33.3 C
Phnom Penh

ក្រសួង​បរិស្ថាន​ទាមទារ​ឲ្យ​មន្ត្រី​អនុវត្ត​ច្បាប់​ឱ្យ​ម៉ត់ចត់​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​បរិស្ថាន អះអាង​ថា បទល្មើស​ធនធាន​ធម្មជាតិ​ទ្រង់ទ្រាយ​ធំ​នៅ​កម្ពុជា​លែង​កើត​មាន ប៉ុន្តែ​បទល្មើស​ខ្នាត​តូច​នៅតែ​បន្ត​កើត​មាន​ដដែល ដែល​ទាមទារ​មន្ត្រី​អនុវត្ត​ច្បាប់​ឱ្យ​បាន​ហ្មត់ចត់។

អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភត្ត្រា បាន​លើកឡើង​ក្នុង​វគ្គ​បណ្តុះបណ្តាល​ដល់​មន្ត្រី​ពាក់ព័ន្ធ​នៅ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ កាលពី​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា មន្ត្រី​នគរបាល​យុត្តិធម៌ និង​មន្ត្រី​អនុវត្ត​ច្បាប់ ត្រូវតែ​បង្កើន​ការ​យកចិត្ត​ទុកដាក់ និង​បន្ត​អនុវត្ត​ច្បាប់​ឱ្យ​បាន​ហ្មត់ចត់ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​កិច្ចការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ឱ្យ​បាន​ដាច់ខាត។

អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​រូប​នេះ​បញ្ជាក់​ថា ការ​បណ្តុះបណ្តាល​ការងារ​ប្រឆាំង​ការ​សម្អាត​ប្រាក់​របស់​ក្រសួង​បរិស្ថាន គឺ​ធ្វើឡើង​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ពង្រឹង​សមត្ថភាព​មន្ត្រី​នគរបាល​យុត្តិធម៌ ដើម្បី​ចូលរួម​ប្រឆាំង​នឹង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ដែល​កើត​ចេញពី​ផល​នៃ​បទល្មើស​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា។

ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​សេដ្ឋកិច្ច ជាច្រើន​នាក់ បាន​ត្អូញត្អែរ​ថា ក្រុម​ឈ្មួញ​តែងតែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុស​ច្បាប់​ជា​ញឹកញាប់​ពី​ក្នុង​ព្រៃ​ដែល​ជា​តំបន់​អភិរក្ស យក​មក​លាក់​ទុក​នៅ​ក្នុង​ទីតាំង​ភូមិ​នោះ​ស្ទើរ​រៀងរាល់​ថ្ងៃ​ទៅ​ហើយ ហើយ​សកម្មភាព​នេះ​ក៏​បាន​កើត​ឡើង​ជា​យូរ​មក​ហើយ​ដែរ ប៉ុន្តែ​មិន​ដែល​ឃើញ​មាន​កម្លាំង​អាជ្ញាធរ​ចុះ​មក​បង្ក្រាប​នោះ​ទេ។

កាលពី​ថ្ងៃទី​១២ ខែ​កក្កដា ឆ្នាំ​២០២២ នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ លោក សុង បញ្ញា បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប និង​រឹបអូស​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ខុស​ច្បាប់​ដែល​កាត់​តម្រឹម​រួច​ជា​ស្រេច​ជាច្រើន​ដុំ ដែល​ឈ្មួញ​បាន​យក​មក​លាក់​ទុក​នៅ​ម្តុំ​ភូមិ​សេដ្ឋកិច្ច ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​ត្រៀម​លក់​ទៅ​ឲ្យ​ក្រុម​អ្នក​បើក​សិប្បកម្ម​កែច្នៃ​នៅ​ក្នុង​ក្រុង​ព្រះវិហារ។

ទាក់ទិន​នឹង​បញ្ហា​នេះ អង្គការ​ឃ្លាំមើល​ព្រៃឈើ​ពិភពលោក កាលពី​ចុង​ឆ្នាំ​២០២១ បាន​ចេញ​សេចក្តី​រាយការណ៍​របស់​ខ្លួន​ស្ដីពី​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា ថា ទោះបី​មាន​ច្បាប់​ការពារ​ព្រៃឈើ​ក៏ដោយ ក៏​ប្រទេស​កម្ពុជា​ទទួល​រង​នូវ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខ្ពស់​បំផុត​ដដែល​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៧០ មក។

ប្រភព​ដដែល​អះអាង​ថា ប្រទេស​កម្ពុជា​បាន​បាត់បង់​គម្រប​ព្រៃឈើ​ជាង ៥០​ម៉ឺន​ហិកតារ​ហើយ​ក្នុង​ដែន​ជម្រក​ដែន​អភិរក្ស​ទូទាំង​ប្រទេស​របស់​ខ្លួន​ក្នុង​រយៈពេល​ជិត ២​ទសវត្ស​ចុងក្រោយ​នេះ ហើយ​មូលហេតុ​សំខាន់​នោះ គឺ​ដោយសារ​ការ​ផ្តល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​វៀតណាម​ជាច្រើន​ធ្វើ​ប្រតិបត្តិការ​កាប់​ឈើ​ធ្វើ​ពាណិជ្ជកម្ម​នៅ​ក្នុង​ដែន​ជម្រក​អភិរក្ស​របស់​ខ្លួន​រហូត​មក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស