27 C
Phnom Penh

UN៖ នីតិវិធី​តុលាការ​កម្ពុជា​ប្រឆាំង​នឹង​លោក ឆន ផល្លា គឺជា​ការ​សងសឹក​តាម​ប្រព័ន្ធ​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា (UN) ចាត់ទុក​ដំណើរការ​របស់​តុលាការ​កម្ពុជា​ប្រឆាំង​នឹង​សកម្មជន​ការពារ​ព្រៃឈើ លោក ឆន ផល្លា គឺជា​ការ​សងសឹក​របស់​អាជ្ញាធរ​តាម​ប្រព័ន្ធ​ច្បាប់​ដោយ​រំលោភ​បំពាន​លើ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច។

ឧត្ដមក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​៤ កក្កដា បាន​អះអាង​ថា អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​ព័ត៌មាន​លម្អិត​ប្រកប​ដោយ​ការពិត និង​មូលដ្ឋាន​ច្បាប់​ក្នុង​ការ​ឃុំ​ខ្លួន​លោក ឆន ផល្លា រួម​ទាំង​ការ​ចាប់​ខ្លួន​លោក​ដោយ​គ្មាន​ដីកា​របស់​តុលាការ​កាលពី​ពេល​កន្លងទៅ។

ឧត្ដមក្រុមប្រឹក្សា​សិទ្ធិមនុស្ស​មួយ​នេះ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ផ្តល់​ហេតុផល​នៃ​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​លោក ឆន ផល្លា និង​ពន្យល់​ថា​តើ​វិធានការ​អ្វី​ខ្លះ​ដែល​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​ធានា​ថា លោក ឆន ផល្លា អាច​អនុវត្ត​សិទ្ធិ​របស់​លោក​បាន ជាពិសេស​សិទ្ធិ​ទទួល​បាន​សវនាការ​ដោយ​យុត្តិធម៌ ដោយ​ឯករាជ្យ និង​មិន​លម្អៀង ជាដើម។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​សកម្មជន​ការពារ​ព្រៃឈើ លោក ឆន ផល្លា ត្រូវ​សមត្ថកិច្ច​ខេត្ត​រតនគិរី ចាប់​ឃុំ​ខ្លួន​កាលពី​ពេល​កន្លងទៅ​ទាំង​ដែល​គ្មាន​ដីកា​តុលាការ​ឱ្យ​នាំ​ខ្លួន​ផង​នោះ។

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ហ្សឺណែវ បាន​ចេញ​លិខិត​របស់​ខ្លួន​កាលពី​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០២២ គាំទ្រ​លើ​របាយការណ៍​របស់​ក្រសួង​យុត្តិធម៌​កម្ពុជា​ទាំងស្រុង ដែល​ថា​ទង្វើ​របស់​លោក ឆន ផល្លា បាន​បំពាន​សណ្ដាប់ធ្នាប់​សាធារណៈ និង​ប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ​យ៉ាង​ធ្ងន់ធ្ងរ ដែល​បាន​ហ៊ុមព័ទ្ធ​ដី​ព្រៃ​ដើម្បី​កាន់កាប់​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នៅ​ភូមិ​សាមុតក្រោម ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី កាលពី​អំឡុង​ឆ្នាំ​២០១៩ កន្លងទៅ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៥ កក្កដា នេះ​ថា លោក​ពិត​ជា​មាន​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ដែល​តុលាការ​បាន​ចោទប្រកាន់​លោក ឆន ផល្លា រហូត​ឈាន​ដល់​ការ​ចាប់​ឃុំ​ខ្លួន និង​កាត់ទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ ទាំង​ដែល​គ្មាន​ភស្តុតាង​គ្រប់គ្រាន់ ដែល​ជា​រូបភាព​មួយ​បំបាក់​ស្មារតី​សកម្មជន​ព្រៃឈើ​ដែល​មាន​ឧត្តមគតិ​ការពារ​ធនធាន​ធម្មជាតិ​កម្ពុជា​ដទៃ​ទៀត និង​ជា​ទង្វើ​ដ៏​អយុត្តិធម៌​យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​លោក ឆន ផល្លា ដែល​ជាប់​ឃុំ​ទាំង​អយុត្តិធម៌​នៅ​ពេលនេះ។

លោក ស៊ឹង សែនករុណា អះអាង​ថា កន្លងមក​ក្រុម​សង្គម​ស៊ីវិល​ធ្លាប់​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទប្រកាន់​លើ​ករណី​លោក ឆន ផល្លា ព្រមទាំង​ចាត់​វិធានការ​ទៅ​លើ​ជន​ដៃដល់​ដែល​បាន​វាយ​ដំ​លើ​សកម្មជន​ព្រៃឈើ​រូប​នេះ ក្រោយ​ពេល​លោក​បាន​ប្តឹង​មន្ត្រី​មូលដ្ឋាន​កន្លងមក​ទាក់ទិន​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​ខេត្ត​រតនគិរី នោះ។ បន្ថែម​ពី​នេះ អង្គការ​សង្គម​ស៊ីវិល​ក៏​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ច្បាប់​លើ​ជន​ដែល​បំផ្លិចបំផ្លាញ​ព្រៃឈើ រំលោភ​យក​ដី​កប់​សព​របស់​ជនជាតិ​ដើម​ភាគតិច មក​ទទួល​ទោស​ថែម​ទៀត ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​អនុវត្ត​នោះ​ឡើយ​រហូត​មក​ទល់​នឹង​ពេលនេះ។

លោក ឆន ផល្លា បាន​ចូលរួម​ការពារ​ព្រៃឈើ​តាំងពី​ឆ្នាំ​២០១៦ មក​ម្ល៉េះ ហើយ​នៅ​អំឡុង​ឆ្នាំ​២០១៧ លោក​បាន​ដាក់​ពាក្យ​បណ្តឹង​ចំនួន ៨​ករណី​ទៅ​តុលាការ​ប្រឆាំង​នឹង​មន្ត្រី​មូលដ្ឋាន​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ និង​ការ​ទន្ទ្រាន​ដី​សហគមន៍ ប៉ុន្តែ​គ្មាន​បណ្ដឹង​ណា​មួយ​របស់​លោក​ត្រូវ​បាន​ចាត់ការ​នោះ​ឡើយ។

បណ្តឹង​របស់​លោក ឆន ផល្លា ជុំវិញ​បទល្មើស​ព្រៃឈើ​នេះ មិន​ត្រូវ​បាន​អាជ្ញាធរ​ឆ្លើយតប និង​ដោះស្រាយ​នោះ​ទេ ប៉ុន្តែ​លោក ឆន ផល្លា ត្រូវ​បាន​សាលាដំបូង​ខេត្ត​រតនគិរី ចោទប្រកាន់​ពី​បទ កាប់​រាន​ព្រៃ​ហ៊ុមព័ទ្ធ​កាន់កាប់​ជា​កម្មសិទ្ធិ ស្ថិត​នៅ​ភូមិ​សាមុតក្រោម ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី អំឡុង​ឆ្នាំ​២០១៩ តាម​មាត្រា​៩៧ នៃ​ច្បាប់​ស្ដីពី​ព្រៃឈើ​ទៅវិញ ដែល​លោក​ត្រូវ​បាន​ឃុំ​ខ្លួន​រហូត​ដល់​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស