27 C
Phnom Penh

បទវិភាគ៖ តើ​វាសនា​ត្រកូល «ហ៊ុន» អាច​ផ្ទុយ​គ្នា​នឹង​វាសនា​ជាតិ​ខ្មែរ​ឬ​ទេ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​គ្រួសារ​របស់​លោក ហ៊ុន សែន ឬ​ហៅ​ថា​ត្រកូល «ហ៊ុន» ត្រូវ​បាន​គេ​កត់សម្គាល់​ជា​គ្រួសារ​មួយ​ដែល​មាន​អំណាច​ខ្លាំង និង​ទ្រព្យសម្បត្តិ​ដ៏​មហាសាល​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ជាមួយ​គ្នា​នេះ គ្រួសារ​ត្រកូល «ហ៊ុន» ក៏​រង​ការ​ចោទប្រកាន់​អំពី​ការ​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ ឬ​អំពើ​ទុច្ចរិត​ជាច្រើន​ដែល​បាន​កើតឡើង​ក្នុង​ប្រទេស​កម្ពុជា ដូចជា​អំពើ​ឃាតកម្ម​លើ​តារា​ភាពយន្ត តារា​ចម្រៀង អ្នក​នយោបាយ អ្នកវិភាគ សកម្មជន​សិទ្ធិមនុស្ស​នានា អំពើ​ជួញដូរ​គ្រឿងញៀន អំពើពុករលួយ និង​អំពើ​បំផ្លាញ​ជាតិ​នានា។

រយៈពេល​ជាង ៤០​ឆ្នាំ​កន្លងមក​នេះ​ក្រោយ​ការ​ដួល​រលំ​របប​ខ្មែរក្រហម ប៉ុល ពត ក្នុង​ខែ​មករា ឆ្នាំ​១៩៧៩ របប​កុម្មុយនីស្ត​ទី​ពីរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាប់​បដិសន្ធិ​ឡើង​ក្នុង​ប្រទេស​កម្ពុជា។ ការ​ឡើង​កាន់​អំណាច​នៃ​របប​កុម្មុយនីស្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា (CPP) នេះ ត្រូវ​បាន​ធ្វើឡើង​តាមរយៈ​ការ​លើក​បន្តុប​ដោយ​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម ដែល​លើក​ទ័ព​ប្រមាណ​ដប់​ម៉ឺន​នាក់​ចូល​លុកលុយ​ប្រទេស​កម្ពុជា ដើម្បី​ផ្តួល​រំលំ​របប ប៉ុល ពត។

បន្ទាប់ពី​លើក CPP ឱ្យ​កាន់​អំណាច​ហើយ កងទ័ព​វៀតណាម​ទាំងនោះ និង​មន្ត្រី​រដ្ឋបាល​វៀតណាម​បាន​បន្ត​ស្ថិត​ក្នុង​ប្រទេស​កម្ពុជា​ប្រមាណ ១០​ឆ្នាំ​រហូត​ដល់​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ក្នុង​ឆ្នាំ​១៩៩១។

ចាប់ផ្តើម​ពី​ឆ្នាំ​១៩៧៩ និង​ការ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​ផ្ទាល់​ពី​សំណាក់​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម ពួក​មន្ត្រី CPP ជាពិសេស​ក្រុម​គ្រួសារ​លោក ហ៊ុន សែន បាន​រស់នៅ​ក្នុង​កម្រិត​ជីវភាព​ប្រហាក់ប្រហែល​នឹង​កម្រិត​ជីវភាព​របស់​ពលរដ្ឋ​ខ្មែរ​ទូទៅ មន្ត្រី​រាជការ និង​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ប៉ុន្តែ​បច្ចុប្បន្ន​នេះ កម្រិត​ជីវភាព​នៃ​ការ​រស់នៅ​របស់​គ្រួសារ​ត្រកូល ហ៊ុន គឺ​ខ្ពស់​ជាង​ប្រជាពលរដ្ឋ​ខ្មែរ​ឆ្ងាយ​ដូច​មេឃ និង​ដី។

បើ​យោង​តាម​របាយការណ៍​របស់​អង្គការ Global Witness ក្នុង​ឆ្នាំ​២០១៦ ដែល​មាន​ឈ្មោះ​ថា «អាណាចក្រ​អាជីវកម្ម​ត្រកូល ហ៊ុន នៅ​កម្ពុជា» បង្ហាញ​ថា គ្រួសារ​ត្រកូល «ហ៊ុន» មាន​លុយ និង​ទ្រព្យសម្បត្តិ​រហូត​ដល់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​រួម​បញ្ចូល​ទាំង​ដីធ្លី និង​ផ្ទះ​វីឡា​ទំនើបៗ​ដែល​មាន​តម្លៃ​រហូត​ដល់​រាប់​សិប ឬ​រយ​លាន​ដុល្លារ​អាមេរិក។ បើ​គេ​គិត​អំពី​ប្រាក់ខែ​មន្ត្រី​រាជការ និង​កង​កម្លាំង​ប្រដាប់​អាវុធ​នា​បច្ចុប្បន្ន​នេះ ពួកគេ​ត្រូវ​សន្សំ​អាច​ដល់​រាប់​សិប​ឆ្នាំ​ទើប​អាច​ទិញ​បាន​ផ្ទះ​មួយ​ល្វែង​ដែល​មាន​តម្លៃ​ប្រមាណ​ដប់​ម៉ឺន​ដុល្លារ​អាមេរិក។

ក្នុង​ខណៈ​គ្រួសារ​ត្រកូល «ហ៊ុន» មាន​លុយ និង​ទ្រព្យសម្បត្តិ​ហូរហៀរ ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​រស់​ក្នុង​ភាព​ក្រីក្រ​តោកយ៉ាក។ យោង​តាម​គេហទំព័រ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ ១៧,៨% រស់​ក្រោម​បន្ទាត់​ក្រីក្រ ០,៥% អត់​ការងារ​ធ្វើ និង ៩,២% រក​ចំណូល​បាន​ត្រឹម ១,៩០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។ ដូច្នេះ​វា​មាន​ន័យ​ថា អ្នក​ដែល​ក្រក្រី​តោកយ៉ាក​ក្នុង​ប្រទេស​កម្ពុជា អាច​មាន​ចំនួន​រហូត​ដល់​ទៅ ២៧,៥% ឬ​ប្រមាណ​បួន​លាន​កន្លះ។

នេះ​ជា​ចំនួន​ដ៏​ធំ​ណាស់ គឺ​ជិត​មួយ​ភាគ​បី​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​សរុប។ បើ​ផ្អែក​លើ​កម្រិត​ជីវភាព​នេះ គេ​អាច​ឃើញ​ថា គ្រួសារ​ត្រកូល «ហ៊ុន» កាន់តែ​មាន​ជីវភាព​ធូរធារ ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែ​ក្រ​តោកយ៉ាក។ នេះ​គឺជា​ចំណុច​ផ្ទុយ​គ្នា​មួយ​រវាង​គ្រួសារ​ត្រកូល ហ៊ុន និង​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ។

ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នា​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន បាន​យល់ព្រម​ឱ្យ​មាន​គណបក្ស​នយោបាយ​នានា​ចូលរួម​ប្រកួត​បោះឆ្នោត និង​ព្រម​ប្រគល់​អំណាច​ឱ្យ​អាជ្ញាធរ​របស់​អង្គការ​សហប្រជាជាតិ (UNTAC) គ្រប់គ្រង​បណ្ដោះអាសន្ន និង​រៀបចំ​ការ​បោះឆ្នោត​ជាតិ​មួយ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩៣។

ក្នុង​អំឡុង​ពេល​មុន​បោះឆ្នោត​នោះ លោក ហ៊ុន សែន ខំ​ដើរ​ចែក​អំណោយ កសាង​វត្ត កសាង​សាលារៀន និង​ផ្លូវ​គ្រប់​ច្រកល្ហក ដើម្បី​ទាក់ទាញ​សន្លឹកឆ្នោត​ពី​ប្រជាពលរដ្ឋ។ ក្រោយ​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​១៩៩៣ នោះ លោក ហ៊ុន សែន និង​គណបក្ស​របស់​គាត់​ចាញ់​ឆ្នោត។ ពេល​នោះ​គាត់​កាន់តែ​ខំប្រឹង​ចែក​អំណោយ និង​កសាង​អ្វីៗ​ជាច្រើន​ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​មក​វិញ ដូចជា​តំបន់​អភិវឌ្ឍន៍​ក្រាំងយ៉ូវ ជាដើម។

លោក ហ៊ុន សែន ធ្លាប់​ទាំង​ប្រកាស​ថា គាត់​នឹង​អភិវឌ្ឍ​តំបន់​ក្រាំងយ៉ូវ​ដ៏​ក្រីក្រ​ឱ្យ​ក្លាយ​ជា​តំបន់​អភិវឌ្ឍន៍​ដ៏​ស្រស់​បំព្រង។ បើ​ស្តាប់​ទៅ គាត់​ហាក់ដូចជា​ប្ដេជ្ញា​ចិត្ត​ខ្លាំង​ណាស់​ជាមួយ​ប្រជាពលរដ្ឋ​ក្រីក្រ​តោកយ៉ាក​ក្នុង​តំបន់​ក្រាំងយ៉ូវ ប៉ុន្តែ​បច្ចុប្បន្ន​នេះ លោក ហ៊ុន សែន ឈប់​និយាយ ឬ​នឹកនា​ចំពោះ​តំបន់​ក្រាំងយ៉ូវ​ទៀត​ហើយ ក្នុង​ខណៈ​ពលរដ្ឋ​ក្នុង​តំបន់​នោះ​នៅតែ​រស់នៅ​ក្នុង​សភាព​ក្រីក្រ​ដដែល។

បើ​គេ​សង្កេត​លើ​ចំណុច​នេះ គេ​អាច​ឃើញ​ថា​នៅ​ពេល​ដែល​អំណាច​របស់​លោក ហ៊ុន សែន ថយ​ចុះ​នៅ​មុន និង​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣ លោក ហ៊ុន សែន ខំ​យកចិត្ត​ពលរដ្ឋ​ខ្មែរ​ខ្លាំង​ណាស់។

រឿង​បែប​នេះ​បាន​កើត​ឡើង​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ដែល​ពេល​នោះ លោក ហ៊ុន សែន និង​គណបក្ស​របស់​លោក​បាន​បាត់បង់​សន្លឹកឆ្នោត​ជាច្រើន​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ។

ដោយ​ការ​ថយ​ប្រជាប្រិយភាព​បែប​នោះ លោក ហ៊ុន សែន បាន​យកចិត្ត​កម្មករ មន្ត្រី​រាជការ និង​កង​កម្លាំង​ប្រដាប់​អាវុធ ដោយ​បាន​ដំឡើង​ប្រាក់ខែ​ឱ្យ​ពួកគេ និង​ចុះ​ទៅ​ជួប​ផ្ទាល់​ជា​បន្តបន្ទាប់ ព្រមទាំង​ឱប​ថើប​ហាក់ដូចជា​ការ​បង្ហាញ​នូវ​ក្តី​ស្រឡាញ់ និង​យកចិត្ត​ទុកដាក់​ដ៏​កក់ក្តៅ។ ប៉ុន្តែ​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ឆ្នាំ​២០១៧ មក អំណាច​លោក ហ៊ុន សែន ឡើង​ខ្លាំង​ដោយសារ​គ្មាន​អ្នក​ប្រកួត។ ដូច្នេះ​លោក ហ៊ុន សែន ក៏​ឈប់​រវល់​យកចិត្ត​ចំពោះ​កម្មករ​ទាំងនោះ​ដែរ គឺ​មាន​តែ​ការ​បង្ក្រាប គ្មាន​ប្រណី ដូចជា​ការ​បង្ក្រាប​បុគ្គលិក​កាស៊ីណូ​ណាហ្គា ជាដើម។

ដូច​ការ​លើកឡើង​របស់​អង្គការ Global Witness គ្រួសារ​ត្រកូល ហ៊ុន មាន​លុយ និង​មាន​ទ្រព្យ​សម្បត្តិ​មហាសាល​រាប់​ពាន់​លាន​ដុល្លារ។ សំណួរ​សួរ​ថា តើ​គ្រួសារ​ត្រកូល ហ៊ុន បាន​លុយ​នោះ​មក​ពីណា? គេ​អាច​ឆ្លើយ​ថា គ្រួសារ​ត្រកូល ហ៊ុន នេះ​បាន​លុយ និង​ទ្រព្យសម្បត្តិ​ទាំងនោះ​មកពី​ការ​វិនិយោគទុន ឬ​ការ​រកស៊ី​ផ្សេងៗ​របស់​ពួកគេ។

ប្រសិនបើ​គ្រួសារ​នេះ​បាន​លុយកាក់ និង​ទ្រព្យសម្បត្តិ​រាប់​ពាន់​លាន​នោះ​មកពី​ការ​វិនិយោគទុន​មែន​នោះ តើ​គ្រួសារ​នេះ​បាន​បង់​ពន្ធ​លើ​លុយ​ចំណេញ​ពី​ការ​វិនិយោគ​នោះ​ជូន​រដ្ឋ​ត្រឹមត្រូវ​ដែរ​ឬ​ទេ?

ផ្ទុយទៅវិញ ប្រសិនបើ​លុយ​រាប់​ពាន់​លាន​ដុល្លារ​ដែល​ត្រកូល ហ៊ុន មាន​នោះ​បាន​មកពី​អំពើពុករលួយ និង​បំផ្លាញ​ជាតិ​វិញ នោះ​វា​មាន​ន័យ​ថា បើ​កាលណា​គ្រួសារ​ត្រកូល ហ៊ុន កាន់តែ​មាន​ខ្លាំង ជាតិ​ខ្មែរ​ក៏​កាន់តែ​ត្រូវ​បាន​បំផ្លាញ​ខ្លាំង​ដែរ។

បើ​យោង​តាម​អង្គការ Global Witness លុយ និង​ទ្រព្យសម្បត្តិ​ដែល​គ្រួសារ​ត្រកូល ហ៊ុន មាន​គឺ​សុទ្ធតែ​ទទួល​បាន​ពី​អំពើពុករលួយ និង​ការ​បំផ្លាញ​ជាតិ​ខ្មែរ។ អង្គការ​នេះ​បាន​ចេញ​របាយការណ៍​ស៊ើប​អង្កេត​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ជា​បន្តបន្ទាប់ ដែល​មាន​ឈ្មោះ​ដូចជា «ប្រទេស​សម្រាប់​លក់ ឬ Country for Sale» «គ្រួសារ​លួច​ជាតិ» និង «អាណាចក្រ​សាជីវកម្ម​នៃ​គ្រួសារ​ត្រកូល ហ៊ុន ឬ Hostile Takeover»

បណ្ឌិត កែម ឡី ត្រូវ​បាន​គេ​បាញ់​សម្លាប់​ក្នុង​រយៈពេល​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​គាត់​ធ្វើការ​វិភាគ​លើ​របាយការណ៍​របស់​អង្គការ​នេះ ដែល​មាន​ចំណងជើង​ថា «អាណាចក្រ​សាជីវកម្ម​នៃ​គ្រួសារ​ត្រកូល ហ៊ុន ឬ Hostile Takeover» គឺ​នៅ​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។

របាយការណ៍​នោះ​គឺ​បាន​លាតត្រដាង​អំពី​ការ​ប្រើ​អំណាច​របស់​គ្រួសារ​ត្រកូល ហ៊ុន លើ​ក្រុមហ៊ុន​ជាតិ និង​បរទេស​នានា​ក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ភាគហ៊ុន​ខ្យល់ គឺ​មិន​បាច់​ដាក់​ដើមទុន និង​ចាំ​តែ​យក​ចំណេញ។

បើ​យោង​តាម​របាយការណ៍​ស៊ើប​អង្កេត​ទាំងនោះ អង្គការ Global Witness បាន​បង្ហាញ​អំពី​ការ​ពាក់ព័ន្ធ​របស់​គ្រួសារ​ត្រកូល ហ៊ុន ក្នុង​ការ​កាប់​បំផ្លាញ​ព្រៃឈើ ការ​ជីក​រ៉ែ ការ​លក់​ដី​រដ្ឋ និង​កោះ​នានា ការ​លក់​គ្រឿងញៀន ការ​រឹបអូស​ដី​របស់​ប្រជាពលរដ្ឋ និង​អំពើពុករលួយ​កិបកេង​ទ្រព្យសម្បត្តិ​ជាតិ​ជាច្រើន​ទៀត​ដែល​នាំ​ឱ្យ​ពួកគេ​មាន​លុយ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក។

បើ​ផ្អែក​តាម​អង្គការ Global Witness លុយ និង​ទ្រព្យសម្បត្តិ​ដែល​គ្រួសារ​ត្រកូល ហ៊ុន មាន​នោះ​គឺ​បាន​មកពី​អំពើ​ទុច្ចរិត​បំផ្លាញ​ជាតិ មិនមែន​បាន​មក​តាមរយៈ​ការ​ធ្វើ​វិនិយោគ​អ្វី​នោះ​ទេ។

អ្នក​ឃ្លាំមើល​និយាយ​ថា បើ​គ្រួសារ​ត្រកូល ហ៊ុន កាន់​តែ​មាន ជាតិ​ខ្មែរ​កាន់តែ​រលាយ។

នេះ​គឺជា​ចំណុច​មួយ​ទៀត​ដែល​បង្ហាញ​ថា វាសនា​របស់​ត្រកូល ហ៊ុន គឺ​ផ្ទុយ​ពី​វាសនា​របស់​ជាតិ​ខ្មែរ ឬ​គេ​អាច​និយាយ​ម្យ៉ាង​ទៀត​ថា បើ​វាសនា​ត្រកូល ហ៊ុន រុងរឿង នោះ​វាសនា​ជាតិ​ខ្មែរ​ធ្លាក់​ចុះ ហើយ​បើ​វាសនា​ត្រកូល ហ៊ុន ធ្លាក់​ចុះ នោះ​វាសនា​ជាតិ​ខ្មែរ​រុងរឿង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស