31 C
Phnom Penh

បទវិភាគ៖ ហេតុ​អ្វី​សហភាព​អឺរ៉ុប​រូតរះ​សម្រេច​ប្រជុំ​អនុម័ត​សមាជិកភាព​របស់​អ៊ុយក្រែន?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ថ្ងៃទី​២៤ មិថុនា ក្នុង​សប្ដាហ៍​នេះ មេដឹកនាំ​នៃ​សហភាព​អឺរ៉ុប នឹង​បើក​សម័យ​ប្រជុំ​ពិសេស​របស់​ខ្លួន​ទាក់ទិន​ទៅ​នឹង​សមាជិកភាព​នៃ​ប្រទេស​អ៊ុយក្រែន និង​ប្រទេស​មូដាវី ឲ្យ​ក្លាយ​ជា​សមាជិកភាព​របស់​សហគមន៍​ដ៏​ធំ​នៅ​អឺរ៉ុប​មួយ​នេះ។

ប៉ុន្តែ​សំណួរ​បាន​ចោទ​សួរ​ថា ហេតុ​អ្វី​បាន​ជា​ក្នុង​កាលៈទេសៈ​ដែល​អ៊ុយក្រែន​ធ្លាក់​ក្នុង​សង្គ្រាម​ឈ្លានពាន​ពី​មហាអំណាច​រុស្ស៊ី បែរ​ជា​សហភាព​អឺរ៉ុប​សម្រេច​បើក​ប្រជុំ​អំពី​សមាជិកភាព​របស់​អ៊ុយក្រែន និង​មូដាវី ទៅវិញ។ ជា​ការពិត សម្រាប់​អ៊ុយក្រែន​បាន​ដាក់​ពាក្យ​សុំ​ជា​សមាជិកភាព​របស់​សហភាព​អឺរ៉ុប គឺ ១០​ឆ្នាំ​ទៅ​ហើយ។

កត្តា​ដែល​នាំ​ឱ្យ​អ៊ុយក្រែន​យឺតយ៉ាវ​ពុំ​អាច​ជា​សមាជិក​សហភាព​អឺរ៉ុប​បាន ដោយសារ​កត្តា​តែ​មួយ​គត់ គឺ​ការ​រៀបចំ​ខ្លួន​ពុំ​បាន​ស្អាតស្អំ​នៃ​ការ​ធ្វើ​ឲ្យ​មាន​តម្លាភាព​នៃ​អភិបាលកិច្ច​ហិរញ្ញវត្ថុ និង​រដ្ឋបាល​សាធារណៈ គឺ​មាន​ន័យ​ថា អ៊ុយក្រែន​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​របស់​សហភាព​អឺរ៉ុប​ដោយ​ការ​សម្រេច​មិន​បាន​នូវ​លក្ខខណ្ឌ​អំពី​ការ​បោស​សម្អាត​អំពើពុករលួយ​ក្នុង​ជួរ​រដ្ឋអំណាច និង​រដ្ឋាភិបាល​របស់​ប្រទេស​នេះ។ ប្រធានាធិបតី​មុន​លោក វូឡូឌីមៀ ហ្សេឡេនស្គី គឺ​លោក ប៉េរេស ឆេនកូ ក៏​ព្យាយាម​បោស​សម្អាត​ប្រព័ន្ធ​ពុករលួយ​ក្នុង​រដ្ឋាភិបាល​របស់​លោក​ដែរ តែ​សហភាព​អឺរ៉ុប​នៅតែ​មើល​ឃើញ​ថា​មិន​ល្អ​ប្រសើរ​នោះ​ទេ មាន​ន័យ​ថា​នៅតែ​ជាប់​ស្លាកស្នាម​អំពើពុករលួយ​ក្នុង​សង្គម។

រហូត​មក​ដល់​ប្រធានាធិបតី​បច្ចុប្បន្ន​នេះ គឺ​លោក ហ្សេឡេនស្គី ក៏​បាន​ព្យាយាម​លុប​ប្រព័ន្ធ​អសកម្ម​ទាំងឡាយ​នៃ​សង្គម​អ៊ុយក្រែន​ដែរ តែ​សហភាព​អឺរ៉ុប​នៅតែ​មិន​ទាន់​កំណត់​ថា​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​នោះ​ទេ បើ​ទោះជា​សេដ្ឋកិច្ច​អ៊ុយក្រែន​មាន​កម្រិត​ជឿនលឿន​ខ្លាំង​ក៏ដោយ ហើយ​ក្នុង​នោះ​ទោះ​ជា​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ល្អ​ប្រសើរ​ក៏ដោយ។

ចុះ​ហេតុ​អ្វី​បាន​ជា​ក្នុង​កាលៈទេសៈ​នេះ សហភាព​អឺរ៉ុប​ប្រញាប់​រូតរះ​បើក​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​មើល​លក្ខណៈ​សម្បត្តិ​របស់​អ៊ុយក្រែន និង​មូដាវី ទៅវិញ?

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​សហភាព​អឺរ៉ុប ទៅកាន់​រដ្ឋធានី​គៀវ ហើយ​បាន​ជួប​នឹង​លោក​ប្រធានាធិបតី ហ្សេឡេនស្គី កាលពី​ថ្ងៃទី​៨ ខែ​មេសា ដែល​ជា​ទស្សនកិច្ច​លើកដំបូង និង​ចំ​ពេល​ទីក្រុង​គៀវ នៅតែ​រង​ការ​បាញ់​ផ្លោង​ដោយ​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី​នៅឡើយ។ ប្រតិភូ​សហភាព​អឺរ៉ុប​ដឹកនាំ​ដោយ​ប្រធាន​ស្នងការ​សហគមន៍​អឺរ៉ុប គឺ​អ្នកស្រី Ursula von der Leyen។ ក្នុង​ជំនួប​នោះ អ្នកស្រី​បាន​ទទួល​យក​សំណើ​ពី​លោក ហ្សេឡេនស្គី មួយ​លើក​ទៀត គឺ​សំណើ​សុំ​ចូល​សមាជិក​សហភាព​អឺរ៉ុប។ ពេល​នោះ អ្នកស្រី​មិន​បាន​ឆ្លើយ​នៅ​ចំពោះ​មុខ​លោក ហ្សេឡេនស្គី ថា​ត្រូវ​យក​សំណើ​នេះ​ទៅ​ពិចារណា​ភ្លាមៗ​នោះ​ទេ។

តែ​នៅ​ពេល​ដែល​ស្ថានការណ៍​សឹក​នៅ​លើ​ទឹកដី​អ៊ុយក្រែន កាន់តែ​ប៉ះពាល់​ធ្ងន់ធ្ងរ​ឡើង​ដល់​សុវត្ថិភាព​អឺរ៉ុប​ទាំងមូល គេ​សង្កេត​ឃើញ​ថ្នាក់​ដឹកនាំ​សហភាព​អឺរ៉ុប​កំពូលៗ​ជួប​ប្រជុំ​គ្នា ហើយ​ទីបំផុត រុញ​ឲ្យ​សភា​របស់​សហគមន៍​ដ៏​ធំ​មួយ​នេះ​ធ្វើការ​អនុម័ត​ដោយ​សម្រេច​យក​សំណើ​របស់​អ៊ុយក្រែន ដែល​សុំ​ជា​សមាជិក​សហភាព​អឺរ៉ុប​មក​បោះឆ្នោត ដើម្បី​ផ្ទៀងផ្ទាត់​សំឡេង​ថា​តើ​មាន​ប៉ុន្មាន​ភាគរយ​ដែល​ត្រូវ​គាំទ្រ​អ៊ុយក្រែន​ចូល​ជា​សហភាព​អឺរ៉ុប។

ទីបំផុត សមាជិក​សភា​ដល់​ទៅ ៤៤០​រូប​បាន​សម្រេច​គាំទ្រ ខណៈ​មាន​សំឡេង​តិចតួច​បោះឆ្នោត​ជំទាស់ និង​អនុប្បវាទ។ ចំណែក​ឯ​ប្រទេស​មូដាវី ក៏​សម្រេច​ដូច​នឹង​អ៊ុយក្រែន ផង​ដែរ។ តែ​សំណួរ​មួយ​សួរ​ថា ហេតុ​អ្វី​បាន​ជា​មូដាវី ក៏​ស្ថិត​ក្នុង​ស្ថានភាព​ប្រញាប់​ដូចនេះ​ដើម្បី​ឲ្យ​ក្លាយ​ជា​សមាជិក​មួយ​ដែរ​នៃ​សហភាព​អឺរ៉ុប?

ការពិត រដ្ឋាភិបាល​មូដាវី ក៏​បាន​ដាក់​ពាក្យ​សុំ​ចូល​សហភាព​អឺរ៉ុប​ច្រើន​ឆ្នាំ​ផង​ដែរ ប៉ុន្តែ​គណៈកម្មាធិការ​អឺរ៉ុប​នៅតែ​ចាត់ទុក​ថា​ប្រទេស​ដ៏​តូច​មួយ​នេះ​ជាប់​នឹង​អ៊ុយក្រែន ពុំ​ទាន់​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​នោះ​ទេ។

យ៉ាងណា ដំណាក់កាល​ចុងក្រោយ​បំផុត​នេះ ប្រទេស​មូដាវី ក៏​រង​ការ​គំរាម​វាយ​ឈ្លានពាន​ពី​សំណាក់​ប្រទេស​រុស្ស៊ី ដែរ គឺ​ឲ្យ​តែ​រុស្ស៊ី​វាយ​កាន់កាប់​បាន​ប្រទេស​អ៊ុយក្រែន។ ត្រង់​នេះ​ហើយ​ដែល​មូដាវី ភ័យ​ខ្លាច​មិន​មាន​ខ្នង​បង្អែក​រឹងមាំ ក៏​សុំ​ឲ្យ​សហភាព​អឺរ៉ុប​ពិចារណា​អំពី​សមាជិកភាព​របស់​ខ្លួន​គេ​ផង​ដែរ។

ទីបំផុត​នេះ ទាំង​មូដាវី ជាពិសេស​អ៊ុយក្រែន ត្រូវ​ប្រធាន​ស្នងការ​អឺរ៉ុប អ្នកស្រី von der Leyen បាន​ផ្ដល់​អនុសាសន៍​ទៅ​ឲ្យ​មេដឹកនាំ​អឺរ៉ុប​នៅ​គ្រប់​ស្ថាប័ន​ទាំងអស់ ត្រូវតែ​ពិចារណា​ជាបន្ទាន់​ដើម្បី​សម្រេច​ថា តើ​ត្រូវ​យក​អ៊ុយក្រែន និង​មូដាវី ជា​សមាជិក​របស់​ខ្លួន ឬ​ក៏​ត្រូវ​ទុក​ចោល​មួយ​អន្លើ​ទៀត។

នៅ​ថ្ងៃ​ទី​២៤ មិថុនា ក្នុង​សប្ដាហ៍​នេះ សហភាព​អឺរ៉ុប​នឹង​សម្រេច​អំពី​សំណើ​របស់​អ៊ុយក្រែន និង​មូដាវី ប៉ុន្តែ​ទាំងអស់​នេះ​ដែល​ដើរ​មក​ដល់​ចំណុច​នេះ គឺ​បន្ទាប់ពី​អ្នកស្រី von der Leyen បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋធានី​គៀវ​ជា​ថ្មី​ម្ដង​ទៀត ដោយ​ជួប​លោក ហ្សេឡេនស្គី ហើយ​ក៏​បាន​អះអាង​ថា សម្រាប់​អ្នកស្រី​ផ្ទាល់​យល់ព្រម​ហើយ​ឲ្យ​អ៊ុយក្រែន​ជា​សមាជិក​សហភាព​អឺរ៉ុប។

លោក ហ្សេឡេនស្គី គ្រាន់តែ​ឮ​ពាក្យ​ដូចនេះ​ភ្លាម គឺ​មាន​ការ​ត្រេកអរ និង​រីករាយ​ជា​ខ្លាំង ដោយ​សម្ដែង​ការ​អរគុណ​ជា​ខ្លាំង​នៅ​ចំពោះ​មុខ​អ្នកស្រី។ លោក ហ្សេឡេនស្គី បាន​ថ្លែង​ទៅកាន់​ជន​រួម​ជាតិ​អ៊ុយក្រែន ថា ទំព័រ​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​អ៊ុយក្រែន​នឹង​ត្រូវ​បាន​បើក​ឡើង​នៅ​ថ្ងៃទី​២៤ ខែ​មិថុនា គឺ​ជន​រួម​ជាតិ​អ៊ុយក្រែន ត្រូវ​តែ​ចងចាំ​ថា​ថ្ងៃ​នោះ​អ៊ុយក្រែន​អាច​ក្លាយ​ជា​សមាជិក​សហភាព​អឺរ៉ុប ហើយ​អ៊ុយក្រែន នឹង​មាន​សម្ពន្ធមិត្ត​ពិតប្រាកដ​ជាមួយ​ពួក​បស្ចិម​ប្រទេស គឺ​អ៊ុយក្រែន លែង​ឯកា​ទៀត​ហើយ។

សម្រាប់​លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន សង្ឃឹម​ថា សហភាព​អឺរ៉ុប​នឹង​ទទួល​យក​អ៊ុយក្រែន​ជា​សមាជិក​របស់​ខ្លួន​ក្នុង​បុព្វហេតុ​នៃ​ការ​កសាង​កម្លាំង​យុត្តិធម៌ ដើម្បី​ជួយ​ប្រជាជន​អ៊ុយក្រែន​ឱ្យ​ឈ្នះ​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​រុស្ស៊ី។

តាម​ការ​សន្យា​របស់​ប្រធាន​ស្នងការ​សហគមន៍​អឺរ៉ុប បាន​នាំ​ឱ្យ​មាន​ការ​សន្និដ្ឋាន​ថា ក្រុម​បស្ចិម​ប្រទេស​ត្រូវការ​បង្ហាញ​ប្រាប់​ទៅ​រុស្ស៊ី ជាពិសេស​លោក​ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ថា ការ​សម្រេច​យក​អ៊ុយក្រែន​ជាបន្ទាន់​ឱ្យ​ក្លាយ​ជា​សមាជិក​សហភាព​អឺរ៉ុប​ក្នុង​កាលៈទេសៈ​នេះ គឺជា​ការ​ចាំបាច់​បំផុត ព្រោះតែ​ត្រូវ​ជួយ​ពង្រឹង​ស្មារតី និង​ការ​តស៊ូ​របស់​ប្រជាជន​អ៊ុយក្រែន​ក្នុង​សង្គ្រាម​ការពារ​ទឹកដី​របស់​ប្រទេស​មួយ​នេះ ដែល​រង​ការ​ឈ្លានពាន​ពី​មហាអំណាច​មួយ​មាន​ព្រំដែន​ជាប់​គ្នា។

យ៉ាងណា លោក ហ្សេឡេនស្គី នៅតែ​ចង់​ឱ្យ​អ៊ុយក្រែន​ជា​សមាជិក​អង្គការ​យោធា​ណាតូ​នៅ​ខណៈ​ដែល​លោក​លែង​និយាយ​ទៅ​ហើយ​នូវ​អ្វី​ដែល​ថា អ៊ុយក្រែន​ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត​មិន​ចូល​បក្ស​សម្ព័ន្ធ ព្រោះ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន គឺជា​ការ​ចាប់​បង្ខំ​ឲ្យ​អ៊ុយក្រែន​ត្រូវតែ​ស្វែងរក​ខ្នង​បង្អែក​ពី​បស្ចិម​ប្រទេស ដើម្បី​ការពារ​ដែនដី និង​ដែន​អធិបតេយ្យ​របស់​ខ្លួន បើ​ពុំ​នោះ​ទេ អ៊ុយក្រែន​នឹង​ធ្លាក់​នៅ​ក្រោម​ចំណុះ​របស់​រុស្ស៊ី គឺ​តាម​ផែនការ​របស់​លោក​ប្រធានាធិបតី ពូទីន ដែល​ជា​អ្នក​បញ្ជា​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន បង្ក​ឱ្យ​មាន​សង្គ្រាម​ដ៏​វិនាសកម្ម​មក​ដល់​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស