31 C
Phnom Penh

វិបត្តិ​សេដ្ឋកិច្ច​ស្រីលង្កា​កំពុង​ឆ្លង​គ្រោះ​អាសន្ន​ដល់​ប្រទេស​នៅ​អាស៊ី​ដែល​ធ្លាក់​ក្នុង​បំណុល​បរទេស​ពាន់​លាន​ដុល្លារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេស​ស្រីលង្កា ដែល​កំពុង​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច បាន​បង្ក​ឱ្យ​ផ្ទុះ​ការ​តវ៉ា​របស់​មហាជន​កើតមាន​ឡើង​រហូត​រុញច្រាន​ប្រធានាធិបតី​របស់​ប្រទេស​ក្រីក្រ​នៅ​អាស៊ី​ខាងត្បូង​មួយ​នេះ ភៀស​ខ្លួន​ចេញពី​ប្រទេស។

ចំហាយ​នៃ​ឥទ្ធិពល​វិបត្តិ​សេដ្ឋកិច្ច​នៃ​ប្រទេស​ស្រីលង្កា កំពុង​បក់​បោក​ចូល​ទៅ​បណ្ដា​ប្រទេស​នៅ​អាស៊ី​មួយ​ចំនួន​ទៀត​ដែល​ធ្លាក់​ក្នុង​បំណុល​បរទេស​វ័ណ្ឌក ជាពិសេស​បំណុល​របស់​ចិន។

បើ​យោង​តាម​ការ​វាយតម្លៃ​របស់​ក្រុម​ជំនាញ​សេដ្ឋកិច្ច​សកល គឺ​ប្រទេស​ដែល​ពិបាក​ដោះ​បំណុល​បាន​នាំ​ឱ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​នោះ​ត្រូវ​បាន​ទាញ​ទម្លាក់​ក្នុង​វិបត្តិ។

ចំពោះ​ប្រទេស​ម្ចាស់​បំណុល​ដូចជា​ប្រទេស​ចិន ជាដើម កំពុងតែ​ស្រូប​យក​បំណុល​របស់​ខ្លួន​មក​វិញ​ជាមួយ​នឹង​ការ​រឹបអូស​ភាគហ៊ុន​របស់​កូនបំណុល​ដោយ​ការ​បង្ខំ​ឲ្យ​បង្វិល​អត្ថប្រយោជន៍​បាន​មកពី​ប្រាក់កម្ចី​ពាន់​លាន​ដុល្លារ​នោះ ទៅជា​ភាគហ៊ុន​របស់​ចិន​ក្នុង​កិច្ចសន្យា​ជិត ១០០​ឆ្នាំ គឺ​ដូច​ករណី​ចិន បាន​រឹបអូស​កំពង់ផែ​សមុទ្រ​ដ៏​ធំ​មួយ​របស់​ស្រីលង្កា គឺ​កំពង់ផែ Hambantota ដែល​ត្រូវ​បាន​ចិន​រឹបអូស ៧​ឆ្នាំ​មក​ហើយ។ សំណង់​កំពង់ផែ​នេះ​ស្ថាបនា​ឡើង​ក្រោម​ប្រាក់កម្ចី ១២០០​លាន​ដុល្លារ ជាមួយ​នឹង​ប្រាក់កម្ចី​សរុប​ជាង ៣៥​ពាន់​លាន​ដុល្លារ​ដែល​ស្រីលង្កា​ជំពាក់​ចិន​សង​មិន​រួច​មក​ដល់​សព្វថ្ងៃ​នេះ។

ក្រៅពី​ចិន​ជា​ម្ចាស់បំណុល​ច្រើន​ជាងគេ គឺ​ស្រីលង្កា​នៅ​ជំពាក់​បំណុល​ប្រទេស​ផ្សេងៗ​ទៀត គឺ ១៦​ពាន់​លាន​ដុល្លារ។ មិន​ថា​ឡើយ​តែ​កំពង់ផែ​មួយ​នេះ​ទេ​ដែល​ត្រូវ​បាន​ម្ចាស់បំណុល​រឹបអូស គឺ​មាន​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត​ក៏​ម្ចាស់បំណុល​រឹបអូស​ដែរ។ មាន​ន័យ​ថា ប្រាក់​បំណុល​ជាតិ​ធ្លាក់​ក្រោម​ការ​កាន់កាប់​របស់​ម្ចាស់បំណុល​ដែល​នាំ​ឱ្យ​ប្រទេស​នេះ​ថយ​ចុះ​ចំណូល​របស់​ជាតិ​ជា​ខ្លាំង។ នេះ​ជា​កត្តា​គ្រោះអាសន្ន​ចំពោះ​ប្រទេស​ផ្សេង​ទៀត​ដែល​ធ្លាក់​ក្នុង​បំណុល​បរទេស​គរ​ដូច​ភ្នំ ជាពិសេស​បំណុល​ប្រទេស​ចិន។

យោង​តាម​ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) គឺ​ប្រទេស​ផ្សេង​ទៀត​អាច​ប្រឈម​នឹង​វិបត្តិ​ប្រហាក់ប្រហែល​នឹង​ស្រីលង្កា។

អ្នកស្រី Kristalina Georgieva នាយក​គ្រប់គ្រង IMF បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ថា បណ្តា​ប្រទេស​ដែល​មាន​កម្រិត​បំណុល​ខ្ពស់ និង​ទំហំ​គោលនយោបាយ​មាន​កំណត់ នឹង​ប្រឈម​នឹង​វិបត្តិ​ដែល​ជៀស​មិន​ផុត​ដូច​ស្រីលង្កា​នោះ​ទេ។

អ្នកស្រី​មាន​ប្រសាសន៍​ថា ប្រទេស​កំពុង​អភិវឌ្ឍ​ក៏​បាន​ជួប​ប្រទះ​នឹង​លំហូរ​ចេញ​នៃ​មូលធន​រយៈពេល ៤​ខែ​ជាប់ៗ​គ្នា ដែល​ធ្វើ​ឲ្យ​សុបិន​របស់​ពួកគេ​ក្នុង​ការ​តាម​ឱ្យ​ទាន់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន គឺ​ជួប​ហានិភ័យ​ជា​ខ្លាំង។

បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC ស្រីលង្កា​ដែល​មាន​ប្រជាជន​ចំនួន ២២​លាន​នាក់​កំពុងតែ​ជួប​គ្រោះអាសន្ន​ដោយសារ​អតិផរណា​បាន​កើនឡើង​ប្រហែល ៥០% ជាមួយ​នឹង​តម្លៃ​ម្ហូបអាហារ ៨០% ខ្ពស់​ជាង​ឆ្នាំ​មុន។

ប្រាក់​រូពី​នៃ​ប្រទេស​ស្រីលង្កា បាន​ធ្លាក់​ចុះ​តម្លៃ​បើ​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក និង​រូបិយប័ណ្ណ​សកល​សំខាន់ៗ​ផ្សេង​ទៀត​នៅ​ឆ្នាំ​នេះ។

មជ្ឈដ្ឋាន​ជាច្រើន​ស្ដីបន្ទោស​អតីត​ប្រធានាធិបតី Gotabaya Rajapaksa ដែល​រត់​ចោល​ប្រទេស​ចំពោះ​ការ​ចាត់ចែង​សេដ្ឋកិច្ច​មិន​ត្រឹមត្រូវ និង​បង្ក​ឲ្យ​មាន​អំពើពុករលួយ នាំ​ឱ្យ​មាន​គោលនយោបាយ​មហន្តរាយ​ដែល​កើត​ចេញ​ពី​ផល​ប៉ះពាល់​នៃ​ជំងឺ​រាតត្បាត Covid-19។

ក្រុម​មន្ត្រី​ស្រីលង្កា បាន​ចេញ​ទៅ​ចរចា​ជាមួយ IMF ដើម្បី​រក​ជំនួយ​សង្គ្រោះ​ចំនួន ៣​ពាន់​លាន​ដុល្លារ ប៉ុន្តែ​ការ​ចរចា​នោះ​ត្រូវ​បាន​ជាប់​គាំង ដោយ​គេ​ពិនិត្យ​មើល​លើ​ចលាចល​នយោបាយ​ប្រទេស​នេះ​ដ៏​ធ្ងន់ធ្ងរ។

បើ​តាម​លោក Alan Keenan មកពី​ក្រុមហ៊ុន International Crisis Group គឺ​ប្រទេស​ចិន មាន​កំហុស​មួយ​ដ៏​ធ្ងន់ គឺ​ត្រង់​ចិន​កំពុងតែ​លើក​ទឹកចិត្ត និង​គាំទ្រ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្លៃៗ​ដែល​មិន​បាន​ផលិតផល​ចំណេញ​ដល់​សេដ្ឋកិច្ច​ឱ្យ​ទាន់​ស្ថានការណ៍​ជាក់ស្ដែង។

ប្រទេស​ស្រីលង្កា គឺជា​មេរៀន​ដ៏​អាក្រក់​ចំពោះ​ប្រទេស​ផ្សេងៗ​ទៀត។ លោក​ថា ចិន​គាំទ្រ​នយោបាយ​សន្តតិវង្ស Rajapaksa គឺ​ចិន​ចង់​ទាញ​ភូមិសាស្ត្រ​នយោបាយ​ឱ្យ​មក​ក្រោម​ឥទ្ធិពល​របស់​ខ្លួន តែ​ចិន​មិន​បាន​គិត​អំពី​បេះដូង​របស់​ប្រជាជន​ដែល​ឈឺចាប់​នឹង​គ្រួសារ​នេះ​បង្ក​អំពើពុករលួយ​ជា​ប្រព័ន្ធ នាំ​ឲ្យ​ប្រជាជន​ងើប​ឡើង​បះបោរ​ប្រឆាំង​នឹង​គ្រួសារ​នេះ។

នៅ​ពេល​ប្រជាជន​អស់​ភាព​អត់ធ្មត់ គឺ​មាន​តែ​ងើប​ឡើង​ប្រឆាំង​នឹង​អ្នក​ជិះជាន់។ ដោយ​មូលហេតុ​ដូចនេះ អ្នកស្រី Kristalina Georgieva នាយក​គ្រប់គ្រង IMF មើល​ឃើញ​ប្រទេស​ចំនួន​៤ កំពុង​ឈាន​ទៅ​ជាន់​ដាន​វិបត្តិ​នៅ​ស្រីលង្កា។ ប្រទេស​ទាំង​៤ នេះ​មាន​ដូចជា៖

ប្រទេស​ឡាវ

ប្រទេស​ឡាវ ស្ថិតនៅ​តំបន់​អាស៊ី​អាគ្នេយ៍ ហើយ​មាន​ប្រជាជន​ជាង ៧​លាន ៥​សែន​នាក់។ ប្រទេស​នេះ​ក៏​កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​ប្រាក់កម្ចី​បរទេស​អស់​រយៈពេល​ជាច្រើន​ខែ​ហើយ។

ឥឡូវ​នេះ ការ​កើនឡើង​នៃ​តម្លៃ​ប្រេង​ដោយសារតែ​ការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន បាន​ធ្វើ​ឱ្យ​មាន​ភាព​តានតឹង​បន្ថែម​ទៀត​លើ​ការ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​នៅ​ឡាវ ដែល​ជំរុញ​ឱ្យ​តម្លៃ​ស្បៀងអាហារ​នៅ​ក្នុង​ប្រទេស​ដែល​ប្រជាជន​ប្រមាណ​មួយ​ភាគ​បី​រស់នៅ​ក្នុង​ភាព​ក្រីក្រ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​រាយការណ៍​ថា មាន​ប្រជាជន​តម្រង់​ជួរ​ទិញ​ប្រេងឥន្ធនៈ ហើយ​គ្រួសារ​ខ្លះ​មិន​អាច​បង់​វិក្កយបត្រ​ទឹក​ភ្លើង​បាន​ទៀត​ផង។ រូបិយប័ណ្ណ​របស់​ប្រទេស​ឡាវ ដែល​ជា​ប្រាក់​គីប ក៏​បាន​ធ្លាក់​ចុះ គឺ​ធ្លាក់​ចុះ​ជាង​មួយ​ភាគ​បី​បើ​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​នេះ។ ឡាវ​ជា​ប្រទេស​ជំពាក់​បំណុល​បរទេស​ច្រើន​រួច​ទៅ​ហើយ ជាពិសេស​គឺ​ប្រទេស​ចិន។ ប្រទេស​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​តស៊ូ​ដើម្បី​សង​ប្រាក់កម្ចី ឬ​បង់​ថ្លៃ​ការ​នាំចូល​ដូចជា​ប្រេងឥន្ធនៈ។

ធនាគារ​ពិភពលោក​បាន​និយាយ​ថា ប្រទេស​នេះ​មាន​ប្រាក់​បម្រុង​ចំនួន​តែ ១៣០០​លាន​ដុល្លារ​ប៉ុណ្ណោះ គឺ​គិត​ត្រឹម​ខែ​ធ្នូ​ឆ្នាំ​មុន។ ប៉ុន្តែ​កាតព្វកិច្ច​សង​បំណុល​ប្រចាំ​ឆ្នាំ​សរុប គឺ​ត្រូវ​ដល់​ឆ្នាំ​២០២៥ ដែល​ស្មើ​នឹង​ប្រហែល​ពាក់កណ្តាល​នៃ​ប្រាក់ចំណូល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស។

ក្រុមហ៊ុន Moody Investor Services វាយតម្លៃ​ថា បណ្ដា​ប្រទេស​កុម្មុយនីស្ត និង​ប្រព័ន្ធ​ដឹកនាំ​បែប​ផ្ដាច់ការ គឺ​ស្ថិត​ក្នុង​ប្រទេស​ដែល​មាន​ប្រភេទ​បំណុល​ហានិភ័យ​ខ្ពស់​ចំពោះ​បំណុល​ប្រទេស​ចិន។ ចិន​បាន​ផ្តល់​ប្រាក់កម្ចី​យ៉ាង​ច្រើន​ដល់​ប្រទេស​ឡាវ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដើម្បី​ផ្តល់​មូលនិធិ​ដល់​គម្រោង​ធំៗ ដូចជា​រោងចក្រ​វារីអគ្គិសនី និង​ផ្លូវ​រថភ្លើង ជាដើម។

យោង​តាម​មន្ត្រី​ឡាវ ដែល​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន Xinhua គឺ​ក្រុង​ប៉េកាំង បាន​អនុវត្ត​គម្រោង​ចំនួន ៨១៣ ដែល​មាន​តម្លៃ​ជាង ១៦​ពាន់​លាន​ដុល្លារ។

យោង​តាម​ធនាគារ​ពិភពលោក បាន​ឱ្យ​ដឹង​ថា បំណុល​សាធារណៈ​របស់​ប្រទេស​ឡាវ មាន​ចំនួន ៨៨% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប GDP ក្នុង​ឆ្នាំ​២០២១។ អ្នកជំនាញ​បាន​ចង្អុល​បង្ហាញ​ពី​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​មិន​បាន​ត្រឹមត្រូវ​ជាច្រើន​ឆ្នាំ​ក្នុង​ប្រទេស​ដែល​មាន​គណបក្ស​មួយ គឺ​បក្ស​បដិវត្តន៍​ប្រជាជន​ឡាវ បាន​កាន់​អំណាច​តាំងពី​ឆ្នាំ​១៩៧៥ មក​ម្ល៉េះ។

ប្រទេស​ប៉ាគីស្ថាន

តម្លៃ​ប្រេងឥន្ធនៈ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន បាន​ហក់​ឡើង​ប្រហែល ៩០% ចាប់តាំងពី​ចុង​ខែ​ឧសភា បន្ទាប់ពី​រដ្ឋាភិបាល​បាន​បញ្ចប់​ការ​ឧបត្ថម្ភ​ធន​ប្រេងឥន្ធនៈ។

រដ្ឋាភិបាល​ប៉ាគីស្ថាន ក៏​កំពុង​ព្យាយាម​គ្រប់គ្រង​ការ​ចំណាយ​ឡើងវិញ​ដោយ​ចរចា​ជាមួយ IMF ដើម្បី​ជួយ​សង្គ្រោះ​សេដ្ឋកិច្ច​ឡើងវិញ។ សេដ្ឋកិច្ច​ប្រទេស​នេះ​ក៏​កំពុង​ជួប​វិបត្តិ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ថ្លៃ​ទំនិញ។ នៅ​ក្នុង​ខែ​មិថុនា អត្រា​អតិផរណា​ប្រចាំ​ឆ្នាំ​បាន​ហក់​ឡើង​ដល់ ២១,៣% ខ្ពស់​បំផុត​ក្នុង​រយៈពេល ១៣​ឆ្នាំ។

ដូច​ប្រទេស​ស្រីលង្កា និង​ឡាវ គឺ​ប្រទេស​ប៉ាគីស្ថាន ក៏​ប្រឈមមុខ​នឹង​ទុន​បម្រុង​រូបិយប័ណ្ណ​បរទេស​ទាប ដែល​ធ្លាក់​ចុះ​ស្ទើរតែ​ពាក់កណ្តាល​ចាប់តាំងពី​ខែ​សីហា ឆ្នាំ​មុន។

ប៉ាគីស្ថាន បាន​ដាក់​ពន្ធ ១០% លើ​ឧស្សាហកម្ម​ខ្នាត​ធំ​សម្រាប់​រយៈពេល​មួយ​ឆ្នាំ ដើម្បី​ប្រមូល​ប្រាក់​ចំនួន ១​ពាន់ ៩៣​លាន​ដុល្លារ ខណៈ​ដែល​ព្យាយាម​កាត់បន្ថយ​គម្លាត​រវាង​ប្រាក់ចំណូល និង​ការ​ចំណាយ​របស់​រដ្ឋាភិបាល។ អតីត​នាយករដ្ឋមន្ត្រី Imran Khan ដែល​ប្ដេជ្ញា​ដោះស្រាយ​បញ្ហា​ទាំងនេះ​ត្រូវ​បាន​ទម្លាក់​ចេញពី​អំណាច។

ដូច​ឡាវ និង​ស្រីលង្កា ដែរ គឺ​ប្រទេស​ប៉ាគីស្ថាន ជំពាក់​បំណុល​ចិន​ច្រើន​ជាង​មួយ​ភាគ​បួន​នៃ GDP ប្រទេស​របស់​ខ្លួន។

ដែន​កោះ​ម៉ាល់ឌីវ

កោះ​ម៉ាល់ឌីវ មាន​បំណុល​សាធារណៈ​របស់​ខ្លួន​កើនឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដែល​បំណុល​សាធារណៈ​នេះ​វា​លើស​ពី ១០០% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​នេះ​ទៅ​ទៀត។ ម៉ាល់ឌីវ មិន​ខុស​ពី​ស្រីលង្កា ទេ គឺ​សេដ្ឋកិច្ច​ប្រទេស​នេះ​ពឹងផ្អែក​ខ្លាំង​លើ​វិស័យ​ទេសចរណ៍។

ប្រទេស​ដែល​ពឹងផ្អែក​ច្រើន​លើ​វិស័យ​ទេសចរណ៍​ច្រើន​តែ​មាន​បំណុល​សាធារណៈ​ខ្ពស់​ជាងគេ ដែល​ធនាគារ​ពិភពលោក​លើកឡើង​ថា ប្រទេស​ដែន​កោះ​នេះ​ងាយ​រងគ្រោះ ជាពិសេស​ពេល​ដែល​ថ្លៃ​ប្រេងឥន្ធនៈ​ខ្ពស់​ដោយសារ​សេដ្ឋកិច្ច​របស់​ខ្លួន​មិន​មាន​ភាព​ចម្រុះ។

បង់ក្លាដេស

អតិផរណា​នៃ​ប្រទេស​បង់ក្លាដេស ហក់​ដល់​កម្រិត​ខ្ពស់​ក្នុង​រយៈពេល ៨​ឆ្នាំ​ចាប់ពី​ក្នុង​ខែ​ឧសភា គឺ ៧,៤២%។

ជាមួយ​នឹង​ទុន​បម្រុង​ធ្លាក់​ចុះ រដ្ឋាភិបាល​បាន​ចាត់​វិធានការ​យ៉ាង​រហ័ស​ក្នុង​ការ​ទប់ស្កាត់​ការ​នាំចូល​ដែល​មិន​សំខាន់​ជាមួយ​នឹង​ការ​បន្ធូរបន្ថយ​ច្បាប់ ដើម្បី​ទាក់ទាញ​ការ​ផ្ទេរ​ប្រាក់​ពី​ជន​ចំណាកស្រុក​រាប់​លាន​នាក់​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស និង​កាត់បន្ថយ​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​របស់​ក្រុម​មន្ត្រី​រដ្ឋការ។

យ៉ាងណា​មាន​ប្រទេស​ផ្សេង​ទៀត​ដែល​កំពុង​ជួប​ប្រទះ​វិបត្តិ​សេដ្ឋកិច្ច​ដោយសារតែ​ការ​កើនឡើង​តម្លៃ​អាហារ និង​ថាមពល។

ឥឡូវ​នេះ ប្រទេស​កំពុង​អភិវឌ្ឍ​ដែល​បាន​ខ្ចី​ប្រាក់​បរទេស​យ៉ាង​ច្រើន​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ គឺ​ប្រទេស​ទាំងនោះ​ទំនង​កំពុង​ជួប​វិបត្តិ គឺ​គ្រាន់តែ​មិន​ទាន់​ផ្ទុះ​ឡើង​ជា​ចំហ​ប៉ុណ្ណោះ។ ប្រទេស​ខ្លះ​សម្រេច​ជួល ឬ​ប្រគល់​សំណង់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៅ​ឱ្យ​ម្ចាស់បំណុល ជាជាង​ទូទាត់​សាច់ប្រាក់​ទៅ​ម្ចាស់បំណុល​ដែល​នាំ​ឱ្យ​ប្រាក់ចំណូល​របស់​ប្រទេស​នោះ​ធ្លាក់​ចុះ ព្រោះ​ផលប្រយោជន៍​បាន​ទៅ​ម្ចាស់បំណុល​ទាំងស្រុង​ក្នុង​កិច្ចសន្យា ៩០​ឆ្នាំ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស