33 C
Phnom Penh

ប្រធានាធិបតី​ឥណ្ឌូនេស៊ី​សង្ឃឹម​ថា​រុស្ស៊ី និង​អ៊ុយក្រែន​វិល​ទៅ​រក​ការ​ចរចា​គ្នា​ឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​ឥណ្ឌូនេស៊ី បាន​បិទ​បញ្ចប់​បេសកកម្ម​របស់​លោក​ហើយ​បន្ទាប់ពី​លោក​បាន​ជួប​ទាំង​សមភាគី​អ៊ុយក្រែន នៅ​ទីក្រុង​គៀវ និង​បាន​ជួប​សមភាគី​រុស្ស៊ី នៅ​ទីក្រុង​មូស្គូ។

ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ ក៏​បាន​ជូន​លិខិត​របស់​លោក ហ្សេឡេនស្គី ដល់​ដៃ​លោក ពូទីន ទៀត​ផង​ដែរ។ លោក ចូកូ បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​ជាមួយ​លោក​ប្រធានាធិបតី ពូទីន ថា លិខិត​របស់​លោក ហ្សេឡេនស្គី គឺ​លោក​បាន​ជូន​ទៅ​លោក ពូទីន រួច​ហើយ។

តាម​សារព័ត៌មាន Coconuts Jakarta ដែល​ចុះ​ផ្សាយ​នៅ​ថ្ងៃទី​១ កក្កដា បាន​ឱ្យ​ដឹង​ថា លោក ចូកូ បាន​ទៅ​ជួប​លោក ហ្សេឡេនស្គី នៅ​ទីក្រុង​គៀវ នៅ​ថ្ងៃទី​២៩ មិថុនា ហើយ​បាន​ទៅ​ជួប​លោក ពូទីន នៅ​ថ្ងៃទី​៣០ មិថុនា។ ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ គឺជា​មេដឹកនាំ​អាស៊ី​ដំបូង​គេ​ដែល​បាន​ទៅ​កាន់​ទឹកដី​មួយ​នៅ​អឺរ៉ុប ដែល​ធ្លាក់​ក្នុង​សមរភូមិ​សង្គ្រាម​ដ៏​ធ្ងន់ធ្ងរ​ដោយសារ​មហាអំណាច​រុស្ស៊ី លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន ក្រោម​ការ​បញ្ជា​របស់​លោក ពូទីន។

ដំណើរ​បេសកកម្ម​របស់​មេដឹកនាំ​មួយ​នៃ​សមាគម​អាស៊ាន​រូប​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា មេដឹកនាំ​ប្រទេស​ដ៏​ធំ​មួយ​នេះ​ចង់​ធ្វើជា​ស្ពាន​ដើម្បី​ត​ភ្ជាប់​ឡើងវិញ​នូវ​ទំនាក់ទំនង​រវាង​លោក ហ្សេឡេនស្គី ប្រធានាធិបតី​អ៊ុយក្រែន និង​លោក ពូទីន ប្រធានាធិបតី​រុស្ស៊ី ហើយ​ឈាន​ទៅ​រក​ការ​ចរចា​ដើម្បី​សន្តិភាព និង​ការ​បញ្ចប់​សង្គ្រាម។

តែ​យ៉ាងណា គឺជា​ការ​ចម្លែក​ជាងគេ​បន្តិច​បើ​និយាយ​អំពី​មេដឹកនាំ​មួយ​ចំនួន រួម​ទាំង​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ផង ដែល​បាន​ទៅ​ជួប​លោក ហ្សេឡេនស្គី គឺ​ពួកគាត់​បាន​ទៅ​កាន់​ទីក្រុង​មូស្គូ មុន​នឹង​ទៅ​ទីក្រុង​គៀវ។ មាន​ន័យ​ថា មេដឹកនាំ​ទាំងនោះ​ជួប​លោក ពូទីន មុន​នឹង​ជួប​លោក ហ្សេឡេនស្គី។ តែ​សម្រាប់​លោក ចូកូ ត្រូវ​ទៅ​ជួប​លោក ហ្សេឡេស្គី មុន​នឹង​លោក​ទៅ​ជួប​លោក ពូទីន។ ដូច​នេះ​ហើយ​បាន​ជា​លោក ហ្សេឡេនស្គី សម្រេច​ផ្ញើ​លិខិត​តាមរយៈ​លោក ចូកូ ទៅ​ជូន​លោក ពូទីន។

បើ​តាម​លោក ចូកូ គឺ​លោក ពូទីន បាន​ទទួល​លិខិត​របស់​លោក ហ្សេឡេនស្គី ពី​ដៃ​លោក​ដោយ​ផ្ទាល់។

យ៉ាងណាក៏ដោយ លោក ចូកូ មិន​បាន​អះអាង​ថា តើ​ខ្លឹមសារ​ក្នុង​លិខិត​របស់​លោក ហ្សេឡេនស្គី ដែល​ផ្ញើ​ជូន​លោក ពូទីន បាន​សរសេរ​រៀបរាប់​អ្វី​ខ្លះ​នោះ​ទេ គ្រាន់តែ​លោក​សង្ឃឹម​ថា តាមរយៈ​លិខិត​នេះ​អាច​នឹង​នាំ​ឲ្យ​មាន​ការ​ចាប់ផ្ដើម​ទំនាក់ទំនង​គ្នា​រវាង​ក្រុង​មូស្គូ និង​ក្រុង​គៀវ ឡើងវិញ ទោះ​ជា​សង្គ្រាម​កំពុង​មាន​សភាព​ធ្ងន់ធ្ងរ​ក៏ដោយ។

ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ បាន​បញ្ជាក់​ដូច​នេះ​ថា៖ «ទោះបីជា​ស្ថានការណ៍​លំបាក​យ៉ាង​នេះ​ក្ដី គឺ​ត្រូវតែ​ឈាន​ទៅ​រក​ការ​ចរចា​នឹង​គ្នា ប្រសើរ​ជាង​ការ​ធ្វើ​សង្គ្រាម​ជាមួយ​គ្នា»។ លោក​បន្ត​ថា «បើ​យោង​តាម​រដ្ឋធម្មនុញ្ញ​ឥណ្ឌូនេស៊ី គឺ​បាន​តម្រូវ​ឲ្យ​ប្រទេស​របស់​លោក​ជួយ​រក​សន្តិភាព​សម្រាប់​ពិភពលោក។ ដូច​នេះ​ហើយ​បាន​ជា​លោក​ត្រូវ​ទៅ​ជួប​មេដឹកនាំ​ប្រទេស​ពីរ​នេះ»

ការ​បញ្ជាក់​របស់​លោក ចូកូ មាន​នៅ​លើ​ទំព័រ​ទ្វីតធើ​របស់​លោក។ លោក​អះអាង​ថា នេះ​ជា​បេសកកម្ម​ឆន្ទៈ​របស់​លោក​ដែល​ចង់​ឱ្យ​សង្គ្រាម​ត្រូវ​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​នេះ។

ក្រោយពី​លោក ពូទីន បាន​ថ្លែង​អំណរគុណ​ចំពោះ​លោក ចូកូ គឺ​ប្រធានាធិបតី​នៃ​ប្រទេស​មួយ​នៃ​សមាគម​អាស៊ាន​រូប​នេះ​នៅតែ​ប្ដេជ្ញា​រឹត​ចំណង​ទាក់ទង​ទ្វេភាគី​រុស្ស៊ី-ឥណ្ឌូនេស៊ី​ទៅ​មុខ​ទៀត។

បើ​តាម​សារព័ត៌មាន Coconuts Jakarta លោក ចូកូ បាន​ស្នើ​ឱ្យ​រុស្ស៊ី​បើក​ផ្លូវ​សមុទ្រ​ដើម្បី​ដឹក​ស្បៀង និង​គ្រាប់​ធញ្ញជាតិ និង​ស្រូវ​សាលី​របស់​អ៊ុយក្រែន ទៅ​កាន់​ទីផ្សារ​នៅ​អាស៊ី និង​អាហ្វ្រិក ដែល​លោក​ថា​នៅ​ពេល​ដែល​រុស្ស៊ី និង​អ៊ុយក្រែន ឈ្លោះ​គ្នា គឺ​បណ្តាល​ឲ្យ​ទំនិញ​ទូទៅ​ឡើង​ថ្លៃ​ជា​ខ្លាំង ជាពិសេស​គឺ​ប្រេងឥន្ធនៈ ហើយ​សម្រាប់​ឥណ្ឌូនេស៊ី ក៏​រង​ផល​ប៉ះពាល់​ខ្លាំង​ដែរ។

តែ​ជាមួយ​គ្នា​នេះ ឥណ្ឌូនេស៊ី ដែល​ជា​ប្រធាន​ប្តូរ​វេន​នៃ​កិច្ចប្រជុំ​របស់​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន G-20 គឺ​ត្រូវ​ដឹកនាំ​ការ​ប្រជុំ​ទាំង​ថ្នាក់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង ២០ នេះ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២២ ខាងមុខ​នេះ។

តាម​ការ​បញ្ជាក់​របស់​លោក ចូកូ គឺ​លោក​ទៅ​ជួប​លោក ពូទីន និង​លោក ហ្សេឡេនស្គី ដើម្បី​អញ្ជើញ​ពួកគេ​ទៅ​ចូលរួម​កិច្ចប្រជុំ​នេះ​នៅ​លើ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី នៅ​ខែ​វិច្ឆិកា ខាងមុខ​នេះ។ ចំណែក​លោក ហ្សេឡេនស្គី ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ឋានៈ​ជា​ភ្ញៀវ ព្រោះ​អ៊ុយក្រែន​ពុំ​ទាន់​ក្លាយ​ជា​សមាជិក​នៃ​ប្រទេស G-20 នៅឡើយ​ទេ។

សម្រាប់​ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡេនស្គី បាន​សាទរ​ចំពោះ​ការ​អញ្ជើញ​ឱ្យ​លោក​ថ្លែង​អំពី​ការ​អភិវឌ្ឍ​ប្រទេស​អ៊ុយក្រែន។ លោក ហ្សេឡេនស្គី បាន​ប្រាប់​លោក ចូកូ ថា លោក​នឹង​ចូលរួម​ជំនួប​កំពូល​របស់​ក្រុម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង ២០ នេះ ប៉ុន្តែ​លោក​ថា​ការ​ចូលរួម​របស់​លោក​នឹង​អាស្រ័យ​លើ​ស្ថានភាព​សន្តិសុខ​នៃ​ប្រទេស​អ៊ុយក្រែន។

ចំពោះ​លោក ពូទីន វិញ ពុំ​បាន​និយាយ​ថា​ទៅ ឬ​មិន​ទៅ​នោះ​ទេ តែ​អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ ថ្លែង​ថា ការ​ចូលរួម​ប្រជុំ G-20 របស់​លោក ពូទីន គឺ​អាស្រ័យ​នឹង​ស្ថានការណ៍​ជាក់ស្តែង​តែប៉ុណ្ណោះ។

យ៉ាងនេះ​ក្ដី មេដឹកនាំ​សហរដ្ឋ​អាមេរិក អង់គ្លេស ជប៉ុន អូស្ត្រាលី និង​ប្រទេស​ជាច្រើន​ទៀត​មិន​ចង់​ឃើញ​វត្តមាន​លោក ពូទីន នៅ​លើ​វេទិកា​នោះ​ទេ។ ពួកគេ​ព្រមាន​ថា​នឹង​ធ្វើ​ពហិការ​នៃ​កិច្ចប្រជុំ​កំពូល​នៅ​ខែ​វិច្ឆិកា បើ​មាន​វត្តមាន​របស់​លោក ពូទីន ឬ​ក៏​ពួកគេ​អាច​ដើរ​ចេញពី​វេទិកា​នេះ​នៅ​ពេល​លោក ពូទីន ឡើង​លើ​វេទិកា​ថ្លែង​សុន្ទរកថា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស