29 C
Phnom Penh

ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ប្រារព្ធ​ពិធី​កោរ​សក់​នៅ​ស្រុក​កំណើត​របស់​បណ្ឌិត កែម ឡី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ដែល​គ្រោង​ធ្វើ​ពិធី​រំឭក​ខួប​នៃ​មរណភាព​បណ្ឌិត កែម ឡី នឹង​ធ្វើ​ពិធី​កោរ​សក់​នៅ​ផ្ទះ​របស់​បណ្ឌិត កែម ឡី នៅ​ខេត្ត​តាកែវ ចំនួន ៤​នាក់ រួម​មាន​កញ្ញា ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ លោក ស្វាយ សំណាង និង​កញ្ញា ចំណាប់ ដោយ​កំណត់​យក​ថ្ងៃទី​៩ ខែ​កក្កដា ឆ្នាំ​២០២២ ខាងមុខ​នេះ។

សមាជិក​យុវជន​ខ្មែរ​ថាវរៈ កញ្ញា ឈឿន ដារ៉ាវី បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៨ កក្កដា នេះ​ថា ពិធី​រំឭក​ខួប​នៃ​មរណភាព​បណ្ឌិត កែម ឡី នេះ​គឺ​មាន​ការ​ចូលរួម​ពី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ផង​ដែរ ដើម្បី​បង្ហាញ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ក្នុង​ការ​ទាមទារ​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី តាម​វិធី​អហិង្សា និង​ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​ស្វែងរក​ឃាតក​ពិត​មក​កាត់ទោស​ចំពោះ​មុខ​ច្បាប់​ផង​ដែរ។

សមាជិក​យុវជន​ខ្មែរ​ថាវរៈ កញ្ញា ឈឿន ដារ៉ាវី លើកឡើង​ថា បើ​ទោះបីជា​តុលាការ​បាន​កាត់ទោស​បុគ្គល​ដែល​បាន​សារភាព​ថា​ខ្លួន​ជា​ឃាតក​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ក៏ដោយ ប៉ុន្តែ​សាធារណជន​នៅតែ​យល់​ថា បុគ្គល​នោះ​គ្រាន់តែ​ជា​ឃាតក​សិប្បនិមិត្ត​ប៉ុណ្ណោះ ចំណែក​ឃាតក​ពិត និង​អ្នក​បញ្ជា​ពី​ក្រោយ​ខ្នង នៅតែ​ដើរ​ហើរ​ដោយ​សេរី​ក្រៅ​ប្រព័ន្ធ​ច្បាប់​ដដែល​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ការ​កោរ​សក់​របស់​សកម្មជន​សិទ្ធិមនុស្ស​នេះ ធ្វើឡើង​ដើម្បី​រំឭក​ខួប​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ផង និង​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ជូន​លោក​ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់​កាលពី​ឆ្នាំ​២០១៦ កន្លងទៅ​ផង​ដែរ។

កាលពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ចំនួន​បី​គ្រាប់​ស្លាប់​នៅ​នឹង​កន្លែង​វេលា​ម៉ោង​ប្រមាណ ៩​ព្រឹក​នៅ​ក្នុង​ហាង​ស្តារ​ម៉ាត​នៃ​ស្ថានីយ​ប្រេងឥន្ធនៈ​កាល់តិច (Caltex) ត្រង់​ចំណុច​ស្តុប​បូកគោ​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

ឃាតកម្ម​នេះ​កើតឡើង ២​ថ្ងៃ​ក្រោយពី​បណ្ឌិត កែម ឡី បាន​លាតត្រដាង​ផែនការ​លក់​ជាតិ និង​ការ​គ្រប់គ្រង​ជំនួញ​ក្នុង​ប្រទេស​កម្ពុជា​ស្ទើរតែ​ទាំងអស់​ដែល​មាន​ទឹកប្រាក់​រាប់​រយ​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​របស់​បក្ខពួក​ក្រុម​គ្រួសារ​ត្រកូល «ហ៊ុន» តាម​របាយការណ៍​អង្គការ គ្លបល វីនេស (global witness)។

កាល​នៅ​មាន​ជីវិត បណ្ឌិត កែម ឡី តែងតែ​ផ្តាំ​កូន​ខ្មែរ​គ្រប់​រូប​ថា នៅ​ពេល​ដែល​លោក​វិភាគ​លើ​បញ្ហា​សង្គម​ម្តងៗ លោក​មិន​ដែល​គិត​ថា​លោក​នឹង​មាន​ជីវិត​រស់នៅ​នោះ​ទេ ហើយ​លោក​ក៏​បាន​ត្រៀម​លិខិត​ឆ្លងដែន​ដែល​មាន​ទិដ្ឋាការ​បី​រួច​ជាស្រេច​ហើយ​ដែរ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ជួយ​ប្រទេស​ជាតិ​របស់​លោក គឺ៖

  • ទី​១ ទៅ​មន្ទីរពេទ្យ
  • ទី​២ ទៅ​ពន្ធនាគារ
  • ទី​៣ ទៅ​វត្ត​ព្រះពុទ្ធ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ក្រោម​ការ​ដឹកនាំ​ជាង ៤០​ឆ្នាំ​របស់​លោក ហ៊ុន សែន កន្លងមក​នេះ អំពើ​ឃាតកម្ម​ធំៗ​ក្រៅ​ប្រព័ន្ធ​ច្បាប់​ជាច្រើន​មិន​ត្រូវ​បាន​ផ្តល់​យុត្តិធម៌​ពិតប្រាកដ​ជូន​ជន​រងគ្រោះ និង​ក្រុម​គ្រួសារ​ជនរងគ្រោះ​នោះ​ឡើយ ហើយ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី នេះ​ក៏​មិន​មែន​ជា​លើក​ចុងក្រោយ​នោះ​ដែរ​ឱ្យ​តែ​កម្ពុជា​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច​បន្ត​ទៀត​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស