35 C
Phnom Penh

CCHR នឹង​រៀបចំ​ពិធី​រំឭក​ខួប​៦​ឆ្នាំ​នៃ​មរណភាព​បណ្ឌិត កែម ឡី ពេញ​១​ខែ​កក្កដា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) នឹង​រៀបចំ​ពិធី​បែប​សាសនា និង​ចាក់​សម្រង់​សម្ដី​បណ្ឌិត កែម ឡី ពេញ​មួយ​ខែ​កក្កដា ខាងមុខ​នេះ ដើម្បី​រម្លឹក​ខួប ៦​ឆ្នាំ​នៃ​មរណភាព​បណ្ឌិត កែម ឡី។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២៧ ខែ​មិថុនា ឱ្យ​ដឹង​ថា ខួប ៦​ឆ្នាំ​នៃ​មរណភាព​បណ្ឌិត កែម ឡី អង្គការ​នេះ​នឹង​រៀបចំ​កម្មវិធី​ពេញ​មួយ​ខែ​កក្កដា ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​០១ រហូត​ដល់​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២២។

CCHR ឲ្យ​ដឹង​ទៀត​ថា ចាប់ពី​ថ្ងៃទី​២៧ ខែ​មិថុនា ដល់​ថ្ងៃទី​៤ ខែ​កក្កដា ខាងមុខ​នេះ សាធារណជន​អាច​ចូលរួម​ប្រកួតប្រជែង​កំណាព្យ​ដើម្បី​រំឭក​ដល់​ការ​ចងចាំ​បណ្ឌិត កែម ឡី ហើយ​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៣១ ខែ​កក្កដា CCHR នឹង​ប្ដូរ​គម្រប​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថាប័ន​ខ្លួន​ដោយ​ដាក់​រូបភាព​បណ្ឌិត កែម ឡី ជំនួស​វិញ។

ចំណែក​ថ្ងៃទី​២ ដល់​ថ្ងៃទី​៧ ខែ​កក្កដា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នឹង​បង្ហោះ​សម្រង់​សម្ដី​របស់​បណ្ឌិត កែម ឡី លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ខណៈ​ថ្ងៃទី​៦ នឹង​រៀបចំ​ពិធី​សូត្រមន្ត​រាប់បាត្រ​ដើម្បី​ឧទ្ទិស​រំឭក​ខួប ៦​ឆ្នាំ​នៃ​មរណភាព​របស់​បណ្ឌិត កែម ឡី។

មួយ​វិញ​ទៀត នៅ​ថ្ងៃទី​៩ និង​ទី​១០ ខែ​កក្កដា CCHR នឹង​ចាក់​ផ្សាយ​ឡើងវិញ​នូវ​វីដេអូ​ដែល​មាន​ចំណងជើង​ថា «កែម ឡី៖ ដំណើរ​ជីវិត​របស់​គាត់» ខណៈ​ថ្ងៃទី​១១ ដល់​ថ្ងៃទី​៣១ ខែ​កក្កដា ស្ថាប័ន​នេះ​នឹង​បង្ហោះ​សារ​ជា​សំឡេង​នៃ​ការ​ចងចាំ​របស់​ពី​សាធារណជន រួម​ទាំង​បង្ហោះ​សម្រង់​សម្ដី​របស់​លោក​ក្នុង​ទម្រង់​ជា​វីដេអូ​សំឡេង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន។

បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ក្នុង​ហាង​ស្ដារ​ម៉ាត​ស្តុប​បូកគោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២២ នេះ សមត្ថកិច្ច​ចាប់​ខ្លួន​បាន​ឃាតក​តែ​ម្នាក់​គត់ គឺ​ឈ្មោះ អឿត អាង ហៅ​ខ្លួនឯង «ជួប សម្លាប់» ដែល​ត្រូវ​តុលាការ​ផ្ដន្ទាទោស​ឱ្យ​ជាប់​គុក​អស់​មួយ​ជីវិត។

យ៉ាងណាក៏ដោយ ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ដែល​ជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ បាន​ធ្វើឡើង​បន្ទាប់ពី​លោក​បាន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​របាយការណ៍​របស់​អង្គការ Global Witness ដែល​មាន​ឈ្មោះ​ថា «អាណាចក្រ​អាជីវកម្ម​ត្រកូល ហ៊ុន នៅ​កម្ពុជា»

ក្នុង​របាយការណ៍​នោះ បាន​លាតត្រដាង​អំពី​ការ​ក្ដោប​ក្ដាប់​អាជីវកម្ម​របស់​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ដែល​មាន​តម្លៃ​រាប់​រយ​លាន​ដុល្លារ។

ទោះបីជា​តុលាការ​កម្ពុជា​បាន​ផ្ដន្ទាទោស​បុរស​ឈ្មោះ អឿត អាង ឬ ជួប សម្លាប់ ដែល​ត្រូវ​តុលាការ​ផ្ដន្ទាទោស​ឱ្យ​ជាប់​គុក​អស់​មួយ​ជីវិត​ក្ដី ប៉ុន្តែ​ក្រុម​គ្រួសារ និង​សង្គម​ស៊ីវិល​ជាតិ រួម​ទាំង​អន្តរជាតិ នៅតែ​អំពាវនាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី មក​ផ្ដន្ទាទោស​តាម​ច្បាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ និង​គ្រួសារ រួម​ទាំង​លុបបំបាត់​វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស