26 C
Phnom Penh

ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ស្វែងរក​ការ​កាត់បន្ថយ​ជម្លោះ​រវាង​រុស្ស៊ី និង​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​ឋានៈ​ជា​ប្រធាន​ប្តូរ​វេន​នៃ​កិច្ចប្រជុំ​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន G-២០ លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ចូកូ វីដូដូ នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អ៊ុយក្រែន និង​រុស្ស៊ី នៅ​សប្ដាហ៍​ក្រោយ​នេះ។

បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ឥណ្ឌូនេស៊ី Retno Marsudi បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក វីដូដូ ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​គៀវ និង​មូស្គូ ដើម្បី​ជជែក​អំពី​ផលវិបាក​សេដ្ឋកិច្ច និង​មនុស្សធម៌​ដែល​បង្ក​ឡើង​ដោយ​សង្គ្រាម​រុស្ស៊ី នៅ​លើ​ទឹកដី​អ៊ុយក្រែន។

ការ​ធ្វើ​ដំណើរ​របស់​មេដឹកនាំ​មួយ​នៃ​ប្រទេស​សមាគម​អាស៊ាន​ទៅ​ទីក្រុង​មូស្គូ និង​ក្រុង​គៀវ គឺ​ធ្វើឡើង​ក្រោយ​ពី​លោក​ចាកចេញ​ពី​ប្រទេស​អាល្លឺម៉ង់។ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃទី​២២ មិថុនា នេះ។

តាម​ប្រភព​ដដែល​នេះ លោក ចូកូ វីដូដូ នឹង​ក្លាយ​ជា​មេដឹកនាំ​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដំបូង​គេ​បង្អស់​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​ប្រធានាធិបតី​ប្រទេស​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី នៅ​ក្នុង​ទីក្រុង​គៀវ​នៃ​ប្រទេស​អ៊ុយក្រែន កំពុង​ធ្លាក់​ក្នុង​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​មហាអំណាច​រុស្ស៊ី។

ចំណែក​ទៅ​ទីក្រុង​មូស្គូ លោក ចូកូ វីដូដូ នឹង​ជួប​សមភាគី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន។ តាម​អ្នកស្រី Retno Marsudi ការ​ធ្វើ​ដំណើរ​របស់​លោក វីដូដូ ទៅ​កាន់​ប្រទេស​ពីរ​នេះ​ក្រោយពី​លោក​បាន​ចូលរួម​ប្រជុំ​នៃ​ក្រុម​ប្រទេស​ឧស្សាហកម្ម G-៧ នៅ​ប្រទេស​អាល្លឺម៉ង់។ ប៉ុន្តែ​បើ​តាម​សារព័ត៌មាន​ផ្លូវការ​របស់​រុស្ស៊ី គឺ​ទីភ្នាក់ងារ​សារព័ត៌មាន Tass ឲ្យ​ដឹង​ថា លោក វីដូដូ នឹង​ជួប​លោក ពូទីន នៅ​ថ្ងៃទី​៣០ ខែ​មិថុនា ខាងមុខ។

តាម​អ្នកស្រី Retno Marsudi លោក វីដូដូ មាន​ផែនការ​ជួយ​រក​ច្រកចេញ​នូវ​វិបត្តិ​ស្បៀងអាហារ​ពិភពលោក ដែល​ជា​ផលវិបាក​បង្ក​ឡើង​ដោយ​សង្គ្រាម​នៅ​អ៊ុយក្រែន និង​ដែល​បាន​ធ្វើ​ឱ្យ​ទីផ្សារ​ពិភពលោក​ជាប់​គាំង ព្រមទាំង​បង្ក​ឱ្យ​មាន​វិបត្តិ​ខ្វះ​ធម្មជាតិ​ស្រូវ​សាឡី ជាពិសេស​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក។

ឥណ្ឌូនេស៊ី ជា​ប្រទេស​ដ៏​ធំ​មួយ​ក្នុង​ពិភពលោក ហើយ​ប្រទេស​នេះ​ត្រូវ​បាន​ក្រុម​បស្ចិម​ស្នើ​ឱ្យ​ជួយ​ចូលរួម​ដាក់​ទណ្ឌកម្ម​ទៅលើ​របប​លោក ពូទីន ប៉ុន្តែ​ឥណ្ឌូនេស៊ី​ដែល​មិន​បាន​ឆ្លើយ​បដិសេធ តែ​បាន​សន្យា​ថា ក្រុង​ចារកាតា ជួយ​ប្រទេស​អ៊ុយក្រែន​បាន​ត្រឹម​តែ​ស្បៀងអាហារ​ប៉ុណ្ណោះ​ទៅ​ឲ្យ​ជនភៀសខ្លួន​នៃ​ប្រទេស​នេះ។

ចំណែក​ការ​ផ្ដល់​អាវុធ គឺ​ឥណ្ឌូនេស៊ី​មិន​ពាក់ព័ន្ធ​នោះ​ទេ ខណៈ​ឥណ្ឌូនេស៊ី​ចង់​ឃើញ​ប្រទេស​ពីរ​នេះ​បញ្ចប់​សង្គ្រាម​ឱ្យ​ឆាប់។

ការពិត គឺ​ឥណ្ឌូនេស៊ី កំពុង​សាកល្បង​រក្សា​ជំហរ​អព្យាក្រឹត​ជុំវិញ​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន។ លោក វីដូដូ បាន​បដិសេធ​មិន​បញ្ជូន​អាវុធ​ទៅ​ឱ្យ​អ៊ុយក្រែន​តាម​សំណូមពរ​របស់​លោក ហ្សេឡេនស្គី ទេ តែ​សម្រេច​ផ្តល់​ជំនួយ​មនុស្សធម៌។

ក្រោម​សម្ពាធ​របស់​បស្ចិម​ប្រទេស​ដែល​ស្នើ​ឲ្យ​ឥណ្ឌូនេស៊ី​ផាត់​រុស្ស៊ី ពី G-២០ ឥណ្ឌូនេស៊ី​ដែល​ជា​ប្រធាន​ប្តូរ​វេន​ក៏​បាន​អញ្ជើញ​អ៊ុយក្រែន​ជា​ភ្ញៀវ​សម្រាប់​ជំនួប​កំពូល​ឆ្នាំ​នេះ​ដែរ ហើយ​ក៏​បាន​អញ្ជើញ​លោក ពូទីន ក្នុង​នាម​ជា​ប្រទេស​សមាជិក G-២០ ឲ្យ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​ជាមួយ G-២០ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២២ នៅ​លើ​កោះ​បាលី ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី តែម្តង។

នៅ​ពេល​រុស្ស៊ី​បាន​បើក​ប្រតិបត្តិការ​សឹក​ពិសេស​ទៅ​លើ​ប្រទេស​អ៊ុយក្រែន គេ​សង្កេត​ឃើញ​ក្រុម​បស្ចិម​ប្រទេស ជាពិសេស​អាមេរិក​បាន​ព្យាយាម​ទាញ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី ឲ្យ​ចេញ​មុខ​ហាមឃាត់​កុំ​ឲ្យ​រុស្ស៊ី​មាន​មុខ​នៅ​ក្នុង​កិច្ចប្រជុំ​នានា​របស់ G-២០។

កាលពី​ដើម​ខែ​មេសា នេះ នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ G-២០ គឺ​ជំនួប​នោះ​បាន​បង្ហាញ​អំពី​ការ​បែកបាក់​ជា​ខ្លាំង ដោយ​ក្រុម​ប្រទេស​សម្ពន្ធមិត្ត​អាមេរិក​បាន​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​នៅ​ពេល​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​រុស្ស៊ី ឡើង​ថ្លែង​សុន្ទរកថា។

សម្រាប់​ឥណ្ឌូនេស៊ី បាន​ព្យាយាម​ពន្យល់ និង​បកស្រាយ​អំពី​ការ​ដែល​មិន​ចាត់​វិធានការ​ហាមឃាត់​វត្តមាន​មេដឹកនាំ​រុស្ស៊ី ដោយ​លើកឡើង​អំពី​ហេតុផល​អំពី​តួនាទី​អព្យាក្រឹតភាព​របស់​ឥណ្ឌូនេស៊ី។

ដោយ​យោង​តាម​ហេតុផល​នេះ លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី បាន​ព្យាយាម​អញ្ជើញ​លោក វូឡូឌីមៀរ ហ្សេឡេនស្គី មក​ចូលរួម​ប្រជុំ​ជា​ភ្ញៀវ​មួយ​រូប ហើយ​ក៏​អនុញ្ញាត​ឱ្យ​ថ្លែង​អំពី​អនាគត​នៃ​ការ​អភិវឌ្ឍ​ប្រទេស​អ៊ុយក្រែន​ឡើងវិញ​ក្រោយ​បិទ​បញ្ចប់​សង្គ្រាម។

ជាមួយ​គ្នា​នេះ លោក វីដូដូ ក៏​បាន​បញ្ជូន​លិខិត​ទៅ​អញ្ជើញ​លោក ពូទីន មក​ចូលរួម​ប្រជុំ G-២០ ដែល​មើល​ទៅ​ក្រុង​ចារកាតា ចង់​ឱ្យ​មាន​ភាព​ស្មើ​គ្នា។ ទំនង​ដូចនេះ​ហើយ​បាន​ជា​លោក វីដូដូ ត្រូវ​ទៅ​ជួប​ផ្ទាល់ ទាំង​លោក ពូទីន និង​លោក ហ្សេឡេនស្គី ក្នុង​ការ​ព្យាយាម​រុញ​ឲ្យ​ពួកគេ​បាន​ជួប​គ្នា​ដោយ​ផ្ទាល់​នៅ​ឯ​វេទិកា G-២០ ដើម្បី​បើក​ផ្លូវ​ចរចា​រវាង​គូ​សត្រូវ​ទាំង​ពីរ​នេះ។

តែ​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា នៅ​ពេល​លោក ពូទីន ឡើង​ថ្លែង​សុន្ទរកថា គឺ​ក្រុម​មេដឹកនាំ​បស្ចិម​ប្រទេស​ទំនង​នឹង​ដើរ​ចេញពី​វេទិកា​នោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស