25 C
Phnom Penh

ប្អូនស្រី​នាយករដ្ឋមន្ត្រី​ចោទ​លោក ផែង វណ្ណៈ ថា​មាន​ចេតនា​ញុះញង់​ឱ្យ​ពលរដ្ឋ​ស្អប់​គ្រួសារ​ហ៊ុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្អូនស្រី​បង្កើត​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ស៊ីណាត ចោទ​អ្នក​អត្ថាធិប្បាយ​បែប​អសីលធម៌ បែប​ជេរ​បញ្ចោរ បែប​ជើងកាង​របស់​បក្ស​ប្រជាជន​កម្ពុជា គឺ​លោក ផែង វណ្ណៈ ថា​បាន​ប្រើ​សម្ដី​ក្នុង​ចេតនា​ញុះញង់​ឱ្យ​ពលរដ្ឋ​មាន​ការ​យល់​ច្រឡំ និង​ស្អប់ខ្ពើម​ត្រកូល «ហ៊ុន»។

អ្នកស្រី ហ៊ុន ស៊ីណាត បាន​សម្រេច​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​នាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ​២០២២ ចោទ​អ្នក​និយាយ​តាម​ហ្វេសប៊ុក​របស់​បក្ស​ប្រជាជន​កម្ពុជា​មួយ​រូប​ដែល​តែង​ប្រើ​សម្ដី​បែប​ហិង្សា និង​ជេរប្រមាថ​ឈ្មោះ​ថា ផែង វណ្ណៈ ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ តាម​បញ្ញត្តិ​នៃ​មាត្រា​៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ដោយ​សុំ​ឱ្យ​ផ្ដន្ទាទោស​ធ្ងន់ធ្ងរ​តាម​ច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត ២០០​លាន​រៀល ឬ​ស្មើ​នឹង​ជាង ៥​ម៉ឺន​ដុល្លារ​អាមេរិក។

អ្នកស្រី ហ៊ុន ស៊ីណាត អះអាង​ថា គ្រាន់តែ​អ្នកស្រី​ថត​ជាមួយ​ស្វាមី​នៃ​ភាគី​ទំនាស់ គឺ​លោក ជឿន ប៊ុនចក់ សោះ ស្រាប់តែ​លោក ផែង វណ្ណៈ ដែល​គេ​ស្គាល់​ថា​ជា​អ្នក​ចូលចិត្ត​និយាយ​បែប​បាញ់​បោះ និង​កាប់​សម្លាប់​រូប​នេះ ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​ដោយ​ចាត់ទុក​ច្បាប់​របស់​កម្ពុជា​ជា​សំរាម​ទៅវិញ។

អ្នកស្រី​បន្ថែម​ថា ការ​និយាយ​របស់​លោក ផែង វណ្ណៈ ធ្វើឡើង​ក្នុង​បំណង​ចង់​ឱ្យ​ពលរដ្ឋ​ក្នុង​សង្គម​កម្ពុជា​រើសអើង និង​ស្អប់ខ្ពើម​ត្រកូល ហ៊ុន ហើយ​អាច​ធ្វើ​ឱ្យ​សង្គម​ជាតិ​មាន​ភាព​ចលាចល​វឹកវរ​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​មុខ។

ប្អូនស្រី​បង្កើត​របស់​លោក ហ៊ុន សែន រូប​នេះ​បញ្ជាក់​ថា ការ​ធ្វើ​អត្ថាធិប្បាយ​របស់​បុគ្គល​ដែល​គ្មាន​ក្រម​សីលធម៌​រូប​នេះ បាន​រំលេច​យក​ឈ្មោះ​បងប្រុស​របស់​អ្នកស្រី គឺ​លោក ហ៊ុន សែន ទៅ​ភ្ជាប់​នឹង​អ្នក​លក់​ផលិតផល​អនឡាញ​ស្លៀកពាក់​ស៊ិចស៊ី​មិន​ចេះ​អៀនខ្មាស​នោះ គឺ​ក្នុង​ចេតនា​ទម្លាក់​កំហុស និង​ធ្វើ​ឱ្យ​មាន​ការ​ភាន់​ច្រឡំ​ថា លោក ហ៊ុន សែន មាន​ចេតនា​ការពារ​ស្ត្រី​រូប​នោះ​ដែល​ធ្វើ​ឱ្យ​មាន​ការ​យល់​ច្រឡំ​យ៉ាង​ធ្ងន់ធ្ងរ។

ការ​ប្តឹង​របស់​អ្នកស្រី ហ៊ុន ស៊ីណាត ធ្វើឡើង​បន្ទាប់ពី​លោក ផែង វណ្ណៈ ដែល​ចូលចិត្ត​ធ្វើ​អត្ថាធិប្បាយ​ការពារ​លោក ហ៊ុន សែន ហើយ​តែង​ប្រើ​សម្ដី​អសីលធម៌​ដោយ​ការ​ប្រមាថ​ជីវិត​អ្នក​ដទៃ បាន​ផ្សាយ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៦ ខែ​កក្កដា ឆ្នាំ​២០២២ ជុំវិញ​ជម្លោះ​ប្តី​ប្រពន្ធ​អ្នក​លក់​ផលិតផល​អនឡាញ​មួយ​គូ​ថា ពួកគេ​ម្នាក់ៗ​កំពុង​ស្វែងរក​ខ្នង​បង្អែក​រៀងៗ​ខ្លួន​ដើម្បី​យក​ឈ្នះ​គ្នា​ទៅវិញ​ទៅមក ដោយ​មិន​គោរព​ច្បាប់​របស់​កម្ពុជា។

អ្នក​ធ្វើ​អត្ថាធិប្បាយ​លើ​បណ្ដាញ​សង្គម​ដែល​ចូលចិត្ត​ជេរ​ប្រមាថ​រូប​នេះ​អះអាង​ថា ប្តី​ប្រពន្ធ​មួយ​គូ​នេះ​នៅ​ពេល​មាន​ជម្លោះ​នាំគ្នា​រត់​រក​អ្នក​ធំ​ឱ្យ​ជួយ​ដូច​គ្នា ក្នុង​នោះ​ខាង​ប្រពន្ធ​រត់​ទៅ​រក​លោក ហ៊ុន សែន ឱ្យ​ជួយ ចំណែក​បុរស​ជា​ប្តី​រត់​ទៅ​រក​អ្នកស្រី ហ៊ុន ស៊ីណាត ដែល​ជា​ប្អូនស្រី​បង្កើត​លោក ហ៊ុន សែន ឱ្យ​ជួយ ហើយ​ការ​ធ្វើ​បែប​នេះ គឺជា​រឿង​មិន​ត្រឹមត្រូវ​ទាល់តែសោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​បង្កើត​ព្រឹត្តិការណ៍​ប្តឹងផ្តល់​គ្នា​បែប​នេះ​អាច​ជា​ការ​បន្លប់​ស្ថានការណ៍​ចំ​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ប្រារព្ធ​ខួប​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ប៉ុណ្ណោះ ព្រោះ​ថា​កន្លងមក លោក ផែង វណ្ណៈ ធ្លាប់​ផ្សាយ​ផ្ទាល់​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជេរ​ប្រមាថ​អ្នក​ដែល​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោយ​ការ​ប្រមាថ​ជីវិត និង​ជេរ​បញ្ចោរ​ផង ព្រមទាំង​ប្រើ​ឥរិយាបថ​គ្មាន​ក្រម​សីលធម៌​ជាច្រើន​ផង ប៉ុន្តែ​លោក​មិន​ត្រូវ​បាន​ក្រសួង​ព័ត៌មាន ក្រសួង​វប្បធម៌ ឬ​ក្រសួង​ពាក់ព័ន្ធ​ដទៃ​ទៀត ហៅ​បុគ្គល​នេះ​ទៅ​ធ្វើ​ការ​អប់រំ ឬ​ណែនាំ​ម្តង​ណា​ឡើយ។

ប្រភព​ដដែល​បញ្ជាក់​ថា លោក ផែង វណ្ណៈ សព្វថ្ងៃ​នេះ​ត្រូវ​គេ​ទទួលស្គាល់​ថា​ជា​អ្នក​ដែល​គាំទ្រ​រដ្ឋាភិបាល​លោក ហ៊ុន សែន ផ្កាប់​មុខ​ទៅ​ហើយ ដូច្នេះ​ពួកគេ​គ្មាន​រឿង​អ្វី​ដែល​ត្រូវ​ឈ្លោះ​គ្នា​នោះ​ទេ ព្រោះ​ថា​អ្នកស្រី ហ៊ុន ស៊ីណាត ជា​ប្អូនស្រី​បង្កើត​លោក ហ៊ុន សែន ចំណែក​លោក ផែង វណ្ណៈ ជា​អ្នក​គាំទ្រ​ផ្កាប់​មុខ ដូច្នេះ​ពួកគេ​គ្មាន​រឿង​អ្វី​ដែល​អាច​ឈ្លោះ​គ្នា​នោះ​ទេ គឺ​មាន​តែ​នាំគ្នា​សម្ដែង​ដើម្បី​ធ្វើ​ប្រជាភិថុតិ​ជំនួស​លោក ហ៊ុន សែន ប៉ុណ្ណោះ។

ជុំវិញ​ការ​ប្តឹងផ្តល់​នេះ មជ្ឈដ្ឋាន​ទូទៅ​ធ្លាប់​លើកឡើង​ថា កូនៗ​របស់​អ្នកស្រី ហ៊ុន ស៊ីណាត ក៏​មិន​ល្អ​ជាង​លោក ផែង វណ្ណៈ ប៉ុន្មាន​នោះ​ដែរ។ ជាក់ស្តែង ក្មួយៗ​របស់​លោក ហ៊ុន សែន ដូចជា​លោក នឹម ពិសី នឹម សុភា និង នឹម ចាន់ថាណា ដែល​ត្រូវជា​កូនបង្កើត​របស់​អ្នកស្រី ហ៊ុន ស៊ីណាត ត្រូវ​គេ​ដឹង​ថា​តែង​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​ទំនើបៗ​បាញ់​បោះ ប្រើ​អំពើ​ហិង្សា​ដោយ​គ្មាន​ខ្លាចក្រែង​ច្បាប់ ឬ​អាជ្ញាធរ​ឡើយ ហើយ​ពួកគេ​នៅតែ​អាច​រស់នៅ​ក្រៅ​ប្រព័ន្ធ​ច្បាប់​ដោយ​សេរី​រហូត​ដល់​សព្វថ្ងៃ​នេះ។

ចំណែក​អ្នកស្រី ហ៊ុន ស៊ីណាត ក៏​ត្រូវ​បាន​ប្រភព​ច្បាស់​ការណ៍​ខ្លះ​ឲ្យ​ដឹង​ថា អ្នកស្រី​កំពុង​ធ្វើជា​ខ្នង​បង្អែក​ឱ្យ​អ្នក​ដែល​មាន​មុខរបរ​ធំៗ​មួយ​ចំនួន​នៅ​កម្ពុជា​ផង​ដែរ ជាពិសេស​អ្នក​ប្រកប​របរ​តាម​អនឡាញ ឬ​អ្នក​លក់​ឡេ​អនឡាញ តែង​ពឹងពាក់​អ្នកស្រី​តាមរយៈ​នៃ​ការ​ផ្តល់​ជូន​នូវ​វត្ថុ​មាន​តម្លៃ​ផ្សេងៗ ដូចជា​លុយកាក់ ជាដើម ឱ្យ​ជួយ​ការពារ​លើ​អាជីវកម្ម​របស់​ពួកគេ ដើម្បី​ជា​ទីពឹង​ពំនាក់​ក្នុង​ការ​ប្រកួតប្រជែង​ទីផ្សារ​ផង និង​បញ្ចៀស​ពី​ការ​រំខាន​នៃ​ប្រព័ន្ធ​អំពើពុករលួយ​របស់​សមត្ថកិច្ច​កម្ពុជា​ផង​ដែរ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស