28.6 C
Phnom Penh

អ្នក​សង្កេតការណ៍​ថា​រដ្ឋាភិបាល​នឹង​ចំណេញ​គ្រប់​យ៉ាង បើ​វិវាទ​ការងារ​កូដករ​ណាហ្គា​ត្រូវ​បាន​ដោះស្រាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​សង្កេតការណ៍​លើកឡើង​ថា បើ​វិវាទ​ការងារ​របស់​ក្រុម​កូដករ​ណាហ្គា​វើលដ៍​ត្រូវ​បាន​ដោះស្រាយ នោះ​រដ្ឋាភិបាល​នឹង​ចំណេញ​គ្រប់​យ៉ាង ព្រមទាំង​ទទួល​បាន​នូវ​ការ​សាទរ​ពី​ភាគី​ពាក់ព័ន្ធ​នានា ចំណែក​ក្រុមហ៊ុន​ដែល​រំលោភ​បំពាន​សិទ្ធិ​កម្មករ ក៏​នឹង​មិន​ហ៊ាន​ប្រព្រឹត្ត​អំពើ​រំលោភ​ច្បាប់​ទៀត​ដែរ។

អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៥ ឧសភា នេះ​ថា ការ​ប្រើ​សិទ្ធិ​ស្រប​ច្បាប់​តវ៉ា​ទាមទារ​រក​យុត្តិធម៌​របស់​ក្រុម​កូដករ​ណាហ្គា​វើលដ៍ គឺជា​គុណតម្លៃ​ដ៏​ធំធេង​សម្រាប់​យុត្តិធម៌​សង្គម​ផង និង​សម្រាប់​កម្មករ​និយោជិត​ដែល​កំពុង​រង​នូវ​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​ដទៃ​ទៀត​ផង។

លោក​បន្ត​ថា រដ្ឋាភិបាល​គួរតែ​អរគុណ​ដល់​ក្រុម​កូដករ​ទាំងនេះ​ដែល​ប្តូរផ្តាច់​ចេញ​មុខ​តវ៉ា​ទាមទារ​នូវ​សិទ្ធិ​ការងារ​ដែល​មាន​ចែង​ក្នុង​ច្បាប់ ហើយ​ត្រូវ​បាន​ភាគី​និយោជក​រំលោភ​បំពាន។ ផ្ទុយទៅវិញ ការ​ចោទប្រកាន់​ថា​ពួកគេ​ស៊ីឈ្នួល​ធ្វើ​កូដកម្ម​ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល គ្រាន់តែ​ជា​កា​បើក​ដៃ​ឱ្យ​ជន​ឱកាស​និយម​បន្ត​រំលោភ​បំពាន​ច្បាប់​ការងារ​របស់​កម្ពុជា​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​៤ ខែ​ឧសភា ក្រុម​កូដករ​ណាហ្គា​វើលដ៍​រាប់​សិប​នាក់ បន្ត​ចេញ​ទាមទារ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដោះស្រាយ​សំណើ​ទាំង ៨​ចំណុច​ដែល​កូដករ​ទាំងអស់​បាន​ស្នើសុំ ព្រោះ​សំណើ​ទាំងនេះ​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​សូម្បី​តែ​មួយ​ចំណុច​អស់​រយៈពេល​ជាង ៣​ឆ្នាំ​មក​នេះ (១២៣៣​ថ្ងៃ)។

ក្រុម​កូដករ​ទាំងនេះ​អះអាង​ថា ជាង ៣​ឆ្នាំ​នៃ​ការ​ទាមទារ​របស់​ពួកគេ​មិនមែន​ជា​ការ​ស៊ីឈ្នួល​ទេ ហើយ​ក៏​មិនមែន​ដើម្បី​ញុះញង់​ដែរ ប៉ុន្តែ​ដើម្បី​ទទួល​បាន​ដំណោះស្រាយ​ប៉ុណ្ណោះ ដូចជា ការ​ទាមទារ​ឱ្យ​ថៅកែ​ណាហ្គា​វើលដ៍​ត្រូវតែ​ទទួលយក​ថ្នាក់ដឹកនាំ​សហជីព និង​សមាជិក​ឲ្យ​ចូល​ធ្វើការ​វិញ និង​ត្រូវ​គិត​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់ ជាដើម។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ទិវា​ពលករ​អន្តរជាតិ ១​ឧសភា អង្គការ សមាគម និង​សហជីព​ជាង ៦០ លើកឡើង​ថា រាល់​ថ្ងៃ កម្មករ​និយោជិត ជាពិសេស​កម្មការិនី​នៅតែ​ប្រឈម​បញ្ហា​នៅ​កន្លែង​ការងារ ខណៈ​កម្មករ និង​ថ្នាក់ដឹកនាំ​សហជីព ត្រូវ​រង​នូវ​ការ​ចាប់​ខ្លួន និង​ចោទប្រកាន់​ពី​បទល្មើស​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ ឬ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ ជាដើម៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស