លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតបុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន ព្រមានប្តឹងអ្នកធ្វើអត្ថាធិប្បាយគាំទ្រគណបក្សប្រជាជនកម្ពុជាមួយរូបតាមបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ Pheng Vannak ពីបទញុះញង់ឱ្យមានការរើសអើង និងគំរាមមិនយោគយល់ជាដាច់ខាតចំពោះអ្នកហ៊ានអន្តរាគមន៍។
ប្អូនស្រីបង្កើតមេដឹកនាំបក្សកាន់អំណាច អ្នកស្រី ហ៊ុន ស៊ីណាត បានផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកខ្លួនកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ដោយគំរាមថា ប្រសិនបើមានអ្នកណាហ៊ានអន្តរាគមន៍លើបណ្តឹងរបស់អ្នកស្រីដែលប្តឹងលោក ផែង វណ្ណៈ អ្នកស្រីនឹងមិនយោគយល់ជាដាច់ខាត ព្រោះថាលោក ផែង វណ្ណៈ បានរិះគន់វាយប្រហារលើសេចក្តីថ្លៃថ្នូររបស់លោកស្រីយ៉ាងធ្ងន់ធ្ងរដែលមិនអាចលើកលែងឱ្យបាន។
លោកស្រី ហ៊ុន ស៊ីណាត អះអាងថា ការលើកឡើងរបស់លោក ផែង វណ្ណៈ បានចោទអ្នកស្រីថាជាខ្នងបង្អែកជនល្មើសច្បាប់មួយរូបដែលជាអ្នកធ្វើអត្ថាធិប្បាយបាល់ទាត់ឈ្មោះថា ជឿន ប៊ុនចក់ ហៅ ជីងចក់ កាលពីពេលថ្មីៗនេះ។
អ្នកស្រីចាត់ទុកការចោទប្រកាន់របស់លោក ផែង វណ្ណៈ ថាជាការញុះញង់ឱ្យមានការរើសអើងចំពោះអ្នកស្រីយ៉ាងខ្លាំង។
ប្អូនស្រីបង្កើតរបស់លោក ហ៊ុន សែន រូបនេះបានបដិសេធដាច់អហង្ការថា អ្នកស្រីមិនមែនជាអ្នកនៅពីក្រោយជនល្មើសណាមួយនោះទេ ប៉ុន្តែអ្នកដែលចង់ជួបអ្នកស្រី ឬចង់ធ្វើកម្មវិធីមនុស្សធម៌នានាជាមួយអ្នកស្រី គឺអ្នកស្រីមិនដែលហាមឃាត់ឡើយ ព្រោះថាអ្នកស្រីតែងប្រកាន់ឥរិយាបថបង្កើតទំនាក់ទំនងមិត្តភាពដោយគ្មានការរើសអើង ហើយក៏មិនមែនជាខ្នងបង្អែកឱ្យបុគ្គលល្មើសច្បាប់ណាមួយដូចការចោទប្រកាន់របស់លោក ផែង វណ្ណៈ នោះដែរ។
កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ អ្នកធ្វើអត្ថាធិប្បាយលើបណ្ដាញសង្គមគាំទ្រលោក ហ៊ុន សែន លោក ផែង វណ្ណៈ បានផ្សាយលើគណនីហ្វេសប៊ុករបស់ខ្លួនជុំវិញជម្លោះប្តីប្រពន្ធមួយគូ គឺអ្នកលក់ផលិតផលអនឡាញ អ្នកនាង ទ្រិញ ផល្លា និងអ្នកធ្វើអត្ថាធិប្បាយកម្មវិធីបាល់ទាត់តាមបណ្ដាញសង្គមដែលត្រូវជាប្តី គឺលោក ជឿន ប៊ុនចក់ ហៅ ជីងចក់ ថាពួកគេម្នាក់ៗមិនគួរទៅនាំគ្នាទៅរកអ្នកជួយពីក្រោយខ្នងរៀងៗខ្លួននោះទេ គួរតែទុកឱ្យច្បាប់ជាអ្នកដោះស្រាយចំពោះជម្លោះរបស់ខ្លួនទើបជារឿងត្រឹមត្រូវ។
លោក ផែង វណ្ណៈ លើកឡើងថា ប្តីប្រពន្ធមួយគូនេះនៅពេលមានជម្លោះនាំគ្នារត់រកអ្នកធំឱ្យជួយដូចគ្នា ក្នុងនោះអ្នកនាង ទ្រិញ ផល្លា រត់ទៅរកលោក ហ៊ុន សែន ឱ្យជួយ ចំណែកបុរសជាប្តីរត់ទៅរកអ្នកស្រី ហ៊ុន ស៊ីណាត ដែលជាប្អូនស្រីបង្កើតរបស់លោក ហ៊ុន សែន ឱ្យជួយ ប៉ុន្តែកន្លងមក លោក ហ៊ុន សែន តែងណែនាំកុំឱ្យពួកគេឈ្លោះហែកហួរគ្នាតាមបណ្ដាញសង្គមហ្វេសប៊ុក។
ទាក់ទិននឹងការព្រមានប្តឹងនេះ កាលពីដើមខែមេសា ឆ្នាំ២០១៩ លោក ផែង វណ្ណៈ ធ្លាប់ត្រូវសមត្ថកិច្ចចាប់ឃុំខ្លួនអស់រយៈពេលជាង ២ខែម្តងរួចមកហើយ ក្រោយពីមានបណ្តឹងមួយក្រោមបទចោទជាច្រើនករណី ដូចជាបទបរិហារកេរ្តិ៍ជាសាធារណៈ បទជេរប្រមាថជាសាធារណៈ និងបទគំរាមកំហែងកេរ្តិ៍ ជាដើម។
សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីលោក ផែង វណ្ណៈ បាននៅឡើយទេ ខណៈគណនីហ្វេសប៊ុករបស់លោកក៏មិនទាន់មានការបកស្រាយ ឬការឆ្លើយតបណាមួយទៅកាន់អ្នកស្រី ហ៊ុន ស៊ីណាត នោះដែរ។
យ៉ាងណាក៏ដោយ អ្នកស្រី ហ៊ុន ស៊ីណាត ក៏ធ្លាប់បានសារភាពផងដែរថា អ្នកដែលមានមុខរបរធំៗមួយចំនួននៅកម្ពុជា ជាពិសេសអ្នកប្រកបរបរតាមអនឡាញតែងតែមកពឹងពាក់អ្នកស្រីតាមរយៈនៃការផ្តល់ជូននូវវត្ថុមានតម្លៃផ្សេងៗ និងលុយកាក់ឱ្យធ្វើជាខ្នងបង្អែកលើមុខរបរអាជីវកម្មរបស់ពួកគេ ដើម្បីជាទីពឹងពំនាក់ក្នុងការប្រកួតប្រជែងទីផ្សារផង និងបញ្ចៀសពីការរំខាននៃប្រព័ន្ធអំពើពុករលួយរបស់សមត្ថកិច្ចកម្ពុជាផង៕