28.4 C
Phnom Penh

លោក ហ៊ុន សែន ថា​រដ្ឋាភិបាល​មិន​មាន​លទ្ធភាព​ស្ដារ​បឹង​ទន្លេសាប​គោក​រាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​មិន​មាន​លទ្ធភាព​ស្ដារ​បឹង​ទន្លេសាប​ដែល​កំពុង​ជួប​ភាព​គោក​រាក់ ធ្វើ​ឱ្យ​បាត់បង់​ផល​ត្រី​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​នោះ​ទេ ក្រៅ​តែ​បំផុស​ឱ្យ​មាន​ការ​លែង​កូន​ត្រី​ចូល​បឹង​ទន្លេសាប ដើម្បី​ឱ្យ​ត្រី​មាន​កំណើន​កាន់តែ​ច្រើន​ឡើង​ទៅ​ថ្ងៃ​អនាគត​តែប៉ុណ្ណោះ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​លែង​កូន​ត្រី​ក្នុង​អាង​ត្រពាំងថ្ម ស្ថិត​ក្នុង​ភូមិ​ត្រពាំងថ្ម ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃទី​០១ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា បច្ចុប្បន្ន​នេះ លទ្ធភាព​របស់​កម្ពុជា​ខ្ពស់​បំផុត​នោះ គឺ​បាន​ត្រឹម​តែ​អាច​បូម​ស្ដារ​តម្រង់​ចរន្ត​ទឹក និង​ដោះស្រាយ​ចរាចរណ៍​ផ្លូវទឹក​តែប៉ុណ្ណោះ ប៉ុន្តែ​ការ​បូម​ដី​បាត​បឹង​ទន្លេសាប មិនមែន​ជា​រឿង​ងាយស្រួល​ក្នុង​ការ​ធ្វើ​នោះ​ទេ ដូច្នេះ​កម្ពុជា​មិន​អាច​ធ្វើ​អ្វី​បាន​នោះ​ឡើយ។

លោក ហ៊ុន សែន អះអាង​ថា ដើម្បី​ឱ្យ​មាន​ផល​ត្រី​ឡើងវិញ​សម្រាប់​បំពេញ​តម្រូវការ​របស់​ពលរដ្ឋ គឺ​មាន​តែ​ជំរុញ​លើក​ទឹកចិត្ត​រៀបចំ​ឱ្យ​មាន​ការ​បំផុស​ចលនា​ភ្ញាស់​កូន​ត្រី​លែង​ចូល​ទៅ​ក្នុង​បឹងបួ​នានា និង​បឹង​ទន្លេសាប ដែល​ជា​មធ្យោបាយ​តែ​មួយ​គត់​ដែល​កម្ពុជា​អាច​ធ្វើ​បាន និង​បង្កើន​ទិន្នផល​ត្រី​ដែល​កំពុងតែ​ថយ​ចុះ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

បឹង​ទន្លេសាប​ជា​អាង​ស្តុក​ទឹក​ធម្មជាតិ និង​ជា​ជម្រក​មច្ឆជាតិ​ដ៏​សំខាន់​សម្រាប់​ប្រជាជន​កម្ពុជា ដែល​មាន​ទំហំ​សរុប​ចំនួន ៣​ពាន់​គីឡូម៉ែត្រ​ការ៉េ​នៅ​រដូវប្រាំង និង​មាន​ទំហំ​ចំនួន ១​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ​នៅ​រដូវវស្សា ដែល​ជា​មជ្ឈមណ្ឌល​នេសាទ​មួយ​យ៉ាង​ធំ ពោល​គឺជា​មជ្ឈមណ្ឌល​ត្រី​ធំ​ជាងគេ​នៅ​លើ​ពិភពលោក ពីព្រោះ​បឹង​នេះ​សម្បូរ​ទៅ​ដោយ​ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​ដ៏​សុខសាន្ត និង​ជា​អាហារ​ដ៏​សម្បូរ​បែប​សម្រាប់​មច្ឆជាតិ។

យ៉ាងណាក៏ដោយ បច្ចុប្បន្ន​នេះ បឹង​ទឹកសាប​ដែល​ជា​ជង្រុក​ត្រី​ដ៏​ធំ​មួយ​នេះ​កំពុង​រង​នូវ​ការ​គោក​រាក់ និង​ការ​នេសាទ​ខុសច្បាប់​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ជីវចម្រុះ​យ៉ាង​ធ្ងន់ធ្ងរ ខណៈ​រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា ខ្លួន​គ្មាន​ដំណោះស្រាយ​អាច​បញ្ចៀស​វិបត្តិ​នេះ​បាន​ទេ ព្រោះ​លទ្ធភាព​របស់​ខ្លួន​បាន​ត្រឹមតែ​ដោះស្រាយ​ចរាចរណ៍​ផ្លូវទឹក​តែប៉ុណ្ណោះ។

ប្រធាន​រាជបណ្ឌិត្យសភា បណ្ឌិត សុខ ទូច ធ្លាប់​បាន​អះអាង​កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០២២ នេះ​ថា បឹង​ទន្លេសាប គឺជា​ទ្រព្យ​ដ៏​មហាសាល​របស់​កម្ពុជា ប៉ុន្តែ​ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មិន​អាច​ទប់ស្កាត់​ការ​នេសាទ​ខុសច្បាប់ និង​ការ​ការពារ​នូវ​ការ​គោក​រាក់​របស់​បឹង​ទន្លេសាប​នេះ​ឱ្យ​បាន​ទាន់​ពេល​ទេ នឹង​ធ្វើ​ឱ្យ​បាត់បង់​ផល​ត្រី​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​អនាគត។

បណ្ឌិត សុខ ទូច ត្អូញត្អែរ​ថា ការ​អភិវឌ្ឍ​ដោយ​ការ​លុប​បឹងបួ​នានា គឺ​ពិតជា​ធ្វើ​បាន​លឿន​ណាស់ ប៉ុន្តែ​ការ​អភិវឌ្ឍ​ដោយ​ការ​ស្ដារ​បាត​បឹង​ទន្លេសាប​ឱ្យ​ជ្រៅ​ជាង​មុន​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​មច្ឆជាតិ បង្កើត​ផល​ត្រី រដ្ឋាភិបាល​បែរជា​បដិសេធ​ថា​គ្មាន​ថវិកា​សម្រាប់​ស្ដារ​បឹង​នេះ​ដើម្បី​ផល​ប្រយោជន៍​ដ៏​មហាសាល​របស់​កម្ពុជា​ទៅវិញ។

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច បញ្ជាក់​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​គ្មាន​វិធានការ​ទប់ស្កាត់​ការ​គោក​រាក់​របស់​បឹង​ទន្លេសាប​បាន​ទាន់​ពេល​ទេ នោះ​កម្ពុជា​ដែល​ជា​ប្រទេស​មួយ​ធ្លាប់​តែ​មាន​ប្រភព​ត្រី​ដែល​ជា​ទ្រព្យសម្បត្តិ​ដ៏​មហាសាល នឹង​ប្រែ​ក្លាយ​ទៅ​ជា​ប្រទេស​ដែល​គ្មាន​ត្រី​សម្រាប់​ចិញ្ចឹម​ពលរដ្ឋ​របស់​ខ្លួន​ទៅ​ថ្ងៃ​មុខ​ជាមិនខាន។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា ការ​លើកឡើង​របស់​លោក ហ៊ុន សែន គឺជា​ការ​អះអាង​ដែល​មិន​ត្រឹមត្រូវ ពីព្រោះ​បើ​រដ្ឋាភិបាល​កម្ពុជា​គ្មាន​វិធី​ការពារ​ជម្រក​ត្រី​ឱ្យ​បាន​ត្រឹមត្រូវ​ទេ នោះ​ត្រី​នឹង​ត្រូវ​ស្លាប់​ផុត​ពូជ​ជា​បន្តបន្ទាប់ បើ​ទោះបីជា​រដ្ឋាភិបាល​មាន​ផែនការ​ភ្ញាស់​កូន​ត្រី​ដើម្បី​លែង​ចូល​ក្នុង​បឹង​ទាំងនោះ​យ៉ាង​ណា​ក៏ដោយ ក៏​មិន​មែន​ជា​ដំណោះស្រាយ​ដែរ។

ដូច្នេះ វិធីសាស្ត្រ​ដែល​ល្អ​បំផុត គឺ​មាន​តែ​កែច្នៃ​ជម្រក​ត្រី​នៃ​បឹង​ទន្លេសាប​នេះ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​តែប៉ុណ្ណោះ ទើប​អាច​បង្កើន​ផល​ត្រី​ក្នុង​បឹង​នេះ​បាន​ឡើងវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស