31 C
Phnom Penh

តុលាការ​សម្រេច​ផ្លាស់ប្ដូរ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្លាស់ប្ដូរ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ពី​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​១៩៥១ មក​ថ្ងៃទី​០៥ ខែ​សីហា ឆ្នាំ​១៩៥២ ឬ​ប្តូរ​ពី​ឆ្នាំ​ថោះ ទៅ​ជា​ឆ្នាំ​រោង វិញ បន្ទាប់​ពី​សាមី​ខ្លួន​បាន​ប្រកាស​ស្នើសុំ​ប្តូរ។

ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក តាំង ស៊ុនឡាយ បាន​ចេញ​ដីកា​សម្រេច​ផ្លាស់ប្ដូរ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ជា​ផ្លូវការ​កាលពី​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០២២ បន្ទាប់ពី​លោក គី តិច មេធាវី​របស់​លោក ហ៊ុន សែន បាន​ដាក់​លិខិត​ស្នើសុំ​សាលាដំបូង​រាជធានី​ភ្នំពេញ​កែតម្រូវ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​លោក ហ៊ុន សែន កាលពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២២ កន្លងទៅ​នេះ។

ការ​កែតម្រូវ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន នេះ ធ្វើឡើង​ត្រឹមតែ​រយៈពេល ២០​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​មេធាវី​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ដាក់​លិខិត​ស្នើសុំ​រួច​មក។

កាលពី​ថ្ងៃទី​១ ខែ​មិថុនា ឆ្នាំ​២០២២ កន្លងទៅ មេធាវី​របស់​លោក ហ៊ុន សែន គឺ​លោក គី តិច បាន​ដាក់​លិខិត​ស្នើសុំ​សាលាដំបូង​រាជធានី​ភ្នំពេញ​កែតម្រូវ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​លោក ហ៊ុន សែន ដោយ​អះអាង​ថា នៅ​ក្នុង​ឯកសារ​អត្រានុកូលដ្ឋាន និង​ឯកសារ​សម្គាល់​អត្តសញ្ញាណ​ផ្សេងៗ ដូចជា​សំបុត្រ​កំណើត និង​សៀវភៅ​គ្រួសារ ជាដើម បាន​ចុះ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​នៅ​ថ្ងៃទី​០៤ ខែ​មេសា ឆ្នាំ​១៩៥១ ប៉ុន្តែ​កាលបរិច្ឆេទ​នេះ​មិនមែន​ជា​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ពិត​របស់​របស់​លោក ហ៊ុន សែន នោះ​ឡើយ។

លោក គី តិច អះអាង​ថា ការ​ប្រើប្រាស់​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​នៅ​ថ្ងៃទី​០៤ ខែ​មេសា ឆ្នាំ​១៩៥១ កន្លងមក បាន​នាំ​ឱ្យ​មាន​ការ​ភាន់​ច្រឡំ​ពី​ឥស្សរជន​ជាតិ និង​អន្តរជាតិ ប្រជាពលរដ្ឋ​ខ្មែរ ព្រមទាំង​មហាជន​ទូទៅ​ផង​ដែរ​ដែល​បាន​ផ្ញើ​សារ​លិខិត​ជូនពរ​លោក ហ៊ុន សែន ដល់​ទៅ​ពីរ​ដង​ឯណោះ​ក្នុង​មួយ​ឆ្នាំ។

កាលពី​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២២ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ព្យាបាល​ជំងឺ​កូវីដ-១៩ លោក ហ៊ុន សែន បាន​ប្រកាស​ស្នើ​ឱ្យ​តុលាការ​កែតម្រូវ​ថ្ងៃ-ខែ-ឆ្នាំ​កំណើត​ផ្លូវការ​ឱ្យ​ត្រូវ​តាម​ថ្ងៃ-ខែ-ឆ្នាំ​កំណើត​ពិត​របស់​លោក​វិញ គឺ​ចំ​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​១៩៥២ ដោយ​ហេតុ​ថា ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ផ្លូវការ​បច្ចុប្បន្ន​មិនមែន​ជា​ថ្ងៃ​កំណើត​ពិតប្រាកដ​របស់​លោក​នោះ​ឡើយ។

ជុំវិញ​ការ​ផ្លាស់ប្ដូរ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​នេះ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ធ្លាប់​បាន​បញ្ជាក់​ថា ការ​កំណត់​យក​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​១៩៥១ ជា​ថ្ងៃ​កំណើត​នោះ ដោយសារតែ​លោក​បាន​យក​តាម​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​១៩៧០ ជា​ថ្ងៃ​ដែល​លោក​សម្រេច​ចូល​ព្រៃម៉ាគី​ធ្វើ​ការ​តស៊ូ​ប្រឆាំង​ការ​ឈ្លានពាន​របស់​បរទេស​ប៉ុណ្ណោះ ហើយ​ការ​ប្តូរ​ឆ្នាំ​កំណើត​ពី​ឆ្នាំ​១៩៥២ មក​ឆ្នាំ​១៩៥១ ដោយសារតែ​កំហុស​មកពី​អ្នក​វាយ​អង្គុលីលេខ​ដែល​បាន​យក​ទៅ​ផ្សព្វផ្សាយ​តាម​វិទ្យុ​តាំង​ពី​ក្រោយ​ថ្ងៃ​រំដោះ ឆ្នាំ​១៩៧៩ ដូច្នេះ​លោក​ក៏​សម្រេច​ប្រើ​ឆ្នាំ​កំណើត ១៩៥១ នោះ​តែម្តង​ទៅ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ក្រោយ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ពលរដ្ឋ​ខ្មែរ​ស្ទើរ​ទូទាំង​ប្រទេស​បាន​បាត់បង់​លិខិត​បញ្ជាក់​ថ្ងៃ-ខែ-ឆ្នាំ​កំណើត​គ្រប់​គ្នា ដូច្នេះ​ពួកគេ​បាន​នាំគ្នា​ផ្លាស់ប្ដូរ​ថ្ងៃ-ខែ-ឆ្នាំ​កំណើត​របស់​ខ្លួន​ទៅ​តាម​ការ​ចងចាំ​ឡើងវិញ និង​នាំគ្នា​ទៅ​ធ្វើ​លិខិត​បញ្ជាក់​ថ្ងៃ-ខែ-ឆ្នាំ​កំណើត​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ឡើងវិញ​ផង​ដែរ។ ប៉ុន្តែ​ការ​ធ្វើ​លិខិត​បញ្ជាក់​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​នេះ ពួកគេ​តែងតែ​តម្រូវ​ឱ្យ​បង់​លុយ​ជូន​អាជ្ញាធរ​មូលដ្ឋាន​ដែល​គ្រប់គ្រង​ដោយ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន។

ប្រភព​ដដែល​លើកឡើង​ថា ការ​ផ្លាស់ប្ដូរ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​លោក ហ៊ុន សែន ក៏​អាច​ចាត់ទុក​ជា​គំរូ​មួយ​សម្រាប់​អាជ្ញាធរ​មូលដ្ឋាន​ដែល​មាន​តួនាទី​បម្រើ​ប្រជាពលរដ្ឋ​ផង​ដែរ។ ពួកគេ​គួរ​តែ​ធានា​នូវ​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ​របស់​គេ​ឱ្យ​បាន​ល្អ​ប្រសើរ ដើម្បី​ជួយ​សម្រួល​ដល់​ពលរដ្ឋ​ក្នុង​ការ​ធ្វើ​លិខិត​បញ្ជាក់​ថ្ងៃ-ខែ-ឆ្នាំ​កំណើត​របស់​ពួកគេ យក​ទៅ​ប្រើប្រាស់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​តាម​តម្រូវការ​ឱ្យ​បាន​ទាន់​ពេលវេលា ហើយ​ចៀសវាង​នូវ​ការ​ទាមទារ​លុយកាក់​ពី​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស