ក្រុមប្រឹក្សាធម្មនុញ្ញអនុម័តគាំទ្រទាំងស្រុងដោយគ្មានសំឡេងជំទាស់ ដើម្បីស្នើថ្វាយព្រះមហាក្សត្របើកផ្លូវឱ្យលោក ហ៊ុន សែន ធ្វើវិសោធនកម្មមាត្រា និងច្បាប់ធម្មនុញ្ញបន្ថែមចំនួន ៨មាត្រា ដោយអះអាងថានឹងមិនធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមនៅកម្ពុជានោះទេ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បានឲ្យដឹងថា ការស្នើសុំធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញចំនួន ៨មាត្រា ធ្វើឡើងស្របតាមបរិបទនៃសភាពការណ៍ជាក់ស្ដែង និងពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញនោះទេ។
ការសម្រេចអនុម័តដោយគ្មានសំឡេងជំទាស់សំឡេង ៩លើ៩ នៃសមាជិកស្ថាប័នកំពូលទាំងមូលរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ធ្វើឡើងបន្ទាប់ពីបើកកិច្ចប្រជុំពេញអង្គនាព្រឹកថ្ងៃពុធ ទី១៣ កក្កដា នេះ។
អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម វិចិត្រអក្ខរា បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំថា ការធ្វើវិសោធនកម្មមាត្រាចំនួន៨ នៃរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមនេះ មិនធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដូចមជ្ឈដ្ឋានមួយចំនួនបានលើកឡើងនោះទេ។
មាត្រាទាំង៨ ដែលស្នើសុំធ្វើវិសោធនកម្ម ក្នុងនោះមានមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
ចំពោះមាត្រាដែលរដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន ស្នើសុំធ្វើវិសោធនកម្មមានចំនួន ៦មាត្រានៃរដ្ឋធម្មនុញ្ញ គឺមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី។
ក្រៅពីស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញហើយ លោក ហ៊ុន សែន ក៏បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រីទ្ធ ធ្វើសន្និសីទសារព័ត៌មានផងដែរ។
អ្នកវិភាគនយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ បានថ្លែងថា រដ្ឋាភិបាលមិនមានអ្វីចាំបាច់ត្រូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមនោះទេ ពីព្រោះច្បាប់កំពូលរបស់ជាតិដែលបង្កើតឡើងតាំងពីសម័យអន្តរកាលឆ្នាំ១៩៩៣ នេះ បានឆ្លុះបញ្ចាំងពីឆន្ទៈ និងស្មារតីប្រជាពលរដ្ឋពិតប្រាកដទៅហើយ។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ប៉ុន្តែចាប់តាំងពីឆ្នាំ១៩៩៣ មកដល់ឆ្នាំ២០២២ នេះ រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន បានធ្វើវិសោធនកម្មចំនួន ១០លើកហើយ។ ការធ្វើវិសោធនកម្មចំនួន ១០លើកនេះ ក្រោមហេតុផលថា ដើម្បីធានាឱ្យបាននូវនិរន្តរភាពជាតិ ក៏ដូចជាធានានូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។
តែសម្រាប់សង្គមស៊ីវិល និងអ្នកវិភាគយល់ថា ការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដែលមានតែសភាឯកបក្ស មិនបានឆ្លុះបញ្ចាំងអំពីការរួបរួមជាតិតែមួយ និងឆន្ទៈរបស់ពលរដ្ឋឡើយ ក្រៅតែបម្រើឲ្យផលប្រយោជន៍បក្សកាន់អំណាចតែប៉ុណ្ណោះ។
ចំណែកប្រធានវេទិកាពលរដ្ឋ និងជាអ្នកវិភាគនយោបាយ លោក គឹម សុខ យល់ថា ការកែរដ្ឋធម្មនុញ្ញលើកនេះ ច្បាស់ណាស់ជាការបើកផ្លូវដើម្បីអនុវត្តផែនការផ្ទេរអំណាចពីលោក ហ៊ុន សែន ទៅលោក ហ៊ុន ម៉ាណែត។ លោកបន្តថា ជាក់ស្តែង មាត្រា១២៥ពីមុនពុំមានចែងអំពីការលាលែងតំណែងរបស់នាយករដ្ឋមន្ត្រីទេ ប៉ុន្តែការកែថ្មីបានបន្ថែមអំពីការលាលែងតំណែងរបស់នាយករដ្ឋមន្ត្រី ដើម្បីបើកឱកាសឲ្យមានការតែងតាំងនាយករដ្ឋមន្ត្រីថ្មី និងគណៈរដ្ឋមន្ត្រីថ្មីមួយនៅពេលណាក៏បានដែរ។
លោកពន្យល់ថា កំណែរដ្ឋធម្មនុញ្ញថ្មីនេះប្រគល់អំណាចគ្រប់យ៉ាងដល់គណបក្សដែលមានអាសនៈច្រើនជាងគេ ហើយប្រធាន និងអនុប្រធានសភាក្លាយជាទីងមោងចាំស្ដាប់តាមការណែនាំរបស់ប្រធានគណបក្សដែលមានសំឡេងច្រើនជាងគេទៅវិញ។
លោក គឹម សុខ បន្តថា មាត្រា១១៩ពីមុន គឺប្រធានរដ្ឋសភាដោយមានការយល់ព្រមពីអនុប្រធានទាំងពីរនៃរដ្ឋសភា ជាអ្នកស្នើឲ្យព្រះមហាក្សត្រតែងតាំងនាយករដ្ឋមន្ត្រី ឲ្យបង្កើតរដ្ឋាភិបាល ប៉ុន្តែកំណែថ្មីលើកនេះ គឺតម្រូវឲ្យគណបក្សដែលមានអាសនៈច្រើនជាងគេ ស្នើទៅព្រះមហាក្សត្រទៅវិញ ដោយគ្រាន់តែគណបក្សនោះចម្លងជូនប្រធានរដ្ឋសភាឲ្យត្រឹមតែដឹងឮប៉ុណ្ណោះ។
លោកថា ករណីនេះបើឆ្លុះបញ្ចាំងក្នុងស្ថានភាពបច្ចុប្បន្ន ការកែរដ្ឋធម្មនុញ្ញលើកនេះមានន័យស្មើប្រគល់អំណាចដល់លោក ហ៊ុន សែន ទាំងស្រុង ឬចាត់ទុកមាត់របស់លោក ហ៊ុន សែន ជាអំណាចធម្មនុញ្ញភាពបិទផ្លូវតវ៉ា។ លោកបន្តថា ការកែរដ្ឋធម្មនុញ្ញម្ដងនេះក៏កាន់តែឆ្លុះបញ្ចាំងពីការមិនទុកចិត្តគ្នានៅផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ឬអាចហៅម្យ៉ាងទៀតថា លោក ហ៊ុន សែន ប្រើវិធីកែរដ្ឋធម្មនុញ្ញដើម្បីប្លន់អំណាចឲ្យកូនប្រុសរបស់គាត់តែប៉ុណ្ណោះ។
ជាក់ស្តែង ការកែមាត្រា៤ នៃរដ្ឋធម្មនុញ្ញបន្ថែម មាត្រា១១៩ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា៩៨ថ្មីនៃរដ្ឋធម្មនុញ្ញ ដែលសុទ្ធតែមានខ្លឹមសារទប់ស្កាត់ចរន្តផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា មិនអាចឲ្យប៉ះពាល់ដល់អំណាចរបស់លោក ហ៊ុន ម៉ាណែត នៅថ្ងៃអនាគត។ មានន័យថា លោក ហ៊ុន សែន កំពុងសរសេរគម្ពីរក្បត់ឆន្ទៈពលរដ្ឋខ្មែរដើម្បីតែការពារអំណាចកូនប្រុស និងគ្រួសារត្រកូល «ហ៊ុន» តែប៉ុណ្ណោះ៕