27 C
Phnom Penh

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​ថា​ជី​និង​ថ្នាំ​កសិកម្ម​មិន​ជាប់​កាតព្វកិច្ច​ពន្ធ​អាករ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា អះអាង​ថា ការ​ឡើង​ថ្លៃ​ជី និង​ថ្នាំ​កសិកម្ម​បច្ចុប្បន្ន​បណ្ដាល​មកពី​កម្ពុជា​នាំចូល​ជី និង​ថ្នាំ​កសិកម្ម​ពី​ក្រៅ​ប្រទេស​ទាំងស្រុង ទោះបី​ជី និង​ថ្នាំ​កសិកម្ម​មិន​ជាប់​កាតព្វកិច្ច​បង់​ពន្ធ​ក៏ដោយ។

នេះ​ជា​ការ​លើកឡើង​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា លោក គុណ ញឹម ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នា​ព្រឹក​ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ​២០២២។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា លោក គុណ ញឹម ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា រដ្ឋាភិបាល​មាន​គោល​នយោបាយ​គាំទ្រ​វិស័យ​កសិកម្ម ជី និង​ថ្នាំ​កសិកម្ម រួម​ទាំង​បរិក្ខារ​កសិកម្ម​មិន​បាន​ជាប់​ពន្ធ​ទេ។

លោក​ថា តម្លៃ​ជី និង​ថ្នាំ​កសិកម្ម​ឡើង​ថ្លៃ​មិន​មែន​ដោយសារ​បង់​ពន្ធ​ទេ ព្រោះ​ជី និង​ថ្នាំ រួម​ទាំង​បរិក្ខារ​កសិកម្ម មិន​បាន​ជាប់​ពន្ធ​អាករ ដោយ​ពន្ធ​នេះ​ជា​បន្ទុក​របស់​រដ្ឋ។ លោក គុណ ញឹម ថា​ជី និង​ថ្នាំ រួម​ទាំង​បរិក្ខារ​កសិកម្ម​ផ្សេងៗ​ដែល​កសិករ​កំពុង​ប្រើប្រាស់​មាន​តម្លៃ​ថ្លៃ​ខ្លាំង បណ្ដាល​មកពី​កម្ពុជា​មិន​មែន​ជា​ប្រទេស​អ្នក​ផលិត​ជី និង​ថ្នាំ រួម​ទាំង​បរិក្ខារ​កសិកម្ម​ផ្សេងៗ ត្រូវ​នាំចូល​ពី​ក្រៅ​ប្រទេស​ទាំងស្រុង។

យ៉ាងណាក៏ដោយ មន្ត្រី​ក្រសួង​កសិកម្ម​ធ្លាប់​លើកឡើង​ថា ជី និង​ថ្នាំ​កសិកម្ម​ដែល​កសិករ​នៅ​ប្រទេស​កម្ពុជា​កំពុង​ប្រើប្រាស់​នា​ពេល​បច្ចុប្បន្ន បាន​នាំចូល​ភាគច្រើន​ពី​ប្រទេស​វៀតណាម និង​មួយ​ចំនួន​ពី​ថៃ​ដែរ។

ករណី​តម្លៃ​ជី និង​ថ្នាំ​កសិកម្ម​ឡើង​ថ្លៃ​នេះ បាន​ជះ​ឥទ្ធិពល​ដល់​កសិករ​ដែល​ជា​អ្នក​ប្រើប្រាស់ ស្រប​ពេល​ផលិតផល​ដែល​លក់​ចេញ​វិញ​មាន​តម្លៃ​ថោក ហើយ​គ្មាន​ទីផ្សារ​សម្រាប់​លក់​ចេញ​ថែម​ទៀត ដូចជា​ស្វាយ ស្រូវ រួម​ទាំង​បន្លែ ផ្លែឈើ​ផ្សេងៗ។

បើ​តាម​កសិករ ឱ្យ​ដឹង​ថា មុន​កូវីដ-១៩ តម្លៃ​ជី​ក្រោម ១០​ម៉ឺន​រៀល ប៉ុន្តែ​បច្ចុប្បន្ន ជី និង​ថ្នាំ​កសិកម្ម​ចាប់ផ្ដើម​ឡើង​ថ្លៃ ១០​ម៉ឺន​រៀល​ក្នុង​មួយ​បាវ ហើយ​ថ្នាំ​កសិកម្ម​វិញ​ឡើង​ចន្លោះ​ពី ៥ ទៅ ១០​ម៉ឺន​រៀល៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស