41.3 C
Phnom Penh

អាជ្ញាធរ​រារាំង​កូដករ​ក្រុមហ៊ុន​ណាហ្គា​ជាង​១០០​នាក់​មិន​ឲ្យ​ធ្វើការ​ប្រមូលផ្ដុំ​តវ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) ជាង ១០០​នាក់ បាន​នាំគ្នា​ចេញ​ធ្វើ​កូដកម្ម​ជា​ថ្មី​បន្ត​ទៀត​ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ចេញ​មក​ដោះស្រាយ​បញ្ចប់​បញ្ហា ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​រារាំង​មិន​ឱ្យ​ពួកគេ​ធ្វើ​ការ​ប្រមូលផ្ដុំ​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន​ល្បែងស៊ីសង​ណាហ្គា​វើលដ៍​នោះ​ទេ។

កម្មករ​និយោជិត​ដែល​រង​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ បាន​នាំគ្នា​ចេញ​តវ៉ា​នឹង​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​សាជាថ្មី​ទៀត​ហើយ​កាលពី​ថ្ងៃទី​១២ ខែ​កក្កដា ឆ្នាំ​២០២២ ដើម្បី​ដាក់​សម្ពាធ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ចេញ​មុខ​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន​ដែល​បាន​បញ្ឈប់​បុគ្គលិក​ទាំង​បំពាន​ច្បាប់​ការងារ​របស់​កម្ពុជា​កន្លងមក ប៉ុន្តែ​អាជ្ញាធរ​កម្ពុជា​បាន​ចេញ​មុខ​អន្តរាគមន៍​ជំនួស​ភាគី​ក្រុមហ៊ុន ដោយ​រារាំង​ក្រុម​កូដករ​មិន​ឱ្យ​ពួកគេ​ធ្វើ​ដំណើរ​ទៅ​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​នោះ​ទេ។

ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បាន​នាំគ្នា​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ប៉ុន្តែ​នៅ​ពេល​ដែល​ពួកគេ​មក​ដល់​ត្រង់​ចំណុច​ខាង​មុខ​សួនច្បារ​មជ្ឈមណ្ឌល​ភ្នំពេញ​សេនធ័រ ក៏​ត្រូវ​បាន​អាជ្ញាធរ​ពួន​ស្ទាក់​ស្រាក់​ដៃ​គ្នា​ធ្វើជា​រនាំង​មិន​ឱ្យ​ក្រុម​កូដករ​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត និង​ព្យាយាម​រុញ​ឱ្យ​ក្រុម​កូដករ​ទាំងនោះ​ឡើង​ឡាន​ដូច​មុនៗ ខណៈ​អ្នក​សារព័ត៌មាន​ដែល​តាម​ផ្សព្វផ្សាយ​ពី​សកម្មភាព​នៃ​ក្រុម​កូដករ​ទាំងនោះ ក៏​ត្រូវ​អាជ្ញាធរ​ដេញ​ចេញពី​កន្លែង​ដែល​ពួកគេ​កំពុង​តែ​រារាំង​នោះ​ដែរ។

ការ​ចេញ​ធ្វើ​បាតុកម្ម​នេះ ធ្វើឡើង​ក្នុង​បំណង​ទាមទារ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ចេញ​មុខ​ដោះស្រាយ​ជូន​កម្មករ​និយោជិត​ដែល​ពួកគេ​បាន​បញ្ឈប់​ពី​ការងារ​ដោយ​រំលោភ​ច្បាប់​របស់​កម្ពុជា​កាលពី​អំឡុង​ខែ​មេសា កន្លង​ទៅ​នោះ។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​៦ ខែ​កក្កដា ឆ្នាំ​២០២២ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អះអាង​ថា ខ្លួន​នឹង​ព្យាយាម​ដើរ​តួនាទី​ក្នុង​ការ​សម្របសម្រួល​វិវាទ​ការងារ​នេះ​ឱ្យ​បាន​ត្រឹមត្រូវ ស្រប​ទៅ​តាម​ច្បាប់​ស្ដីពី​ការងារ​របស់​កម្ពុជា ប៉ុន្តែ​ប្រសិនបើ​វិវាទ​នេះ​នៅតែ​មិន​អាច​ស្វែងរក​ការ​ផ្សះផ្សា ឬ​តាម​នីតិវិធី​ណា​មួយ​បាន​ទេ នីតិវិធី​បន្ទាប់​គឺ​មាន​តែ​បញ្ជូន​ទៅ​តុលាការ​តែប៉ុណ្ណោះ។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ កក្កដា នេះ​ថា ការ​ចេញ​រារាំង​ក្រុម​កូដករ​មិន​ឱ្យ​ធ្វើ​កូដកម្ម​តវ៉ា​នឹង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បែប​នេះ គឺជា​ការ​រំលោភ​លើ​អនុសញ្ញា​ស្ដីពី​សិទ្ធិ​ក្នុង​ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​និយោជិត និង​ជា​ការ​រំលោភ​លើ​ច្បាប់​ការងារ​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

លោក វន់ ពៅ ព្រមាន​ថា ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បាន​រំលោភ​លើ​សិទ្ធិ​ការងារ​របស់​កម្មករ រំលោភ​លើ​ច្បាប់​ស្ដីពី​ការងារ​របស់​កម្ពុជា និង​រំលោភ​លើ​អនុសញ្ញា​ស្ដីពី​សហជីព​ក្នុង​ការ​ចរចា ហើយ​បញ្ហា​នេះ ថៅកែ​ក្រុមហ៊ុន​ផ្សេង​ទៀត​នៅ​កម្ពុជា​នឹង​យក​គំរូ​អាក្រក់​បែប​នេះ​ទៅ​អនុវត្ត​នៅ​ក្នុង​ក្រុមហ៊ុន​របស់​ពួកគេ​ដែរ។

មាត្រា​៣៤ នៃ​ច្បាប់​ស្ដីពី​ការងារ បាន​ចែង​ថា អធិការកិច្ច​ការងារ​ត្រូវ​មាន​បេសកកម្ម​ធានា​ដល់​ការ​អនុវត្ត​ច្បាប់​ការងារ និង​ត្រួតពិនិត្យ​ការ​អនុវត្ត​បទបញ្ញត្តិ​ដែល​ទាក់ទង​នឹង​លក្ខខណ្ឌ​ជីវភាព​នៃ​កម្មករ​និយោជិត និង​គ្រួសារ​នៃ​ជន​ទាំងនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស