អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃប្រទេសកម្ពុជា លោក គុណ ញឹម ទាត់ចោលការទាមទារឱ្យបញ្ឈប់ការនាំទំនិញថៃ ចូលក្នុងប្រទេសកម្ពុជា ពីសំណាក់ប្រជាពលរដ្ឋខ្មែរមួយចំនួនដែលកំពុងធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃ ក្រៅពីទំនិញយុទ្ធសាស្ត្រ ៤ប្រភេទ ដោយឡែកទំនិញដែលមិនជាប់បម្រាម អាជីវករនៅតែអាចនាំចូលបានធម្មតា។
ប៉ុន្តែខណៈនេះ ព្រំដែនខ្មែរ-ថៃ បិទ ទោះជាចង់នាំចូលក៏មិនបាន មានតែរត់ពន្ធប៉ុណ្ណោះ។ លោក គុណ ញឹម ក៏ដូចជាដើរផ្ទុយពីប្អូនស្រីរបស់លោក ហ៊ុន សែន អ្នកស្រី ហ៊ុន ស៊ីណាត ដែរ។
លោក គុណ ញឹម លើកឡើងក្នុងវេទិកាគយកម្ពុជា លើកទី៣ នៅថ្ងៃទី១៤ ខែវិច្ឆិកា ថា ការអនុញ្ញាតឱ្យទំនិញថៃ បន្តនាំចូលមកកម្ពុជា គឺជាការអនុវត្តទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលក្នុងនាមជាស្ថាប័នរបស់រដ្ឋ ដោយមិនធ្វើទៅតាមអារម្មណ៍ដូចមតិលើកឡើងក្នុងបណ្ដាញសង្គមហ្វេសប៊ុកឡើយ ព្រោះកម្ពុជា គឺជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក និងជាសមាជិកអាស៊ាន។
លោក គុណ ញឹម អះអាងថា សម្រាប់ទំនិញដែលជាប់បម្រាមមិនឱ្យនាំចូលដែលរដ្ឋាភិបាលកំណត់កាលពីពេលកន្លងទៅ អគ្គនាយកដ្ឋានគយ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដោយមិនអនុញ្ញាតឱ្យនាំចូលឡើយ ដោយឡែកទំនិញដែលមិនជាប់បម្រាម អាជីវករនៅតែអាចនាំចូលបានធម្មតា។
មេគយរូបនេះបញ្ជាក់ថា សម្រាប់ទំនិញអាចបន្តនាំចូលកម្ពុជា បានច្រើន ឬតិច គឺអាស្រ័យទៅលើអ្នកប្រើប្រាស់ទាំងស្រុង ព្រោះថាបើមិនមានអ្នកទិញ ឬកាត់បន្ថយការទិញឱ្យកាន់តែតិចទៅៗ នោះអ្នកលក់ក៏អាចនឹងកាត់បន្ថយការនាំចូលដែរ។
លោកគូសបញ្ជាក់ថា ស្មារតី និងមនសិការ គឺខុសគ្នាអំពីគោលការណ៍ច្បាប់ ព្រោះថាមិនមានអនុក្រឹត្យ ឬប្រកាសណាមួយបានបង្ខំឱ្យពលរដ្ឋខ្មែរទិញ ឬមិនទិញទំនិញថៃ ឡើយ ក្រៅពីទំនិញដែលរដ្ឋាភិបាលបានហាមឃាត់កាលពីពេលកន្លងទៅនោះ។
ចាប់តាំងពីជម្លោះព្រំដែនរវាងកម្ពុជា-ថៃ បានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែឧសភា រហូតឈានដល់ការបិទព្រំដែននៅថ្ងៃទី២៤ ខែមិថុនា និងបង្កទៅជាសង្គ្រាម ៥ថ្ងៃនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ពលរដ្ឋខ្មែរបានប្រកាសរៀងៗខ្លួនដោយធ្វើពហិការឈប់ប្រើផលិតផលដែលនាំចូលពីប្រទេសថៃ ទាំងអស់ ខណៈភាគីថៃ ក៏ប្រកាសឈប់នាំចូលទំនិញពីកម្ពុជា ដូចគ្នាដែរ។
កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានហាមប្រាមការនាំចូលបន្លែ ផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈពីប្រទេសថៃ ជាកំហិត ខណៈប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានប្រកាសបញ្ឈប់ការនាំចូលមុខទំនិញយុទ្ធសាស្ត្រពីប្រទេសថៃ ផងដែរ ដូចជា អគ្គិសនី អ៊ីនធឺណិត ប្រេងឥន្ធនៈ និងឧស្ម័ន រួមទាំងបញ្ឈប់ការបញ្ចាំងភាពយន្តថៃ ថែមទៀត។
ប៉ុន្តែទំនិញផ្សេងដូចជាគ្រឿងដែកពីក្រុមហ៊ុនលោក ទៀ បាញ់ តាមច្រកកោះកុង គេមិនបានហាមទេ ហើយគោរស់ និងស្បែកគោក្រៀមដឹកពីប្រទេសឥណ្ឌា ចូលតាមប្រទេសថៃឡង់ដ៍ មកកាន់ប្រទេសកម្ពុជា តាមច្រកខេត្តបន្ទាយមានជ័យ ដោយក្រុមហ៊ុនរបស់កូនប្រុសលោក ហ៊ុន សែន ក៏ពុំមានជាប់បម្រាមដែរ។
ជុំវិញបញ្ហានេះ អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម បណ្ឌិត មាស នី បានលើកឡើងកាលពីពេលថ្មីៗនេះថា ការប្ដេជ្ញាធ្វើពហិការឈប់ទិញទំនិញគ្នាទៅវិញទៅមករវាងប្រទេសកម្ពុជា និងថៃ គឺជានយោបាយចាញ់ចាញ់ផ្នែកសេដ្ឋកិច្ចនៃប្រទេសទាំងពីរយូរអង្វែងទៅថ្ងៃមុខតែប៉ុណ្ណោះ។
បណ្ឌិត មាស នី សម្ដែងការព្រួយបារម្ភពីការប្រកាសធ្វើពហិការរបស់ពលរដ្ឋខ្មែរលើទំនិញថៃ ដោយត្រង់ៗក្នុងពេលដែលសេដ្ឋកិច្ចប្រទេសកម្ពុជា មិនទាន់អាចឈរជើងបានដោយខ្លួនឯងនៅឡើយ ព្រោះជាក់ស្តែង ក្រោយការប្រកាសធ្វើពហិការឈប់ប្រើទំនិញថៃ ជាបន្តបន្ទាប់មកនេះ ពិតមែនតែពលរដ្ឋខ្មែរឈប់ប្រើទំនិញពីខាងលិច គឺប្រទេសថៃ តែបែរជានាំចូលទំនិញពីខាងកើត គឺប្រទេសវៀតណាម ទៅវិញ។
ប្រទេសកម្ពុជា បាននាំទំនិញចេញទៅប្រទេសថៃឡង់ដ៍ ក្នុងទំហំទឹកប្រាក់ជិត ៦០០លានដុល្លារ (៥៧៦លានដុល្លារ) ធ្លាក់ចុះ ១០,៧% ចំណែកឯប្រទេសថៃឡង់ដ៍ នាំចូលមកប្រទេសកម្ពុជា វិញ គឺក្នុងទំហំទឹកប្រាក់ជាង ២ពាន់លានដុល្លារ (២,៣៣ពាន់លានដុល្លារ) ធ្លាក់ចុះ ៧,៦%៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

