27 C
Phnom Penh

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ថា​ការ​កែ​រដ្ឋធម្មនុញ្ញ​មិន​បម្រើ​ផលប្រយោជន៍​បក្ស​ប្រជាជន​កម្ពុជា​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​ជា​សមាជិក​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក កើត រិទ្ធ លើកឡើង​ថា ការ​កែ​រដ្ឋធម្មនុញ្ញ​មិនមែន​បម្រើ​ផលប្រយោជន៍​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​សេណារីយ៉ូ​ដើម្បី​ផ្ទេរ​អំណាច​ពី​លោក ហ៊ុន សែន ទៅ​លោក ហ៊ុន ម៉ាណែត នោះ​ឡើយ។

ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ កក្កដា នេះ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ លើកឡើង​ថា ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ទាំង ១០​លើក​កន្លងមក​នេះ ដើម្បី​បំពេញ​ចំណុច​ខ្វះ​ចន្លោះ​របស់​រដ្ឋធម្មនុញ្ញ និង​ការ​ទប់​មិន​ឱ្យ​ជាប់​គាំង​នយោបាយ រួម​ទាំង​បម្រើ​ផលប្រយោជន៍​ប្រទេស​ជាតិ​តែប៉ុណ្ណោះ។

លោក​ច្រានចោល​ចំពោះ​ការ​លើកឡើង​ពី​អ្នកវិភាគ​ដែល​ថា ការ​កែ​រដ្ឋធម្មនុញ្ញ​ជា​បន្តបន្ទាប់​ដើម្បី​បម្រើ​ផលប្រយោជន៍​គណបក្ស​ប្រជាជន​កម្ពុជា ឬ​ជា​ការ​រៀបចំ​សេណារីយ៉ូ​ក្នុង​ការ​ផ្ទេរ​អំណាច​របស់​លោក ហ៊ុន សែន ទៅ​លោក ហ៊ុន ម៉ាណែត។ លោក​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​កសាង​ផលប្រយោជន៍​ច្រើន​សម្រាប់​ប្រទេស​ជាតិ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅតែ​បន្ត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដដែល។ ដូច្នេះ​ហើយ ការ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ប្រទេស​បន្ត​ទៀត មិនមែន​ដោយសារ​ការ​កែ​រដ្ឋធម្មនុញ្ញ​នោះ​ទេ។

ចំណែក​ការ​កែ​មាត្រា​៩៨ នៃ​រដ្ឋធម្មនុញ្ញ ត្រង់​ការ​ធ្វើ​ញត្តិ​បន្ទោស​រាជរដ្ឋាភិបាល​វិញ លោក កើត រិទ្ធ បកស្រាយ​ថា ការ​កែ​សំឡេង​ពី​ចំនួន ៣០ ទៅ​ចំនួន ៤២​នាក់​វិញ ធ្វើឡើង​ដើម្បី​ការពារ​រដ្ឋាភិបាល​ពី​ការ​ទម្លាក់​ចេញពី​តំណែង​នៅ​ថ្ងៃ​ក្រោយ ឬ​គេ​អាច​ហៅ​ម្យ៉ាង​ទៀត​ថា ការ​បន្ត​កាន់​អំណាច​រហូត។ លោក​បន្ត​ថា បើសិនជា​រដ្ឋសភា​ធ្វើការ​ស្ដីបន្ទោស​ដោយ​ទម្លាក់​រដ្ឋាភិបាល នឹង​គ្មាន​អ្នក​ណា​ដឹកនាំ​ប្រទេស​បន្ត​ទៀត។ ករណី​នេះ នឹង​ធ្វើ​ឱ្យ​មាន​បញ្ហា​អស្ថិរភាព​ក្នុង​សង្គម។

តាម​ពិត ជាទូទៅ​បើ​សភា​ស្ដីបន្ទោស​បាត់បង់​ជំនឿ​លើ​រដ្ឋាភិបាល រដ្ឋាភិបាល​នឹង​ត្រូវ​ប្រកាស​បើក​ការ​បោះឆ្នោត​មុន​អាណត្តិ ហៅ​ថា snap election ហើយ​រដ្ឋាភិបាល​បន្ត​គ្រប់គ្រង​ធម្មតា​រហូត​ដល់​មាន​រដ្ឋាភិបាល​ថ្មី​ចូល​កាន់​កិច្ចការ។ ដូច្នេះ គ្មាន​អស្ថិរភាព​អ្វី​នោះ​ទេ។

លោក​បាន​រិះគន់​ចំពោះ​អ្នកវិភាគ​ដែល​ថា ការ​កែ​នេះ​ជា​ការ​បើក​ផ្លូវ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី​ផ្ទេរ​តំណែង​ទៅ​កូន​នោះ​ថា មិន​មាន​មូលដ្ឋាន​ច្បាប់ ធ្វើ​ទៅ​តាម​អារម្មណ៍​របស់​ខ្លួន​តែប៉ុណ្ណោះ។ ការ​រិះគន់​របស់​លោក កើត រិទ្ធ ទំនង​ឆ្លើយ​ទៅ​នឹង​លោក គឹម សុខ អ្នកវិភាគ​ដែល​បាន​លើកឡើង​ថា ការ​កែ​រដ្ឋធម្មនុញ្ញ​លើក​នេះ ច្បាស់​ណាស់​ជា​ការ​បើក​ផ្លូវ​ដើម្បី​អនុវត្ត​ផែនការ​ផ្ទេរ​អំណាច​ពី​លោក ហ៊ុន សែន ទៅ​លោក ហ៊ុន ម៉ាណែត។

ឧទាហរណ៍ មាត្រា​១២៥​ពី​មុន​ពុំ​មាន​ចែង​អំពី​ការ​លាលែង​តំណែង​របស់​នាយករដ្ឋមន្ត្រី​ទេ ប៉ុន្តែ​ការ​កែ​ថ្មី​បាន​បន្ថែម​អំពី​ការ​លាលែង​តំណែង​របស់​នាយករដ្ឋមន្ត្រី ដើម្បី​បើក​ឱកាស​ឲ្យ​មាន​ការ​តែងតាំង​នាយករដ្ឋមន្ត្រី​ថ្មី និង​គណៈរដ្ឋមន្ត្រី​ថ្មី​មួយ​នៅ​ពេល​ណា​ក៏​បាន​ដែរ។

ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​បំភ្លឺ​លើ​សេចក្តី​ព្រាងច្បាប់​ធម្មនុញ្ញ ស្ដីពី​វិសោធនកម្ម​មាត្រា​ចំនួន​៨ នៃ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ធម្មនុញ្ញ​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ នេះ​តាម​បញ្ជា​របស់​លោក ហ៊ុន សែន។

មាត្រា​ទាំង​៨ ដែល​ស្នើសុំ​ធ្វើ​វិសោធនកម្ម ក្នុង​នោះ​មាន​មាត្រា​១៩​ថ្មី(មួយ) មាត្រា​៨៩ មាត្រា​៩៨​ថ្មី មាត្រា​១០២​ថ្មី មាត្រា​១១៩​ថ្មី(មួយ) និង​មាត្រា​១២៥​ថ្មី នៃ​រដ្ឋធម្មនុញ្ញ និង​មាត្រា​៣​ថ្មី និង​មាត្រា​៤​ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ។

ចំពោះ​មាត្រា​ដែល​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ស្នើសុំ​ធ្វើ​វិសោធនកម្ម​មាន​ចំនួន ៦​មាត្រា​នៃ​រដ្ឋធម្មនុញ្ញ គឺ​មាត្រា​១៩​ថ្មី(មួយ) មាត្រា​៨៩ មាត្រា​៩៨ មាត្រា​១០២​ថ្មី មាត្រា​១១៩​ថ្មី(មួយ) និង​មាត្រា​១២៥​ថ្មី។

រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ​កាលពី​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣ ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ​១៩៩៣ មក​ដល់​ឆ្នាំ​២០២២ នេះ រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បាន​ធ្វើ​វិសោធនកម្ម​ចំនួន ១០​លើក​ហើយ។ ការ​ធ្វើ​វិសោធនកម្ម​ចំនួន ១០​លើក​នេះ ធ្វើឡើង​ក្រោម​ហេតុផល​ថា ដើម្បី​ធានា​ឱ្យ​បាន​នូវ​និរន្តរភាព​ជាតិ ក៏ដូចជា​ធានា​នូវ​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស