27 C
Phnom Penh

បក្ស​ក្រៅ​រដ្ឋាភិបាល​បង្ហាញ​សញ្ញា​វិជ្ជមាន​ក្នុង​ការ​ចង​សម្ពន្ធភាព​ចូលរួម​ការ​បោះឆ្នោត​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន ៤ លើកឡើង​ថា ការ​ចង​សម្ពន្ធភាព​រវាង​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​និន្នាការ​ស្រដៀង​គ្នា ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ គឺជា​សញ្ញា​វិជ្ជមាន​ដែល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​មាន​ការ​ទទួល​ខុសត្រូវ​កាន់តែ​ខ្ពស់​ក្នុង​ការ​បម្រើ​ពលរដ្ឋ បន្ទាប់ពី​មិន​អាច​យក​ជ័យជម្នះ​លើ​បក្ស​កាន់​អំណាច​បាន​ក្រោយពី​ការ​បោះឆ្នោត​ឃុំ-សង្កាត់។

គណបក្ស​ទាំង​បួន​នេះ​រួម​មាន​គណបក្ស​ភ្លើង​ទៀន គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​កែទម្រង់​កម្ពុជា និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​នៅ​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២២ «ដើម្បី​បង្ហាញ​ពី​ផែនការ​នៃ​ការ​តស៊ូ​មតិ​លើ​សំណើ​កែលំអ​ប្រព័ន្ធ​បោះឆ្នោត និង​សេរីភាព​នយោបាយ​នៅ​កម្ពុជា»

សន្និសីទ​រួម​គ្នា​ដែល​មិន​ធ្លាប់​មាន​នេះ បាន​កើតឡើង​ក្រោយពី​គណបក្ស​ទាំងនោះ​បាន​អះអាង​អំពី​ការ​រក​ឃើញ​ថា​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន និង​មាន​ការ​គំរាមកំហែង​ខាង​នយោបាយ​នៅ​ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កាលពី​ខែ​មិថុនា កន្លងទៅ។

ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៨ កក្កដា នេះ​ថា ការ​ចង​សម្ពន្ធភាព ឬ​ការ​សហការ​គ្នា​រវាង​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល ដើម្បី​ស្វែងរក​ផលប្រយោជន៍​សម្រាប់​ពលរដ្ឋ​នេះ គឺ​មាន​ជម្រើស​ធំៗ​៣៖

  • ទី​១ គឺ​ត្រូវ​ចែក​មណ្ឌល​គ្នា​ឈរ​ឈ្មោះ​ដើម្បី​រក​ការ​គាំទ្រ​ពី​ពលរដ្ឋ
  • ទី​២ គឺ​ត្រូវ​រួម​គ្នា​ឈរ​ឈ្មោះ​ក្រោម​ឆត្រ​គណបក្ស​ណា​មួយ​ដែល​មាន​ស្រាប់
  • និង​ជម្រើស​ចុងក្រោយ គឺ​ត្រូវ​បង្កើត​គណបក្ស​ថ្មី​មួយ​តែម្តង។

បណ្ឌិត យ៉ង សាំងកុមារ លើកឡើង​ថា ជម្រើស​នីមួយៗ​តែងតែ​មាន​គុណសម្បត្តិ និង​គុណវិបត្តិ​ដូច​គ្នា ប៉ុន្តែ​ឆ្លង​តាម​បទពិសោធន៍​កន្លងមក​នៅ​កម្ពុជា និង​ប្រទេស​ផ្សេង​ទៀត ជម្រើស​ទី​១ គឺជា​លក្ខខណ្ឌ​សមស្រប​ជាងគេ​បំផុត ព្រោះ​ថា​បើ​គិត​តាម​គណិតសាស្ត្រ និង​ចិត្តសាស្ត្រ វិធី​នេះ​នឹង​ជួយ​ឲ្យ​បក្ស​ក្នុង​សម្ពន្ធភាព​នេះ​មិន​អាច​ទទួល​បាន​សំឡេង​គាំទ្រ​ពី​ពលរដ្ឋ​នោះ​ទេ។

លោក យ៉ង សាំងកុមារ បញ្ជាក់​ថា កាន់តែ​ពិសេស​ទៅ​ទៀត​នោះ គឺ​ជម្រើស​ទី​១ នេះ អាច​ជួយ​ឱ្យ​ក្រុម​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ទាំងនេះ​ទទួល​បាន​អាសនៈ​កាន់តែ​ច្រើន​ផង​ដែរ ដែល​អាច​ក្លាយ​ជា​កម្លាំង​ដ៏​ខ្លាំង​មួយ​ក្នុង​សភា​ជាតិ​នៅ​ឆ្នាំ​២០២៣ ខាងមុខ ដែល​នឹង​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា​មាន​ភាព​រស់​រវើក​ឡើងវិញ​ជាមិនខាន។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គណបក្ស​ក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា​ជាង ៤០​គណបក្ស ប៉ុន្តែ​មិន​ទាន់​មាន​គណបក្ស​ណា​មួយ​អាច​ធ្វើ​ការ​រួបរួម​គ្នា​ដើម្បី​ប្រមូល​កម្លាំង​មហាជន​ឱ្យ​គាំទ្រ​ខ្លួន ដើម្បី​ប្រកួតប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​នៅឡើយ។

ក្រសួង​មហាផ្ទៃ បាន​អះអាង​កាលពី​កន្លងទៅ​ថា គណបក្ស​នយោបាយ​នៅ​កម្ពុជា​មាន​ជាង ៤០​គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ប៉ុន្តែ​គណបក្ស​ដែល​បាន​ចូលរួម​ការ​បោះឆ្នោត​កាលពី​ពេល​ថ្មីៗ​នេះ​មាន​ត្រឹមតែ​ចំនួន ១៧​គណបក្ស​ប៉ុណ្ណោះ ក្នុង​នោះ​គណបក្ស​នីមួយៗ​បាន​ដឹកនាំ​សកម្មភាព​ធ្វើ​នយោបាយ​ប្រកួតប្រជែង​រក​ការ​គាំទ្រ​ពី​ពលរដ្ឋ​រៀងៗ​ខ្លួន ប៉ុន្តែ​ជា​លទ្ធផល បក្ស​កាន់​អំណាច​បាន​យក​ឈ្នះ​គណបក្ស​នយោបាយ​ទាំងនោះ​ទាំងស្រុង​កាលពី​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កន្លងទៅ​នេះ។

កាលពី​ថ្ងៃ​ដើម​ខែ​មិថុនា ឆ្នាំ​២០២២ អតីត​នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ ធ្លាប់​បាន​លើកឡើង​ថា អ្នក​ប្រជាធិបតេយ្យ​គួរតែ​សហការ​គ្នា​បង្កើត​កម្លាំង​មួយ​ឱ្យ​ធំ​រស់នៅ​ជុំ​គ្នា និង​ខិតខំ​ធ្វើ​ការងារ​ឱ្យ​ខ្លាំង ទើប​គូប្រជែង​ដែល​ជា​បក្ស​កាន់​អំណាច​មិន​ហ៊ាន​ប្រព្រឹត្ត​ទង្វើ​អនាធិបតេយ្យ​ដូច​ដែល​គេ​កំពុង​ធ្វើ​បច្ចុប្បន្ន​នេះ។

លោក សេក សុជាតិ អះអាង​ថា បើ​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​នីមួយៗ​ចូលរួម​ការ​បោះឆ្នោត​រៀងៗ​ខ្លួន គឺ​មាន​តែ​នាំគ្នា​ចាញ់​បក្ស​កាន់​អំណាច​តែប៉ុណ្ណោះ ប៉ុន្តែ​បើ​ពួកគេ​រួបរួម​គ្នា​ជា​បក្ស​តែ​មួយ នឹង​ទទួល​បាន​ជោគជ័យ​ធំធេង​សម្រាប់​ពលរដ្ឋ​ខ្មែរ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទៅ​ថ្ងៃ​អនាគត​ផង​ដែរ។

អតីត​នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា ការ​រួបរួម​រវាង​អ្នក​ប្រជាធិបតេយ្យ​នេះ​ត្រូវតែ​ធ្វើ​ឱ្យ​បាន​មុន​ខែ​កក្កដា ឆ្នាំ​២០២៣ គឺ​មុន​ការ​បោះឆ្នោត​ជាតិ​ខាងមុខ ដើម្បី​មាន​ឱកាស​កាន់តែ​ច្រើន​ក្នុង​ការ​សហការ​គ្នា​ប្រមូល​កម្លាំង​ពលរដ្ឋ​ដែល​ចង់​បាន​ការ​ផ្លាស់ប្ដូរ​តាមរយៈ​នៃ​ការ​បោះឆ្នោត ជា​ពិសេស​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ ខាងមុខ​នេះ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​បែកបាក់​របស់​អ្នក​ប្រជាធិបតេយ្យ គឺជា​ការ​ចង់​បាន​របស់​បក្ស​កាន់​អំណាច​យ៉ាង​ខ្លាំង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ ដូច្នេះ អ្នក​ដែល​តាំង​ខ្លួន​ថា​ជា​អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ ហើយ​បន្ត​ដឹកនាំ​សកម្មភាព​រៀងៗ​ខ្លួន​សព្វថ្ងៃ​នេះ មាន​ន័យ​ថា​ពួកគេ​ក៏​កំពុងតែ​ធ្វើ​នយោបាយ​កំដរ​បក្ស​កាន់​អំណាច​ឱ្យ​មាន​រូបភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ប៉ុណ្ណោះ មិន​មែន​ដើម្បី​ប្រជាធិបតេយ្យ ឬ​ដើម្បី​ផលប្រយោជន៍​របស់​កម្ពុជា​នោះ​ទេ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស