32 C
Phnom Penh

មេដឹកនាំ​សហភាព​អឺរ៉ុប​ផ្ដល់​ឋានៈ​ជា​បេក្ខភាព​ឱ្យ​អ៊ុយក្រែន​និង​មូដាវី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី​២៣ ខែ​មិថុនា បាន​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ពិភពលោក​ដ៏​ធំ​មួយ​ដោយ​សម្រេច​បន្ថែម​សមាជិក​ពីរ​ប្រទេស​ទៀត​ឲ្យ​ក្លាយ​ទៅ​ជា​សមាជិក​ទី​២៨ និង​២៩ របស់​ខ្លួន។

ប៉ុន្តែ​ការ​ដែល​មេដឹកនាំ​របស់​សហភាព​អឺរ៉ុប សម្រេច​ផ្ដល់​ឋានៈ​បេក្ខភាព​ទៅ​ឲ្យ​ប្រទេស​អ៊ុយក្រែន និង​មូដាវី ក្នុង​កាលៈទេសៈ​នេះ គឺជា​ការ​ចាំបាច់​បំផុត ទោះ​ជា​ប្រទេស​ពីរ​នេះ​នៅ​ខ្វះ​លក្ខណៈ​សម្បត្តិ​ដើម្បី​ក្លាយ​ជា​សមាជិក​សហភាព​អឺរ៉ុប​ផ្លូវការ​ក៏ដោយ។

ការ​ទទួល​យក​ប្រទេស​អ៊ុយក្រែន ក្នុង​ឋានៈ​ជា​បេក្ខភាព​នៃ​សហភាព​អឺរ៉ុប​ក្នុង​កាលៈទេសៈ​នេះ គឺ​ដើម្បី​ឲ្យ​ប្រទេស​ដែល​ធ្លាក់​ក្នុង​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​មហាអំណាច​រុស្ស៊ី នេះ ចាប់ផ្ដើម​មាន​ខ្នង​បង្អែក​មួយ​ដ៏​ធំ​ក្នុង​ការ​ជួយ​ប្រទេស​នេះ​ទាំង​ស្មារតី និង​ជំនួយ​ផ្សេងៗ រួម​ទាំង​អាវុធ​ទៀត​ផង។ ដោយឡែក​ប្រទេស​មូដាវី ក៏​អាច​ដូចជា​ប្រទេស​អ៊ុយក្រែន​ដែរ ព្រោះ​ប្រទេស​ដែល​ជាប់​នឹង​អ៊ុយក្រែន កំពុង​ភ័យខ្លាច​ពី​ការ​វាយប្រហារ​ពី​សំណាក់​រុស្ស៊ី​ទៅ​ថ្ងៃ​ខាងមុខ​នេះ។

អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា ការ​ដែល​មេដឹកនាំ​សហភាព​អឺរ៉ុប​សម្រេច​ផ្ដល់​ឋានៈ​ជា​បេក្ខភាព​របស់​អ៊ុយក្រែន និង​មូដាវី ជា​សមាជិក​សហភាព​អឺរ៉ុប គឺជា​ការ​ផ្ញើ​សារ​ដ៏​ធ្ងន់​មួយ​ទៅ​របប​ក្រុង​មូស្គូ ថា ការ​សម្រេច​ចិត្ត​នេះ គឺជា​ការ​ចាំបាច់​ត្រូវតែ​ធ្វើ​ឲ្យ​បាន​នៅ​ចំពោះ​មុខ​សង្គ្រាម​របស់​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ឈ្លានពាន​អ៊ុយក្រែន។

នៅ​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​២៣ មិថុនា មេដឹកនាំ​សហភាព​អឺរ៉ុប បាន​អនុម័ត​យល់ព្រម​តាម​អនុសាសន៍​របស់​អ្នកស្រី Ursula Von Der Leyen ជា​ប្រធាន​ស្នងការ​គណៈកម្មការ​សហគមន៍​អឺរ៉ុប អំពី​ឋានៈ​ជា​បេក្ខភាព​នៃ​ប្រទេស​អ៊ុយក្រែន និង​មូដាវី។

អ្នកស្រី Ursula Von Der Leyen បាន​ទៅ​ជួប​លោក ហ្សេឡេនស្គី ដល់​ទៅ​ពីរ​ដង​នៅ​ទីក្រុង​គៀវ ដោយ​ឆ្លងកាត់​ស្នូរ​គ្រាប់កាំភ្លើង​ដែល​កំពុង​វាយ​ប្រយុទ្ធ​គ្នា​ដ៏​សាហាវ​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន​រវាង​កងទ័ព​រុស្ស៊ី និង​កងទ័ព​អ៊ុយក្រែន។ អ្នកស្រី​បាន​ទទួល​ពាក្យ​ស្នើសុំ​ចូល​សមាជិក​សហភាព​អឺរ៉ុប​ដែល​ប្រគល់​ផ្ទាល់ដៃ​ដោយ​លោក ហ្សេឡេនស្គី និង​មេដឹកនាំ​ប្រទេស​មូដាវី។

បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​វិទ្យុ​អឺរ៉ុប​សេរី ទាំង​អ្នកស្រី Ursula von der Leyen និង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក Charles Michel បាន​ហៅ​សេចក្ដី​សម្រេច​នេះ​ថា​ជា​ថ្ងៃ​ចងចាំ​មួយ​ក្នុង​ការ​ត្រួសត្រាយ​សម្រាប់​អ៊ុយក្រែន និង​មូដាវី ក្លាយ​ជា​សមាជិក​សហភាព​អឺរ៉ុប​ជា​ផ្លូវការ​យ៉ាង​ឆាប់​បំផុត​ដោយ​ឆ្លងកាត់​នូវ​ឋានៈ​បេក្ខភាព។

លោក Charles Michel បាន​អបអរ​សាទរ​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី និង​ប្រធានាធិបតី​មូដាវី លោក Maia Sandu ដោយ​លោក​ចាត់ទុក​ថា​ជា​អ្នក​រួម​កម្លាំង​ជាមួយ​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​អនាគត។

ទោះជា​យ៉ាងណា ការ​ទទួល​បាន​ឋានៈ​ជា​បេក្ខភាព​ផ្លូវការ​នៅ​ពេលនេះ ក៏​អាច​រាប់​ថា​ជា​ដំណាក់កាល​ដ៏​សំខាន់​មួយ​សម្រាប់​អ៊ុយក្រែន និង​មូដាវី ហើយ​ក៏​ជា​ចំណុច​ចាប់ផ្តើម​នៃ​នីតិវិធី​ផ្សេងៗ​ទៀត​ដើម្បី​បើក​ការ​ចរចា​លើ​សមាជិកភាព​របស់​ប្រទេស​ពីរ​នេះ។ ក្នុង​ការ​អនុម័ត​នេះ បាន​នាំ​ឱ្យ​មាន​ការ​កត់ត្រា​ថា គឺជា​និមិត្តរូប​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ពេល​ដែល​អ៊ុយក្រែន​កំពុង​ធ្លាក់​ក្នុង​សង្គ្រាម​របស់​រុស្ស៊ី។

អ្នកស្រី Ursula von der Leyen ជា​ប្រធាន​ស្នងការ​គណៈកម្មការ​សហគមន៍​អឺរ៉ុប បាន​សម្ដែង​ជំនឿ​ថា ក្រោយពី​ទទួល​បាន​ឋានៈ​ជា​បេក្ខភាព​ហើយ​នោះ គឺ​មិន​យូរ​នោះ​ទេ គឺ​អ៊ុយក្រែន និង​មូដាវី នឹង​ក្លាយ​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​ជា​ផ្លូវការ។ ប៉ុន្តែ​អ្នក​ការទូត​សហភាព​អឺរ៉ុប យល់ស្រប​ថា បើ​អ៊ុយក្រែន​មិន​ធ្លាក់​ក្នុង​សង្គ្រាម​ពី​រុស្ស៊ី​នោះ គឺ​សេចក្ដី​សម្រេច​នេះ​នឹង​មិន​ងាយ​កើតឡើង​នោះ​ទេ។

លោក ហ្សេឡេនស្គី បាន​ផ្ញើ​សារ​ភ្លាមៗ​ទៅ​ជូន​មេដឹកនាំ​នៃ​សហភាព​អឺរ៉ុប ដោយ​សម្ដែង​ការ​អរគុណ ហើយ​ចាត់ទុក​សេចក្ដី​សម្រេច​នេះ​ថា​ជា​ប្រវត្តិសាស្ត្រ​ដែល​អ៊ុយក្រែន កំពុង​ទទួល​បាន​ឋានៈ​សមាជិកភាព​សម្រាប់​អនាគត​នៃ​សមាជិក​ជា​ផ្លូវការ​របស់​សហភាព​អឺរ៉ុប។ លោក​សង្ឃឹម​ថា​ចាប់ពី​ថ្ងៃ​នេះ​ទៅ អ៊ុយក្រែន​នឹង​ចាប់ផ្ដើម​ក្លាយ​ជា​ដៃគូ​មួយ​របស់​សហភាព​អឺរ៉ុប​ដែល​ក្លាយ​ជា​អនាគត​ជាមួយ​គ្នា​នៃ​ការ​រួម​រស់​ក្នុង​សហគមន៍​តែ​មួយ។

ចំពោះ​ប្រធានាធិបតី​បារាំង លោក Emmanuel Macron បាន​ថ្លែង​ថា សហភាព​អឺរ៉ុប នឹង​បោះ​ជំហាន​យ៉ាង​លឿន​ចាប់​ពី​ពេលនេះ​ទៅ ដើម្បី​សម្រេច​នូវ​ការ​ផ្ដល់​ឋានៈ​សមាជិកភាព​ជា​ផ្លូវការ​របស់​ប្រទេស​អ៊ុយក្រែន និង​មូដាវី នៃ​សហភាព​អឺរ៉ុប នៅ​ក្នុង​សម័យ​ប្រជុំ​កំពូល​របស់​មេដឹកនាំ​សហភាព​អឺរ៉ុប​ខាងមុខ​នេះ។ លោក Macron បន្ត​ថា ប្រជាជន​អ៊ុយក្រែន​កំពុង​រង់ចាំ​ព្រឹត្តិការណ៍​ចូល​មក​ដល់​ដ៏​ឆាប់​នេះ។

ចំណែក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន វិញ ក៏​បាន​សាទរ​ផង​ដែរ​ចំពោះ​ប្រទេស​អ៊ុយក្រែន និង​មូដាវី ដែល​នឹង​ទទួល​បាន​ឋានៈ​សមាជិកភាព​ក្នុង​កាលៈទេសៈ​ចាំបាច់​នេះ ហើយ​ឆាប់ៗ​នេះ ប្រទេស​ពីរ​នឹង​ក្លាយ​ជា​សមាជិក​សហភាព​អឺរ៉ុប​ជា​ផ្លូវការ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស