37 C
Phnom Penh

ក្រសួង​ការងារ​សន្យា​នឹង​សម្របសម្រួល​វិវាទ​ការងារ​នៃ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការងារ អះអាង​ថា ខ្លួន​នឹង​ព្យាយាម​ដើរ​តួនាទី​ក្នុង​ការ​សម្របសម្រួល​វិវាទ​ការងារ​នៃ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) ឱ្យ​បាន​ត្រឹមត្រូវ​ស្រប​ទៅ​តាម​ច្បាប់​ស្ដីពី​ការងារ​កម្ពុជា ខណៈ​ការ​ចរចា​លើក​ទី​១៣ នេះ​នៅ​បន្ត​ជាប់​គាំង​ដដែល។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​ដំណើរការ​នៃ​ការ​ដោះស្រាយ​វិវាទ​ការងារ​រួម​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កាលពី​ថ្ងៃទី​៦ ខែ​កក្កដា ឆ្នាំ​២០២២ ថា តំណាង​ភាគី​កម្មករ​និយោជិត​បាន​សំណូមពរ​ទៅ​កាន់​តំណាង​ក្រុមហ៊ុន​ឱ្យ​ទទួល​យក​កម្មករ​និយោជិត​ដែល​ខ្លួន​បាន​បញ្ឈប់​ចូល​ធ្វើ​ការងារ​វិញ ដោយ​ដោះដូរ​ជាមួយ​កម្មករ​និយោជិត​ដែល​កំពុង​បម្រើ​ការងារ​ស្ម័គ្រចិត្ត​លាឈប់​ជំនួស​ប្រហែល ៣០០​នាក់ ប៉ុន្តែ​ភាគី​ខាង​ក្រុមហ៊ុន​ត្រូវ​អនុវត្ត​ទៅ​តាម​ច្បាប់​ការងារ​របស់​កម្ពុជា​ផង​ដែរ។ ជាង​នេះ​ទៀត តំណាង​ភាគី​កម្មករ​និយោជិត​ក៏​បាន​ស្នើសុំ​ឱ្យ​តំណាង​ក្រុមហ៊ុន​ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំងអស់​លើ​ថ្នាក់​ដឹកនាំ​សហជីព និង​សមាជិក​ដែល​ត្រូវ​បាន​ចោទប្រកាន់។

ពួកគេ​ក៏​បាន​ស្នើសុំ​ឱ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​រើសអើង​កូដករ​តាមរយៈ​នៃ​ការ​ផ្អាក​វិភាគទាន ប.ស.ស ដែល​ក្រុមហ៊ុន​បាន​ផ្តាច់​អត្ថប្រយោជន៍​លើ​ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​ដែល​សម្រាក និង​កំពុង​លំហែ​មាតុភាព​ចាប់តាំងពី​ពួកគេ​បាន​ចូលរួម​ធ្វើ​កូដកម្ម​មក។

ក្រសួង​ការងារ​កម្ពុជា អះអាង​ថា ខាង​ភាគី​តំណាង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​ច្រាន​ចោល​ទាំងស្រុង​នូវ​សំណើ​ទាំងអស់​របស់​តំណាង​ភាគី​កម្មករ​និយោជិត និង​ជំរុញ​ឱ្យ​កម្មករ​និយោជិត​ដែល​ខ្លួន​បាន​បញ្ឈប់​ទៅ​ទទួល​យក​ការ​សម្របសម្រួល​របស់​ក្រសួង​ការងារ ដើម្បី​បញ្ចប់​វិវាទ​នេះ​ផង​ដែរ។

ការ​ចរចា​រក​ដំណោះស្រាយ​វិវាទ​រវាង​បុគ្គលិក​នៃ​ក្រុម​ណាហ្គា​វើលដ៍​ជាមួយ​ថៅកែ​ក្រុមហ៊ុន​នេះ បាន​ធ្វើឡើង​ជាង ១០​លើក​រួច​មក​ហើយ ប៉ុន្តែ​ភាគី​ខាង​ក្រុមហ៊ុន​បាន​ច្រាន​ចោល​សំណើ​របស់​កម្មករ​និយោជិត​រហូត​មក។

កាលពី​ខែ​មេសា ឆ្នាំ​២០២១ កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ចំនួន ៣៦៥​នាក់ ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ដោយ​បង្ខំ និង​មិន​បាន​ផ្តល់​សំណង​ទៅ​តាម​ច្បាប់​ការងារ​រហូត​មក​ដល់​ពេលនេះ​មាន​រយៈ​ជាង ១​ឆ្នាំ​ហើយ។

ការ​រំលោភ​សិទ្ធិ​ការងារ​របស់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​នេះ នៅតែ​បន្ត​ដោយ​គ្មាន​ដោះស្រាយ​ជូន​កម្មករ​និយោជិត​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ដូចជា​ក្រសួង​ការងារ​កម្ពុជា ជាដើម។ ជាង​នេះ​ទៀត មិន​ត្រឹមតែ​គ្មាន​ដំណោះស្រាយ​នោះ​ទេ កម្មករ​ដែល​ធ្វើ​កូដកម្ម​ទាមទារ​រក​យុត្តិធម៌​ទាំងនោះ ក៏​ត្រូវ​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន និង​បង្ក្រាប​ដោយ​ហិង្សា​ថែម​ទៀត ក្នុង​នោះ​មាន​កម្មការិនី​ខ្លះ​ត្រូវ​បាន​អាជ្ញាធរ​វាយ​នឹង​ដំបង​រហូត​ដល់​រលូត​កូន​ថែម​ទៀត​ផង។

កាលពី​ថ្ងៃទី​៥ ខែ​កក្កដា ឆ្នាំ​២០២២ សហភាព​សហជីព បណ្ដាញ​សហគមន៍ អង្គការ​សង្គម​ស៊ីវិល​ចំនួន ៤០​ស្ថាប័ន បាន​ចេញ​លិខិត​ចំហ​ថា ការ​ពន្យារ​ពេល​មិន​ព្រម​ដោះស្រាយ​វិវាទ​ការងារ​របស់​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ គឺជា​ចេតនា​បំបាក់​ស្មារតី​ចលនា​សហជីព​ឯករាជ្យ​ប្រកប​ដោយ​វិជ្ជាជីវៈ ដែល​ធានា​ដោយ​អនុសញ្ញា​ស្នូល​ផ្នែក​ការងារ រដ្ឋធម្មនុញ្ញ​កម្ពុជា ច្បាប់​ស្ដីពី​ការងារ និង​ច្បាប់​ស្ដីពី​សហជីព​យ៉ាង​ធ្ងន់ធ្ងរ។

មាត្រា​៣៤ នៃ​ច្បាប់​ស្ដីពី​ការងារ បាន​ចែង​ថា អធិការកិច្ច​ការងារ​ត្រូវ​មាន​បេសកកម្ម​ធានា​ដល់​ការ​អនុវត្ត​ច្បាប់​ការងារ និង​ត្រួតពិនិត្យ​ការ​អនុវត្ត​បទបញ្ញត្តិ​ដែល​ទាក់ទង​នឹង​លក្ខខណ្ឌ​ជីវភាព​នៃ​កម្មករ​និយោជិត និង​គ្រួសារ​នៃ​ជន​ទាំងនោះ ប៉ុន្តែ​ការ​អនុវត្ត​របស់​ក្រសួង​ការងារ​កន្លងមក គឺ​ធ្វើ​ឡើង​ផ្ទុយ​ស្រឡះ​ពី​មាត្រា​នៃ​ច្បាប់​ការងារ​ដែល​បាន​ចែង​នេះ​ទាំងស្រុង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស