32 C
Phnom Penh

លោក ហ៊ុន សែន បន្ត​កាត់​ផ្ទៃ​បឹង​តាមោក​ឱ្យ​កូនប្រុស​មន្ត្រី​ជាន់ខ្ពស់​ទំហំ​ជាង​៣៨​ហិកតារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន សម្រេច​កាត់​ផ្ទៃដី​ចំនួន ០៨​ទីតាំង​មាន​ទំហំ​ជាង ៣៨​ហិកតារ​ចេញពី​ផ្ទៃ​បឹង​តាមោក​បន្ថែម​ទៀត​ឱ្យ​ទៅ​កូនប្រុស​បង្កើត​របស់​លោក ហូ សិទ្ធី ដែល​ជា​នាយក​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី។

មេដឹកនាំ​ដែល​ពូកែ​លុប​បឹង​លុប​ទន្លេ​រូប​នេះ​បាន​ចេញ​អនុក្រឹត្យ​កាលពី​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២២ កន្លងទៅ​ដែល​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ទើប​ទទួល​បាន សម្រេច​កាត់​ផ្ទៃដី​បឹង​តាមោក ឬ​បឹង​កប់ស្រូវ​ចំនួន ០៨​ទីតាំង​មាន​ទំហំ​ជាង ៣៨​ហិកតារ (៣៨៥៧៦៨​ម៉ែត្រក្រឡា) ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ពញាពន់ សង្កាត់​ពន្សាំង និង​សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​អនុបយោគ​ពី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ទៅ​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ និង​ធ្វើ​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​លោក ហូ សិទ្ធីវ័ន្ត ជា​កូនប្រុស​បង្កើត​របស់​លោក ហូ សិទ្ធី ដែល​ជា​នាយក​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ដោយ​ពន្ធ និង​អាករ​ផ្សេងៗ​ជា​បន្ទុក​របស់​រដ្ឋ។

ជុំវិញ​ការ​កាត់​ដី​បឹង​តាមោក​នេះ គេ​នៅ​មិន​ទាន់​បាន​ដឹង​ទេ​ថា តើ​លោក ហូ សិទ្ធីវ័ន្ត និង​អ្នកស្រី សេង សុជាតិតា ទទួល​បាន​ចំណែក​ផ្ទៃដី​បឹង​តាមោក​ជិត ៤០​ហិកតារ​នេះ​ធ្វើជា​កម្មសិទ្ធិ ដោយ​ពន្ធ និង​អាករ​ជា​បន្ទុក​របស់​រដ្ឋ​បែប​នេះ ដោយសារ​មូលហេតុ​អ្វី​នៅឡើយ​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​សម្រេច​កាត់​ផ្ទៃដី​បឹង​តាមោក​ចំនួន​ពីរ​ទីតាំង​ដែល​មាន​ទំហំ​ជាង ៦​ហិកតារ (៦១៨៣៦​ម៉ែត្រក្រឡា) ស្ថិតនៅ​សង្កាត់​ពញាពន់ ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ចេញពី​ផ្ទៃ​បឹង​តាមោក (បឹង​កប់ស្រូវ) ដើម្បី​ប្រគល់​ឱ្យ​ទៅ​លោក​ឧត្តមសេនីយ៍​ផ្កាយ​៤ សេង យូអ៊ាន់ ធ្វើជា​កម្មសិទ្ធិ ដោយ​ពន្ធ និង​អាករ​ផ្សេងៗ​ជា​បន្ទុក​របស់​រដ្ឋ​ចាប់​ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ។

បឹង​តាមោក ឬ​បឹង​កប់ស្រូវ ស្ថិត​ក្នុង​សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ មាន​ផ្ទៃដី​សរុប​ជាង ៣​ពាន់​ហិកតារ (៣២៣៩​ហិកតារ) ជា​អាង​ស្ដុក​ទឹក​កខ្វក់ និង​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ ហើយ​បឹង​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៦ កំណត់​ជា​បឹង​ធម្មជាតិ​ទុក​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ។

យ៉ាងណាក៏ដោយ យោង​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ដែល​បាន​ចេញ​ជា​បន្តបន្ទាប់​ចាប់តាំងពី​ឆ្នាំ​២០១៨ រហូត​ដល់​ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ ផ្ទៃ​បឹង​តាមោក​សរុប​ជាង ២​ពាន់​ហិកតារ​ហើយ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កាត់ ឬ​ដោះដូរ​ទៅ​ឱ្យ​ស្ថាប័ន​រដ្ឋ ក្រុមហ៊ុន​ឯកជន ដែល​គេ​ដឹង​ថា​ជា​អ្នក​មាន​ប្រាក់ និង​មាន​អំណាច​សម្រាប់​សាងសង់​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ដើម្បី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន។

ក្រៅពី​កាត់ និង​ដោះដូរ​បឹង​នេះ លោក ហ៊ុន សែន ក៏​បាន​កាត់​ផ្ទៃដី​បឹង​តាមោក ឬ​ទំនប់​កប់ស្រូវ​នេះ​ចំនួន ២០​ហិកតារ​ឱ្យ​ប្អូនស្រី​បង្កើត​របស់​លោក គឺ​អ្នកស្រី ហ៊ុន សេងនី និង​ឧកញ៉ា ឡាញ់ ភារ៉ា ផង​ដែរ។ ជាង​នេះ​ទៀត បឹង​នេះ​ក៏​ត្រូវ​បាន​កាត់​ទៅ​ឲ្យ​លោក វង្ស ពិសេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ លោក សៅ សុខា មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក យ៉ា គឹមអ៊ី មន្ត្រី​ជាន់ខ្ពស់​នៃ​នាយកដ្ឋាន​អធិការកិច្ច​នៃ​ក្រសួង​ការពារ​ជាតិ​ថែម​ទៀត។

របាយការណ៍​របស់​សមាគម​ធាងត្នោត បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៩ ថា បឹង​ទាំង ២៦ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ សុទ្ធតែ​ត្រូវ​បាន​ចាក់​ដី​លុប​ទាំងអស់ ក្នុង​នោះ​បឹង ១៦ ផ្សេង​ទៀត ត្រូវ​បាន​លុប​ទាំងស្រុង និង​បឹង ១០ ទៀត ត្រូវ​បាន​លុប​នៅ​ផ្នែក​ខ្លះ ប៉ុន្តែ​បឹង​ទាំងនោះ​នឹង​ត្រូវ​លុប​បាត់​ទាំងស្រុង​នៅ​ពេល​ខាងមុខ​ជាមិនខាន៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស