទឹកដីរបស់អ៊ុយក្រែន ដែលក្នុងនោះរួមមានទាំងតំបន់ Crimea ដែលរុស្ស៊ីបានដណ្ដើមយកកាលពីឆ្នាំ២០១៤។ តែយ៉ាងណា លោក Macron ថាវាអាស្រ័យលើប្រធានាធិបតីអ៊ុយក្រែន នៅក្នុងការកំណត់ថាតើជ័យជម្នះបែបណាដែលលោក Zelenskyy ចង់បាន។
តែជាមួយគ្នានេះ លោក Macron បានសាកចិត្តសួរទៅលោក Zelenskyy ថាតើចង់បានការបញ្ចប់សង្គ្រាមដោយការផ្ដល់សម្បទានទៅឲ្យរុស្ស៊ីដែរឬទេ? សំណួររបស់លោក Macron ពុំបានទទួលចម្លើយភ្លាមៗពីលោក Zelenskyy នោះទេ។ តែយ៉ាងណាក៏ដោយ លោក Macron បញ្ជាក់ថា រឿងនេះគឺជាសិទ្ធិសម្រេចរបស់អ៊ុយក្រែន ថាតើត្រូវធ្វើការសម្របសម្រួលជាមួយនឹងរុស្ស៊ីដែរឬទេ។
ចំណែកអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានស្នើឲ្យលោក Zelenskyy ចូលរួមកិច្ចប្រជុំនៃក្រុមប្រទេស G-7 ដែលនឹងធ្វើឡើងពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមិថុនា ខាងមុខនៅលើទឹកដីប្រទេសអាល្លឺម៉ង់។
ដោយឡែកនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Mario Draghi បាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអ៊ុយក្រែន ដែលរងការខូចខាត និងបំផ្លាញដោយកងកម្លាំងឈ្លានពានរបស់រុស្ស៊ី នឹងត្រូវកសាងឡើងវិញ។ លោក Draghi បានថ្លែងដូចនេះបន្ទាប់ពីលោកបានរួមដំណើរជាមួយលោក Olaf Scholz លោក Macron និងប្រធានាធិបតីរូម៉ានី លោក Klaus Iohannis ទៅពិនិត្យមើលស្លាកស្នាមនៃសោកនាដកម្មនៅសង្កាត់ Irpin ស្ថិតនៅជាយរដ្ឋធានីគៀវ ដែលត្រូវបានបំផ្លាញ និងផ្នូរសពជនស៊ីវិលរាប់រយនាក់ដែលបានស្លាប់ដោយគ្រាប់កាំភ្លើងរបស់កងទ័ពរុស្ស៊ី។
លោក Draghi បានប្រាប់អ្នកសារព័ត៌មានថា៖ «គេត្រូវជួយអ៊ុយក្រែនក្នុងការកសាងអ្វីៗទាំងអស់ឡើងវិញ ព្រោះវាត្រូវបានកងទ័ពរុស្ស៊ីបំផ្លាញ ហើយសូម្បីសាលាមត្តេយ្យក៏ត្រូវបំផ្លាញដែរ។ ទ័ពរុស្ស៊ីបានបំផ្លាញអ្វីៗទាំងអស់នេះ នឹងត្រូវកសាងឡើងវិញ»។
ថ្លែងក្នុងសន្និសីទរួមគ្នានៃក្រុមមេដឹកនាំបស្ចិមប្រទេសដែលមានសក្ដានុពល បានរួមគ្នាថ្កោលទោសរុស្ស៊ី ដោយសន្យាជួយសព្វាវុធដល់អ៊ុយក្រែនថែមទៀត។
ចំពោះប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy វិញបានថ្លែងអំណរគុណមេដឹកនាំនៃប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី និងរូម៉ានី ចំពោះការបង្ហាញសាមគ្គីភាពជាមួយនឹងប្រទេសរបស់លោកតាមរយៈការធ្វើទស្សនកិច្ចដ៏អង់អាចក្លាហានមកជួបនឹងរូបលោកផ្ទាល់នៅរដ្ឋធានីគៀវ។
ក្រោយពីជំនួប លោក Zelenskyy បានសរសេរតាម Telegram ថា៖ «យើងសូមវាយតម្លៃខ្ពស់ចំពោះសាមគ្គីភាពរបស់អស់លោក និងប្រជាជនរបស់លោក ដែលនៅតែបន្តជួយប្រជាជនអ៊ុយក្រែន ក្នុងការប្រយុទ្ធដើម្បីសេរីភាព និងទឹកដី»។
ដោយឆ្លើយតបនឹងការសន្យាផ្ដល់ជំនួយសព្វាវុធរបស់ពួកបស្ចិមប្រទេស រដ្ឋាភិបាលរុស្ស៊ីបានព្រមានប្រឆាំងនឹងការផ្គត់ផ្គង់សព្វាវុធជាថ្មីទៀតរបស់ក្រុមបស្ចិមប្រទេសដល់អ៊ុយក្រែន។
អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ី លោក Dmitry Peskov បាននិយាយថា៖ «មិនគួរមេដឹកនាំនៃប្រទេសទាំង៣ នេះ និងប្រធានាធិបតីរូម៉ានី ផ្ដោតតែរឿងការគាំទ្រអ៊ុយក្រែនតាមរយៈការផ្គត់ផ្គង់សព្វាវុធបន្ថែមទៀតដល់អ៊ុយក្រែននោះទេ»។ លោករិះគន់ថា «ការធ្វើដូច្នេះគឺគ្មានប្រយោជន៍អ្វីទាល់តែសោះ ហើយផ្ទុយទៅវិញវាបណ្ដាលឱ្យមានការខូចខាតបន្ថែមទៀតដល់ប្រទេសអ៊ុយក្រែនទៅវិញទេ»។
ចំពោះអនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន អ្នកស្រី Hanna Malyar និយាយថា គោលបំណងយុទ្ធសាស្ត្ររបស់រុស្ស៊ីនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន គឺការបំផ្លាញទាំងស្រុងនូវឋានៈជាប្រទេសឯករាជ្យ និងប្រជាជាតិអ៊ុយក្រែន។ អ្នកស្រីបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយថា ស្ថានការណ៍នៅតែពិបាកសម្រាប់កងទ័ពអ៊ុយក្រែន ព្រោះរុស្ស៊ីនៅពេលនេះ គឺការដណ្ដើមគ្រប់គ្រងឱ្យបានទាំងស្រុងលើតំបន់ Luhansk និងតំបន់ Donetsk នៅភាគខាងកើតប្រទេសអ៊ុយក្រែន។
អ្នកស្រីបញ្ជាក់ថា អ៊ុយក្រែននៅក្រោមការដឹកនាំរបស់លោក Zelenskyy នឹងមិនប្រគល់ទឹកដីដើម្បីជាថ្នូរនឹងសន្តិភាពនោះទេ។
ជាការកត់សម្គាល់ មេដឹកនាំបស្ចិមប្រទេសដែលបានធ្វើដំណើរទៅកាន់រដ្ឋធានីគៀវ និងបានជួបលោក Zelenskyy គឺមាននាយករដ្ឋមន្ត្រីអង់គ្លេស មេដឹកនាំសហភាពអឺរ៉ុប នាយករដ្ឋមន្ត្រីប្រទេសកាណាដា អេស្ប៉ាញ ដាណឺម៉ាក ប៉ូឡូញ សាធារណរដ្ឋឆេក សាធារណរដ្ឋស្លូវើនៀ និងបណ្តាប្រទេសមួយចំនួនទៀត រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញូ ហ្គូតារ៉េ ផងដែរ។ ក្រៅពីនេះ មានថ្នាក់រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិនៃបណ្ដាបស្ចិមប្រទេស និងសហរដ្ឋអាមេរិកផងដែរ។
អ្នកសង្កេតការណ៍បានហៅជំនួបរបស់មេដឹកនាំបស្ចិមប្រទេសដែលទៅជួបប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy គឺជាសារមួយសំពងទៅលើប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ហើយថាកម្លាំងសាមគ្គីដើម្បីសេរីភាពប្រជាជនអ៊ុយក្រែន នឹងមិនអាចចុះថយនោះឡើយ៕